បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័នមួយចំនួន បង្កើតក្រុមការងាររបស់ខ្លួនតាមដានរាល់បញ្ហារបស់ប្រជាពលរដ្ឋដែលបានរាយការណ៍នៅលើទំព័រហ្វេសប៊ុកលោក និងត្រូវដោះស្រាយជូនពួកគាត់ជាបន្ទាន់។ ប៉ុន្តែការង្កើតក្រុមការងារតាមដាននេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា ក្រុមការងារនេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ មិនអាចផ្តល់ផលចំណេញដល់ការអភិវឌ្ឍសង្គមនោះទេ។
យ៉ាងហោចណាស់គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈនេះ មានក្រសួងមិនតិចជាង ៥ ទេ ដែលបានបង្កើតក្រុមការងារ ដើម្បីតាមដានរាល់បញ្ហាប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួននៅលើទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមការងារ ដែលក្រសួង-ស្ថាប័ននីមួយៗ ទើបនឹងបង្កើតតាមអនុសាសន៍របស់សម្តេច មានសមាសភាពយ៉ាងតិច ៥ នាក់ ដើម្បីតាមដានព័ត៌មានដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
ទាក់ទិននឹងបង្កើតក្រុមការងារនេះ លោក ហេង ស្រាង អ្នកស្រាវជ្រាវពីសង្គមនិងនយោបាយ យល់ថា ក្រុមការងារដែលត្រូវបានបង្កើតនេះ មិនបានផ្តល់ចំណេញអ្វីដល់សង្គមនោះទេ ដោយសារតែព័ត៌មាន និងកង្វល់របស់ប្រជាពលរដ្ឋ ដែលយកចេញពីបណ្តាញហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ជាបញ្ហាសើរៗរបស់សង្គមប៉ុណ្ណោះ។ លោកថា ការដោះស្រាយបញ្ហាសង្គម ត្រូវមានយន្តការ ផែនការច្បាស់លាស់ និងមានការពិគ្រោះយោបល់ ដើម្បីកំណត់ថាបញ្ហាណាជាបញ្ហាអទិភាពដែលត្រូវដោះស្រាយមុន។
អ្នកស្រាវជ្រាវរូបនេះ ផ្តល់ជាទស្សនៈថា ដើម្បីដោះស្រាយបញ្ហាសង្គមឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវតែពង្រឹង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៅក្នុងប្រទេសឱ្យមានឱ្យប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់។
ជុំវិញបញ្ហានេះដែរ លោក កែម ឡី អ្នកតាមដានស្ថានការសង្គម បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៩ កុម្ភៈ ថា ដំណោះស្រាយតាមហ្វេសប៊ុករបស់សម្តេច គឺជាដំណោះស្រាយ តាមរូបមន្តអង្ករកំប៉ុង។ លោកយល់ថា យន្តការសមស្របសម្រាប់ទទួលការរិះគន់ និងដោះស្រាយកង្វល់ពលរដ្ឋ ថ្នាក់ដឹកនាំនយោបាយ និងថ្នាក់ដឹកនាំរដ្ឋ គួរទទួលយក ព័ត៌មានពីគ្រប់ជ្រុងជ្រោយ និងវិភាគឱ្យបានម៉ត់ចត់មុនចាប់ផ្តើមដោះស្រាយបញ្ហាអ្វីមួយ។
លោកបានសរសេរទៀតថា ការផ្តោតលើការប្រមូលបញ្ហាពីប្រព័ន្ធហ្វេសប៊ុកតែមួយជ្រុង មកដោះស្រាយដោយប្រញាប់ប្រញាល់ និងគ្មានគោលការណ៍ គឺគ្រាន់តែជាល្បែងនយោបាយ ដែលគ្មានប្រសិទ្ធិភាព និងមិនទទួលបានប្រជាប្រិយភាពទេ។ តែផ្ទុយទៅវិញ បញ្ហាជាតិសំខាន់ៗ នៅតែកើតមានឡើង និងកាន់តែស្មុគស្មាញបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរដ្ឋមានលំហាត់កាន់តែច្រើនពីពលរដ្ឋ និងអាចរៀនសូត្រពីដំណោះស្រាយ ដែលមិនសូវទទួលបានប្រសិទ្ធិភាពទាំងនោះ។
គួររំឭកថា កាលពីថ្ងៃទី០៨ កុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីណែនាំដល់ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និង មន្ត្រីថ្នាក់មូលដ្ឋាន ឱ្យបង្កើតក្រុមការងារតាមដាន និងស្រង់ព័ត៌មាន ពាក្យបណ្តឹង និងសំណូមពរ ប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហើយត្រូវឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
បន្ទាប់ពីប្រមុខរដ្ឋាភិបាល បានប្រកាសបែបនេះ មានក្រសួងមួយចំនួនបានចេញសេចក្តីប្រកាសភ្លាមៗ ឱ្យមន្ត្រីក្រោមឱវាទ អនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី។ ក្រសួងស្ថាប័នទាំងនោះរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ហើយនិងក្រសួងធម្មការ និងសាសនាជាដើម៕