អង្គការសិទ្ធិមនុស្ស និងបក្សជំទាស់ ស្នើរាជរដ្ឋាភិបាលពិចារណាលើកលែងទោសអ្នកស្រី ហ៊ូ រុនអេង ដែលបានសរសេរមតិរិះគន់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងខ្មែរ ដែលការបញ្ចេញមតិអ្នកស្រី រុនអេង គួរតែអប់រំសិន មុនប្រើប្រាស់ផ្លូវច្បាប់ដាក់ទោសទណ្ឌ។ យ៉ាងណាការបញ្ចេញមតិយោបល់ស្ដ្រីចំណាស់នេះ មន្ត្រីរាជរដ្ឋាភិបាល ថា មិនត្រូវបានលើកលែងឡើយ ពីព្រោះអ្នកស្រី ហ៊ូ រុនអេង បានសរសេរមតិរិះគន់បែបចោទប្រកាន់មកលើថ្នាក់ដឹកនាំ មិនមែនជាមតិរិះគន់បែបស្ថាបនាឡើយ។ កញ្ញា សៃ ចន្ធី រាយការណ៍
ការស្នើបែបនេះ ក្រោយពីសម្ដេច ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា ប្រកាសមិនលើកលែងឱ្យអ្នកស្រី ហ៊ូ រុនអេង ដែលមានគណនីហ្វេសប៊ុកឈ្មោះ «ហ៊ូ រុនអេង» បានសរសេរមតិយោបល់លើការបង្ហោះលើទំព័រហ្វេសប៊ុកសម្ដេច ពីសកម្មភាពសិល្បការិនីទៅលេងតាមព្រំដែន កាលពីថ្ងៃទី៨ ខែកញ្ញានេះ។ អ្នកស្រី រុនអេង បានសរសេរថា «មនុស្សយួនចូលក្នុងដីខ្មែរយូរៗទៅ ធ្វើកលល្បិចឱ្យមេដឹកនាំខ្មែរសម្លាប់ខ្មែរ យកខ្មែរគ្នាឯងជាខ្មាំង»។
ការខម្មិននេះ ធ្វើឱ្យសម្តេចហ៊ុន សែន ប្រកាសថាមិនលើកលែងឡើយ ដោយសារការបញ្ចេញមតិយោបល់អ្នកស្រី រុនអេង ត្រូវបានប្រធានគណបក្សប្រជាជន ចាត់ទុកជាក្រុមជ្រុលនិយមដែលមានចេតនាចោទប្រកាន់រដ្ឋាភិបាល។
ភ្លាមៗ បន្ទាប់ពីការប្រកាសរបស់សម្ដេច និងអមជាមួយដីការបស់សាលាដំបូង អ្នកស្រី រុនអេង ក៏បានចេញវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយសុំទោសសម្ដេច ហើយបានបញ្ជាក់រាល់ការសរសេរបញ្ចេញមតិយោបល់របស់ខ្លួនថាជាមតិយោបល់ផ្តេសផ្តាស សរសេរតាមអ្វីតែគេថាប៉ុណ្ណោះ គ្មានចេតនាមួលបង្កាច់រាជរដ្ឋាភិបាលឡើយ។ ទោះបីអ្នកស្រីបានចេញវីដេអូសុំទោសក្ដី ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឱ្យសមត្ថកិច្ចនាំខ្លួនអ្នកស្រី ហ៊ូ រុនអេង មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ និងបានចោទប្រកាន់អ្នកស្រី រុនអេង ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
កណីនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់វិទ្យុស្ដ្រីថា ដោយសារប្រទេសកម្ពុជា កាន់នូវរបបលទ្ធិប្រជាធិបតេយ្យសេរី ដូច្នេះនៅក្នុងរបបនេះជាទូទៅ គឺបើកចំហរ និងលើកកម្ពស់ឱ្យប្រជាពលរដ្ឋមានសេរីភាពបញ្ចេញមតិរបស់ខ្លួន ទាំងមតិស្រប និងមតិមិនស្រប។ ម្យ៉ាងវិញទៀតក្នុងសង្គមប្រជាធិតេយ្យ លោកថា ការបញ្ចេញមតិមិនស្រប ឬជាមតិប្រឆាំង គឺត្រូវបានទទួលការលើកកម្ពស់ ដោយផ្ដល់ឱ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួនបានគ្រប់ៗគ្នា។
ទោះបីសេរីភាពបញ្ចេញត្រូវបានបើកលំហរសម្រាប់ពលរដ្ឋគ្រប់រូបក៏ពិតមែន ប៉ុន្តែប្រធានអង្គការអាដហុកថា ប្រសិនករណីមានការបញ្ចេញមតិ បង្កឱ្យសង្គមមិនមានភាពរីកចម្រើន ដូច្នេះការបញ្ចេញមតិនោះ មិនត្រូវបានលើកកម្ពស់ឡើយ។ ជាក់ស្ដែងករណីបញ្ចេញមតិអ្នកស្រី ហ៊ូ រុនអេង រាជរដ្ឋាភិបាល គួរតែពន្យល់ពលរដ្ឋឱ្យច្បាស់អំពីកម្រិតនៃការបញ្ចេញមតិ ឬក៏អាចហៅមកអប់រំជាមុន ចៀសវាងការប្រើប្រាស់ប្រព័ន្ធតុលាការ មកដាក់ទណ្ឌចំពោះមតិរិះគន់។
លោក នី សុខា៖ «ខ្ញុំគិតថាប្រជាពលរដ្ឋមានការបញ្ចេញមតិទៅមានការលើសលស់ត្រង់ចំណុចណាមួយ រាជរដ្ឋាភិបាលយកវិធានការអប់រំ ក្នុងការធ្វើយ៉ាងណាឱ្យគាត់យល់អំពីការបញ្ចេញមតិនេះវាមានកំហុស ឬក៏ការបញ្ចេញមតិហ្នឹងវាមានបញ្ហាអីឱ្យប្រជាពលរដ្ឋយល់។ ខ្ញុំមើលឃើញស្ថានភាពប្រជាពលរដ្ឋខ្លះគាត់ហាក់ដូចជាអត់បានយល់ច្បាស់អំពីថាតើការបញ្ចេញមតិហ្នឹង វាកម្រិតបែបណា ថាត្រូវបែបណា វាខុសបែបណាអ៊ីចឹងយើងពិបាកយល់ណាស់ អ៊ីចឹងហើយយើងចង់ឱ្យមានការលើកទឹកចិត្ត ចំពោះការអនុវត្តច្បាប់ ពិសេសការអនុវត្តច្បាប់ ត្រូវសមាមាត្រទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែរបាទ!»។
ចំណែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ថ្លែងសុំមិនវិភាគពីរឿងចាប់ខ្លួនស្ដ្រីម្នាក់ដែលបានបញ្ចេញមតិយោបល់លើទំព័រហ្វេសប៊ុកសម្ដេច ថា ជាការអនុវត្តស្របទៅតាមច្បាប់ ឬមិនស្របទៅច្បាប់ ពីព្រោះនេះជាវិធានការរបស់រាជរដ្ឋាភិបាល និងតួនាទីរបស់តុលាការ ដូច្នេះលោកមិនអាចចាត់ទុកករណីនេះជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញនោះទេ។ មួយវិញទៀត ទោះបីអ្នកស្រី រុនអេង បានសុំទោសចំពោះមតិយោបល់របស់ខ្លួនក្ដី មេបក្សជំទាស់រូបនេះថា មានតែតុលាការប៉ុណ្ណោះ ដែលកំណត់អ្នកស្រី ហ៊ូ រុនអេង ត្រូវលើកលែងទោស ឬក៏ផ្តន្ទាទោស។
លោក មាជ សុវណ្ណរ៉ា៖ «ខ្ញុំមិនស៊ីជម្រៅ ហើយក៏មិនមានអ្វីជាការសន្និដ្ឋាន និងធ្វើការវិភាគជុំវិញថាតើការសុំ មានអ្វីជាការសន្និដ្ឋានើថាស្ដ្រីយផ្សេងសកម្មជនល់របស់ក្ដី ប៉ុលើកលែងទោស តាមរយៈសុំទោសយ៉ាងម៉េចៗ ខ្ញុំមិនមានយោបល់អីថាតើស្ដ្រីម្នាក់ហ្នឹងគាត់ពីមុនមកបានធ្វើអ្វីបន្តបន្ទាប់មក ហើយសិទ្ធិបញ្ចេញមតិ វាបែបណាៗ វាប៉ះពាល់ដល់ផ្នែកសន្តិសុខជាតិ គឺថាខ្ញុំគ្រាន់តែបញ្ចេញមតិយោបល់ថា ប្រសិនជាការអប់រំ ការព្រមាន ឬការពិន័យណាមួយដល់ស្ដ្រីហ្នឹង»។
ជុំវិញរឿងនេះលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា ករណីអ្នកស្រី ហ៊ូ រុនអេងនេះ ជាការបញ្ចេញមតិបែបចោទប្រកាន់មួលបង្កាច់ មិនមែនជាការបញ្ចេញមតិរិះគន់បែបស្ថាបនានោះទេ ពីព្រោះការបញ្ចេញមតិរបស់អ្នកស្រី រុនអេង បានចោទថ្នាក់ដឹកនាំថា វៀតណាមមកគ្រប់គ្រងខ្មែរ មកសម្លាប់ខ្មែរ។ ដូច្នេះការបញ្ចេញមតិបែបចោទប្រកាន់នេះ លោកថា ជាអំពើខុសច្បាប់ ដែលត្រូវទទួលរងការអនុវត្តតាមផ្លូវច្បាប់ ហើយអនុវត្តផ្លូវច្បាប់ទៅលើអ្នកបញ្ចេញមតិបែបចោទប្រកាន់នេះ មិនមែនតែថ្នាក់ដឹកនាំកម្ពុជាទេដែលអនុវត្ត គឺនៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក ក៏អនុវត្តផងដែរ។
លោក ប៉ែន បូណា៖ «នៅកម្ពុជាយើងមិនមានជនជាតិណាមកគ្រប់គ្រង មកដឹកនាំទេ គឺរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋខ្មែរ ហើយរាជរដ្ឋាភិបាល អត់មានទៅសម្លាប់ជនជាតិខ្មែរណាទេ ប្រជាពលរដ្ឋទេ។ រាជរដ្ឋាភិបាលខិតខំរំដោះប្រទេសចេញពីប៉ុលពតមក ខិតខំអភិវឌ្ឍន៍ប្រទេសមកដល់ពេលនេះ ហើយជួយធ្វើមិចឱ្យប្រទេសរីកចម្រើនទៅមុខ គឺដើម្បីប្រជាពលរដ្ឋខ្មែរហ្នឹងហើយ រកសន្តិភាពគ្រប់យ៉ាង ម៉េចបានរាជរដ្ឋាភិបាលទៅសម្លាប់ខ្មែរទៅវិញ?»។
បើតាមអ្នកនាំពាក្យរូបនេះ អ្នកដែលរិះគន់រាជរដ្ឋាភិបាលថា មានការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ គួរតែពិនិត្យទៅលើអង្គហេតុច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវបែងចែកឱ្យច្បាស់រវាងការបញ្ចេញមតិបែបស្ថាបនា និងការបញ្ចេញមតិបែបចោទប្រកាន់។
ប៉ុន្តែមេបក្សជំនាន់ថ្មី ថា មុនឈានដល់ការផ្តន្ទាទោសលើស្ដ្រីនេះ រាជរដ្ឋាភិបាល និងតុលាការ គួរតែស្រាវជ្រាវពីប្រវត្តិចំណេះដឹង ការសិក្សារៀនសូត្ររបស់ស្ដ្រីនេះឱ្យបានច្បាស់លាស់ ខណៈស្ដ្រីដែលបានបញ្ចេញមតិនេះ គឺចេញមុខសុំទោស និងការលើកលែងទោសពីថ្នាក់ដឹកនាំ។
លោក មាជ សុវណ្ណារ៉ា៖ «ខ្ញុំយល់ថាប្រសិនជាស្ដ្រីនោះគាត់មានការចេះដឹងក្នុងកម្រិតណា ឬក្នុងកម្រិតមួយដែលពិបាកស្វែងយល់ផ្នែក ឬការនិយាយរបស់គាត់ វាអត់មានការស៊ីជម្រៅបែបណា អ៊ីចឹងខ្ញុំគិតថាជាការអត់ទោស អភ័យទោសរបស់រាជរដ្ឋាភិបាល ក៏ដូចជាតុលាការក្នុងការអប់រំណែនាំគាត់។ ប៉ុន្តែប្រសិនជាគាត់មានអីពាក់ព័ន្ធនឹងសកម្មជន ឬទិន្នាការនយោបាយ អាហ្នឹងជារឿងមួយផ្សេង»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មកដល់ពេលនេះ មិនមានការឆ្លើយតបឡើយ។
អ្នកស្រី ហ៊ូ រុនអេង អាយុ ៥៣ឆ្នាំ ជាពលរដ្ឋម្នាក់ដែលមានទីលំនៅក្នុងភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាមចាប់ខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីអ្នកស្រីបានចូលទៅបញ្ចេញមតិលើផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងទឹកដីខ្មែរ។ មកដល់ពេលនេះតាមលោក អ៊ី រិន្ទ ប្រាប់ស្ថាប័នព័ត៌មានក្នុងស្រុកថា អ្នកស្រី ហ៊ូ រុនអេង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីបទ៖ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី