en     km
en     km

អង្គការសិទ្ធិមនុស្ស សោកស្ដាយដែលតុលាការមិនទម្លាក់បទចោទលើលោក វន់ ពៅ

Share

លោក វន់ ពៅ បានដើរចេញពីសវនាការនៅតុលការកំពូល កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ WMC/Cheasokny

សមាគម IDEA និងអង្គការសិទ្ធិមនុស្ស សោកស្ដាយដែលតុលាការមិនទម្លាក់បទចោទលើលោក វន់ ពៅ មេដឹកនាំសមាគម IDEA ខណៈការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញកន្លងមកធ្វើឱ្យមេដឹកនាំសមាគមរូបនេះ រងភាពអយុត្តិធម៌ជាង ១០ឆ្នាំ។ យ៉ាងណា ក្រោយពីតុលាការសម្រេចតម្កល់សាលក្រមនេះ មេធាវីលោក វន់ ពៅ នឹងបន្តនីតិវិធី ដើម្បីស្នើសុំក្រុមប្រឹក្សាជំនុំជម្រះធ្វើការជំនុំជម្រះជាថ្មី។ កញ្ញា សៃ ចន្ធី រាយការណ៍

 

 

មុនសម្រេចតម្កល់នេះ តុលាការកំពូល បានបើកសវនាការជំនុំជម្រះករណីលោក វន់ ពៅ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែបន្ទាប់ពីរង់ចាំអស់រយៈមួយសប្ដាហ៍កន្លងមក តុលាការកំពូលនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ប្រកាសតម្កល់សាលក្រមរបស់សាសាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសលោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ពីបទ «ញុះញង់»។ យ៉ាងណាការប្រកាសរបស់តុលាការនេះ គឺមិនមានវត្តមានលោក វន់ ពៅ មកចូលរួមឡើយគឺមានតែក្រុមការងារមេដឹកនាំសមាគមនេះ និងអង្គការសហប្រជាជាតិ (UN) មកចូលរួមឃ្លាំមើលប៉ុណ្ណោះ។

អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែលបានចូលរួមស្ដាប់ការប្រកាសសាលក្រម បានឱ្យដឹងថា ព្រឹកនេះតុលាការ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទទោសលោក វន់ ពៅ ពីបទញុះញង់ឱ្យជាប់​ពន្ធនា​គាររយៈពេល​ ៤ឆ្នាំនិង ៦ខែ។ អ្នកស្រីសម្ដែងការសោកស្ដាយជាខ្លាំង ពីព្រោះលោក វន់ ពៅ មិនបានប្រព្រឹត្តសកម្មភាពញុះញង់ដូចការចោទប្រកាន់របស់សាលាដំបូងឡើយ។ មួយវិញទៀតអ្នកស្រីថា ការតម្កល់នេះ គឺនឹងធ្វើឱ្យលោក វន់ ពៅ រងភាពអយុត្តិធម៌បន្តទៀត ពីព្រោះព្រឹត្តិការណ៍ជាង ១០ឆ្នាំមុន លោក វន់ ពៅ មិនបានធ្វើសកម្មភាពញុះញង់កម្មករទេ គឺលោកគ្រាន់តែតស៊ូមតិជាមួយកម្មករ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារប៉ុណ្ណោះ។

អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគម IDEA បានមកចូលរួមស្ដាប់ប្រកាសសាលក្រមនៅតុលាការកំពូល។ WMC/cheasokny

លោក វុន សម្ផស្ស៖ «សំណូមពរ ក៏ដូចជាសំណើថា តុលាការគួរតែទម្លាក់បទចោទមកលើគាត់ទៅ ពីព្រោះអីគាត់ជាជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍កាលពីជាង ១០ឆ្នាំមុន ហើយខ្ញុំសង្ឃឹមថា ទោះបីជាខ្ញុំមិនមែនជាជនរងគ្រោះក្នុងព្រឹត្តិការណ៍ហ្នឹងមែន តែខ្ញុំជឿជាក់ថា ទោះបីលោក វន់ ពៅ ផ្ទាល់តែម្ដងនៅពេលគាត់ស្ដាប់លឺសាលដីកានេះហើយជាជនរងគ្រោះដដែល ហើយខ្ញុំសង្ឃឹមថាតុលាការនឹងសម្រេចទម្លាក់បទចោទលើលោក វន់ ពៅ បន្តទៀត ដើម្បីគាត់ទទួលបានយុត្តិធម៌ ហើយនេះក្នុងនាមជាក្រុមការងារ ក៏ដូចជាសហការី សង្ឃឹមថាទទួលបានយុត្តិធម៌ដោយសម្រេចពីតុលាការ»។

ចំណែកលោក ស៊ូ សុជាតិ សមាជិកក្រុមប្រឹក្សាតំណាងរបស់សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលបានចូលរួមស្ដាប់ការប្រកាសនេះដែរ និយាយថា ក្នុងនាមជាសហការីរួមការងារជាមួយលោក វន់ ពៅ គឺលោកពិតជាមិនអាចទទួលយកបាននៃការសម្រេចរបស់តុលាការកំពូល ដែលប្រកាសតម្កល់សាលដីកា និងសាលក្រមឱ្យនៅដដែល ខណៈមូលហេតុនៃការសម្រេចតម្កល់នេះ គឺតុលាការនៅមិនទាន់បញ្ជាក់ឡើយ។

លោក ស៊ូ សុជាតិ សមាជិកក្រុមប្រឹក្សាតំណាងរបស់សមាគម IDEA។WMC/cheasokny

លោក ស៊ូ សុជាតិ៖ «អ្វីដែលជាទទូចរបស់ខ្ញុំ ក៏ដូចជាបងប្រធានផ្ទាល់ គឺយើងចង់បានយុត្តិធម៌ ដោយសារយើងជាជនរងគ្រោះ តែអ្វីដែលយើងទទួលបានយើងទៅជាអ្នកជនជាប់ចោទទៅវិញ អ៊ីចឹងយើងចង់បានការសម្រេចរបស់តុលាការ គឺដកទម្លាក់បទចោទទាំងអស់គឺមិនមានអ្វីដែលថាត្រូវពាក់ព័ន្ធក្នុងបទចោទអីចឹង។ អីចឹងអ្វីដែលយើងពិបាកទទួលយក គឺការប្រកាសនេះតម្កល់សាលាដីកានៅដដែល មានន័យថាយើងនៅតែជាប់ចោទនូវអ្វីដែលតុលាការគាត់បានចោទតាំងពីសាលាដំបូង រហូតដល់ឧទ្ធរណ៍ រហូតមកដល់កំពូលនេះនៅដដែលអីចឹងណាបង»។

រាល់សកម្មភាពតវ៉ាអ្វីមួយ​កើតឡើងសម្រាប់​ប្រយោជន៍​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រ៉ឺម៉ក​កង់​បី អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ សហគមន៍​ដីធ្លី ឬ​ការ​ទាមទារ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សជាដើម គឺតែងតែឃើញវត្តមាន​របស់លោក វន់ ពៅ ​ដែលជាមេដឹកនាំសមាគមនេះ។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់​ទោស​ឱ្យជាប់​ពន្ធនា​គារ​ ៤ឆ្នាំនិង ​៦​ខែ ពី​បទ ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ពាក់ព័ន្ធនឹងសកម្មភាពកម្មករ បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល កាលពីឆ្នាំ២០១៤។

មេធាវីការពារក្ដីលោក វន់ ពៅ គឺលោក សឺន ជុំជួន ប្រាប់វិទ្យុស្ដ្រីដែរថា លោកសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការកំពូល ពីព្រោះសំណុំរឿងកូនក្ដីរបស់លោក មានអង្គហេតុ និងភស្ដុតាង សាក្សីត្រឹមត្រូវដើម្បីអាចដោះបន្ទុកបាន ប៉ុន្តែលទ្ធផលតុលាការបែរជាតម្កល់សាលក្រមទៅវិញ។ ម្យ៉ាងវិញទៀតលោកថា សំណុំរឿងលោក វន់ ពៅ ក៏ហាក់ដូចជាមិនមានការពាក់ព័ន្ធនឹងបទចោទ និងការផ្តន្ទាទោសឡើយ ដូច្នេះតុលាការគួរណាស់តែធ្វើការពិចារណា។

ក្រោយពីការសម្រេចតម្កល់នេះ ក្នុងនាមលោកជាមេធាវី នឹងពិភាក្សាជាមួយកូនក្ដីរបស់ខ្លួន ដើម្បីបន្តនីតិវិធីយ៉ាងទៀត  ឬក៏បញ្ចប់ត្រឹមការតម្កល់នេះ ខណៈសំណុំរឿងនេះប្រសិនជាបន្តនីតិវិធី គឺលោកត្រូវរង់ចាំសាលដីការបស់តុលាការ ដែលបញ្ជាក់អំពីមូលហេតុនៃការតម្កល់សាលក្រមផងដែរ។

លោក សឺន ជុំជួន រូបភាពពីហ្វេសប៊ុករបស់លោក។

លោក សឺន ជុំជួន៖ «យើងនៅមាននីតិវិធីពីរទៀតក្នុងករណីស្វែងរកឃើញថា ការសម្រេចសេចក្ដីរបស់តុលាការហ្នឹងមិនអនុវត្តត្រឹមត្រូវទៅតាមច្បាប់អីជាដើម អាហ្នឹងជានីតិវិធីមួយដែលយើងអាចប្ដឹងទៅក្រុមប្រឹក្សា ឬអង្គចៅក្រម ដើម្បីធ្វើការដោះស្រាយទៅលើផ្លូវច្បាប់។ នីតិវិធីទីពីរ យើងនៅមានឱកាសក្នុងការប្ដឹងឧទ្ធរណ៍ ដើម្បីជំនុំជម្រះជាថ្មីនៅក្នុងករណីដែលយើងរកឃើញថា ការសម្រេចសេចក្ដីហ្នឹងវាមានតម្រុយភស្ដុតាងថ្មី ឬក៏តម្រុយសាក្សីថ្មីមក បង្ហាញថាកូនក្ដីយើងហ្នឹងមិនបានប្រព្រឹត្តអ្វីដែលជាការចោទប្រកាន់របស់តុលាការទេ អាហ្នឹងយើងអាចប្ដឹងសុំឱ្យមានការជំនុំជម្រះ»។

ជុំវិញរឿងនេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស ​លី​កា​ដូ បញ្ជាក់ថា ការតម្កល់សាលដីកា និងសាលក្រមនេះ ក្នុងនាមជាអង្គការសិទ្ធិមនុស្ស លោកសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការ ទោះបីបច្ចុប្បន្ននេះលោក វន់ ពៅ ត្រូវបានព្យួរទោសឱ្យនៅក្រៅឃុំក្ដី ប៉ុន្តែភាពអយុត្តិធម៌បានកើតឡើងលើលោក វន់ ពៅ រួចមកហើយ។ ភាពអយុត្តិធម៌នេះ លោកថា​ មិនមែនកើតមានតែលោក វន់ ពៅ មួយនោះទេ ប៉ុន្តែបានកើតមានលើសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង​ ២៣នាក់ ដែលត្រូវបានចាប់ និងឃុំខ្លួន ខណៈសកម្មភាពរបស់ពួកគេកាលពីឆ្នាំ២០១៤ ធ្វើឡើងដើម្បីផលប្រយោជន៍របស់កម្មករក្នុងការទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។

លោក អំ សំអាត នាយកអង្គការលីកាដូ។

លោក អំ សំអាត៖ «អ៊ីចឹង បើយើងមើលទៅលើលោក វន់ ពៅ គាត់ជាសកម្មជនសិទ្ធិមនុស្សមួយ ដែលឈឺឆ្អាលនៅក្នុងរឿងផលប្រយោជន៍របស់កម្មករ ដែលលោកបានធ្វើការឃ្លាំមើលទៅលើការធ្វើការទាមទារ និងតវ៉ារបស់កម្មករនៅពេលហ្នឹងដើម្បីដំឡើងប្រាក់ខែគោល ១៦០ដុល្លារ ហើយលោកក៏ត្រូវបានរងនូវការចាប់ខ្លួន និងការកាត់ទោស ជាពិសេសហ្នឹងគឺរងនូវអំពើហិង្សារហូតដល់មានរបួសស្នាមទៀត អាហ្នឹងដែលជារឿងភាពអយុត្តិធម៌មួយសម្រាប់លោក វន់ ពៅ»។

លោកបន្ថែមថា ចំពោះផលប៉ះពាល់មកលើលោក វន់ ពៅ ដែលតុលាការសម្រេចតម្កល់នេះ គឺនៅពេលលោក វន់ ពៅ ចង់ប្រកបកិច្ចការងារអ្វីមួយត្រូវជាប់ឈ្មោះក្នុងលិខិតថ្កោលទោស៕

អត្ថបទដោយ៖ ជា សុខនី

Share

ព័ត៌មានទាក់ទង

Image