តំណាងបណ្តាញពលករខ្មែរនៅថៃចុះមើលស្ថានភាពជាក់ស្តែង លោក ជួប ផន
ភ្នំពេញ៖ តំណាងបណ្តាញពលករខ្មែរនៅថៃ អ្នកស្រី រី សាំង ស្នើសុំឱ្យស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសថៃ ជួយកំណត់អត្តសញ្ញាណជនជាតិខ្មែរ ជូនលោក ជួប ផន ឱ្យបានឆាប់ ដើម្បីគាត់អាចទទួលបានការព្យាបាលជំងឺទាន់ពេលវេលា ខណៈលោក កំពុងមានជំងឺឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យរយ៉ងប្រទេសថៃ។ ចំណែកមន្ទីរពេទ្យថានឹងធ្វើទៅតាមនីតិវិធីរបស់ប្រទេស ឬរកវិធីបញ្ជូនពលករទៅប្រទេសកំណើតរបស់ខ្លួនវិញ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អ្នកស្រី រី សាំង បណ្តាញពលករខ្មែរប្រចាំប្រទេសថៃ បានប្រាប់វិទ្យុស្រ្តីថា បច្ចុប្បន្ននេះស្ថានភាពជំងឺរបស់ លោក ជួប ផន ពលករនេសាទ នៅខេត្តរយ៉ង ប្រទេសថៃ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ដែលពេលនេះលោកកំពុងស្នាក់នៅមន្ទីរពេទ្យខេត្តរយ៉ង។ លោក ជួប ផន បានមកព្យាបាលជំងឺជាបណ្តោះអាសន្នសិន ក្រោមការជួយអន្តរាគមន៍ពីបណ្តាញពលករខ្មែរ និងជនជាតិថៃនៅទីនោះ។ រហូតដល់ពេលនេះស្ថានទូតខ្មែរថាលោក ជួប ផន មិនមានឯកសារគ្រប់គ្រាន់ ដែលមិនអាចឱ្យលោកមានលទ្ធភាពបញ្ជាក់ថាជាជនជាតិខ្មែរឡើយ។
ប៉ុន្តែលិខិតបញ្ជាក់ដោយក្រសួងការងារខេត្តរយ៉ង ដែលនៅជាប់នឹងខ្លួនលោក បញ្ជាក់ថា លោកគឺជាជនជាតិខ្មែរ ដូច្នេះអ្នកស្រី រី សាំង ទទួចឱ្យស្ថានឯកអគ្គរាជទូតខ្មែរនៅថៃជួយខ្នះខ្នែងដល់លោក ជួប ផន ឱ្យទទួលបានឯកសារគ្រប់គ្រាន់ឡើងវិញឱ្យបានឆាប់ ដើម្បីលោកបានទទួលសិទ្ធិជាពលករស្របច្បាប់ និងទទួលបានការព្យាបាលជំងឺទាន់ពេលវេលា។
អ្នកស្រី រី សាំង ៖« មុននឹងឱ្យប្រទេសគេទទួលស្គាល់ទៅលើសិទ្ធិ ពលករយើងបានលុះត្រាតែម្ចាស់ប្រទេសយើង អនុព័ន្ធការងារ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើជីវិតពលករ សុវត្ថិភាពពលករ លើការរស់នៅពលករផង។ ប្រសិនជាអត់មានការយកចិត្តទុកដាក់ទេ យើងបាត់បង់សិទ្ធិអស់ ទោះបីយើងមកស៊ីឈ្នួលប្រទេសគេ ពលករចូលលានៗនាក់ ក៏ប៉ុន្តែសិទ្ធិនៃការទាមទារ ទាបបំផុត ព្រោះយើងមិនបានគាំទ្រពីរដ្ឋាភិបាល ពីអនុព័ន្ធការងារក៏ដូចជាស្ថានទូតប្រចាំនៅប្រទេសថៃ លុះត្រាតែពួកគាត់យកចិត្តទុកដាក់ខ្លាំងមែនទែន ហើយគាត់អាចជំរុញលើកទឹកចិត្ត ជំរុញឱ្យពលករទាំងអស់ហ្នឹងមានសិទ្ធិរស់នៅដោយមានសិទ្ធិអំណាចពេញលេញផង»។
លោក ជួប ផន មានដើមកំណើតពីខេត្តព្រៃវែង ប្រទេសកម្ពុជា បានមករស់នៅធ្វើជាពលករនេសាទក្នុងប្រទេសថៃប្រមាណ២០ឆ្នាំមកហើយ ។ បន្ទាប់ពីធ្លាក់ខ្លួនឈឺនៅប្រទេសថៃអស់រយៈពេល៣ឆ្នាំកន្លងមក បច្ចុបន្ននេះ រស់នៅក្នុងជីវភាពខ្សត់ខ្សោយ នៅខេត្តរយ៉ង។ លោកបានអំពាវនាវសុំការជួយពីសប្បុរសជននានា ដើម្បីមានលទ្ធភាពបានព្យាបាលជំងឺ ដើម្បីឱ្យលោកអាចមានសង្ឃឹមជាសះស្បើយពីជំងឺ នឹងអាចវិលទៅប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងវិញ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អត្តា អន បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីកាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថា ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ជួប ផន ដែលអំពាវនាវសុំឱ្យមានការជួយព្យាបាលជំងឺជូនគាត់នោះ ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសថៃ បានទទួលព័ត៌មាននេះហើយ និងបានធ្វើការអង្គេតប្រមូលព័ត៌មានអំពីគាត់ដែរ ជាបឋម ឃើញថា លោក ជួប ផន ពុំមានឯកសារអ្វីទាំងអស់អំពីអត្តសញ្ញាណរបស់គាត់ ដូច្នេះស្ថានទូតកំពុងបន្តធ្វើកិច្ចការនេះជាមួយអាជ្ញាធរថៃ និងភាគីពាក់ព័ន្ធ។
លោក កត្តា អន ៖« ដូច្នេះស្ថានទូតបន្តធ្វើកិច្ចការនេះជាមួយអាជ្ញាធរថៃ និងភាគីពាក់ព័ន្ធទី ១ ដើម្បីកំណត់អត្តសញ្ញាណគាត់ជាខ្មែរ ទី២ ក្នុងការដោះស្រាយជាមួយអាជ្ញាធរពីការចូលប្រទេសថៃដោយគ្មានឯកសារគ្រប់គ្រាន់ និងទី៣ តើត្រូវការព្យាបាលគាត់ក្នុងប្រទេសថៃ ឬមួយក៏បញ្ជូនមកព្យាបាលនៅកម្ពុជា។ ដូច្នេះហើយខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងសុំចូលធ្វើការនៅបរទេសដោយស្របច្បាប់តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជៀសវាងបញ្ហាកើតឡើងផ្សេងៗ។ ក្នុងករណីមានបញ្ហាកើតឡើងសូមទំនាក់ទំនងមកស្ថានទូតខ្មែរប្រចាំប្រទេសនោះដើម្បីជួយអន្តរាគមន៍ជួយបងប្អូនជាបន្ទាន់»។
អ្នកស្រី រី សាំង បានឱ្យដឹងបន្ថែមថា បណ្តាញពលករ បានត្រឹមតែព្យាយាមជួយផ្សព្វផ្សាយរកជំនួយជួយដល់ លោក ជួប ផនជាបឋមដើម្បីឱ្យគាត់មានដំណោះស្រាយបន្ត។ ប៉ុន្តែសម្រាប់ការទាមទារសិទ្ធិពីក្រសួងការងារ លុះត្រាតែ លោក ជួប ផន មានឯកសារគ្រប់គ្រាន់ បើគាត់មិនមានឯកសារគ្រប់គ្រាន់ទេ បណ្តាញពលករខ្មែរក៏មិនអាចជួយគាត់បានដែរ លុះត្រាតែរដ្ឋាភិបាល ឬអនុព័ន្ធការងារ កុងស៊ុល ទើបអាចទាមទារសិទ្ធិបានងាយជាងក្រុមបណ្តាញពលករ ព្រោះបណ្តាញពលករខ្មែរបង្កើតចេញពីពលករគ្នាឯង ដើម្បីផ្សព្វផ្សាយ បញ្ចូនដំណឹងតគ្នា ជួយគ្នា សាមគ្គីគ្នានៅក្នុងសហគមន៍ប៉ុណ្ណោះ៕