បន្ទាប់ពីរងការរិះគន់ទាក់ទងនឹងការតម្កល់ថ្មមួយដុំធំនៅផ្លូវបំបែករង្វង់មូលស្រុករមាសហែក ខេត្តស្វាយរៀង ពេលនេះខាងរដ្ឋបាលស្រុករមាសហែកចេញសេចក្តីបំភ្លឺថា ថ្មមួយដុំនេះជាសមិទ្ធផលមិនទាន់សម្រេច ដែលលោក សៅ សុខា ផ្តល់ឱ្យសម្រាប់ឆ្លាក់រូបសត្វរមាស តំណាងឱ្យស្រុករមាសហែក។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ទាក់ទងនឹងដុំថ្មមួយធំដែលដាក់តាំងនៅផ្លូវរង្វង់មូលបំបែកជា៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង ដែលរដ្ឋបាលស្រុករមាសហែកបានបង្ហោះលើគេហទំព័រហ្វេសប៊ុក ដោយដាក់ចំណងជើងថា «អរគុណសន្តិភាព សមិទ្ធផលថ្មី ទឹកដី នៃស្រុករមាសហែក» អមដោយ រូបភាពថ្មមួយដុំមានទំហំធំដែលតម្កល់ដោយគ្មានការពន្យល់ជាក់ច្បាស់នោះ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុករមាសហែក ខេត្តស្វាយរៀងបានចេញលិខិតឆ្លើយបំភ្លឺថា ថ្មមួយដុំ ដែលដាក់តាំងនៅផ្លូវបំបែកជាបួនក្បែរសាលាស្រុកនេះ គឺជាអំណោយដែលបានមកពី លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ដែលលោកគឺជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក។ ថ្មនេះ លោកបានយកមកពីកំពូលភ្នំជុំសែនរីករាយ ស្ថិតនៅកម្ពស់ជាង ៧០០ម៉ែត្រ ។ វាត្រូវបានគេដាក់ឈ្មោះថា «សិលាសុខសិរី ឬសិលារួបរួមសុខសប្បាយ»។
រូបភាព៖ រដ្ឋបាលស្រុករមាសហែក
ការដាក់បង្ហាញថ្មមួយដំធំនេះដើម្បីតាំងបង្ហាញតំណាងឱ្យស្រុករមាសហែក ត្រូវបានអ្នកលេងបណ្ដាញសង្គម ចូលទៅខម្មិនរិះគន់ដូចទឹកបាក់ទំនប់ ដោយហេតុថា ការប្រាប់តាមសារដ៏ខ្លីថា ថ្មមួយដុំមិនទាន់ឆ្នៃនេះជា សមិទ្ធផលថ្មី នៃស្រុករមាសហែក ហាក់ខុសទំនង។
ក៏ប៉ុន្តែតាមរយៈលិខិតបំភ្លឺរដ្ឋបាលស្រុករមាសហែក បានបកស្រាយថា ការដាក់តម្កល់ថ្មនេះ ជាសមិទ្ធផលមិនទាន់សម្រេច ខាងរដ្ឋបាលស្រុកបានហៅជាងមកវាស់វែងរួចហើយដើម្បីកែលម្អឆ្លាក់ជារូបសត្វរមាស តំណាងឱ្យស្រុករមាសហែក។ ជាមួយគ្នានេះ ក៏មាន សរសេរអក្សបន្ថែមផងដែរ ដែលទី១សរសេរថា «ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងទី២សរសេរពី «ប្រវត្តិថ្មសិលាសុខសិរី» ដើម្បីនាំមកនូវភាពត្រជាក់ត្រជុំ និងសុខសប្បាយ។
រូបភាព៖ រដ្ឋបាលស្រុករមាសហែក
យ៉ាងណាមិញ ករណីនេះរដ្ឋបាលស្រុករមាសហែក បានអរគុណចំពោះមហាជនដែលបានយកចិត្តទុកដាក់តាមដាន លើការអភិវឌ្ឍន៍មូលដ្ឋានស្រុក និងការផ្តល់ជាមតិយោបល់រិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យស្រុក រមាសហែកអភិវឌ្ឍស្របតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុករមាសហែកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយសរសេរសំណេរបញ្ជាក់ថា អរគុណសន្តិភាព ជាសមិទ្ធផលថ្មីទឹកដីនៃស្រុករមាសហែក ត្រឹមរយៈពេលប្រមាណ៣ថ្ងៃដោយគិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ធ្វើឱ្យមហាជនផ្ទុះការវែកញែក និងចាប់អារម្មណ៍យ៉ាងច្រើនលើគេហទំព័រហ្វេសប៊ុកលើប្រធានបទអំពីដុំថ្មមួយនេះ ព្រមទាំងចែករំលែកព្រោងព្រាតជាបន្តបន្ទាប់តាមបណ្ដាញសង្គម ដែលចោទជាចម្ងល់ ហើយក៏មានការរិះគន់ច្រើនផងដែរ ដ្បិតខ្លឹមសារក្នុងការបង្ហោះពុំមានការពន្យល់ពីមូលហេតុ និងដើមចមច្បាស់៕
អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម