លោក ជិន ប៊ុណ្ណារ័ត្ន មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពត ត្រូវបានឃុំខ្លួនពីបទ «ញុះញង់» តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញ ខណៈបទចោទនេះ មេធាវីការពារសិទ្ធិមន្ត្រីបក្សប្រឆាំងរូបនេះថា សាលាដំបូង ចោទប្រកាន់លោក ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយគម្រោង CLV។ យ៉ាងណាមេធាវី កំពុងបន្តនីតិវិធីតាមច្បាប់ ដោយដាក់បណ្ដឹងទៅឧទ្ធរណ៍ ដើម្បីទាមទារឱ្យដោះលែងកូនក្ដីខ្លួន ស្របពេលអង្គការសិទ្ធិមនុស្ស ក៏ស្នើឱ្យអាជ្ញាធរជាតិបញ្ឃប់វប្បធម៌ឃុំខ្លួនសកម្មជននយោបាយ ដោយប្រើការវិធីចរចា ដើម្បីតម្កល់ឧត្តមប្រយោជន៍ជាតិ។ កញ្ញា សៃ ចន្ធី រាយការណ៍
ក្រៅពីសកម្មជននយោបាយ ត្រូវបានឃុំខ្លួន និងចាប់ខ្លួន ដោយសារការផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA) នេះ ក៏មានសកម្មជនសង្គមមួយចំនួន ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួន និងឃុំខ្លួន ពីបទ «ញុះញង់» ទាក់ទងនឹងសកម្មភាពនិយាយផ្សព្វផ្សាយប្រឆាំងនឹងគម្រោង CLV នេះដែរ។ ទន្ទឹមនឹងការឃុំខ្លួនសកម្មជនទាំងនោះ រាជរដ្ឋាភិបាល ក៏ព្យាយាមបកស្រាយពីគុណសម្បត្តិនៃគម្រោងនេះ និងបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន រួមទាំងឱ្យពលរដ្ឋទៅទស្សនាដោយឥតគិតកម្រៃសេវា លើខេត្តកម្ពុជាទាំង៤ដែលស្ថិតក្នុងគម្រោង CLV។
មេធាវីការពារសិទ្ធិឱ្យលោក ជិន ប៊ុណ្ណារ័ត្ន គឺលោក ជូង ជូងី ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៥ ខែកញ្ញាថា មកដល់ពេលនេះ លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែម១ ដោយចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ»។ ចំពោះបទចោទនេះ លោកថា គឺស្ថិតក្នុងសំណុំរឿងជាមួយនឹងលោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ ពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)។
លោក ជូង ជូងី៖ «ខ្ញុំបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ តវ៉ានឹងការឃុំខ្លួនហ្នឹងព្រឹកមិញរួចហើយ យើងតវ៉ានឹងការឃុំខ្លួនដើម្បីទាមទារឱ្យដោះលែងគាត់មានសេរីភាពឡើងវិញ ហើយភស្ដុតាងយ៉ាងមិចយើងនឹងសិក្សាបន្តទៅទៀត»។
យ៉ាងណា ការចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្នកន្លងមកនេះ ក្នុងនាមលោកជាមេធាវី នៅមិនទាន់ឃើញដីកាចាប់ខ្លួនឡើយ ប៉ុន្តែពេលលោកទៅដាក់ពាក្យបណ្ដឹង គឺមានការបញ្ជាក់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យី សុខវួច ជាអ្នកបង្គាប់ឱ្យមានការចាប់ខ្លួនលោក ប៊ុណ្ណារ័ត្ន។
លោក ជូង ជូងី៖ «ខ្ញុំអត់ដឹងចាប់នៅណា ហើយមានដីកាអីទេ ប៉ុន្តែពេលដែលខ្ញុំទៅតុលាការ មានបញ្ជាក់មកថាចាប់តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ។ ខ្ញុំមិនបង្ហាញពីយល់ឃើញអីទេ ខ្ញុំគ្រាន់តែដើរតាមនីតិវិធីក្នុងនាមជាមេធាវីការពារសិទ្ធិឱ្យគាត់ហ្នឹង គឺនៅចំពោះមុខនេះ យើងត្រូវតវ៉ាពីការឃុំខ្លួនទាមទារឱ្យដោះលែងលោក»។
ចំណែកលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និយាយដែរថា មកដល់ពេលនេះ គ្រាន់តែដឹងថា លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែម១ ដូច្នេះចំពោះជំហររបស់គណបក្សជាបឋម មានតែជួយលោក ប៊ុណ្ណារ័ត្ន តាមរយៈការផ្ដល់ជាមេធាវីជួយការពារក្ដី។ ក្រៅពីការផ្ដល់មេធាវី លោកថា ជំហររបស់គណបក្សកម្លាំងជាតិ នឹងធ្វើការប្រមូលផ្ដុំគ្នា ដើម្បីការទាមទារឱ្យមានការដោះលែងទាំងប្រធានគណបក្ស និងសមាជិកគណបក្សផ្សេងទៀត ដែលត្រូវឃុំខ្លួន។
លោក រ៉ុង ឈុន៖ «ខ្ញុំបានបញ្ជាក់អ៊ីចឹង កាលដែលចោទញុះញង់ហ្នឹងយើងអត់ទាន់ដឹងអង្គហេតុ ដែលគាត់បញ្ជាក់ថាគាត់បានប្រព្រឹត្តអី យើងមើលទាក់ទងរឿងនេះកាលដែលទាក់ទងរឿងព័ត៌មាន រឿងអី គ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការបញ្ចេញមតិ ការឈឺឆ្អាលរឿងសង្គមអី វាមិនត្រូវដល់ថ្នាក់ចាប់ ឃាត់ខ្លួន ឃុំខ្លួនក្នុងពន្ធនាគារទេបាទ!»។
មួយវិញទៀត មុនឈានដល់ការចាប់ខ្លួន ឬឃុំខ្លួន លោកថា សមត្ថកិច្ចគួរតែមានបង្ហាញដីកា ដោយភ្ជាប់ជាមួយនឹងសកម្មភាពអ្វីដែលជនជាប់ចោទត្រូវមានទោសចាប់ខ្លួន ឬក៏ឃុំខ្លួន ខណៈករណីលោក ជិន ប៊ុណ្ណារ័ត្ន បែរជាជនស៊ីវិលមកចាប់ ដោយមិនបង្ហាញដីកាមកសាមីខ្លួន ឬក្រុមគ្រួសារឡើយ។ លើសពីនេះប្រសិនជាសមត្ថកិច្ចរកឃើញថា លោក ប៊ុណ្ណារ័ត្ន បានផ្សព្វផ្សាយអ្វីដែលធ្វើឱ្យមានការញុះញង់មែន គួរតែសមត្ថកិច្ចមានវិធានការអប់រំដល់លោក ប៊ុណ្ណារ័ត្ន សិន មុនឈានដល់ការឃុំខ្លួន។
លោក រ៉ុង ឈុន៖ «បើមិនទាន់ដឹងអីយើងគ្រាន់តែព័ត៌មានខ្លះ ហើយនាំខ្លួនដាក់ពន្ធនាគារ អាហ្នឹងវាមិនមែនជាវិធីដោះស្រាយទេ មិនជាដំណោះស្រាយទេ ហើយវាធ្វើឱ្យសង្គមកម្ពុជាយើងកាន់តែអាប់អន់ ហើយធ្វើឱ្យអន្តរជាតិ មើលមកសង្គមកម្ពុជាយើងហ្នឹងមិនផ្ដល់សិទ្ធិសេរីភាពជូនអ្នកនយោបាយ ក៏ដូចជាប្រជាពលរដ្ឋបានពេញលេញ ហើយប៉ះពាល់ដល់ដំណើរការវិនិយោគទេសចរណ៍អីសព្វបែបយ៉ាង និងប៉ះពាល់ដល់កម្ពុជា ប៉ះពាល់មុខមាត់កម្ពុជាយើង»។
ជុំវិញការឃុំខ្លួនលោក ជិន ប៊ុណ្ណារ័ត្ននេះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីតាមរយៈប្រព័ន្ធតេលេក្រាមថា ករណីនេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដោយជាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកចំពោះអង្គហេតុដែលធ្វើឱ្យលោក ជិន ប៊ុណ្ណារ័ត្ន ត្រូវជាប់ចោទពីបទនេះ គឺលោក អ៊ី រិន្ទ មិនបានធ្វើការអធិប្បាយឡើយ។
ប៉ុន្តែលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងដែរថា រាល់ការចាប់ខ្លួនសកម្មជននយោបាយ គឺតែងតែរងការរិះគន់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ ហើយការចាប់ខ្លួននោះទៀតសោត ច្រើនតែពាក់ព័ន្ធនឹងរឿងនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រឆាំង។ ដូច្នេះហើយការចាប់ខ្លួន ឬឃុំខ្លួនលោក ជិន ប៊ុណ្ណារ័ត្ននេះ តាមគ្រួសារ និងសាក្សី លោកថា សមត្ថកិច្ចមិនបានបង្ហាញដីកាត្រឹមត្រូវទៅកាន់ជនជាប់ចោទឡើយ។
លោក អំ សំអាត៖ «កាលណាចាប់ខ្លួនទៅលើមេដឹកនាំគណបក្ស ឬសកម្មជនគណបក្ស វាប៉ះពាល់ហើយទៅលើគណបក្សនយោបាយហ្នឹងក្នុងការធ្វើប្រតិបត្តិនៃសកម្មភាពបក្សនយោបាយរបស់ខ្លួន ហើយបើចាប់មេដឹកនាំគណបក្សវាមានផលប៉ះពាល់ខ្លាំងហើយ។ អ៊ីចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល យើងគ្រាន់តែថាអ្នកនយោបាយទាំងអស់សូមតម្កល់ឧត្តមប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំណា បញ្ហាអីគឺដោះស្រាយគ្នាតាមសន្តិវិធី ដោយការជជែក ការចរចាគ្នាទៅ»។
លោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាល និងជាមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពត ត្រូវបានជនស៊ីវិលចាប់ខ្លួន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោកចេញពីហាងអាហារមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រៅពីថ្នាក់ដឹកនាំមូលដ្ឋានរូបនេះ ត្រូវឃុំខ្លួន ក្នុងនោះក៏មានថ្នាក់ដឹកនាំផ្សេងទៀតនៅបក្សកម្លាំងជាតិត្រូវជាប់ពន្ធនាគារដែរ រួមមាន៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ស្ពឺ និងលោក គា វិសាល មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ចាម៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី