en     km
en     km

កៀកថ្ងៃបាក់ឌុបម្ចាស់បន្ទប់ជួលនៅស្រុកស្គន់ផ្តល់បន្ទប់ស្នាក់ដោយឥតគិតថ្លៃ

Share

(ផ្ទៀងផ្ទាត់) ការប្រឡងបាក់ឌុបកាន់កៀកមកដល់ ដោយមើលឃើញពីក្តីកង្វល់ និងភាពខ្វះខាតពីសំណាក់អាណាព្យាបាលសិស្សដែលមានកូនត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាពេលខាងមុខ អ្នកស្រី សៅ ថៃ វ័យ៣៧ឆ្នាំបានប្រកាសផ្តល់នូវបន្ទាប់ជួលឱ្យស្នាក់នៅដោយឥតគិតថ្លៃចំនួន១៣-១៥បន្ទប់សម្រាប់សិស្សដែលត្រូវមកប្រឡងនៅសាលាវិទ្យាល័យហ៊ុនសែនស្គន់។

អត្ថបទ កញ្ញា ងិន ស៊ាងលីម រាយការណ៍

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមមានគណនីហ្វេសប៊ុកមួយមានឈ្មោះថា «ចែ ថៃ» ដែលមានឈ្មោះពិត សៅ ថៃ បានបង្ហោះរូបភាពមួយសន្លឹកគឺរូបបន្ទប់ជួលផ្ទាល់ដីពីរជួលនៅទល់មុខគ្នាដែលមានភ្ជាប់លេខទូរស័ព្ទ២ខ្សែ និងវីឌីអូមួយប្រមាណ១នាទី ដោយក្នុងនោះ​ អ្នកស្រីបានឱ្យសិស្សដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅសាលាវិទ្យាល័យហ៊ុនសែនស្គន់ អាចទាក់ទងមកស្នាក់នៅអំឡុងពេលប្រឡងបានដោយឥតគិតថ្លៃនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។​

ការផ្ដល់ជូនដោយឥតគិតថ្លៃគឺជា ការលះបង់មួយ ដែលនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ អ្នកស្រី សៅ ថៃ បានប្រាប់ពីមូលហេតុដល់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រីថា អ្នកស្រីមានបន្ទប់ជួលចំនួន២០បន្ទប់នៅទីតាំងខាងលើសម្រាប់ជួល ប៉ុន្តែមួយរយៈក្រោយមកនេះកម្មករកម្មការនីរោងចក្រត្រូវបានគេជម្រុះចេញពីការងារ ទើបធ្វើឱ្យពួកគេរើចេញជាបន្តបន្ទាប់។ ដូច្នេះ ធ្វើឱ្យសល់បន្ទប់ទំនេរច្រើន ណាមួយកៀកថ្ងៃដែលសិស្សៗត្រូវប្រឡងបាក់ឌុបផង អ្នកស្រីក៏មិនចង់ទុកបន្ទប់ឱ្យទំនេរចោលដែរ ក៏អនុញ្ញាតឱ្យពួកគេមកស្នាក់នៅដោយឥតគិតថ្លៃតែម្តង ក្នុងគោលបំណងជួយសម្រួលដល់ការចំណាយដល់ពួកគេ។

អ្នកស្រី សៅ ថៃ៖«អ៊ីចេះទេ ចាំមើលអ្ហាៈ! ផ្ទះខ្ញុំហ្នឹង! ធ្វើផ្ទះជួល ប៉ុន្តែដល់ឥឡូវហ្នឹងរោងចក្រគេជម្រុះទៅវាអត់មានអ្នកជួលនៅសល់ប្រហែលជា១៣បន្ទប់ ១៥បន្ទប់ ចាស! ដល់ពេលហើយសិស្សជិតប្រឡងហ្នឹង ខ្ញុំក៏បង្ហោះទៅឱ្យខ្លះទៅគ្នាអត់សូវមានលុយ។ ចាស!ដល់អ៊ីចឹងទៅខ្ញុំបង្ហោះឱ្យមកដេកអត់យកលុយ យកអីទេ។»

 អ្នកស្រី សៅ ថៃ ម្ចាស់បន្ទប់ជួលនៅស្គន់។រូបភាពពី ហ្វេសប៊ុក ចែ ថៃ។

ម្យ៉ាងវិញទៀត ដោយអ្នកស្រីមើលឃើញពីក្តីកង្វល់ និងភាពខ្វះខាតពីសំណាក់អាណាព្យាបាលសិស្សមួយចំនួនដែលមានកូនត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាពេលខាងមុខផង ក្នុងការចំណាយលើការធ្វើដំណើរ ម្ហូបអាហារ និងការស្នាក់នៅជាដើម។ នេះជាការព្រួយបារម្ភសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមកពីចម្ងាយ អ្នកស្រីក៏យល់ពីស្ថានភាពនេះ ដ្បិតអ្នកស្រីក៏ជាអ្នកមិនសូវមានជីវភាពធូរធារដែរ ទើបអ្នកស្រី សម្រេចថាផ្តល់នូវបន្ទប់ជួលឱ្យពួកគេមកស្នាក់នៅ។ សូម្បីតែថ្លៃទឹក ថ្លៃភ្លើងនៅអំឡុងពេលស្នាក់ ក៏អ្នកស្រីមិនគិតប្រាក់ដែរ ដែលទីតាំងស្ថិតនៅ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ១០០ម៉ែត្រ ពីវិទ្យាល័យហ៊ុនសែនស្គន់។

អ្នកស្រី សៅ ថៃ៖«ព្រោះខ្ញុំឃើញខ្លះទៅ ម៉ែឪខ្លះគាត់អត់លុយ ហើយគាត់ចេះតែ អ្នកខ្លះគាត់មកនិយាយថាកូនជិតប្រឡងជិតអីហើយៗទៅអត់មានលុយ។ ណាត្រូវឱ្យចាយបាយម្ហូប ណាត្រូវកន្លែងស្នាក់នៅអីអ៊ីចឹងហាណាស់! អ្នកណាដែលត្រូវមកប្រឡងសាលាស្គន់ហ្នឹងមកដេកផ្ទះខ្ញុំបានដោយអត់មានគិតលុយទេ មិនថាទឹកមិនថាភ្លើង មិនថាកន្លែងស្នាក់នៅគឺអត់យកទេ។»

តាមកាលវិភាគដែលចេញដោយក្រសួងអប់រំ យុវជន​ និងកីឡា បានកំណត់យកថ្ងៃទី០៨ ដល់ថ្ងៃទី៩ ខែតុលា សម្រាប់ប្រឡង​មធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២៤ ដែលការប្រឡងនេះមានរយៈពេល ២ថ្ងៃ ។ រីឯខាងបន្ទប់ជួលរបស់អ្នកស្រីថៃវិញ គិតត្រឹមថ្ងៃទី០៩​ ខែកញ្ញា ដែលមានរយៈពេលត្រឹមតែ១ថ្ងៃក៏មានសិស្សៗ​ទាំងប្រុស ទាំងស្រីទាក់ទងមកបានប្រមាណ៨-៩បន្ទប់ហើយ ដែលក្នុងមួយបន្ទប់អាចស្នាក់នៅបានចំនួន​ចាប់​ពី៣-៤នាក់ឡើងទៅ ត្បិតវាមានទំហំធំ។

អ្នកស្រី សៅ ថៃ៖«តាមដែលគាត់ទាក់ទងមក ហើយនឹងសុំបន្ទប់ស្នាក់នៅហ្នឹងបានប្រហែលជា៨បន្ទប់ ៩បន្ទប់ហើយ។ ក្នុងមួយបន្ទប់គាត់នៅបាន ៣នាក់ ខ្លះទៅនៅ៤នាក់ មានស្រីមានប្រុស។»

រូបបន្ទប់ជួលរបស់អ្នកស្រី សៅ ថៃ នៅក្បែរវិទ្យាល័យ ហ៊ុន សែន ស្គន់។រូបភាពពី ហ្វេសប៊ុក ចែ ថៃ។

តាមរយៈការសួរនាំសិស្សានុសិស្សដែលបានទាក់ទងមក អ្នកផ្ដល់បន្ទប់ជួលដោយឥតគិតថ្លៃរូបនេះ បានប្រាប់ថា សិស្សដែលនឹងមកស្នាក់នៅទីនេះ មានមកពី​ អន្លង់ជ្រៃ នៅស្រុកបាធាយ សណ្តែកត្រាប់ និងនៅទឹកឆា ស្រុកព្រៃឈរជាដើម។ អ្នកស្រីបានលើកឡើងថា ខ្លួនគ្មានមានអ្វីជួយពួកគេទេ ក្រៅតែពីកន្លែងស្នាក់​នៅប៉ុន្មានបន្ទប់នេះ ជួយពួកគេហើយក៏សង្ឃឹមថាការខំប្រឹងរៀននឹងធ្វើឱ្យពួកគេប្រឡងជាប់ទាំងអស់គ្នា។

អ្នកស្រី សៅ ថៃ៖«គ្មានអីជួយពួកគាត់ទេមានតែកន្លែងស្នាក់នៅអីហ្នឹងប៉ុន្មានបន្ទប់បួន ដប់បន្ទប់ជាងហ្នឹងឱ្យគាត់ស្នាក់នៅអត់មានគិតលុយគិតអីទេ យើងអត់ដូចគ្នាអ៊ីចឹងហា៎ណា៎ចែ។ ជួយដល់ក្មេងៗឱ្យគាត់ខំប្រឹងរៀនប្រឡងជាប់ទាំងអស់គ្នាទៅ។»

គិតចាប់ថ្ងៃទី០៩ ខែកញ្ញា នេះទៅនៅប្រមាណមួយខែទៀតប៉ុណ្ណោះការប្រឡងបាក់ឌុបនឹងមកដល់ អ្នកខ្លះក៏បានរកកន្លែងស្នាក់នៅរួចរាល់ រីឯអ្នកខ្លះទៀតក៏មិនទាន់មានក៏កំពង់ស្វែងរកបន្ទប់ជួលណាដែលនៅជិតមណ្ឌលខ្លួនប្រឡងនៅឡើយ។ ដូច្នេះ អ្នកស្រី សៅ ថៃ ដែលជាអ្នកផ្តល់បន្ទប់ឱ្យសិស្សស្នាក់ដោយឥតគិតថ្លៃនេះ ក៏បានអំពាវនាវដល់បណ្តាម្ចាស់ផ្ទះជួល ឬម្ចាស់ផ្ទះសំណាក់ដទៃទៀត គួរយោគយល់ និងលើកទឹកចិត្តដល់សិស្សតាមរយៈរក្សាតម្លៃថេរនៃបន្ទប់នីមួយៗ ឬទម្លាក់តម្លៃខ្លះតាមជាក់ស្តែង។ អ្នកលក់ចំណីអាហារក៏ដូចគ្នា គួរកុំឡើងថ្លៃខុសពីថ្ងៃធម្មតានៅអំឡុងពេលសិស្សឡើងមកប្រឡង។

អ្នកស្រី សៅ ថៃ៖«សំណូមពរដល់អ្នកដែលមានដូចថាមិនផ្ទះសំណាក់ មិនថាផ្ទះជួលដែលមាននៅជិតៗសាលាអ៊ីចឹងហាណាស់ កុំឡើងថ្លៃឬមួយក៏យើងបន្ធូរបន្ថយឱ្យពួកគាត់។ យករាងធូរៗថ្លៃអីទៅពេលប្រឡងហ្នឹងព្រោះអ្នកខ្លះជីវភាពរាងខ្សត់ខ្សោយណាស់។ អ្នកខ្លះកូនប្រឡងខ្ចីលុយគេមកឱ្យកូនប្រឡងក៏មានដែរ។ អ៊ីចឹងបានថា អ្វីដែលយើងអាចជួយពួកគាត់បានគឺបន្ធូរបន្ថយទៅ កុំឡើងថ្លៃ ឬលក់របស់របរអីយកថ្លៃលើសថ្ងៃធម្មតាអ៊ីចឹងហាណាស់។»

អ្នកស្រីចាត់ទុកថា តាមរយៈការបន្ធូរបន្ថយថ្លៃផ្ទះជួល ឬផ្តល់ការស្នាក់នៅដោយឥតគិតថ្លៃនេះ គឺជាទិដ្ឋភាពមួយក្នុងការចូលរួមជួយសង្គមជាតិ និងជាគំរូភាពល្អផងដែរក្នុងការលើកម្ពស់វិស័យអប់រំ៕

 

Share

ព័ត៌មានទាក់ទង

Image