en     km
en     km

ធ្លាប់បាត់ឱកាសសិក្សា៨ឆ្នាំ យុវជនជនជាតិព្នងម្នាក់ អាចបើកបង្រៀនភាសាដល់ក្មេងៗក្នុងសហគមន៍

Share

ក្រុមយុវជននៅភូមិអន្ដ្រេះបានបង្កើតទីតាំងបង្រៀនក្មេងនៅផ្ទះមួយកន្លែង ដើម្បីជួយក្មេងតូចៗដែលមិនបានទៅសិក្សាភាសាអង់គ្លេសនៅឆ្ងាយ។ សកម្មភាពនេះ ផ្ដួចផ្ដើមដោយយុវជនជាតិដើមភាគតិចព្នង  ឈ្មោះវន សុផៃ ដែលបោះបង់ការសិក្សាតាំងពីតូច ប៉ុន្តែសុផៃមានឱកាសធ្វើជាគ្រូស្ម័គ្រចិត្ដ រហូតមានគំនិតចង់បណ្ដុះក្មេងៗក្នុងភូមិឱ្យមានចំណេះដឹង កាត់បន្ថយការ​លេងទូរសព្ទនៅពេលយប់។

(រាយការណ៍ដោយ  កញ្ញា ឃ្វិះ ផលឡា)

ពីក្មេងប្រុសដែលបោះបង់ការសិក្សាជាយូរឆ្នាំ ងាកមកអភិវឌ្ឍខ្លួនជួយសហគមន៍ ធ្វើជាគ្រូស្ម័គ្រចិត្ដ ឬគ្រូហាត់ការនៅស្ថាប័នឯកជនមួយ ឈ្មោះថាសាលាអន្តរជាតិណាសារីន ដែលសាលានោះផ្ដោតលើការបង្រៀនភាសាខ្មែរ អង់គ្លេស​ និងកុំព្យូទ័រ ។ យុវជន វន សុផៃ បានហាត់ការនៅស្ថាប័ននេះរយៈពេលមួយឆ្នាំ តាមរយៈគម្រោងយុវជនដើម្បីកម្ពុជាដែលសម្របសម្រួលដោយអង្គការអង្គការ​ ​អាយស៊ីស៊ី (ICC)។

យុវជន ជនជាតិដើមភាគតិចព្នង រូបនេះរស់នៅ ភូមិអន្ដ្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។  សុផៃបានបោះបង់ការសិក្សាទាំងវ័យក្មេង មកធ្វើស្រែចម្ការ ​ឃ្វាលគោក្របីជួយឪពុកម្ដាយជាង៨ឆ្នាំ ទើបចាប់ផ្ដើមធ្វើជាអ្នកស្ម័គ្រចិត្ដនៅក្នុងភូមិ មកក្លាយជាប្រធានយុវជននៅក្នុងភូមិ រហូតធ្វើជាគ្រូស្ម័គ្រចិត្ដនៅក្នុងសាលាអន្តរជាតិណាសារីន ។

យុវជនវ័យ២០ឆ្នាំរូបនេះ ប្រាប់សិក្ខាកាមវិទ្យុស្រ្ដីថា ការបង្រៀនសិស្សដោយស្ម័គ្រចិត្ដនេះ គឺចង់បានចំណេះដឹងថ្មីៗ បំបាត់ភាពភ័យខ្លាច បង្កើនភាពក្លាហាន  ព្រោះពីមុនមក សុផៃ មិនដែលចូលរួមកិច្ចការក្នុងសហគមន៍ ជួបជាមួយមនុស្សច្រើននោះទេ។ នៅពេលមានឱកាសក្នុងការបង្រៀនក្មេងក្នុងភូមិ សុផៃចង់កែទម្លាប់ឱ្យប្រសើរ ដោយប្ដូរពីការលេងគ្រឿងអេឡិចត្រូនិចនៅពេលយប់ មកបង្រៀនអក្សរខ្មែរនិងអង់គ្លេសដល់ក្មេងតូចៗក្នុងភូមិ ដោយបង្កើតកន្លែងសិក្សា ។ សុផៃ បានសុំផ្ទះ​អ្នកភូមិទុកចោលមួយកន្លែងសម្រាប់បង្រៀននៅពេលយប់។ ម្ចាស់ផ្ទះបានគាំទ្រដល់សុផៃ ព្រោះជាអ្វីដែលសហគមន៍ត្រូវការ យុវជនគម្រូជួយសហគមន៍បែបនេះ។ ម្ចាស់ផ្ទះមិនយកថ្លៃបង់ផ្ទះនោះទេ តែឱ្យបង់ថ្លៃទឹកភ្លើង​សម្រាប់ប្រើប្រាស់ក្នុងការបង្រៀនប៉ុណ្ណោះ។

«មូលហេតុជាច្រើនដែលខ្ញុំសម្រេចចិត្ដចង់ធ្វើជាគ្រូស្ម័គ្រចិត្ដនៅក្នុងសហគមន៍របស់យើងទី១ខ្ញុំចង់ចេះខ្លួនឯងផង ដោយសារបោះបង់ការសិក្សាតាំងពីតូចទៅ ចំណេះដឹងគឺតិចមែនទែន បើសិនជាខ្ញុំអាចបង្រៀនបាន ខ្ញុំអាចបង្រៀនខ្លួនឯងផងបង្រៀនគេផង ដូច្នេះចំណេះដឹងដែលខ្ញុំមានតិចតួចហ្នឹងវារក្សា ហើយខ្ញុំអាចនឹងបង្កើ​នចំណេះដឹងថ្មី។ ទី២គឺខ្ញុំអាចជួយសហគមន៍ខ្ញុំផ្ទាល់ បើសិនជាខ្ញុំអាចយកសមត្ថភាពដែលខ្ញុំមានតិចតួចនៅក្នុងខ្លួនហ្នឹងយកមកចែករំលែកនៅក្នុងសហគមន៍បាន គឺជាមោទនភាពមួយសម្រាប់ខ្ញុំដែលខ្ញុំអាចធ្វើវាបាន។ កាលណាយកពួកគេមកបង្រៀនដូចជាសម្រាលបន្ទុកពួកគាត់បានមួយចំណែកដែរ ព្រោះអីបើសិនជាយើងមិនបង្រៀនទេ ថ្មើរនឹងប្រហែលពួកគាត់ដើរលេងទីនេះទីនោះហើយអ្នកខ្លះមានទូរសព្ទទៅ គាត់លេងទូរសព្ទច្រើនអ៊ីចឹងទៅ។ សម្រាប់ការ​បង្រៀននេះគឺមិនមានការឧបត្ថម្ភពីណាទេ គឺស័្មគ្រចិត្ដដោយខ្លួនឯង។ អាចនឹងគ្រោងទុក ខ្ទង់បីបួនឆ្នាំទៀត។»

យុវជន វន សុផៃ

យុវជន វន សុផៃ បានបោះបង់ការសិក្សានៅថ្នាក់ទី៥ ប៉ុន្ដែមិនដែលបោះបង់ក្ដីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀននោះទេ រហូតក្លាយជាគ្រូបង្រៀនស័្មគ្រចិត្ដ នៅសាលាឯកជនបាន១ឆ្នាំ​​ក៏ផុតកុងត្រា។ ក្រោយផុតកុងត្រា លោកមកង្រៀនក្មេងក្នុងភូមិវិញដែលមានសិស្សចំនួន ៤៨នាក់ ដែលមកពី ពីរភូមិ គឺភូមិអបួនលើ និងភូមិអន្រ្ដេះ មានពីរជនជាតិ គឺជនជាតិដើមភាគតិចព្នងនិងជនជាតិខ្មែរ ។ ការបង្រៀនចាប់ពីថ្ងែចន្ទដល់ថ្ងៃសៅរ៍ ម៉ោង ៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់។ ប៉ុន្ដែបច្ចុប្បន្ននេះខ្វះខាតថវិកាសម្រាប់ប្រើប្រាស់ក្នុងការបង្រៀនសិស្ស សុផៃក៏បានយកថវិកាខ្លួនឯងតិចតួច និងថវិកាក្រុមយុវជនយកមកប្រើប្រាស់ ព្រោះនេះជាប្រយោជន៍រួម ។ សុផៃ ក៏បានបន្ថែមថា ការបង្រៀនបច្ចុប្បន្ននេះ អាចដំណើរការបាន ដោយសារមានសប្បុរសជនជួយខ្លះ ហើយអង្គការខ្លះក៏ទាក់ទងចុះបញ្ជីឯកសារដើម្បីងាយស្រួលឧបត្ថម្ភដែរតែនៅមិនទាន់បានចុះបញ្ជីឯកសារនេះនៅឡើយទេ ដោយសារទើបចាប់ផ្ដើមបង្រៀន។ សុផៃ ក៏មានគម្រោងចង់អភិវឌ្ឍកន្លែងបង្រៀន ឱ្យបានមានសកម្មភាពជានិរន្តន៍ផងដែរ។

«សំណូមពរដល់អាណាព្យាបាលសប្បុរសជនឬក៏ជាអង្គការស្ថាប័នពាក់ព័ន្ធផ្សេងៗ បើសិនជាពួកគាត់អាចស្នើរសុំសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ការសិក្សាព្រោះអីបច្ចុប្បន្ននេះខ្វះខាតច្រើនទាំងសៀវភៅសរសេរ សៀវភៅពុម្ព ទាំងតុ  ។ តុយើងធ្វើឈើតិចតួច យកជ្នៀឈើចាស់ៗយកទៅដុំដែកគោល ធ្វើតុជាបណ្ដុះអាសន្ន។ ខ្ញុំសុំសូមណូមពរទៅដល់អាណាព្យាបាលដែលគាត់មានកូនមកសិក្សាណា៎ ស្នើរសុំពួកគាត់ជាបដិភាគ ដើម្បីកសាងនិងអភិវឌ្ឍសាលាមួយហ្នឹង មិនថាជាថវិកាឬជាសម្ភារៈសិក្សាអីផ្សេងៗទេ ព្រោះអីបើសិនជាការបដិភាគហ្នឹងរលូនទៅមុខ ខ្ញុំក៏មានគម្រោងកសាងទីស្នាក់ការថ្មីសម្រាប់សហគមន៍ដែរ។ បើសិនក្រុមយើងអាចបដិភាគខ្លះដើម្បីកសាងទីស្នាក់ការនិងឱ្យឆាប់ហើយគឺរឹតតែល្អ  អាចនឹងឈប់ខ្ចីផ្ទះគេមកប្រើទៀត ក្រុមការងាររបស់ខ្ញុំមានពីរនាក់​ហើយសុទ្ធតែស្រីៗ គាត់ចង់ជួយសហគមន៍ បន្ទាប់ពីគាត់រៀនចប់ទី១២គ្មានការងារធ្វើ ហើយគាត់យកចំណេះដឹងរបស់គាត់មកចែករំលែកជួយសហគមន៍ »។

សកម្មភាពរបស់ក្មេងៗកំពុងសិក្សា
កញ្ញា បាន  ចន្ធី

កញ្ញា បាន  ចន្ធី យុវជនស្ម័គ្រចិត្ដ ភូមិអន្ដ្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី  បានលើកឡើងថា ការណ៍ដែលធ្វើជាយុវជនស្ម័គ្រចិត្ដខាងសម្របសម្រួល ជាមួយលោក វន សុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផៃ ធ្វើឱ្យកញ្ញាទទួលបទពិសោធថ្មីៗ យល់ដឹងកាន់តែច្បាស់ពីរបៀបនៃការគ្រប់គ្រងកុមារ និងរៀបចំឯកសារផ្សេងទៀតដែលទាក់ទងនិងការបង្រៀនសិស្ស ។ កញ្ញាបន្ដថា ការណ៍ដែលធ្វើជាអ្នកស្ម័គ្រចិត្ដ អាចជួយក្មេងក្នុងសហគមន៍បានប្រសើរ ព្រោះអាចជួយឱ្យក្មេងបានរៀនភាសាបទេសបន្ថែម។

«សម្រាប់ខ្ញុំ​ មានអារម្មណ៍សប្បាយរីករាយ ព្រោះអីបានចូលរួមក្នុងការលើកស្ទួយក្នុងវិស័យអប់រំក្នុងភូមិ ទោះបីតិចក៏ដោយតែលក្ខណៈថាយើងបានចូលរួមណាបង ផលវិបាកក្មេងអត់សូវស្ដាប់ក្មេងៗប្រលែងគ្នាច្រើន សម្រាប់ការបង្រៀនមានគ្រូតែម្នាក់បងផៃម្នាក់ ដល់ពេលពួកខ្ញុំខាងសម្របសម្រួលកាន់អវត្ដមានហើយនិងកាន់ឯកសារផ្សេងៗ ។ សម្រាប់ខ្ញុំចង់បន្ដរហូត បើអាចរហូតហ្មងបង  ព្រោះអីការដែលធ្វើបែបហ្នឹងអាចជួយក្នុងសហគមន៍បានច្រើន ហើយក្មេងៗផ្សេងគាត់ទៅរៀននៅឆ្ងាយអត់កើតតូចៗដល់ពេលបានបើកបង្រៀនជាសហគមន៍នៅជិតចឹឋពួកគាត់បានរៀនឌិតដល់ហើយនិងមានភាពងាយស្រួលក្នុងការធ្វើដំណើរជួយក្មេងៗឱ្យកាន់តែមានចំណេះដឹងបន្ថែមទៀតខាងភាសាអង់គ្លេសទោះបីតិចតួចក្ដីក៏យើងបានចូលរួមដែរ»។

 

អ្នកស្រី ម្យូក ឃ្វឺត

អ្នកស្រី ម្យូក ឃ្វឺត អាណាព្យាបាលសិស្ស រស់នៅភូមិអន្រ្ដេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានផ្ដល់សម្ភាសមកកាន់សិក្ខាកាមវិទ្យុស្រ្ដីថា អ្នកស្រីគាំទ្រនិងសប្បាយចិត្ដដែលមានយុវជន វន សុផៃ ធ្វើគ្រូបង្រៀនស្ម័គ្រចិត្ដ បានបង្រៀនកូនរបស់អ្នកស្រីនិងក្មេងក្នុងភូមិ។  អ្នកស្រី  ឃ្វឺត បន្ថែមថា សុផៃ តែងតែចូលរួមប្រជុំជាមួយអង្គការផ្សេងៗទោះបីជារៀនបានតិចតួចក៏ដោយ។ យុវជនរូបនេះតែអភិវឌ្ឍន៍ខ្លួនឯង ​ហើយចង់ឱ្យយុវជនរូបនេះនៅតែបន្ដធ្វើជាគ្រូស្ម័គ្រចិត្ដក្នុងភូមិរហូត។ បើសមត្ថភាព អ្នកស្រី ចង់ឧបត្ថមជាសម្ភារៈនិងថវិកាខ្លះដែរ តាមលទ្ធភាពដែលមាន តែបច្ចុប្បន្នមិនទាន់បានឧបត្ថម្ភអ្វីទេ ដោយសារគ្រូស្ម័គ្រចិត្ដទើបបង្រៀនក្នុងសីហា ឆ្នាំ២០២៤នេះ  ប៉ុន្តែអ្នកស្រីសំណូមពរដល់អង្គការនិងសប្បុរសជនជួយជ្រោមជ្រែងសកម្មភាពបង្រៀននេះ។

«ច៎ាស! ពេលដែលយើងអ៊ីចឹងយើងមានអារម្មណ៍ថាសប្បាយចិត្តដែលមានគ្រូស្ម័គ្រចិត្តក្នុងសហគមន៍យើងចឹងណា៎។​ សុំជួយឬមួយជាថវិកាឬក៏ជាសម្ភារៈអីតាមដែលសប្បុរសជនឬក៏អង្គការជួយបាន ហើយសុំឱ្យគាត់បានបង្រៀនសិស្សបែបហ្នឹងជារៀងរហូតអ៊ីចឹងណាស់។​ កូនខ្ញុំទើបតែចូលរៀនហើយទៅរៀនរាល់ថ្ងៃឥឡូវហ្នឹងច្រើនណាស់អ្នកគ្រូ ជាងសាមសិបនាក់សែសិបនាក់ គាត់បង្រៀនរាល់ថ្ងៃគឺពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍»។

លោក ហាន សុខន មេឃុំអបួនលើ លើកឡើងថា នៅពេលដែលឃើញយុវជនគម្រូបានបង្រៀនដោយមិនយកថ្លៃឈ្នួលបែបនេះ លោកមេឃុំ ក៏បានជជែកគ្នាជាមួយមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី ហើយមន្ទីរ​សង្គមកិច្ចក៏បានផ្ដល់សៀវភៅមួយរយក្បាលនិងប៊ិកមួយរយដើមសម្រាប់ចែកឱ្យសិស្ស។ ជុំវិញការធ្វើជាគ្រូស្ម័គ្រចិត្ដនេះ ខាងសហគមន៍ភូមិអន្ដ្រេះ បានសុំអនុញ្ញាតពីមេឃុំរួចរាល់ហើយដើម្បីធ្វើសកម្មភាពបង្រៀនដោយមិនមែនគិតថ្លៃនេះ។ លោកមេឃុំថាបើអាណាព្យាបាលមានលទ្ធភាពក៏ជួយ ប៉ុន្តែមិនមានការកំហិតបង់ថវិកាជាឈ្នួលសម្រាប់គ្រូប្រចាំខែនោះទេ។​

​​«យើងកំពុងរកទីតាំងណាឱ្យសមស្របដើម្បីឱ្យគាត់បង្រៀនទៅ ទីមួយភ្លើង ទីពីកន្លែងណាដែលល្អ សម្រាប់សិស្សអង្គុយ។ បើសិនក្នុងករណីនេះខ្ញុំគាំទ្រអ្នកគ្រូដោយសារយើងអត់ដែលមានកន្លងមកដែលមានអ្នកដែលស្ម័គ្រចិត្តអ្នកដែលជួយទៅលើអ៊ីចឹងទើបឃើញហ្នឹង បាទអ៊ីចឹងរឿងអី​ដែលមិនគាំទ្រយើងកំពុងសហគមន៍យើងមានការបណ្តុះបណ្តាលពីខាងយុវជនណាស់។​ នេះជាសំណូមពរចង់ថា ទីមួយបើសិនជាក្នុងករណីដៃគូអង្គការដៃគូដែលពាក់ព័ន្ធ មានជួយជាការគាំទ្រដែរ យើងចង់មានថាមិនមែនជាប្រាក់ខែទេប៉ុន្តែប្រាក់លើកទឹកចិត្តគាត់ដូចជាអាទិ៍តិចតួចក្ដីប៉ុណ្ណាដែលសមស្របដល់ដល់អង្គការក៏ដូចជាដៃគូដែលពាក់ព័ន្ធចង់ឱ្យយើងមានការគាំទ្រទៅលើលោកគ្រូ ដើម្បីឱ្យគាត់មានកម្លាំងក៏ដូចជាពលកម្មខ្លះឱ្យជួយបង្រៀនកាន់តែយកចិត្តទុកដាក់អ៊ីចឹងហ៎ាស»។

សកម្មភាពរបស់ក្មេងៗកំពុងសិក្សា

 

អត្ថបទខ្លីសរសេរដោយ កញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។

Share

ព័ត៌មានទាក់ទង

Image