ខេត្តកំពង់ស្ពឺ៖ ថ្នាក់ដឹកនាំវ័យក្មេងដែលជាអាជ្ញាធរមូលដ្ឋានក្នុងឃុំសង្កាត់មួយចំនួន ស្ថិតក្នុងខេត្តកំពង់ស្ពឺលើកឡើងថា ពួកគេកាន់តែយល់ច្បាស់ពីជំនាញដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដោយអះអាងថា ជំនាញនេះ អាចឱ្យសហគមន៍ទទួលបានសុខដុមរមនា ពិសេសគូវិវាទទទួលបានដំណោះស្រាយឈ្នះៗទាំងអស់គ្នា។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១៨ នាក់ក្នុងនោះមានស្រី ១០ នាក់បានចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាស្តីពី វិធីសាស្រ្តផ្សះផ្សា និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ទំនាស់នៅមូលដ្ឋានតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បញ្ហាវិវាទទាំងអស់នេះ បានបង្កការកក់ស្ទះសំណុំរឿងនៅតុលាការបង្កឱ្យនីតិវិធីជំនុំជម្នះមានភាពយឺតយ៉ាវ ជាហេតុធ្វើឱ្យគូវិវាទខ្វះទំនុកចិត្តលើភាពយុត្តិធម៌ដែលទន្ទឹងរង់ចាំ។
ចំពោះមុខក្តីកង្វល់នេះ រដ្ឋាភិបាលបានបង្កើនយន្តការឱ្យថ្នាក់ក្រោមជាតិ ពិសេសមន្រ្តីថ្នាក់មូលដ្ឋានអាចមានសមត្ថភាពចូលដោះស្រាយទំនាស់កម្រិតស្រាល ឬមធ្យមរបស់ពលរដ្ឋបានដោយឈរលើមូលដ្ឋានច្បាប់និងការដោះស្រាយបែបឈ្នះៗទាំងអស់គ្នា។ នោះគឺការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។
សកម្មភាពនៃវគ្គបណ្តុះបណ្តាលដែលរៀបចំដោយWMCស្តីពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដល់មន្រ្តីឃុំសង្កាត់ក្នុងខេត្តកំពង់ស្ពឺ។រូបភាព គឹម សិទ្ធិ។
ទំនាស់ដែលអាជ្ញាធរមូលដ្ឋានតែងជួបប្រទះដោះស្រាយជារឿយៗ ភាគច្រើនជារឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាល ក្នុងនោះមានរឿងជម្លោះព្រំដី រឿងបំណុល ជម្លោះហឹង្សាក្នុងគ្រួសារ រឿងក្តីលែងលះ រឿងបរិហារកេរ្តិ៍ជេរប្រមាថ និងករណីបង្ករបួសស្នាមតិចតួចជាដើម។ នេះជាករណីទំនាស់ ដែលសិក្ខាកាមជាអាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺធ្លាប់ជួបដោះស្រាយកាលពីពេលកន្លងទៅ ហើយពួកគេបានលើកយកមកសម្តែងជារឿងខ្លី បង្ហាញក្នុងកម្មវិធីសិក្សាដែលរៀបចំឡើងដោយ WMC។
លោក រ៉ូប៊ិន និងលោកលាប ជាគ្រូបង្គោលកំពុងធ្វើបទបង្ហាញពីមេរៀនវិធីសាស្រ្តដោះស្រាយទំនាស់។រូបភាព គឹម សិទ្ធិ។
សិក្ខាកាមមួយរូបលោកស្រី យ៉ែម សុភាព មេឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិយាយថា រយៈពេលបីថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ លោកស្រីទទួលបានចំណេះដឹងនិងបទពិសោធន៍ល្អៗពីគ្រូឧបទេសដែលបានធ្វើបទបង្ហាញមេរៀនទាក់ទងផ្លូវច្បាប់ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងវិធីសាស្រ្តដោះស្រាយទំនាស់។ អ្វីជាពុទ្ធិបន្ថែមសម្រាប់លោកស្រីជាសមាសភាពគណៈកម្មការដោះស្រាយនោះ គឺលោកស្រីយល់ដឹងពីចរិតនៃទំនាស់ ដែលមានទំនាស់ក្តៅ និងទំនាស់ត្រជាក់ ត្រីកោណនៃទំនាស់ និងជំហានឈានទៅដោះស្រាយទំនាស់ទទួលបានលទ្ធផលឈ្នះ ឈ្នះ។ ពិសេស លោកស្រីដឹងពីរបៀបរៀបចំនីតិវិធីដោះស្រាយទំនាស់ឱ្យមានរបៀបរៀបរាយ ធ្វើឱ្យគូភាគីអាចឈានទៅរកចំណុចសះជាបានដោយសន្តិវិធី។
ស្រ្តីថ្នាក់ដឹកនាំមូលដ្ឋានតាមដានស្តាប់ការពន្យល់របស់គ្រូឧបទេសយ៉ាងយកចិត្តទុកដាក់។រូបភាព គឹម សិទ្ធិ។
មេឃុំស្រ្តីរូបនេះបន្ថែមទៀតថា ចំណេះដឹងក្នុងវគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមជាអាជ្ញាធរមូលដ្ឋានដែលអាចដោះស្រាយទំនាស់ប្រកបដោយភាពវៃឆ្លាត ធ្វើឱ្យគូភាគីអាចឈានដល់ចំណុចសះជាដោយសន្តិវិធី និងជួយជំរុញមានសុខដុមរមនាក្នុងសហគមន៍ផងដែរ។
លោកស្រី យ៉ែម សុភាព៖«ចំណុចដែលខ្ញុំស្រលាញ់ទី ១ គឺមេរៀន និងប្រធានបទគឺល្អច្រើនសឹងតែ១០០% ទី២គឺគ្រូឧបទេសគាត់រួសរាយរាក់ទាក់ ទី៣ទីតាំងល្អធំទូលាយ។ ជាងនេះទៀត មេរៀនហ្នឹងគឺបង្រៀនប្រើតាមផ្លូវច្បាប់ច្រើន គឺវាប្លែកទាំងអស់ ថ្មីទាំងអស់សម្រាប់រូបនាងខ្ញុំ។ ចាស់ខ្ញុំសូមថ្លែងអំណរគុណច្រើនជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំរិះរកមេរៀនល្អៗមកចែករំលែកពួកខ្ញុំ ហើយនឹងស្នើឱ្យអង្គការបើកវគ្គបណ្តុះបណ្តាលបែបនេះបន្ថែមទៀតនៅលើកក្រោយ»។
លោកស្រី យ៉ែម សុភាព មេឃុំខ្ទុំក្រាំងបានចូលរួមបញ្ចេញមតិយោបល់និងលើកជាសំណួរជាច្រើនក្នុងកម្មវិធីសិក្សា។រូបភាព គឹម សិទ្ធិ។
ចំណែកសិក្ខាកាមមួយរូបទៀត គឺលោក អិន វុធ មេឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺលើកឡើងថា លោកពុំដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជុំវិញវិធីសាស្រ្តដោះស្រាយទំនាស់ ឬ វិវាទនេះពីមុនមកនោះទដោយលោកចាត់ទុកវគ្គសិក្សា គឺជាឱកាសមួយល្អក្នុងការទទួលយកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីគ្រូឧបទេស និងពីសិក្ខាកាមផ្សេងៗទៀត។ មេឃុំស្វាយចចិបរូបនេះ សន្យាថានឹងនាំយកវិធីសាស្រ្តបច្ចេកទេសល្អពីវគ្គសិក្សានេះ ទៅប្រើប្រាស់ក្នុងការដោះស្រាយទំនាស់ដែលមានក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពធានាយ៉ាងណាឱ្យគូទំនាស់បញ្ឈប់រឿងក្តីត្រឹមថ្នាក់មូលដ្ឋានមិនបន្តទៅតុលាការ។
លោក អិន វុធ៖«សម្រាប់ខ្ញុំជាថ្នាក់ដឹកនាំវ័យក្មេងនេះ គឺល្អបំផុតដែលអាចយកទៅបម្រើមូលដ្ឋានជាពិសេសជួយដោះស្រាយសម្រាលទំនាស់មួយចំនួនដែលអាចកាត់បន្ថយការប្តឹងទៅថ្នាក់ស្រុក ថ្នាក់ខេត្ត និងទៅតុលាការ ដែលអាចជួយកាត់បន្ថយការចំណាយពេលនិងថវិកា។ពិសេសបានរួមចំណែកជាមួយរាជរដ្ឋាភិបាលតែម្តងត្រង់ចំណុចភូមិឃុំមានសុវត្ថិភាពដែលឱ្យអាជ្ញាធរចេះសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ»។
លោក អិន វុធ មេឃុំស្វាយចចិប ស្រុកបរសេដ្ឋ ឡើងបញ្ចេញមតិលើការងារជាក្រុមរបស់ខ្លួន ក្រោយសម្តែងករណីជម្លោះ។រូបភាព គឹម សិទ្ធិ។
ដោយឡែកលោកស្រី សៀង រដ្ឋា សមាជិកក្រុមប្រឹក្សាឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ទទួលបន្ទុកផ្នែកស្រ្តីនិងកុមារនិយាយថា វគ្គសិក្សានេះពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់មន្រ្តីអាជ្ញាធរថ្នាក់មូលដ្ឋាន ព្រោះបានយល់ដឹងកាន់តែច្បាស់ពីផ្លូវច្បាប់ដែលត្រូវអនុវត្តជាមួយការសម្រុះសម្រួលឱ្យកាន់តែមានភាពជាក់លាក់។ ទោះយ៉ាងណា អ្នកស្រីចង់ស្នើឱ្យមានការបណ្តុះបណ្តាលបែបនេះ ពិសេសគឺបង្ហាញពីផ្លូវច្បាប់តែម្តងខណៈមន្រ្តីមូលដ្ឋានមួយចំនួនពុំបានសិក្សាជ្រៅជ្រះនោះទេពីនីតិវិធីច្បាប់ដែលយកមកដោះស្រាយទំនាស់។
លោកស្រី សៀង រដ្ឋា៖«សូមសំណូមពរបើមានវគ្គក្រោយទៀតសុំរៀនផ្លូវច្បាប់ឱ្យបានច្រើន ដើម្បីមន្រ្តីក្មេងៗដែលជាយុវជនបន្តវេនឱ្យគាត់ដឹងពីផ្លូវច្បាប់ ព្រោះអីពួកខ្ញុំទាំងអស់ហ្នឹងសុទ្ធតែក្មេងៗ ហើយច្បាប់ក៏ពួកយើងអត់បានរៀនជ្រៅជ្រះដែរ។ មនុស្សទី១ដែលអាជ្ញាធររត់មករកគឺអាជ្ញាធរមូលដ្ឋាន ចឹងយើងត្រូវយល់ពីច្បាប់ដើម្បីយើងបង្ហាញផ្លូវគាត់ឱ្យត្រូវ»។
លោកស្រី សៀង រដ្ឋា សមាជិកក្រុមប្រឹក្សាឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ លើកឡើងនូវករណីជាក់ស្តែងនៃទំនាស់ក្នុងមូលដ្ឋានទៅកាន់គ្រូបង្គោល។រូបភាព គឹម សិទ្ធិ។
ជុំវិញរឿងនេះ នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) លោក ផាន ភ័ព្វបារមី ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ជាគម្រោងមួយជំរុញកសាងសមត្ថភាពអាជ្ញាធរវ័យក្មេងតាមមូលដ្ឋាន ដោយផ្តោតលើជំនាញនិងបច្ចេកទេសផ្សះផ្សាទំនាស់កាន់តែមានប្រសិទ្ធភាពប្រកបដោយសន្តិវិធី។ លោក បារមី សង្កេតឃើញថា សិក្ខាកាមក្នុងវគ្គនេះមានភាពសកម្មក្នុងការចូលរួមចែករំលែកមតិយោបល់ បទពិសោធន៍ផ្ទាល់ខ្លួន ដែលអាចឱ្យអ្នកចូលរួមទាំងអស់បានស្វែងយល់ពីចរិតលក្ខណៈនៃជម្លោះនៅតាមសហគមន៍ប្រចាំថ្ងៃ។
សកម្មភាពសម្តែងករណីជម្លោះដែលសម្តែងដោយមន្រ្តីជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល។រូបភាព គឹម សិទ្ធិ។
បើទោះបីជាការផ្សះផ្សាផ្អែកលើការព្រមព្រៀងរវាងគូភាគីក៏ពិតមែន តែលោកនាយកគម្រោង WMC ស្នើឱ្យពិនិត្យមើលច្បាប់ដែលមានជាចែង សំដៅឱ្យកិច្ចសម្រុះសម្រួលឱ្យត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
លោក ផាន ភ័ព្វបារមី ថ្លែងចំណាប់អារម្មណ៍និងអរគុណសិក្ខាកាមព្រមជាមួយអ្នកសម្របសម្រួលនៅសាលាខេត្តដែលបានជួយដំណើរការកម្មវិធីបានយ៉ាងរលូន។រូបភាព គឹម សិទ្ធិ។
ដោយឡែកលោក Robin Eberhardt ទីប្រឹក្សាគម្រោងមកពីអង្គការ Brot für die Welt បានសម្តែងការកោតសរសើរចំពោះសិក្ខាកាមដែលបានចូលរួមយ៉ាងសស្រាក់សស្រាំដោយបានដាក់សំណួរជាច្រើនមកគ្រូបង្គោល លើកយកករណីជាក់ស្តែងក្នុងមូលដ្ឋានមកបង្ហាញ និងចូលរួមសម្តែងជាក្រុមបានយ៉ាងល្អ។ លោក Robin បន្ថែមថា ការចូលរួមរបស់សិក្ខាកាមលើកនេះ ធ្វើឱ្យលោករៀនសូត្របានកាន់តែច្រើនពីជីវភាពរស់នៅតាមមូលដ្ឋាន ពិសេសមូលហេតុនៃការកកើតទំនាស់និងវិធីសាស្រ្តដោះស្រាយរបស់សិក្ខាកាម។ លោករំពឹងថា មេរៀននៃវគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាធាតុចូលមួយដ៏សំខាន់ដែលអាចជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយទំនាស់តាមឃុំសង្កាត់កាន់តែល្អជាងមុន។
លោក ឆេងលាប(ឆ្វេង)កំពង់បកប្រែភាសាពន្យល់សិក្ខាកាមពីមេរៀនដែលលោក រ៉ូប៊ិន បានធ្វើបទបង្ហាញ។ រូបភាព គឹម សិទ្ធិ។
ក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលនេះដែរលោក ជុំ ទ្រួក ប្រធានសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាដែលបានបង្កើតកម្មវិធីនេះឡើង ដ្បិតចំណេះដឹងស្តីពីជំនាញដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ មានសារៈសំខាន់ណាស់សម្រាប់អាជ្ញាធរវ័យក្មេងនៅមូលដ្ឋាន។ លោកសង្កត់ធ្ងន់ថា មេរៀនដែលផ្តល់នេះនឹងធ្វើឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់ពីដើមហេតុឬចរិតនៃទំនាស់ អាចបង្កើនមានភាពវៃឆ្លាតលើការស្តាប់និងសន្ទនាជាមួយគូវិវាទដោយឈានទៅផ្សះផ្សាប្រកបដោយសុក្រឹត្យភាព ប្រសិទ្ធភាព ពិសេសគូទំនាស់អាចមានទំនាក់ទំនងល្អក្រោយការផ្សះផ្សា។ លោករំពឹងថា សិក្ខាកាមទាំងអស់នឹងអាចមានជំនាញបន្ថែមទៀតក្នុងការសម្របសម្រួលវិវាទឈរលើគោលការណ៍សមធម៌ យុត្តិធម៌ និងផ្តល់ទំនុកចិត្តខ្ពស់ដល់គូទំនាស់ដែលមកទទួលយកការផ្សះផ្សារបស់អាជ្ញាធរ។
លោក ជុំ ទ្រួក ប្រធានសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកំពង់ស្ពឺ ចែករំលែកបទពិសោធន៍ទៅកាន់សិក្ខាកាមពីវិធីសាស្រ្តដោះស្រាយទំនាស់ដែលលោកធ្លាប់ធ្វើជាអ្នកសផ្សះផ្សាកាលពីពេលកន្លងទៅ។រូបភាព គឹម សិទ្ធិ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៅកាន់មន្រ្តីថ្នាក់ដឹកនាំវ័យក្មេងនៅមូលដ្ឋាននេះ ទទួលបានការគាំទ្រថវិកានិងបច្ចេកទេសពីអង្គការ Bread for the World(Brot für die Welt)។ វគ្គបណ្តុះបណ្តាលនេះទៀតសោត បាននឹងកំពុងអនុវត្តនៅខេត្តចំនួនបី ក្នុងនោះមានខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ធំ៕
កម្រងរូបភាពសកម្មភាពនៃវគ្គបណ្តុះបណ្តាល៖