រថយន្តសាធារណៈសរុបជិត ៥០០គ្រឿងបានត្រៀមដាក់ឱ្យពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលឆាប់ៗខាងមុខនេះ។ សម្រាប់ឆ្នាំនេះ ពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តប៉ែកឦសានក៏អាចទទួលការផ្ដល់សេវារថយន្តក្រុង ដោយឥតគិតថ្លៃផងដែរ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
(កញ្ញា កែវ សុជាតា រាយការណ៍)
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តសរុបជិត ៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីបើកការរដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត។ ខុសប្លែកពីរាល់ឆ្នាំ នៅក្នុងឆ្នាំនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមរៀបចំរថយន្តចំនួនជាង ៥០គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋទៅដើរកម្សាន្តនៅក្នុងខេត្តនៃភាគឦសានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់កាក់ផងដែរ។
រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ
សំឡេងនាយករដ្ឋមន្រ្តី៖ «សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនត្រូវការធ្វើដំណើរទៅផ្ទះ។ អ៊ីចឹង ខ្ញុំសូមប្រគល់ជូនឯកឧត្តម ឃួន ស្រេង អភិបាលគណៈភិបាលរាជធានីខេត្ត រៀបចំរថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ឥឡូវតាមក្រុងរៀបចំហើយថារៀបចំប្រាំថ្ងៃ ពីថ្ងៃ៣០ ខែកញ្ញា រហូតទៅដល់ថ្ងៃ៤ ខែតុលា បានន័យថាមុនមួយថ្ងៃគាត់ទៅផ្ទះ ហើយក្រោយមកហ្នឹងថែម គេហៅថាចំហាយមួយថ្ងៃថែមទៀត ថ្ងៃភ្ជុំបិណ្ឌ។ អ៊ីចឹងត្រឡប់មកវិញដូចត្រៀមជិត ៥០០គ្រឿង។ បាទ! ៤៩៧គ្រឿងត្រៀមដឹកទៅតាមបណ្តាខេត្តទាំងអស់ជូន។ ហើយកុំភ្លេចទឹកអីជូនបងប្អូនដូចកាលមុនផង រៀបចំបានល្អ។ សម្រាប់រត់ទៅខេត្តទិសឦសាន មានក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ពេលភ្ជុំបិណ្ឌ បងប្អូនណាខ្លះចង់ទៅលេងទិសឦសាន ទៅលេងទឹកជ្រោះប៊ូស្រា ទៅលេងរតនគិរី បឹងយក្សឡោមទៅលេងអីនេះ។ ឥឡូវបានហ្វី(ដោយឥតគិតថ្លៃ)រថយន្តទៀត ចំនួន ៥៦គ្រឿងត្រៀមដឹកទៅ។ កុំឱ្យពិបាកចំណាយរថយន្ត យើងជិះហ្វី(ដោយឥតគិតថ្លៃ)ទៅដល់ទៅលេងនៅនោះ ជិតមកវិញ។»។
រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី
លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា នេះមិនមែនជាឆ្នាំទីមួយនោះទេដែលរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងជាច្រើនគ្រឿងសម្រាប់បើកដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅឱកាសបុណ្យប្រពៃណីជាតិខ្មែរ។ ការណ៍នេះ លោកលើកឡើងថា ក្រុមការងារជំនាញកំពុងរៀបផែនការបច្ចេកទេសទៅលើទីតាំង និងពេលវេលានានា ដែលនឹងចេញប្រកាសព័ត៌មានលម្អិតនៅក្នុងពេលឆាប់ៗខាងមុខនេះ។
រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ
សម្រាប់ការរៀបចំនេះទៀតសោត លោកអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរូបនេះបញ្ជាក់ដែរថា ក្រុមការងារជំនាញជួបឧបសគ្គមួយចំនួនដែរនៅពេលបំពេញបេសសកម្ម ក៏ប៉ុន្តែលោកថានេះមិនមែនជាកត្តារារាំងក្រុមការងារមិនឱ្យបន្តឆន្ទៈជួយប្រជាពលរដ្ឋនោះទេ។ ចំណែកខ្ទង់ចំណាយវិញ លោក ពន្យល់ថា ប្រសិនជាពលរដ្ឋក្នុងម្នាក់ជិះរថយន្តឯកជនត្រូវចំណាយចន្លោះពី ៦០,០០០រៀល-៨០,០០០រៀល ដែលពេលខ្លះក្រុមហ៊ុនមួយចំនួនបានឡើងថ្លៃ ពិសេសក្នុងឱកាសបុណ្យទាន ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនត្រូវចំណាយច្រើនសម្រាប់ថ្លៃធ្វើដំណើរទៅមក ឬរុញរាក្នុងការទៅលេងស្រុកកំណើត។
សំឡេងលោក កែវ ចាន់ណារិទ្ធ៖ «បើនិយាយពីការចំណាយ ខ្ញុំអាចជូនថាអាចជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋច្រើន។ ខ្ញុំលើកឧទាហរណ៍ដើម្បីឆាប់ងាយយល់ ជាទូទៅនៅពេលចូលឆ្នាំឬក៏ភ្ជុំបិណ្ឌបើសិនជាប្រជាពលរដ្ឋម្នាក់ គាត់ធ្វើដំណើរតាមរថយន្តតាក់ស៊ី ឬក៏រថយន្តក្រុងឯកជនដទៃ អ៊ីចឹងគិតជាមធ្យមតាមខ្ញុំដឹងអាចចូលក្នុងរង្វង់ប្រហែលជាអាចខ្ទង់បើជាគិតជាលុយរៀលអាចចូលពីចន្លោះ៦ម៉ឺន ៨ម៉ឺន តាមជិតតាមឆ្ងាញ់ស្រុកកំណើតគាត់។ ហើយជាទូទៅការខិតខំដឹករបស់យើងទូទៅជាមធ្យមក្នុងបេសសកម្មដឹកម្តង អាចក្នុងរង្វង់ប្រជាពលរដ្ឋ ៥ទៅ៦ម៉ឺននាក់ឯណ្ណោះ។ អ៊ីចឹងយើងអាចគុណពីការជួយរបស់រដ្ឋាភិបាល យើងអាចមើលឃើញបានហើយថាតើយើង(រដ្ឋាភិបាល)ជួយចំណាយនិងសន្សំសំចៃថវិការបស់បងប្អូនប្រជាពលរដ្ឋបាននៅក្នុងកម្រិតណានៅពេលយើង(រដ្ឋ)ចេញបេសសកម្មដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋម្តងៗដោយមិនយកប្រាក់។»។
រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ
ដោយឡែក អ្នកជំនាញទស្សនវិជ្ជា និងតាមដានកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង យល់ថា ការណ៍ដែលរដ្ឋាភិបាលផ្ដល់រថយន្តក្រុងដល់ពលរដ្ឋធ្វើដំណើរនេះ បានចូលរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់ពលរដ្ឋនៅកំឡុងពេលថ្ងៃឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលដែលពលរដ្ឋខ្មែរនាំគ្នាទៅលេងស្រុកកំណើត។ លោកបញ្ជាក់ទៀតថា នេះជាការជួយដោយផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ និងទប់ស្កាត់ការឆ្លៀតឱកាសឡើងថ្លៃសំបុត្រធ្វើរថយន្តរបស់ក្រុមហ៊ុន ឬរថយន្តតាក់ស៊ីនានាផងដែរ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ជាងនេះពលរដ្ឋក៏អាចធ្វើដំណើរទៅដើរលេងកម្សាន្តនៅខេត្តភាគឦសានដើម្បីពិនិត្យមើលដោយផ្ទាល់ពីការអភិវឌ្ឍ ក៏ដូចជាព័ត៌មានផ្សេងៗដែលរៀបរាប់ពន្យល់ពីភាពអវិជ្ជមាននៅក្នុងខេត្តទាំងនេះក្រោមគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
សំឡេងលោក ឈត ប៊ុនថង៖«ឱកាសភ្ជុំបិណ្ឌហ្នឹង គឺគេសម្រាក។ នៅពេលអ៊ីចឹងបងប្អូនខ្លះទោះបីមិនមានទីលំនៅស្រុកកំណើត ទីលំនៅបច្ចុប្បន្នអីនៅទីនោះ ក៏អាចទៅលេងបានក្នុងឱកាសហ្នឹងដើម្បីឱ្យទៅបានស្គាល់បានឃើញទៅ ទៅជាសាក្សីមួយបានឃើញនូវហេតុព្រឹត្តិការណ៍ តថភាពនូវខេត្ត ក៏ដូចជានៅតំបន់នៃព្រំដែនអីជាដើម ជៀសវាងកុំឱ្យអ្នកខ្លះដែលចង់ចំណេញខាងនយោបាយអីទៅធ្វើអត្ថាធិប្បាយអីផ្សេងៗនាំឱ្យបងប្អូនយើងយល់ច្រឡំ។ អ៊ីចឹងជៀសវាងការយល់ច្រឡំ ទៅមើលឱ្យឃើញផ្ទាល់ខ្លួនឯង។»។
រូបភាព៖បណ្តាញសង្គមហ្វេសប៊ុក
ការរៀបចំរថយន្តដឹកពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃនេះ ចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០១៨ ដោយក្នុងមួយឆ្នាំត្រូវដឹកជញ្ជូនពលរដ្ឋធ្វើដំណើរទៅបណ្តាលខេត្តគោលដៅនានាចំនួនពីរលើកធំៗ គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមលោកអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ។ នៅឆ្នាំ២០២០-២០២១ រថយន្តក្រុងសាធារណៈខកខានមិនបានដាក់ឱ្យប្រើប្រាស់ស្របពេលកម្ពុជានិងសកលលោកកំពុងជួយប្រទះនូវជំងឺរាតត្បាតកូវីដ១៩។ ក៏ប៉ុន្តែនៅឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ន រដ្ឋាករដឹកជញ្ជូនសាធារណៈក្រោមការដឹកនាំរបស់សាលាក្រុងរាជធានីភ្នំពេញបានអនុវត្តសារជាថ្មីក្នុងការរៀបចំរថយន្តឱ្យពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតជាធម្មតានៅឱកាសបុណ្យទាន៕
រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ