រូបភាព៖ វត្តី (កញ្ញា ឈិន ពុធដាលី)
ភ្នំពេញ៖ កញ្ញា ឈិន ពុធដាលី ម្ចាស់អាជីវកម្មក្លឹបហាត់ប្រាណ និងគុនខ្មែរបែបសុខភាព ត្រូវបានស្ថានទូតអាមេរិកប្រចាំកម្ពុជាជ្រើសរើសជាសិក្ខាកាមមួយរូបក្នុងចំណោម៣០រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) រយៈពេល៩ខែ ដែលគម្រោងនេះផ្តល់ការកសាងសមត្ថភាពស្រ្តីដើម្បីធ្វើឱ្យអាជីវកម្មដែលដឹកនាំដោយស្រ្តីមានភាពរីកចម្រើន។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍
«មនុស្សប្រុសអាចដឹកនាំអាជីវកម្ម មនុស្សស្រីរឹតតែអាចដឹកនាំអាជីវកម្មដូចគ្នា ឬក៏បានល្អជាងបុរសថែមទៀត ជាពិសេសនៅគ្រប់វិស័យទាំងអស់ មនុស្សស្រីសុទ្ធតែអាចដើរតួនាទីធំនៅក្នុងការដឹកនាំគ្រួសារ អាជីវកម្ម និងសង្គមជាតិ!»
នេះជាការលើកឡើងរបស់កញ្ញា ឈិន ពុធដាលី ម្ចាស់អាជីវកម្មក្លិបហាត់ប្រាណ និងគុនខ្មែរបែបសុខភាព Cambodian Top Team។ កញ្ញាត្រូវបានជ្រើសរើសជាសិក្ខាកាម រួមចូលក្នុងវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) រយៈពេល៩ខែ ដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
កញ្ញា ឈិន ពុធដាលី បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីថា មូលហេតុដែលកញ្ញាបើកអាជីវកម្មក្លឹបហាត់ប្រាណ ប្រដាល់គុនខ្មែរបែបសុខភាពនេះ ដោយសារយល់ថា គុនខ្មែរជួយបានទាំងសុខភាព រាងកាយ ប្រាជ្ញា ធ្វើឱ្យគេងលក់ស្រួល រាងកាយមាំមួន និងអាចការពារខ្លួនឯងពេលមានអ្នកយាយី បានទៀតផង។ បច្ចុប្បន្នអាជីវកម្មរបស់កញ្ញា ដំណើរការល្អ និងមានទាំងភ្ញៀវជាតិនិងអន្តរជាតិ ចូលមកហាត់គុនខ្មែរដើម្បីសុខភាព។ ថ្វីបើមានដំណើរការល្អពិតមែន តែកញ្ញា នៅតែមកចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី (AWE)របស់ស្ថានទូតអាមេរិកនេះ ដោយសារតែកញ្ញាយល់ថា គ្រប់អាជីវកម្មទាំងអស់ត្រូវតែរៀនសូត្របន្ថែម នូវចំណេះដឹង ជំនាញរឹង ជំនាញទន់ ទាំងផ្នែកទីផ្សារឌីជីថល ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស ជាពិសេសការគ្រប់គ្រងបុគ្គលិករបស់កញ្ញាផ្ទាល់តែម្តង។
កញ្ញា ឈិន ពុធដាលី ៖ «អ្វីទាំងអស់ហ្នឹង ខ្ញុំគិតថា សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវការបន្ថែម ហើយខ្ញុំជឿជាក់ថា AWE នឹងជួយបំពេញនូវភាពខ្វះខាតឬបំពេញបន្ថែមនូវជំនាញរបស់យើងឱ្យកាន់តែល្អប្រសើរ»។
កញ្ញា ឈិន ពុធដាលី សង្ឃឹមថា ក្រោយពីរៀនវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្ម ជាមួយ AWE រួច កញ្ញានឹងអាចចេះច្រើនលើជំនាញដែលមានស្រាប់ ជាពិសេសជំនាញឌីជីថលម៉ាឃីតធីងឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតសម្រាប់អាជីវកម្មរបស់កញ្ញាផ្ទាល់។
ជាចុងក្រោយ កញ្ញា ឈិន ពុធដាលី ផ្តាំផ្ញើដល់បងប្អូននារីដែលមានបំណងចង់បើកអាជីវកម្ម មិនថាជាអាជីវកម្មអ្វីក៏ដោយ គឺកុំបោះបង់ខ្លួនឯង ទោះបីការចាប់ផ្តើមដំបូងវាមានភាពលំបាកបន្តិចមែន ប៉ុន្តែត្រូវចាំថា ការលំបាកនរណាក៏ជួបប្រទះដែរ គ្រាន់តែអ្នកខ្លះប្រើរយៈពេលខ្លី និងអ្នកខ្លះប្រើរយៈពេលយូរ។ ធ្វើយ៉ាងណាកុំបោះបង់ក្តីស្រមៃខ្លួនឯង កុំភ្លេចរៀនបន្ថែម និងកុំភ្លេចអភិវឌ្ឍន៍ខ្លួនឯង៕