en     km
en     km

ម្ចាស់ភោជនីយមួយ មានមហិច្ឆិតាបើករោងចក្រចំណីអាហារ ជួយស្រ្តីឱ្យមានប្រាក់ចំណូលសមរម្យ

Share

ភ្នំពេញ៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋានគ្រីស្តាល់ អ្នកស្រី លី សូរិយា  មានមហិច្ឆិតាចង់បើករោងចក្រចំណីអាហារដើម្បីជួយលើកកម្ពស់ជីវភាពស្រ្តីនៅខេត្តសៀមរាប មានការងារធ្វើ និងប្រាក់ចំណូលសមរម្យ។ ដើម្បីសម្រេចបំណងនេះ អ្នកស្រីបាន ចូលរួមវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) នៅប្រទេសកម្ពុជា ក្រោមការរៀបចំពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ក្នុងកី្តស្រមៃចង់បង្កើតរោងចក្រចំណីអាហារ ទាំងផ្គត់ផ្គង់ ក៏ដូចជានាំចេញទៅក្រៅប្រទេសថែមទៀតនោះ អ្នកស្រី លី សូរិយា ម្ចាស់អាជីវកម្មភោជនីយដ្ឋាន គ្រីស្តាល់ នៅក្នុងខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE)ដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលជាគម្រោងមួយផ្តល់ការកសាងសមត្ថភាពស្រ្តីដើម្បីធ្វើឱ្យអាជីវកម្មដែលដឹកនាំដោយស្រ្តីមានភាពរីកចម្រើន។ ​អ្នកស្រីរំពឹងថា បន្ទាប់ពីបានរៀនចប់កម្មវិធីនេះ អ្នកស្រីនឹងអាចជួយដល់បុគ្គលិក ទាំងអស់ ដែលមានស្រ្តី៧០ភាគរយ បម្រើការងារនៅក្នុងភោជនីយដ្ឋាន​ ជាពិសេសឱ្យពួកគាត់មានសមត្ថភាពកាន់តែខ្លាំងក្នុងការបម្រើការងារនៅក្នុងភោជនីយដ្ឋាន ជាពិសេសអាចពង្រីកអាជីវកម្មមួយចំនួនដែលជាសក្តានុពល ពាក់ព័ន្ធនឹងចំណីអាហារ ។

អ្នកស្រី លីសូរិយា៖« ស្រ្តីត្រូវបានសង្គមទទួលស្គាល់ថាមានកម្លាំងខ្សោយជាងបុរស អ៊ីចឹងទៅជាធម្មតា ការងារខ្លះបុរសធ្វើបាន តែស្រ្តីធ្វើអត់បាន អ៊ីចឹងកន្លែងខ្ញុំ ភោជនីយដ្ឋានគ្រីស្តាល់គឺជាការងារដែលស្រ្តីធ្វើបានហើយល្អជាងបុរសទៀត ហេតុនេះទើបខ្ញុំលើកទឹកចិត្តស្រ្តីឱ្យចូលរួមឱ្យបានច្រើនដើម្បីផ្តល់ឱកាសការងារ ដល់ស្រ្តីដែលការងារស្រាលអាចធ្វើបាន»។

អ្នកស្រី លី សូរិយា គឺជាបេក្ខស្រ្តីមួយរូបក្នុងចំណោម ស្រ្តី៣០រូបមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្មបដិសណ្ឋារកិច្ច ដល់វិស័យថាមពលប្រកបដោយចីរភាព ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ ក្រោមគម្រោងឧបត្ថម្ភរបស់ស្ថានទូតអាមេរិក រយៈពេល៩ខែ ។

លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងពិធីបើកនៅថ្ងៃទី១០ ខែកញ្ញា នៅភ្នំពេញថា លោកស្រីមានមោទនភាពសូមនិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោល នយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់ សម្រាប់យុទ្ធនាការ ស្តីពីការលើកកម្ពស់ស្ត្រី ដែលអបអរសាទរ និងគាំទ្រស្ត្រីឱ្យសម្រេចបាននូវសក្តានុពល ពេញលេញរបស់គេ។

ចាប់តាំងពីការបង្កើតសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដោយមានការគាំទ្រពីធនាគារពិភពលោក និង ក្រសួងកិច្ចការនារីកាលពីឆ្នាំ ២០១១ មក ឥឡូវនេះសមាគម មានសមាជិកជាង ២ ០០០ នាក់ និងសមាជិកសកម្ម ចំនួន ៥០០នាក់។ សមាគមសហគ្រិនស្ត្រីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការចូលរួមរបស់ស្ត្រីក្នុងភាពជាសហគ្រិន។ ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា និងអង្គការពាក់ព័ន្ធដើម្បីជំរុញការចូលរួមរបស់ស្ត្រីក្នុងភាពជាសហគ្រិន៕

Share

ព័ត៌មានទាក់ទង

Image