en     km
en     km

ក្រុមកូដករណាហ្គាវើលដ៍ ផ្តើមក្ដីសង្ឃឹមថ្មីបន្ទាប់ពីកញ្ញា ស៊ីថរ មានសេរីភាពឡើងវិញ

Share

WMC/Nheen​ seanglim

ភ្នំពេញ៖ អតីតកម្មករ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ផ្ដើមមានក្ដីសង្ឃឹមឡើងវិញដោយរំពឹងថា វិវាទការងារជាមួយក្រុមហ៊ុននឹងអាចមានដំណោះស្រាយ បន្ទាប់ពីកញ្ញា ឈឹម ស៊ីថរ មេដឹកនាំរបស់ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តបន្តសកម្មភាពទាមទារយុត្តិធម៌ជាមួយក្រុមកូដករក្រោយចេញពីពន្ធធនាគារ។ យ៉ាងណាមន្រ្តីក្រសួងការងារអះអាងថា ក្រសួងធ្លាប់បានព្យាយាមដោះស្រាយវិវាទនេះរួចហើយ ដោយសង្ឃឹមថា ការវិលត្រឡប់របស់កញ្ញា ឈឹម ស៊ីថរ នឹងក្លាយជាពលរដ្ឋល្អ មិនបង្កសកម្មភាពឱ្យខ្លួនជាប់ទោសម្ដងទៀតនោះឡើយ។ស្របពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សរំពឹងដែរថា ការវិលត្រឡប់របស់មេដឹកនាំសហជីពនេះ នឹងធ្វើឱ្យស្ថាប័នពាក់ព័ន្ធគិតគូរក្នុងការបញ្ចប់វិវាទការងារនេះ។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

 

 

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកញ្ញាបានអនុវត្តទោសចប់រួចរាល់ចំនួន ២ ឆ្នាំក្នុងពន្ធធនាគារពាក់ព័ន្ធបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងសកម្មភាពកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមកដោះស្រាយវិវាទ។ បន្ទាប់ពីមានសេរីភាព មេដឹកនាំសហជីពរូបនេះ បានទៅជួបក្រុមកូដកររបស់ខ្លួនប្រមាណជាង ៥០នាក់ ដែលមកលើកទឹកចិត្តនិងអ្នកគាំទ្រខ្លួននៅផ្ទះសាមគ្គី។ គ្រានោះកញ្ញា ស៊ី ថរ បង្ហាញឆន្ទៈបន្តទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ ទោះបីត្រូវជាប់ឃុំខ្លួនម្ដងទៀត។

ជុំវិញឆន្ទៈមោះមុតរបស់កញ្ញា ស៊ីថរ នេះ អ្នកស្រី សុខ រតនា ជាក្រុមកូដករណាហ្គាវើលដ៍ និងជាអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ ប្រាប់វិទ្យុស្ដ្រីថា ការវិលត្រឡប់មកវិញនេះធ្វើឱ្យអ្នកស្រីមានក្ដីសង្ឃឹមថា ការតវ៉ា និងការទាមទាររបស់ក្រុមកូដករ នឹងត្រូវបានរាជរដ្ឋាភិបាល និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ គិតគូរដោះស្រាយបញ្ចប់វិវាទការងារនេះ។ ទោះបីអ្នកស្រីមានការសប្បាយចិត្តដែលមេដឹកនាំត្រឡប់មកវិញក្ដី ប៉ុន្តែអ្នកស្រីក៏ចង់ឃើញថ្នាក់ដឹកនាំរបស់ខ្លួនទទួលបានសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពជាមួយក្រុមកូដករផងដែរ។ជាងនេះទៀត អ្នកស្រីយល់ថា ក្រុមកូដករនឹងរួបរួមគ្នាវិញដើម្បីកសាងកម្លាំងក្នុងការចេញតវ៉ាទាមទាររកដំណោះស្រាយជាមួយខាងក្រុមហ៊ុនបន្តទៀត។

អ្នកស្រី សុខ រតនា កូដករណាហ្គាវើលដ៍។ WMC/Nheen seanglim

អ្នកស្រី សុខ រតនា៖ «ចំពោះដំណោះស្រាយយើងនៅតែមានសង្ឃឹម ព្រោះអីដូចនិយាយពីដើមអ៊‌ីចឹងយើងតស៊ូរយៈពេល ៣ឆ្នាំហើយ អ៊‌ីចឹងអ្វីដែលជាក្ដីសង្ឃឹម គឺនៅតែមានដដែល អត់ដែលអស់សង្ឃឹមនោះទេ។ សម្រាប់បងស៊ីថរ ដែលគាត់ត្រឡប់មកចូលក្រុមវិញ ខ្ញុំក៏មានការត្រេកអរ ប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់ឱ្យគាត់មានសេរីភាពពេញលេញ មានន័យថាមិនមានការចោទប្រកាន់អ្វីផ្សេងមកលើគាត់ទៀតទេ គឺមានន័យថាឱ្យគាត់វិលចូលក្រុមដោយប្រជាធិបតេយ្យ និងឱ្យគាត់ធ្វើការងារសហជីពបន្តទៀត ចាសអ្វីដែលខ្ញុំចង់បាន»។

ចំណែកកូដករម្នាក់ទៀត កញ្ញា សុខ ស្រីមាស និយាយដែរថា កន្លងមកទោះបីមេដឹកនាំខ្លួនជាប់ឃុំក្នុងពន្ធនាគារក៏ដោយ ក៏កញ្ញា និងក្រុមកូដករផ្សេងទៀត បន្តតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនចេញមកដោះស្រាយវិវាទការងារនេះ។ ក្នុងទឹកមុខរីករាយផង លាយឡំនឹងដំណក់ទឹកភ្នែកផង កញ្ញា ស្រីមាស អះអាងថា វត្តមានរបស់កញ្ញា ស៊ីថរ នឹងធ្វើឱ្យក្រុមកូដករមានកម្លាំងចិត្ត ព្រមជាមួយក្ដីសង្ឃឹមឡើងវិញ ដើម្បីបន្តដំណើររួមគ្នាទាមទារសិទ្ធិសេរីភាពដែលបានបាត់បង់។

កញ្ញា សុខ ស្រីមាស៖ «ចាសគាំទ្រព្រោះអីដូចនិយាយអ៊‌ីចឹងយើងមើលឃើញថាការលះបង់របស់គាត់ គឺធំធេងមែនទែន យុវវ័យដូចគាត់ វ័យដូចគាត់ដូចនិយាយអ៊‌ីចឹង គឺត្រូវការរស់នៅបរិបទមួយសប្បាយរីករាយ ប៉ុន្តែគាត់បែរជាទៅជ្រើសរើសយក ដើម្បីការពារសិទ្ធិការងារ គាត់សុទ្ធចិត្តជាប់គុក។ អ៊‌ីចឹងចង់និយាយថា វាជារឿងមួយដែលយើងកោតសរសើរគាត់មែនទែន។ អ៊‌ីចឹងក្នុងនាមយើងជាសមាជិករបស់គាត់ យើងខ្ញុំនៅតែគាំទ្រការសម្រេចចិត្ត និងការដឹកនាំរបស់គាត់»។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា នាឱកាសជួបជុំជាមួយសហការីខ្លួនកាលពីម្សិលមិញថា កញ្ញាមិនទាន់រៀបចំផែនការនៅឡើយទេ ប៉ុន្តែកញ្ញានឹងចាប់ផ្ដើមប្រមូលព័ត៌មានសកម្មភាពតវ៉ារបស់កម្មករកន្លងមក ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ត្របន្តទៀតក្នុងការតស៊ូមតិ។ កញ្ញាប្រាប់ បន្ទាប់ពីកញ្ញាបានអនុវត្តទោសសព្វគ្រប់ហើយ គឺមិនមានលក្ខខណ្ឌអ្វីហាមឃាត់សិទ្ធិសេរីភាពកញ្ញាឡើយ ប៉ុន្តែក្នុងករណីដែលមានបទចោទថ្មី នោះកញ្ញានឹងត្រូវផ្តន្ទាទោសម្ដងទៀត។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍។WMC/Nheen​ seanglim

កញ្ញា ឈឹម ស៊ីថរ៖ «មែនទែនទៅមិនថាយើងខ្ញុំ គ្រួសារ ឬក៏ក្រុមការងារទាំងអស់គ្នា អត់ចង់ជាប់ក្នុងពន្ធនាគារទេ និយាយថាបារម្ភ គឺបារម្ភ និយាយថាខ្លាច គឺខ្លាច ប៉ុន្តែយើងដូចជាអត់មានជម្រើសអីផ្សេង ដោយសារការទាមទាររបស់កម្មករ វាមិនមានការទាមទារមួយដែលមិនមានចែងក្នុងច្បាប់ ហើយក៏មិនមែនលើសលទ្ធភាពថៅកែក្នុងការសម្រួលដោះស្រាយបញ្ហាហ្នឹងឱ្យ តែគេនៅតែមិនព្រមដោះស្រាយ ហើយអាហ្នឹងវាជាការគំរាមកំហែងមួយធ្ងន់ធ្ងរណាស់ដល់សេរីភាពសហជីព សិទ្ធិកម្មករក្នុងកន្លែងការងារ។ ប្រសិនជាបន្តមិនដោះស្រាយកម្មករពិបាកក្នុងការបោះបង់ចោលណាស់ អ៊‌ីចឹងទៅជាបង្កើតជម្រើសផ្សេងទៀតដោយការចោទប្រកាន់ថ្នាក់ដឹកនាំ ជាពិសេសនាងខ្ញុំដាក់ពន្ធនាគារ បើប្រៀបធៀបខ្ញុំខ្លាចអីជាង ខ្ញុំសូមបញ្ជាក់ថាខ្ញុំខ្លាចបាត់បង់សិទ្ធិសេរីភាពសហជីព ខ្ញុំខ្លាចបាត់បង់សិទ្ធិការងារជាងចាប់ពន្ធនាគារ ចាសអ៊‌ីចឹងហើយបានជាយើងមិនបោះបង់ការទាមទារហ្នឹងបាន»។

កញ្ញាបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំសហជីព កញ្ញានៅតែសង្ឃឹមថា អ្វីដែលកម្មករបានទាមទារកន្លងមកនេះ រាជរដ្ឋាភិបាលនឹងមើលឃើញពីការរំលោភបំពានសិទ្ធិការងារពីសំណាក់ក្រុមហ៊ុនកាស៊ីណូល្បែងស៊ីសងមួយនេះ ហើយរាល់ការទាមទាររបស់កម្មករ គឺសុទ្ធតែធ្វើឡើងស្របទៅតាមច្បាប់ត្រឹមត្រូវ។

ជុំវិញរឿងនេះលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៧ ខែកញ្ញាថា ករណីវិវាទការងាររវាងបុគ្គលិកណាហ្គាវើលដ៍ ជាមួយក្រុមហ៊ុនអាកាស៊ីណូណាហ្គាវើលដ៍នេះ គឺក្រសួងការងារមិនបានព្រងើយកន្តើយឡើយ ដោយក្រសួងបានព្យាយាមសម្របសម្រួលដោះស្រាយវិវាទការងារនេះបានជាង ២០លើកហើយ។ មួយវិញទៀត លោកថា ករណីនេះក៏បានដោះស្រាយទៅដល់ការប្រើប្រាស់ប្រព័ន្ធតុលាការថែមទៀត ដូច្នេះភាគីទាំងពីរកំពុងដំណើរការដោះស្រាយវិវាទការងារនេះហើយ។

លោក កត្តា អ៊ន៖ «ដូចយើងបានជំរាបអ៊‌ីចឹងថាក្រសួងបានប្រើប្រាស់សមត្ថកិច្ច តួនាទី ភារកិច្ចរបស់ខ្លួន និងយន្តការដោះស្រាយវិវាទដូចមានចែងនៅក្នុងច្បាប់ការងាររួចរាល់ហើយ។ ដូច្នេះករណីបន្តការធ្វើបាតុកម្មបន្តរបស់បុគ្គលិកអតីតកម្មករនិយោជិតណាហ្គាវើលដ៍នេះ គឺជាសិទ្ធិសេរីភាពរបស់គាត់ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវមានព្រំដែនកំណត់ដោយច្បាប់ និងផលប្រយោជន៍សិទ្ធិសេរីភាពរបស់អ្នកដទៃ ដូច្នេះហើយនីតិវិធីចុងក្រោយបំផុតដែលមានគឺប្រព័ន្ធតុលាការ ដែលពលរដ្ឋមានសិទ្ធិប្ដឹងទៅប្រព័ន្ធតុលាការ ដូច្នេះយើងលើកទឹកចិត្តឱ្យគូភាគីវិវាទប្រើប្រាស់យន្តការតុលាការដើម្បីបញ្ចប់វិវាទរបស់ខ្លួន»។

យ៉ាងណាវិវាទការងារស្ថិតក្នុងដំណាក់កាលរបស់តុលាការ ដូច្នេះក្រោយពីកញ្ញា ឈឹម ស៊ីថរ បានអនុវត្តទោសដែលខ្លួនប្រព្រឹត្តរួចរាល់ លោកសង្ឃឹមថាមេដឹកនាំសហជីពរូបនេះ នឹងក្លាយជាពលរដ្ឋល្អ ដោយមិនត្រូវធ្វើសកម្មភាពផ្សេងៗដែលនាំឱ្យមានបទល្មើសព្រហ្មទណ្ឌកើតឡើងជាថ្មីទៀតនោះទេ។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនៃវិវាទការងារសំណុំរឿងចាស់។

ក្នុងរឿងនេះដែរលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ថា កន្លងមកករណីកញ្ញា ឈឹម ស៊ីថរ ពុំគួរត្រូវបានតុលាការផ្តន្ទាទោសពីបទព្រហ្មទណ្ឌនោះទេ ពីព្រោះសកម្មភាពរបស់មេសហជីពរូបនេះ គ្រាន់តែជាកិច្ចការការពារសិទ្ធិសេរីភាពរបស់កម្មករណាហ្គាវើលដ៍ ខណៈការធ្វើកូដកម្ម គឺបានជូនដំណឹងត្រឹមត្រូវជានិច្ច។ ប៉ុន្តែផ្ទុយទៅវិញ ជាដំណោះស្រាយ លោកថា ថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីព បែរត្រូវបានឃុំខ្លួន និងទទួលទោសយ៉ាងអយុត្តិធម៌ ដូច្នេះវិវាទការងារនេះ ស្ថាប័នពាក់ព័ន្ធគួរតែល្មមជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទនេះហើយ។

លោក អំ សំអាត៖ «ខ្ញុំយល់ថាប្រសិនជាចេតនាក្នុងការដោះ វាជាការងាយទេ ប៉ុន្តែអ្វីដែលសំខាន់ហ្នឹង បើយើងមើលទៅសហគមន៍អន្តរជាតិគឺគេតែងតែលើកឡើង អ៊‌ីចឹងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍រវាងក្រុមកូដករនេះវាក្លាយទៅជារឿងមួយដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិការងារ ការរំលោភសិទ្ធិសហជីពទៅវិញដែលបញ្ហានេះ វាជះឥទ្ធិពលមិនល្អនោះទេមកកម្ពុជាយើង។ អ៊‌ីចឹងវាគួរណាស់តែដល់ពេលបញ្ចប់វិវាទការងារនេះទៅបាទ»។

បើតាមកញ្ញា សុខ ស្រីមាស ការជាប់ឃុំខ្លួនមេដឹកនាំរបស់ខ្លួនកន្លងមក ជារឿងអយុត្តិធម៌ ពីព្រោះកញ្ញា ស៊ីថរ ដឹកនាំកម្មករកូដកម្ម គឺដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន ដោយថៅកែបានរំលោភបំពាន ប៉ុន្តែបែរជាត្រូវរងការផ្តន្ទាទោសព្រហ្មទណ្ឌ ដោយចោទប្រកាន់ពីបទ «ញុះញង់» ទៅវិញ។

កញ្ញា សុខ ស្រីមាស កូដករណាហ្គាវើលដ៍។ WMC/Nheen​ seanglim

កញ្ញា សុខ ស្រីមាស៖ «សម្រាប់ខ្ញុំ ក៏ដូចជាសមាជិកដទៃទៀត រួមទាំងថ្នាក់ដឹកនាំ គឺពួកខ្ញុំគ្រាន់តែស្នើសុំថា ពួកគាត់ទម្លាក់បទចោទមកលើថ្នាក់ដឹកនាំ ហើយទទួលយកពួកខ្ញុំដែលមកតវ៉ាខាងក្រៅទាំងអស់គ្នាទាំងប៉ុន្មានហ្នឹងត្រឡប់ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ»។

សូមរំលឹកថា កន្លងមកការទាមទាររបស់ក្រុមកូដករណាហ្គាវើលដ៍ទាំងនោះ គឺដើម្បីឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៏ដោះស្រាយវិវាទការងារ គឺទី១. ត្រូវទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឱ្យចូលធ្វើការវិញ ទី២. ត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឱ្យបានត្រឹមត្រូវតាមច្បាប់ ទី៣. គិតប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឱ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ទី៤. ត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវតាមច្បាប់ ទី៥. ត្រូវដំឡើងប្រាក់ឈ្នួលគោល៧% លើប្រាក់ឈ្នួលបច្ចុប្បន្ន ទី៦. បញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើបុគ្គលិកក្រោមស្លាកកម្មសិក្សា និងទទួលយកឱ្យក្លាយជាបុគ្គលិកពេញសិទ្ធិ និងទី៧. ផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកក្នុងស្រុកធៀបនឹងបុគ្គលិកក្រៅស្រុកដែលមានឋានៈ និងផ្នែកដូចគ្នា៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image