en     km
en     km

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី រងការព្រមានពីអាជ្ញាធរបន្ទាប់ពីច្រៀងចម្រៀងរៀបរាប់បញ្ហាដីធ្លី

Share

ជនជាតិដើមភាគតិចព្នង បកស្រាយចម្រៀងដែលពួកគេច្រៀងក្នុងពិធីវប្បធម៌ជនជាតិដើមភាគតិចកាលពីថ្ងៃទី១៥ ខែសីហា។  រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

ភ្នំពេញ៖ ជនជាតិដើមភាគតិចព្នងប្រមាណជាង ៣០នាក់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី រងការព្រមានពីអាជ្ញាធរដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពច្រៀងចម្រៀងរៀបរាប់ពីបញ្ហាដីធ្លី ខណៈមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សក្នុងមូលដ្ឋាននេះ ចាត់ទុកការអនុវត្តរបស់អាជ្ញាធរថាជាការរឹតត្បិតសិទ្ធិបញ្ចេញមតិរិះគន់របស់ពលរដ្ឋ។

កញ្ញា ងិន ស៊ាងលីម ជូនសេចក្តីរាយការណ៍

ការព្រមានបែបនេះ ក្រោយពីសហគមន៍ជនជាតិដើមភាគតិចព្នង ឬ ពូនង បានច្រៀងចម្រៀងរៀបរាប់ពីបញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិក្នុងឱកាសប្រារព្ធពិធីវប្បធម៌ជនជាតិដើមភាគតិចកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ បទចម្រៀងនោះមានចំណងថា៖ «ទឹកដីព្រៃភ្នំទួញយំអត់ស្ដាយ គេយកអស់ហើយឱ្យធ្វើយ៉ាងណា» ខណៈខ្លឹមសារនៃបទចម្រៀងគឺបង្ហាញពីស្ថានភាពជនជាតិដើមភាគតិចព្នងដែលត្រូវបាត់បង់ដីធ្លីស្រែចម្ការ ធ្លាប់អាស្រ័យផល។ យ៉ាងណាការច្រៀងចម្រៀងរបស់សហគមន៍ជនជាតិដើមភាគតិចពូនងនេះ គឺស្របពេលដែលប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បាននាំគ្នាបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV) ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោក ស្រើម ចូញ ជាគ្រូបង្រៀនក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងជាអ្នកតាក់តែងបទច្រៀងនេះ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១២ ខែកញ្ញាថា ក្រោយពីលោក និងសហគមន៍ជនជាតិដើមភាគតិចពូនងចេញវីដេអូចម្រៀងនេះរួចមក អាជ្ញាធរបានមកហាមឃាត់មិនឱ្យច្រៀងបទនេះតទៅទៀត ដោយលោកចាត់ទុកទង្វើនេះជាការបំភិតបំភ័យពលរដ្ឋមិនឱ្យនិយាយពីបញ្ហា និងផលប៉ះពាល់ធនធានធម្មជាតិ។

លោកបន្តទៀតថា កន្លងមកមូលហេតុដែលអាជ្ញាធរឱ្យលុបចម្រៀងនេះ ដោយសារមានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស បានយកវីដេអូចម្រៀងរបស់សហគមន៍ទៅកាត់តបន្ថែម ដែលធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះហើយ លោកថា អាជ្ញាធរមូលដ្ឋាន និងស្នងការខេត្ត ក៏បានចុះមកឱ្យលោក និងសហគមន៍ សុំទោស និងបកស្រាយពីអត្ថន័យបទចម្រៀងនេះ ព្រមទាំងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រមូលផ្ដុំគ្នាច្រៀងចម្រៀងនេះ និងបញ្ឈប់ការតាក់តែងចម្រៀងដែលចោទប្រកាន់គ្មានមូលដ្ឋានភស្ដុតាងច្បាស់លាស់។

លោក ស្រើម ចូញ៖ «យើងបកស្រាយម្ដងហើយ ក៏ប៉ុន្តែនៅតែសួរនាំយើង នៅតែឱ្យយើងធ្វើកិច្ចសន្យាដដែលឱ្យឈប់ច្រៀងបទចម្រៀងហ្នឹង ហើយយើងក៏ធ្វើកិច្ចសន្យាដោយខ្លួនឯង យើងមិនចង់ធ្វើទេដំបូង យើងមិនចង់ទទួលកំហុសទេ ក៏ប៉ុន្តែដោយសារមានកំហិតហើយយើងនៅតែធ្វើ ធ្វើទាល់តែបានខានមិនបាន។ យើងធ្វើទៅខ្ញុំបានសន្យាថាសម្រាប់ចម្រៀងហ្នឹងមិនមែនសម្រាប់ខ្ញុំម្នាក់ឯងទេ គឺសម្រៀងនេះសម្រាប់តំណាងឱ្យជនជាតិដើមភាគតិចរបស់ខ្ញុំទាំងមូល ឱ្យតែជនជាតិដើមភាគតិចយើងទាំងមូលហ្នឹង គឺរងផលប៉ះពាល់ក្រមបរិស្ថានទាំងអស់ហ្នឹង គឺចម្រៀងហ្នឹងតំណាងឱ្យជនជាតិដើមភាគតិចនៅប្រទេសកម្ពុជាទាំងអស់»។

បើតាមគ្រូបង្រៀនរូបនេះ ចម្រៀងដែលលោក និងសហគមន៍ បានរួមគ្នាតាក់តែង និងច្រៀងរួមគ្នាកន្លងមកនេះ គឺពួកគេយល់ថា ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងក្ដីកង្វល់របស់ខ្លួន ដើម្បីនាំសារទៅកាន់ថ្នាក់ដឹកនាំឱ្យជួយដោះស្រាយ ដោយគ្មានខ្លឹមសារដែលបង្កើតឱ្យភាពចលាចល ពាក់ព័ន្ធនឹងរឿងនយោបាយ ឬចោទប្រកាន់ទៅលើអាជ្ញាធរនោះទេ។

លោក ស្រើម ចូញ៖ «ខ្ញុំថាចម្រៀងរបស់មួយបទហ្នឹងមិនមានពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏បុគ្គលអ្នកមានអំណាចណាបង្គាប់បញ្ជាឱ្យខ្ញុំតែងចម្រៀងហ្នឹងគឺអត់មានទេ ចម្រៀងហ្នឹងផុសចេញពីចិត្តរបស់សហគមន៍ បងប្អូនពួកខ្ញុំដែលជាប់ទោស ជាក់ស្ដែងខ្ញុំហ្នឹងឯងដែលជាប់ទោសផ្ទាល់។ ចម្រៀងខ្ញុំមួយបទហ្នឹងកើតឡើងពីការឈឺចាប់ខ្ញុំហ្នឹងឯង ហើយបើលាបពណ៌ខ្ញុំពាក់ព័ន្ធនឹងរឿងនយោបាយ ខ្ញុំវាអត់មានមូលដ្ឋានអីពាក់ព័ន្ធនយោបាយផងខ្ញុំថាអ៊ីចឹង ជាចម្រៀងទាក់ទងនឹងសាច់រឿងការពិតបងប្អូនរស់នៅនៅក្នុងមូលដ្ឋាន»។

ជុំវិញរឿងនេះ លោក គ្រើង តុលា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ប្រចាំខេត្តមណ្ឌលគិរី បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ចម្រៀងរបស់សហគមន៍ជនជាតិដើមភាគតិចច្រៀងនេះ ជាការបង្ហាញពីភាពឈឺចាប់ដែលបានកើតឡើងមកលើពួកគេ ក្នុងបញ្ហាដីធ្លី ស្រែចម្ការ ផ្ទះសម្បែង ដែលត្រូវរងការរំលោភបំពានពីអ្នកមានអំណាច។ មួយវិញទៀតលោកថា ពួកគេជាជនរងគ្រោះ ប៉ុន្តែបែរជាអាជ្ញាធរដោះស្រាយ និងអនុវត្តច្បាប់យ៉ាងអយុត្តិធម៌ និងមានភាពលម្អៀងទៅលើអ្នកមានអំណាចទៅវិញ។

លោក គ្រើង តុលា៖ «ខ្ញុំក៏បញ្ជាក់ដែរថា វាជាការរំលោភសិទ្ធិហើយប្រសិនជា ព្រោះសង្គមនេះជាសង្គមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស អ៊ីចឹងការរិះគន់ ការអីរបស់ប្រជាពលរដ្ឋហ្នឹងយើងត្រូវទទួលយក ហើយត្រូវដោះស្រាយទៅតាមឋានុក្រម និងច្បាប់ អាហ្នឹងបានវាត្រូវ។ កាលណាគាត់បំភិតបំភ័យតាមរយៈច្បាប់ តាមរយៈការកោះហៅវាជារឿងឆ្លុះបញ្ចាំងមួយសម្រាប់ខ្ញុំគិតវាជាការបញ្ចាំងមួយ ជាការរំលោភសិទ្ធិបុគ្គល»។

លោកបន្ថែមថា មកដល់ពេលនេះ ករណីបទចម្រៀងរបស់សហគមន៍ គឺត្រូវបានសមត្ថកិច្ច បានដោះស្រាយគ្នារួចរាល់ហើយ ដោយឱ្យសហគមន៍ធ្វើកិច្ចសន្យា និងចេញវីដេអូសុំទោស ចំណែកសមត្ថកិច្ច ក៏បញ្ឈប់សកម្មភាពកោះហៅប្រជាពលរដ្ឋបន្តទៀតដែរ។

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មកដល់ពេលនេះ មិនមានការឆ្លើយតបឡើយ។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ជនជាតិដើមភាគតិចមានដើមកំណើតនៅក្នុងខេត្តមណ្ឌលគិរីជិត ២០០នាក់ បានជួបជុំគ្នាប្រារព្ធពិធីវប្បធម៌ជនជាតិដើមភាគតិច នៅរមណីយដ្ឋានបរិវេណភ្នំដោះក្រមុំ ព្រមទាំងដង្ហែក្បួន ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០សម្រាប់កម្ពុជា ដែលប្រព្រឹត្តឡើងក្រោមប្រធានបទ «ការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត»៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image