មហាជនមួយចំនួនតែងជជែកវែកញែកទៅលើវាក្យសព្ទឬពាក្យពេចន៍ខ្មែរ ពិសេសទៅលើបញ្ហាអក្ខរាវិរុទ្ធ ដោយពលរដ្ឋខ្មែរជាច្រើនប្រើប្រាស់វចនានុក្រមខ្មែរជាតឹកតាងសំអាងពីភាពខុសនិងត្រូវនៃការសរសេរភាសាស្តង់ដា។ ដោយឡែក មនុស្សផ្សេងទៀតប្រើប្រាស់វចនានុក្រមខ្មែរជាមូលដ្ឋានគ្រឹះដើម្បីតែពិនិត្យបន្ថែមពីលើពាក្យប៉ុណ្ណោះ។ នៅក្នុងស្រទាប់យុវជន អ្នកសិក្សារៀនសូត្រ និងពលរដ្ឋខ្មែរទូទៅបានដាក់ចម្ងល់ថា តើការប្រើប្រាស់ពាក្យពេចន៍ដែលមិនមានក្នុងវចនានុក្រមខ្មែរចាត់ទុកថាពាក្យនោះខុសដែរឬទេ? ហើយថាតើធ្វើរបៀបណាទើបដឹងថាពាក្យនោះត្រឹមត្រូវប្រសិនជាមិនមានកត់ត្រាក្នុងវចនានុក្រមផងនោះ?
(កញ្ញា កែវ សុជាតា រាយការណ៍)
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា វចនានុក្រមខ្មែរដើរតួនាទីយ៉ាងសំខាន់សម្រាប់កំណត់ភាពប្រាកដប្រជានៃវាក្យសព្ទឬពាក្យក្នុងភាសាខ្មែរ គួបផ្សំទាំងនិយមន័យ ថ្នាក់ពាក្យ និងសូរអានតាមជាដើម។ ក៏ប៉ុន្តែពាក្យមួយចំនួនមិនបានចងក្រងទុកជាឯកសារនៅក្នុងវចនានុក្រមនោះទេ ដ្បិតពាក្យខ្លះទើបបង្កើតនិងធ្វើបច្ចុប្បន្នភាពតាមក្រោយ ខណៈវចនានុក្រមរបស់ខ្មែរនេះមិនទាន់បានធ្វើបច្ចុប្បន្នភាពអស់រយៈពេល៥៥ឆ្នាំចាប់តាំងពីការបោះពុម្ពផ្សាយលើកទី៥ ក្នុងឆ្នាំ១៩៦៧-២០២០ម្ល៉េះ។ ការណ៍នេះ លោក សុខុម លើកឡើងថា អ្នកប្រើប្រាស់ពាក្យដែលមិនបានកត់ត្រានៅក្នុងវចនានុក្រមខ្មែរមិនចាត់ទុកថាពាក្យនេះមិនត្រឹមត្រូវនោះទេ ហើយក៏មិនមានន័យថាត្រឹមត្រូវនោះដែរ។
លោក ហ៊ាន សុខុម(១)៖«ពាក្យដែលឥតមាននៅក្នុងវចនានុក្រមហ្នឹងគឺ យើងមិនអាចចាត់ទុកថាខុសទេហើយយើងក៏មិនអាចចាត់ទុកថាត្រូវដែរ។ អ៊ីចឹងអ្នកដែលប្រើពាក្យហ្នឹង គាត់គួរតែពិចារណាមើលតាមក្បួនច្បាប់ឬមើលតាមបែបផែនគំរូនៃពាក្យហ្នឹង ដែលពាក្យចាស់ៗដែលយើងបានបង្កើតមកហ្នឹង។»។
លោក ហ៊ាន សុខុម ប្រធានក្រមប្រឹក្សាជាតិភាសាខ្មែរ។ រូបភាព៖ WMC/Seanglim
ដើម្បីប្រាកដថាពាក្យដែលបម្រុងយកទៅប្រើប្រាស់នោះមានអក្ខរាវិរុទ្ធនិងអត្ថន័យត្រឹមត្រូវទៅតាមបរិបទសម្រាប់ប្រើប្រាស់ បុគ្គលនោះគប្បីយកពាក្យនោះទៅផ្ទៀងផ្ទាត់នៅក្នុងវចនានុក្រមខ្មែរជាមុនសិន សឹមយកទៅប្រើប្រាស់។ នេះបើតាមប្រសាសន៍លោក ហ៊ាន សុខុម។ ចំពោះករណីដែលពាក្យនោះឥតមាននៅក្នុងវចនានុក្រម ដូច្នេះអ្នកប្រើប្រាស់អាចសាកល្បងប្រើវិធីសាស្រ្តដែលសមស្របដូចជាក្បួនបង្កើតពាក្យ ក្បួនសរសេរ ឬក្បួនដំណូចដែលបានចងក្រងកាលពីពេលកន្លងមក ដើម្បីជាអំណះអំណាងថាពាក្យដែលយកទៅប្រើប្រាស់នោះមិនប្រាសចាកខុសពីក្បួនខ្មែរ។
រូបភាព៖ ក្រសួងព័ត៌មាន
ទោះបីជាយ៉ាងណា លោក សុខុម មានប្រសាសន៍ដែរថា ពាក្យមួយចំនួនដែលមិនបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ច្រើនជាពាក្យធម្មតាឬពាក្យសាមញ្ញ ដែលអ្នកភូមិប្រើសម្រាប់និយាយសន្ទនាគ្នាជាទូទៅក្នុងជីវិតប្រចាំថ្ងៃ។ ជាពិសេសនៅតាមគ្រឹះស្ថានអប់រំ ប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន ឬវិទ្យុនានាមិនគួរប្រើពាក្យសាមញ្ញទាំងនោះទេ ដោយហេតុថាពាក្យនោះច្រើនតែមិនមែនជាភាសាស្តង់ដាឬភាសាផ្លូវការ ដែលអាចបណ្តុះឱ្យអ្នកស្តាប់ឬអ្នកអានមានការភ័ន្តច្រឡំក្នុងការបញ្ចេញសូរសំឡេង និងការយល់ដឹងពីអត្ថន័យនៃពាក្យទៅតាមបរិបទណាមួយជាដើម។
ជុំវិញបញ្ហាវាក្យសព្ទនេះដដែល ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះបានបញ្ជាក់ដែរថា សម្រាប់ពាក្យកម្ចីមកពីបរទេសបានក្លាយជាករណីពិសេសនៅក្នុងបែបផែននៃការសរសេរឱ្យចេញជាខេមរភាសា។ លោកថា បច្ចុប្បន្នពុំទាន់មានការស្រុះស្រួលនិងឯកភាពគ្នាជុំវិញការកំណត់ថាតើពាក្យកម្ចីពីបរទេសគួរសរសេរតាមសូរសៀងជាភាសារបស់គេ ឬប្រែសម្រួលជាសូរបែបខ្មែរនៅឡើយទេ។ ហេតុដូចនេះហើយ លោក ហ៊ាន សុខុម អះអាងថា ពាក្យខ្មែរមួយចំនួនដែលសរសេរចេញពីសូរជាភាសាដើមរបស់គេក៏មិនប្រាកដថាខុស ឬពាក្យដែលសម្រួលឱ្យចេញជាការអានបែបខ្មែរក៏មិនអាចសន្និដ្ឋានថាខុសបាននោះដែរ។
លោក ហ៊ាន សុខុម(២)៖«ពាក្យដែលអត់មាននៅក្នុងវចនានុក្រម ជាទូទៅវាច្រើនតែពាក្យបច្ចេកទេសដែលយើងបង្កើតថ្មីមក ហើយយើងអត់ទាន់បានបញ្ចូលទៅក្នុងវចនានុក្រមទេ។ ឧទាហរណ៍ថាពាក្យនានាហ្នឹងដែលប្រើជាមួយនឹងអក្សរផ្គុំ ដូចអក្សរ ហ្គ ហ្វ ហ្ស។ ដូចឧទាហរណ៍ថា អុកស៊ីហ្សែន។ គេសរសេរ[ប្រកបដោយមានតួអក្សរ] ហ្ ្ស ែ ន។ ដល់ពេលខាងអ្នកផ្សេងទៀត គេសរសេរ អុកស៊ីសែន ប្រកប ស ែ ន ។ អ៊ីចឹងយើងមិនទាន់និយាយថា អុកស៊ីហ្សែន ឬមួយអុកស៊ីសែនហ្នឹង ត្រូវឬមួយក៏ខុសទេ។ វាអាស្រ័យទៅលើការដែលធ្វើមុខទៀតទៅយើងឯកភាពគ្នាថាយើងយកមួយណា។»។
រូបភាពពីក្នុងវចនានុក្រមអេឡិចត្រូនិក
គួរបញ្ជាក់ថា បច្ចុប្បន្នវចនានុក្រមខ្មែរមានទាំងការចងក្រងជាសៀវភៅ និងមានទាំងវចនានុក្រមអេឡិចត្រូនិក។ វចនានុក្រមអេឡិចត្រូនិកក្នុងទម្រង់ឌីជីវថលបែបនេះ បានផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងរកពាក្យឱ្យបានឆាប់រហ័ស ចំណេញពេលវេលា ផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ និងងាយស្រួលក្នុងការបញ្ចូលឬធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀតផងដែរ។ ក្នុងនោះ លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានតម្រង់ទិសថា វចនានុក្រមអេឡិចត្រូនិកដែលបងប្អូនប្រជាពលរដ្ឋឃើញនៅក្នុងកម្មវិធីដែលដាក់ឱ្យទាញយកមកប្រើប្រាស់មានចំនួនពីរវចនានុក្រមអេឡិចត្រូនិកក៏ពិតមែន តែវចនានុក្រមទាំងពីរនេះគឺបញ្ចូលវាក្យសព្ទដូចគ្នាទាំងស្រុងនឹងច្បាប់ដើមដែលចេញផ្សាយលើកទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត។
រូបភាពពីអ៊ីនធើណេត
លោក ហ៊ាន សុខុម(៣)៖«របស់ហ្នឹង(វចនានុក្រមខ្មែរទាំងពីរ)អត់មានភាពខុសគ្នាទេ។ របស់ទាំងពីរហ្នឹង(វចនានុក្រមខ្មែរទាំងពីរ)គឺ[ស្រប]តាមទិសដៅតែមួយ។ អ៊ីចឹងបានសេចក្តីថា យើងយកកាលណាធ្វើវចនានុក្រមខ្មែរឆ្នាំ២០២២ យើងយកបែបផែនគំរូទៅតាមវចនានុក្រមសម្តេច ជួន ណាត ហ្នឹង ដែលបោះពុម្ពគ្រាទី៥ហ្នឹង។ គោលការណ៍អីទាំងអស់ យើងមិនមានកែប្រែអីពីក្នុងហ្នឹងទេ សូម្បីតែអក្ខរាវិរុទ្ធក៏យើងមិនមានកែប្រែអីខុសគ្នាដែរ។ ពាក្យដែលមាននៅក្នុងវចនានុក្រមទាំងអស់មាននៅក្នុងវចនានុក្រម២០២២។ ទាំងអស់តែម្តង យើងថែមតែពាក្យថ្មីទេ ហើយយើងផ្លាស់ប្តូរខ្លះៗ ផ្លាស់ប្តូរឧទាហរណ៍ថ្នាក់ពាក្យ[ដោយសារ]នៅក្នុងវចនានុក្រមចាស់មានច្រើនពេក។ ហើយដោយក្មេងយើងដែលរៀននៅក្នុងសាលារៀនកន្លះសតវត្សហើយ គេរៀនទៅតាមថ្នាក់ពាក្យប្រាំបីហ្នឹង។ អ៊ីចឹងយើងប្តូរមកតាមដូចថាឱ្យសង្គមយើង ឱ្យកូនចៅយើងហ្នឹងប្រើប្រាស់អាហ្នឹងបាន(ថ្នាក់ពាក្យ)។ ហើយមួយទៀតអត់មានអីលើសទេ គឹយើងត្រូវថែមថាភាសាគឺជាសំឡេង។ យើងចាប់ផ្តើមដោយសូរសំឡេង អ៊ីចឹងបើកាលណានៅក្នុងនោះ(វចនានុក្រម)អត់ដាក់សូរអាន មានន័យថាគេអត់ដឹងថាសំឡេងហ្នឹងអានថាម៉េចទេ។ អ៊ីចឹងយើងថែមសូរអាន»។
វចនានុក្រមដែលបានលើកឡើងខាងលើ មានមួយរៀបចំនិងឧបត្ថម្ភដោយអាជ្ញាធរអគ្គិសនីកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយឡែក វចនានុក្រមអេឡិចត្រូនិកមួយផ្សេងទៀតដែលទើបដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២២ រៀបចំឡើងដោយគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរដែលមានសមាសភាព បញ្ញាវន្តគ្រប់វ័យ ចូលរួមធ្វើបច្ចុប្បន្នកម្មលើវចនានុក្រមខ្មែរ ដោយគ្មានទីបញ្ចប់។
វចនានុក្រមខ្មែរ២០២២ដែលរៀបចំឡើងដោយគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរនៅខាងស្តាំ ខណៈវចនានុក្រមនៅខាងឆ្វេងរៀបចំនិងឧបត្ថម្ភដោយអាជ្ញាធរអគ្គិសនីកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះមានភាពរីកចម្រើនកាន់តែច្រើនឡើង លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងក្នុងបរិបទសាកលភាវូបនីយកម្មដែលចាំបាច់ត្រូវមានពាក្យប្រើប្រាស់ឱ្យស្របតាមតម្រូវការរបស់សង្គម ដូចនេះហើយទើបគណៈកម្មាធិការជាតិមួយបានបង្កើតឡើងដើម្បីធ្វើទំនើបកម្មនិងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរក្នុងស្មារតីស្រឡាញ់ថែរក្សា និងលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ។ លោក ហ៊ាន សុខុម បានបញ្ជាក់ដែរថា បច្ចុប្បន្នពាក្យដែលបានដាក់បញ្ចូលទៅក្នុងវចនានុក្រមខ្មែរនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការជំរុញឱ្យធ្វើបច្ចុប្បន្នភាពបន្តទៅទៀត។ លោក បន្ថែមទៀតថា ពាក្យមួយចំនួនលេចឡើងក្នុងសង្គមខ្មែររួចក៏បាត់ទៅវិញ ខណៈពាក្យខ្លះទៀតមានស្ថេរភាពក្នុងការប្រើប្រាស់ ដូចនេះវាក្យសព្ទឬពាក្យដែលនឹងដាក់បញ្ចូលក្នុងវចនានុក្រម គឺជាពាក្យដែលមានស្ថេរភាពប្រើប្រាស់ក្នុងសង្គមខ្មែរយ៉ាងហោចណាស់៥ឆ្នាំ៕