en     km
en     km

កញ្ញា ឈឹម ស៊ីថរ អាចនឹងមានសេរីភាពឡើងវិញនៅខែកញ្ញានេះ ក្រោយពីអនុវត្តទោសចប់

Share

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍។ រូបភាពពីCCHR។

ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ អាចនឹងមានសេរីភាពឡើងវិញនៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ក្រោយពីអនុវត្តទោសចប់ចំនួន ២ឆ្នាំ។ យ៉ាងណាអង្គការសិទ្ធិមនុស្ស សោកស្ដាយដែលរាជរដ្ឋាភិបាលមិនដោះលែងកញ្ញា ស៊ីថរ តាមសំណើសហគមន៍ជាតិ និងអន្តរជាតិកន្លងមក ដែលបណ្ដាលឱ្យកើតមានអំពើអយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែក្រសួងយុត្តិធម៌ នៅតែសំអាងថា ករណីកញ្ញា ស៊ីថរ គ្មានភាពអយុត្តិធម៌កើតឡើងឡើយ ពីព្រោះតុលាការអនុវត្តទៅតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។ កញ្ញា សៃ ចន្ធី រាយការណ៍

 

 

ស្របពេលដែលកញ្ញា ឈឹម ស៊ីថរ ជាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស កន្លងមកសហគមន៍អន្តរជាតិមានសហរដ្ឋអាមេរិក ប្រកាសផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់កញ្ញា និងប្រទេសស៊ុយអែត ប្រកាសផ្ដល់ពានរង្វាន់អ្នកលើកកម្ពស់ប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែបែរជានៅក្នុងប្រទេសរបស់ខ្លួន កញ្ញា ឈឹម ស៊ីថរ ត្រូវសាលក្រមរបស់តុលាការ ផ្តន្ទាទោសឱ្យកញ្ញា ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសកម្មភាពកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមកដោះស្រាយវិវាទការងារ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍។ រូបភាពពីCCHR។

អ្នកស្រី ឃ្លាំង សុបិន្ត អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៦ ខែកញ្ញាថា សមាជិកសហជីពទាំងអស់ បានត្រៀមខ្លួនរួចរាល់ ដើម្បីចាំទទួលកញ្ញា ឈឹម ស៊ីថរ ចេញពីពន្ធនាគារព្រៃស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ទោះជាកញ្ញា ស៊ីថរ បានអនុវត្តទោសគ្រប់ចំនួនមែន ប៉ុន្តែមិនមានន័យកញ្ញា ស៊ីថរ បានប្រព្រឹត្តបទល្មើសដូចសាលក្រមប្រកាសឡើយ ដូច្នេះអ្នកស្រីថា ការចោទប្រកាន់ទាំងនោ គឺនៅតែជាភាពអយុត្តិធម៌ និងជាក្តីឈឺចាប់សម្រាប់បុគ្គលិកកម្មករ ដែលតស៊ូរឿងសិទ្ធិការងារ តែបែរជារងការចោទលាបពណ៌​ និងជាប់គុកទាំងអយុត្តិធម៌ទៅវិញ។

អ្នកស្រី ឃ្លាំង សុបិន្ត៖ «តែពួកបងអត់បោះបង់នោះទេ ពីព្រោះយើងអត់បានធ្វើអ្វីខុស បងនៅតែគិតថាយើងអត់បានធ្វើអីខុស យើងអត់ត្រូវឈឺចាប់នូវទង្វើដែលគេធ្វើមកលើយើងទេ តែយើងអាចប្រើការឈឺចាប់មួយហ្នឹងធ្វើជាកម្លាំងជំរុញឱ្យនៅតែបន្តធ្វើរឿងល្អៗ ព្រោះយើងអត់រស់នៅបាន១០០ឆ្នាំនោះទេ អ៊ីចឹងអ្វីដែលយើងធ្វើបានត្រូវតែធ្វើ ហើយធ្វើរឿងល្អៗសម្រាប់បុគ្គលិកកម្មករជំនាន់ក្រោយ ហើយអូនឯងឃើញអត់កាលដែលគាំទ្រឱ្យថៅកែធ្វើរឿងហ្នឹងមកលើតំណាងសហជីព មិនថាកន្លែងណាហ្កាទេ។ បន្ទាប់ពីរឿងហ្នឹងកើតឡើង ឃើញនៅតាមរោងចក្រមួយៗនាំគ្នាធ្វើទុក្ខបុកម្នេញអ៊ីចឹង ឱ្យតែឈរឈ្មោះចាប់ចោទ លាបពណ៌ បំភ្លៃអង្គហេតុ បំភ្លៃពីរឿងការងារទៅព្រហ្មទណ្ឌទាំងអស់»។

ចំណែក លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងដែរថា បើតាមនីតិវិធីនៅពេលដែលទណ្ឌិតម្នាក់ បានអនុវត្តទោសគ្រប់ចំនួន គឺទណ្ឌិតនោះ នឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។ ដូច្នេះប្រសិនជាកញ្ញា ឈឹម ស៊ីថរ មិនបានជាប់ពាក់ព័ន្ធនឹងករណីណាផ្សេងទៀត លោកថា កញ្ញា ស៊ីថរ នឹងទទួលបានសេរីភាពឡើងវិញតាមកាលកំណត់។

លោក នី សុខា៖ «ខ្ញុំសង្ឃឹមថាកញ្ញា ឈឹម ស៊ីថរ នឹងអាចទទួលបានការដោះលែងដូចអ្នកដែលបានជាប់ដទៃៗទៀតអ៊ីចឹងដែរ ទៅតាមនីតិវិធី ប៉ុន្តែអ្វីដែលយើងសោកស្ដាយនោះគឺយើងឃើញថា ការឃុំខ្លួនរបស់កញ្ញា ឈឹម ស៊ីថរនេះ គឺជារឿងមួយដែលអយុត្តិធម៌ ជារឿងមួយដែលមិនគួរឱ្យគាត់ទទួលរងនូវការជាប់ឃុំក្នុងរយៈពេលមួយដែលយូរអង្វែងបែបនេះទេ»។

ជុំវិញរឿងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា អ្វីដែលអង្គការទាំងនោះថា ករណី កញ្ញា ឈឹម ស៊ីថរ ថាជារឿងអយុត្តិធម៌ គឺគ្រាន់តែជាលេសដើម្បីបិទបាំងកំហុស និងអំពើល្មើសរបស់ក្រុមពួកគេប៉ុណ្ណោះ។ មួយវិញទៀត លោកថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ហាក់ដូចជាអត់បានពិនិត្យទៅលើច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជាឡើយ បានជាចោទរាជរដ្ឋាភិបាលថា មិនខ្វល់ខ្វាយរឿងភាពអយុត្តិធម៌ក្នុងសង្គម។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបភាពពីប្រព័ន្ធតេលេក្រាមលោក។

 

លោក ជិន ម៉ាលីន៖ «អ៊ីចឹងករណីសំណុំរឿងនេះគឺថា បានប្រព្រឹត្តទៅត្រឹមត្រូវទៅតាមបញ្ញត្តិច្បាប់ និងនីតិវិធីច្បាប់ដែលមានជាធរមានណា។ ការសម្រេចសេចក្ដីហ្នឹងគឺផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងភស្ដុតាង សក្ខីកម្មដែលនាំឱ្យមានការចោទប្រកាន់ និងការផ្ដន្ទាទោស ហើយនិងការអនុវត្តទោស ហើយសម្រាប់ពួកគាត់ដែលស្រែកតវ៉ាថា អយុត្តិធម៌ហ្នឹង គឺមិនមានមូលដ្ឋាននៃក្នុងការដោះបន្ទុក ឬក៏តតាំងតាមផ្លូវច្បាប់អីទេ ក្រៅពីការស្រែកតតាំង និងការចោទប្រកាន់ ដើម្បីបិទបាំងនូវកំហុស និងអំពើល្មើសរបស់ខ្លួននេះឯង»។

បើតាមប្រធានអង្គការអាដហុក ការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ កន្លងមក មានសហគមន៍ជាតិ និងអន្តរជាតិ តែងតែទាមទារ និងស្នើឱ្យអាជ្ញាធរកម្ពុជា ធ្វើការដោះលែងកញ្ញា ស៊ីថរ ឱ្យមានសេរីភាព ប៉ុន្តែការទាមទារ និងការស្នើទាំងនោះ គឺមិនទទួលបានការឆ្លើយតបជាវិជ្ជមានឡើយ។ រហូតមកដល់ពេលនេះ លោកថា ធ្វើឱ្យកញ្ញា ឈឹម ស៊ីថរ ដែលជាអ្នកធ្វើការតស៊ូមតិដើម្បីផលប្រយោជន៍របស់កម្មករ បែរជាត្រូវទទួលរងការដាក់ទោសយ៉ាងអយុត្តិធម៌ទៅវិញ។

លោក នី សុខា ប្រធានអង្គការអាដហុក។ រូបភាពពីប្រព័ន្ធតេលេក្រាមលោក។

លោក នី សុខា៖ «គ្រាន់តែជាអ្នកតស៊ូមតិ គ្រាន់តែអ្នកតស៊ូអហិង្សាទាមទារសេរីភាពរបស់កម្មករ ដើម្បីទាមទារនូវសិទ្ធិរបស់កម្មករតែបែរជាទទួលរងនូវការចោទប្រកាន់ការដាក់ទោសដាក់ទណ្ឌ ហើយរហូតមកដល់ពេលនេះ រហូតដល់មានការឃុំខ្លួនគាត់ រហូតដល់ផុតកំណត់នៃសាលក្រម។ ដូច្នេះវាជារឿងមួយដែលគួរឱ្យសោកស្ដាយ ហើយដែលថាជារឿងមួយដែលអយុត្តិធម៌ មិនគួរកើតមានក្នុងសង្គមប្រជាធិបតេយ្យកម្ពុជាយើងទេបាទ!»។

កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពមួយរូប ដែលតស៊ូមតិដើម្បីសិទ្ធិសហជីព និងសិទ្ធិកម្មករក្រុមហ៊ុនណាហ្គាវើលដ៍។ សកម្មភាពតស៊ូមតិនេះ កញ្ញា និងសមាជិកសហជីព តែងមានភាពប្រទាំងប្រទិសជាមួយអាជ្ញាធរ រហូតធ្វើឱ្យកញ្ញា ជាប់ពន្ធនាគារចំនួន២ដង៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image