en     km
en     km

អ្វីជាក្តីកង្វល់បន្ទាប់ពីប្រាក់ឈ្នួលរបស់កម្មករនិយោជិតត្រូវបានដំឡើងសម្រាប់ឆ្នាំ២០២៥?

Share

រដូវកាលចរចាប្រាក់ឈ្នួលកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរបានមកដល់ ភាគីពាក់ព័ន្ធចាប់ផ្ដើមជួបចរចា កាលពីពេលថ្មីៗនេះ។ គិតមកទល់នឹងពេលនេះ ភាគីតំណាងកម្មករបានស្នើសុំ ១៤ដុល្លារអាមេរិកបន្ថែមទៅលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ដុល្លារអាមេរិក ខណៈភាគីតំណាងនិយោជកអាចផ្តល់ឱ្យចំនួន ១ដុល្លារអាមេរិក។ ក៏ប៉ុន្តែតើអ្វីទៅជាកិច្ចកង្វល់បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត?

(កញ្ញា កែវ សុជាតា រាយការណ៍)

 

សំឡេងកម្មករកម្មការិនី

នេះគឺជាលើកឡើងរបស់កម្មករកម្មការិនីដែលបម្រើការងារនៅក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌកាត់ដេរ ពាក់ព័ន្ធនឹងជីវភាពរស់នៅក្នុងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤$ក្នុងមួយខែ។ ក្នុងនោះ កម្មករកម្មការិនីខ្លះថាទឹកប្រាក់ចំនួន ២០៤$នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេព្រោះការចំណាយច្រើនជាងចំណូល ខណៈកម្មករកម្មការិនីផ្សេងទៀតយល់ថាប្រាក់ឈ្នួលមិនមែនជាបញ្ហាចម្បងនោះទេ ក៏ប៉ុន្តែថ្លៃផ្ទះជួលនិងការចំណាយទៅលើការហូបចុកទៅវិញទេដែលក្លាយជាក្តីកង្វល់របស់និយោជិត។

អ្នកស្រី អែម ឃឿន វ័យ២៦ឆ្នាំ ជាកម្មការិនីផ្នែកកាត់ដេរមួយរូបដែលកំពុងពរពោះបុត្រប្រាំពីរខែនៅក្នុងផ្ទៃ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ថា បច្ចុប្បន្នប្រាក់ឈ្នួល ២០៤$មិនទាន់ផ្គត់ផ្គង់ការចំណាយទៅលើថ្លៃផ្ទះជួល ការហូបចុក ការផ្ញើទៅឱ្យអ្នកផ្ទះនៅឯស្រុកកំណើត និងថ្លៃចាយវាយទៅលើកូនតូច ពិសេសត្រៀមបម្រុងសម្រាប់កូននៅក្នុងផ្ទៃបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ការណ៍នេះ អ្នកស្រីបានបន្ថែមទៀតថា ចំណូលដែលទទួលបានមិនសមាមាត្រទៅនឹងការចំណាយជាប្រចាំក្នុងមួយខែៗនោះទេ ក៏ប៉ុន្តែដោយសារអ្នកស្រីចេះចាត់ចែងទុកដាក់គួបផ្សំគ្រួសារអ្នកស្រីមិនមានបន្ទុកត្រូវបង់កម្ចីធនាគារផងនោះ ទើបមិនធ្វើឱ្យការចំណាយនៅក្នុងគ្រួសារមានសភាពយ៉ាប់យ៉ឺន។

អ្នកស្រី អែម ឃឿន៖ «រាល់ថ្ងៃ [ចំណាយ]ទៅលើថ្លៃម្ហូប ថ្លៃផ្ញើឱ្យកូន ហើយនិងថ្លៃទិញយើងជីទិញអីផ្សេងទៀត[គួបផ្សំ]ថ្លៃផ្ញើទៅស្រុកទៅអីទៀត។ ហើយដល់ពេលអ៊‌ីចឹង យើងរាងខ្វះខាត។»។

អ្នកស្រី អែម ឃឿន កម្មការិនីរោងចក្រកាត់ដេរ។  រូបភាព៖ WMC/Reaksmey

 

មិនខុសពីឆ្នាំទៅនោះឡើយ ការប្រជុំចរចាជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរមា(តិចបំផុត)សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលកាបូប បានធ្វើឡើងជាថ្មីម្តងទៀតនៅក្នុងឆ្នាំទី២នៃអាណត្តិទី៣ សម្រាប់ប្រាក់ឈ្នួលកម្មករក្នុងឆ្នាំ២០២៥។ ក្នុងនោះភាគីតំណាងកម្មករបានស្នើសុំឱ្យដំឡើងប្រាក់ឈ្នួលចំនួន ១៤ដុល្លារអាមេរិកបន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន ២០៤ដុល្លារអាមេរិក។ ខណៈភាគីតំណាងនិយោជកអាចផ្តល់បានក្នុងចំនួន ១ដុល្លារអាមេរិកទៅលើប្រាក់ឈ្នួលដែលមានស្រាប់។ នេះបើតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការប្រជុំត្រីភាគីនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

អ្នកស្រី សាន់នី ជាកម្មការិនីកាត់ដេរក្នុងរោងចក្រមួយកន្លែងនៃរាជធានីភ្នំពេញ បានបើកកកាយពីក្តីកង្វល់របស់ខ្លួនបន្ទាប់ពីទំនិញនៅលើទីផ្សារបន្តឡើងថ្លៃ ខណៈអ្នកស្រីនិងគ្រួសារត្រូវបង់បំណុលធនាគារនិងត្រូវមានបន្ទុកបង់ថ្លៃសិក្សាឱ្យកូនៗរបស់អ្នកស្រីផងដែរ។ ភាពលំបាកទាំងនេះ មិនបានរារាំងអ្នកស្រីក្នុងការបន្តតស៊ូធ្វើការនៅក្នុងវិស័យជាកម្មការិនីកាត់ដេរនោះឡើយ។ ក្នុងនោះ អ្នកស្រីអះអាងថា ការដំឡើងប្រាក់ឈ្នួលគឺអាស្រ័យទៅលើថៅកែ តែថ្លៃទំនិញគួររក្សាតម្លៃឱ្យមានស្ថានភាពសមរម្យ ដ្បិតជីវភាពកម្មករពុំទាន់មានលទ្ធភាពចាយគ្រប់គ្រាន់នៅឡើយទេ។

សំឡេងអ្នកស្រី សាន់ នី៖«សូមសំណូមពរថាកុំឱ្យថាឥវ៉ាន់ វាឡើងថ្លៃឡើងអី ព្រោះយើងឡើងតែមួយដុល្លារទៀតអ៊‌ីចឹង​ឥវ៉ាន់សូមកុំឱ្យឡើងថ្លៃឡើងអីទៀត ទំនិញអីគ្រប់បែបគ្រប់យ៉ាងអ៊‌ីចឹង ព្រោះយើងត្រូវការផ្ទះជួលផង អង្គការផង គ្រប់បែបគ្រប់យ៉ាងបែបនេះអ៊‌ីចឹង។»។

អ្នកស្រី សាន់នី កម្មការិនីកាត់ដេរ។ រូបភាព៖ WMC/Reaksmey

 

ជាមួយគ្នានេះ កម្មករកម្មការិនីក្នុងវិស័យកាត់ដេរផ្សេងទៀត ក៏មានសំណូមពរស្រដៀងនឹងអ្នកស្រី សាន់នី ដោយលើកឡើងពីការកើនឡើងនៃតម្លៃទំនិញនៅតាមតូបនិងថ្លៃម្ហូបអាហារ គួបផ្សំនឹងថ្លៃផ្ទះជួលនិងបន្ទុកត្រូវបង់កម្ចីធនាគារផងនោះ។ កម្មករកម្មការិនីមួយចំនួនមិនបានចាប់ភ្លឹកនឹងការដំឡើងប្រាក់ឈ្នួលនោះឡើយ ផ្ទុយទៅវិញពួកគេបានសំណូមពរឱ្យអតិផរណាមានស្ថេរភាពនោះទើបធ្វើឱ្យជីវភាពកម្មករឈានទៅរកនូវសុខដុមរមនានិងប្រសើរជាងមុន។ ចំណែកកម្មករកម្មការិនីផ្សេងទៀត ថ្លែងដោយភាពរីករាយថា ប្រសិនជាបា្រក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥បានដំឡើងក្នុងចំនួនសមស្របទៀតនោះ កាន់តែប្រសើរថែមមួយកម្រិតទៀត។

សំឡេងកម្មករកម្មការិនី

រូបភាពកម្មករបរិភោគអាហារជាមូយតំណាងក្រសូងការងារ។ រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) បានចាត់ទុកការប្រជុំត្រីភាគីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះថាមានលក្ខណៈចាស់ទុំជាងឆ្នាំមុនៗ ដោយហេតុថាទាំងភាគីតំណាងសហជីពកម្មករនិងនិយោជកបានទាញទឡ្ហីករណ៍អំណះអំណាងគាំទ្រនូវសំណើប្រាក់ឈ្នួលដែលខ្លួនលើកមកចរចានៅក្នុងអង្គប្រជុំដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើជាអាណាព្យាបាល។ ដ្បិតតែនេះជាជំនួបប្រជុំលើកទី១សម្រាប់ចរចាប្រាក់ឈ្នួលឆ្នាំ២០២៥ក្តី តែលោក គង់ អាទិត្យ ជឿជាក់ថាចំនួននៃប្រាក់ឈ្នួលដែលនិយោជកផ្តល់ឱ្យកម្មករអាចមានការប្រែប្រួលដែលលទ្ធផលយ៉ាងណាមានតែរងចាំនូវកិច្ចពិភាក្សាបន្ទាប់។

លោក គង់ អាទិត្យ(១)៖ «ខ្ញុំយល់ថានេះជាជំហានទី១ នៃការចរចាគ្នា។ អ៊‌ីចឹងក្នុងដំណាក់កាលទី១ ធម្មតាយើងផ្អែកលើទិន្នន័យស្រាវជ្រាវដែលរដ្ឋាភិបាលបង្ហាញ ហើយនិងដែលសហជីពបានធ្វើការស្រាវជ្រាវហ្នឹង បើយើងមើលទៅរដ្ឋាភិបាល[ដែលមាន]ស្ថិតិរបស់រដ្ឋយើងហ្នឹង ហើយនិងខាងសហជីពហ្នឹង​ យើងមើលទៅវា(ស្ថិតិ)ស្រដៀងគ្នា។ ខាងនិយោជកបានបង្ហាញពីបញ្ហាខ្លះៗរបស់គេទាក់ទងនឹងការបារម្ភរបស់គេ ទាក់ទងនឹងអីៗផ្សេងៗហ្នឹងមក។ អ៊‌ីចឹងមើលទៅឆ្នាំនេះ វាមានលក្ខណៈមួយវិជ្ជមានជាងឆ្នាំរាល់ដង។ ហើយចំពោះមួយដុល្លារ ខ្ញុំគិតថាវាជាជំហានទីមួយ ដែលវា(ភាគីទាំងបី)[បើកកិច្ចពិភាក្សា]ចូលគៀកគ្នាប្រាំមួយ ទៅប្រាំពីរ ប្រាំបីដងទៀត អ៊‌ីចឹងករណីអាចរាប់ថាជាវិជ្ជមានហើយ ដូចជាមិនទាន់អីទេ។ ករណីហ្នឹងចាំមើលយើងចរចាគ្នានៅថ្ងៃស្អែក(ថ្ងៃទី៦ ខែកញ្ញា)បន្តទៀត។»។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC)។ រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

ប្រធានសហភាពការងារកម្ពុជារូបនេះ បញ្ជាក់ដែរថា កត្តាបម្រែបម្រួលទីផ្សារសេរីដូចជាការឡើងថ្លៃទំនិញ របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងអាហារហូបចុកសម្រាប់កម្មករកម្មការិនីក៏គួរកុំមើលរំលងផងដែរ។ លោកលើកឡើងបែបក្នុងន័យស្នើឱ្យរាជរដ្ឋាភិបាលពិចារណារកដំណោះស្រាយឬចាត់វិធានការក្នុងក្របខណ្ឌសមស្របណាមួយដើម្បីធ្វើយ៉ាងណាឱ្យកម្មករនិយោជិតអាចបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ស្របពេលដែលកម្មករនិយោជិតអាចលៃលកបង់ថ្លៃផ្ទះជួល និងថ្លៃជីវភាពជាដើម។ ជាមួយគ្នានេះ លោកបញ្ជាក់ដែរថា ការដំឡើងប្រាក់ឈ្នួលឱ្យត្រសងនឹងអតិផរណាអាចក្លាយជាភាពជាប់គាំងនៃការជំរុញឱ្យមានជីវភាពសមរម្យសម្រាប់កម្មករនិយោជិត។

សំឡេងលោក គង់ អាទិត្យ(២)៖«បើសិនជាមានការអន្តរាគមន៍ ឬក៏ការដាក់ចេញជាយុទ្ធសាស្រ្តណាមួយពីរដ្ឋាភិបាលក៏ដូចជាពី…គេហៅថាភាគីពាក់ព័ន្ធណាមួយដើម្បីរករូបមន្តណាដើម្បីការពារកុំឱ្យ…គេហៅការដំឡើងហ្នឹងត្រូវបានលេបបាត់ដោយអតិផរណាហ្នឹង គឺទើបការព្យាយាមរបស់រដ្ឋាភិបាលក៏ដូចជាសហជីពហ្នឹងទទួលបាននូវផលវិជ្ជមាន។ ករណីនេះជាក្តីបារម្ភរបស់យើងទាំងអស់គ្នា​​ ហើយកម្មករគឺគាត់អត់សប្បាយចិត្តមែនទែនលើរឿងហ្នឹង។ ហើយខាងសហជីពក៏គាំទ្រគាត់ពេញទំហឹងដែរចំពោះការមិនសប្បាយចិត្តរបស់គាត់ហ្នឹង។ អ៊‌ីចឹងបានយើងទទូចថាត្រូវឱ្យមានរូបមន្តណាមួយ​សម្រាប់ប្រទេសខ្មែរយើង ​ដើម្បីការពារទៅដល់ជីវភាពរបស់កម្មករឱ្យរស់នៅបានសមរម្យ។»។

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

ស្រដៀងគ្នានឹងលោក គង់ អាទិត្យ ដែរ អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) យល់ថា តម្លៃម្ហូបអាហារដែលលក់សម្រាប់បងប្អូនកម្មករនិយោជិតនៅខាងមុខរោងចក្រមានការកើនថ្លៃជាបន្តបន្ទាប់គួរជាទីកត់សម្គាល់។ អ្នកស្រី សង្កេតឃើញថា បច្ចុប្បន្នក្នុងកម្មករម្នាក់ត្រូវចាយលើសពី ៥០០០រៀល ដែលហាក់ធ្វើឱ្យជីវភាពកម្មករនិយោជិតកាន់តែពិបាក។ ក្នុងនោះ​ អ្នកស្រីបញ្ជាក់ដែរថា ប្រសិនជាទំនិញមានតម្លៃនៅ
ថេរ ខណៈប្រាក់ឈ្នួលត្រូវបានដំឡើងក្នុងចំនួនសមស្រប នោះកម្មករនិយោជិតអាចមានជីវភាពល្អប្រសើរ ពិសេសកម្មករអាចមានប្រាក់គ្រប់គ្រាន់សម្រាប់ដោះបំណុលធនាគារបានថែមទៀតផង។

អ្នកស្រី ទូច សើ៖ «យើងឃើញហើយថាប្រាក់ខែយើងអត់ទាន់បានឡើងទេ ឡើងទាន់តែឆ្នាំ២០២៥។ ហើយឥឡូវយើងឃើញ​ដូចជា​​​​ម្ហូបអាហារលក់នៅខាងមុខរោងចក្រ បាយពីមុនមួយកញ្ចប់៥០០[រៀល] ឥឡូវឡើងដល់ ១០០០[រៀល] ។ សម្លមួយកញ្ចប់ ១០០០[រៀល] ទេ ឥឡូវឡើងដល់ ១៥០០ទៅ ២០០០[រៀល]។ ករណីហ្នឹងយើងឃើញនៅពេលយើងចុះធ្វើសកម្មភាព។ បើតាមខាងសហជីពសំណើស្នើសុំចង់តែបានប្រាក់ខែខ្ពស់ដើម្បីខាងកម្មករនិយោជិតទាំងអស់ គឺថាសម្រាប់ខាងខ្ញុំមានសូមសំណូមពរអំពាវនាវធ្ចើម៉េចឱ្យដូចជាក្រសួងពាក់ព័ន្ធចូលដោះស្រាយនិងខាងនិយោជកអីគាត់គួរតែឡើង(ប្រាក់ឈ្នួល)ធ្វើម៉េចឱ្យសមរម្យនឹងទំនិញឡើងថ្លៃ។ ទំនិញមិនបានឡើងលើសលប់អ្វីប៉ុន្មាននោះទេ តែយើងមើលឃើញហើយបច្ចុប្បន្នឥឡូវគឺដូចជាម្ហូបអាហារ បាយចុកលក់មុខរោងចក្រអីគឺគាត់(អ្នកលក់)ឡើងខ្ពស់មែនទែន។»។

 អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)។ រូបភាព៖ WMC/Reaksmey

 

រាជរដ្ឋាភិបាល ក្រសួងនានា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់តែងព្រួយបារម្ភ និងសង្ឃឹមថាប្រាក់ឈ្នួលកម្មករនិយោជិតអាចដំឡើងបានក្នុងចំនួនសមស្របដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរបស់កម្មករមានភាពល្អប្រសើរ ខណៈថ្នាក់ដឹកនាំចង់ឱ្យតម្លៃផ្ទះជួលនិងទំនិញផ្សេងៗដែលដាក់លក់នៅលើទីផ្សាររក្សាភាពនឹងពោលគឺមិនមានការដំឡើងថ្លៃ ឬអាចចុះថោកក្នុងកម្រិតណាមួយដើម្បីអាចសម្រួលដល់ជីវភាពកម្មករ។ នេះជាការលើកឡើងរបស់លោក កត្តា អន អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់គោលការណ៍សម្រួលតម្លៃថ្លៃទឹកភ្លើងសម្រាប់កម្មករបានមួយផ្នែកហើយ ស្របពេលដែលលោកសុំអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសអ្នកលក់ដូរគ្រប់ប្រភេទជួយរក្សាតម្លៃទំនិញ ឬចុះថ្លៃបន្ថែមទៀត​ ជៀសវាងដំឡើងថ្លៃស្របតាមប្រាក់ឈ្នួលរបស់កម្មករនិយោជិត។

ជាវិធីសាស្រ្តការពារកុំឱ្យតម្លៃទំនិញចេះតែកើនថ្លៃ លោក កត្តា អន បានផ្តល់អនុសាស្រ្តឱ្យពលរដ្ឋខ្មែរគប្បីជួយគាំទ្រផលិតផលនៅក្នុងស្រុកឱ្យបានកុះករដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅស្រុក ពិសេសបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោកលើកឡើងដែរថា ក្រៅតែពីជំរុញការទិញផលិតផលក្នុងស្រុក និយោជកក៏គួរបង្កើនផលិតភាពនៃផលិតផលរបស់ខ្លួនបន្ថែមទៀត។

សំឡេងលោក កត្តា អន៖«កត្តាសេដ្ឋកិច្ចវាពាក់ព័ន្ធទៅនឹងបរិបទសកលក៏ដូចជាបម្រែបម្រួលក្នុងតំបន់ ក៏ដូចជានយោបាយបរទេសក្នុងតំបន់។ ​វាជះឥទ្ធិពលទៅវិញទៅមក​ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ការអប់រំគឺជាកត្តាការងារសំខាន់ណាស់នៅពេលនេះ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់យល់អំពីតម្លៃនៃមនុស្ស ក៏ដូចជាតម្លៃនៃប្រាក់ខែរបស់បងប្អូនកម្មករនិយោជិតយើង ហើយការអប់រំនេះក៏បញ្ចៀបឱ្យមានការយល់ដឹងកាន់តែច្រើន ជាពិសេសការបង្កើនផលិតកម្ម​ក្នុងស្រុក។ ឧទាហរណ៍​. ប្រសិនបើកម្មករនិយោជិតយើង គាត់មានធ្វើស្រែ គាត់បានអង្ករ គាត់ដាំបន្លែជុំវិញផ្ទះ ចិញ្ចឹមសត្វជុំវិញផ្ទះ គាត់មានបន្លែមានទឹកមានសត្វ ជាពិសេសគាត់អត់មានសូវចំណាយទៅលើអង្ករ បន្លែ ឬសាច់សត្វច្រើននោះទេ។​​​ អ៊‌ីចឹងនេះក៏ជាការសន្សំមួយដែរ។ ទី២ ក្រុមហ៊ុនផ្សេងៗសិប្បកម្មផ្សេងៗបង្កើនការផលិតដើម្បីដាក់លក់ទៅលើទីផ្សារក្នុងតម្លៃសមស្របណាមួយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងប្រើ់ប្រាស់ទំនិញទាំងអស់ក្នុងតម្លៃធូរ​ បើប្រៀបធៀបទៅនឹងទំនិញបរទេស។ ដូចនេះ នេះក៏ជាកត្តាមួយទៀតដែលយើងត្រូវលើកទឹកចិត្ត។ អ៊‌ីចឹងការលើកទឹកចិត្តទាំងអស់គ្នា ការចូលរួមចំណែកទាំងអស់គ្នាក្នុងការកសាងសេដ្ឋកិច្ចជាតិ ជាពិសេសការផលិត។ យើងឃើញថាការប្រើប្រាស់ផលិតក្នុងស្រុក​គឺជាកត្តាដែលអាចរក្សាអត្រាសន្សំសម្រាប់បងប្អូនកម្មករនិយោជិតយើងបានច្រើន។»។

លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ។ រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ តំណាងកម្មករនិយោជិត តំណាងនិយោជក និងភាគីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងប្រជុំត្រីភាគី ជាថ្មីម្តងទៀត ដើម្បីបន្តចរចាពិភាក្សាជុំវិញការកំណត់ចំនួនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរស្បែកជើង កាបូប និងផលិតផលសម្លៀកបំពាក់សម្រាប់ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ដែរថា ជំនួបប៉ុន្មានថ្ងៃមុនប្រព្រឹត្តទៅយ៉ាងវិជ្ជមានដ្បិតទាំងភាគីតំណាងកម្មករនិងភាគីតំណាងនិយោជកសុទ្ធមានគំនិតដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ ក៏ប៉ុន្តែភាគីទាំងសងខាងមានការខ្វែងគំនិតចំពោះតួលេខនៅឡើយ។

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

គួរបញ្ជាក់ដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតបានកើនឡើងពី ៤០ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៥។ ទន្ទឹមនឹងការអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ និងការទាមទាររបស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងជាបន្តបន្ទាប់ដល់ទៅ ២០០ដុល្លារក្នុងឆ្នាំ២០២៣ និង ២០៤ដុល្លារ នៅឆ្នាំ២០២៤។ ជំនួបត្រីភាគីសម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៥នេះនឹងធ្វើឡើងជាច្រើនដងបន្ថែមទៀត រហូតដល់ភាគីទាំងពីរស្រុះស្រួលគ្នាទៅលើតម្លៃក្រោមការអន្តរាគមន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Share

ព័ត៌មានទាក់ទង

Image