en     km
en     km

ស្រ្តី​ក្នុង​វិស័យ​នយោបាយ ​មាន​ចំនួន​តិច​ ប៉ុន្តែ​ពួកគេ​បន្ត​ទាមទារការ​លើក​កម្ពស់

Share

អង្គការសង្គមស៊ីវិលចំនួន៤ ដែលធ្វើការរួមគ្នា ក្នុងកម្មវិធីស្តីពី «ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត» បានបង្ហាញថានៅមានកង្វះសមភាពយេនឌ័រ និងខ្វះការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំគណបក្សក្នុងការបញ្ចូលសមភាពយេនឌ័រ។ ចំណែកស្ត្រីដែលកំពុងធ្វើនយោបាយ សុំឱ្យមានបន្ទប់សុវត្ថិភាពសម្រាប់អ្នកនយោបាយជាស្ត្រីក្នុងការបង្ហាញ និងគាស់កកាយពីទុកកង្វល់ដែលនាំឱ្យវត្តមានស្ត្រីកាន់តែធ្លាក់ចុះ។

កញ្ញា ងិន ស៊ាងលីម ជូនសេចក្ដីរាយការណ៍៖

តំណាងមកពីគណបក្សខ្មែររួបរួមជាតិ អ្នកស្រី គង់ ចន្ទម៉ាលីន បានលើកឡើងពីបញ្ហាយេនឌ័រដោយសារតែអ្នកស្រីក៏ជាអ្នករៀបចំនៅក្នុងការបោះឆ្នោត ឃុំសង្កាត់ដោយផ្ទាល់ អ្នកស្ត្រីបានមើលឃើញពីការលំបាកចំពោះស្ត្រីក្នុងការឈរលើលេខរៀងទី១ ហើយបើក្នុងករណីស្ត្រីបានឈរលើលេខរៀងទី១បាន គឺទាល់តែកន្លែងនោះចន្លោះទំនេរគ្មានវត្តមានរបស់បុរសដែលនេះហាក់បីជាការរើសអើង។ អ្នកស្រ្តីបានត្អូញត្អែរបែបនេះ ដើម្បីសួរថា តើបញ្ហានេះមានតែប្រទេសកម្ពុជា ឬមាននៅក្នុងសកលលោកជាទូទៅ? អ្នកស្រីលើកឡើងបែបនេះ ក្នុងកម្មវិធីកិច្ចសន្ទនាថ្នាក់ជាតិស្តីពី «ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត» នៅពេលដែលភាគីពាក់ព័ន្ធបានលើកពី កង្វះ​​ខាតសមភាពយេនឌ័រស្តី្រក្នុងការចូលរួមសកម្មភាពនយោបាយ។

អ្នកស្រី គង់ ចន្ទម៉ាលីន ជាតំណាងគណបក្សខ្មែររួបរួមជាតិ។     ប្រភពរូបភាពពីអង្គការខុមហ្វ្រែល

« អ៊ីចឹងនាងខ្ញុំគិតថាវាពិតជាលំបាកមែនទែននៅក្នុងការណ៍ដែលបុរសដែលគាត់លះបង់កន្លែងមួយហ្នឹងឱ្យទៅស្ត្រី។ ឧទាហរណ៍ដូចជាបងស្ត្រីមានប្រសាសន៍មុននេះអ៊ីចឹងថានៅពេលដែលចង់ធ្វើការរៀបចំលេខរៀងឆ្លាស ឧទាហរណ៍ថាបើសិនជាឱ្យស្ត្រីនៅក្នុងលេខរៀងទី១ពិបាកមែនទែន។ ពីលេខរៀងទី១ទៅលេខរៀងទី៣គឺស្ទើតែមិនអាចមានបេក្ខភាពជាស្ត្រីទេ អាហ្នឹងគឺជាអ្វីដែលនាងខ្ញុំធ្វើខ្លួនឯងហើយមានអារម្មណ៍មួយថាលំបាកមែនទែនរហូតដល់នាងខ្ញុំក៏មិនមែននាងខ្ញុំជាអ្នកឈរឈ្មោះដែរ។ ហើយនៅពេលមួយដែលស្ត្រីអាចឈរនៅលើកលេខរៀងទី១បានគឺដោយសារ​តែអត់មានវត្តមានបុរស។ »

ក្នុងកម្មវិធីដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មានបណ្តាសមាជិកគណបក្សជាច្រើនរូបបានចូលរួមជជែកពីបញ្ហាគំនាបស្រ្តីក្នុងនិស័យនយោបាយ និងការរកដំណោះស្រាយពីបញ្ហាដ៏តានតឹងទាំងនោះ ព្រមទាំងការធ្វើបង្ហាញរបាយការណ៍នៃការធ្លាក់ចុះនូវវត្តមានស្រ្តីក្នុងវិស័យនយោបាយក្នុងនីតិកាលទី៧ ផងដែរ។

ចំពោះបញ្ហាដែលអ្នកស្រី គង់ ចន្ទម៉ាលីន បានលើកពីភាពលំបាក អាចជាកត្តាមួយដែលធ្វើឱ្យវត្តមានស្ត្រីក្នុងជួរតំណាងរាស្ត្រធ្លាក់ចុះ។ បន្ថែមពីនេះ អ្នកស្រី ស៊ុម សាម៉ុន មន្ត្រីអង្គការអភិវឌ្ឍស្ត្រីក្រីក្រ UWPD ក៏បានលើកឡើងពីទុក្ខកង្វល់របស់ស្ត្រីជាច្រើនដែលប្រឈម នឹងសម្ពាធក្នុងវិស័យនយោបាយ ប៉ុន្តែមិនអាចនិយាយចេញមកបាន។ ពេលខ្លះស្ត្រីមានតែតំណែង មានតែឈ្មោះ ប៉ុន្តែពុំមានសិទ្ធក្នុងការសម្រេចអ្វីឡើយ។ ដូច្នេះអ្នកស្រីស្នើឱ្យអ្នកធ្វើការលើរឿងនេះ ពិសេសអ្នកធ្វើការជិតដិតជាមួយស្ត្រីរកវិធីបែបណា ដើម្បីលើកទឹកចិត្តដល់ស្ត្រីដែលឈរឈ្មោះហ៊ានបញ្ចេញនូវកង្វល់របស់ខ្លួន។

អ្នកស្រី ស៊ុម សាម៉ុន មន្ត្រីអង្គការអភិវឌ្ឍស្ត្រីក្រីក្រ UWPD។          ប្រភពរូបភាពពីអង្គការខុមហ្វ្រែល

«ប៉ុន្តែខ្ញុំចង់និយាយថាអ្វីដែលខ្ញុំធ្វើការជាមួយស្ត្រីហើយខ្ញុំធ្វើការជាមេភូមិ មេឃុំ មេខណ្ឌៗដែលជាស្ត្រីខ្ញុំអង្គុយជជែកជាមួយគាត់លេងមិនមែនជាផ្លូវការទេគឺលេចឡើងនៅកង្វល់របស់គាត់ហើយគាត់អត់ហ៊ាននិយាយហ្មង។ ខ្ញុំចង់សួរថា តើខុមហ្វ្រែល(comfrel) អ្នកធ្វើការខាងស្ត្រីក្នុងនយោបាយហ្នឹង តើមានយុទ្ធសាស្ត្រយ៉ាងម៉ែច? គាស់ឱ្យស្ត្រីដែលបានជាប់ឈ្មោះហ្នឹងឱ្យមានភាពក្លាហ៊ានក្នុងការបញ្ចេញកង្វល់ខ្លួនឯងហ្នឹងប្រាប់ទៅដល់អ្នកដទៃ ប្រាប់ទៅដល់បុរសដែលគាត់ឈរឈ្មោះហ្នឹង។»

ទន្ទឹមនឹងនោះ  អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ដែលធ្វើការលើរឿងនេះ ដែលទទួលបានការរាយការណ៍ច្រើនផងនោះ បានបង្ហាញពីការឈឺចាប់ចំពោះការរើសអើងលើស្ត្រី ដ្បិតកន្លងមកលោកស្រីផ្ទាល់ក៏បានមើលឃើញពីភាពចន្លោះឆកល្វែងលើករណីនេះ។ តាមការសិក្សាអ្វីដែល ខមហ្វ្រេល (Comfrel) និងអង្គការសង្គមស៊ីវិល៣ចំនួនទៀតរួមមាន អង្គការសីលការ អង្គការយេនឌ័រ និងអភិវឌ្ឃន៍ដើម្បីកម្ពុជា និងអង្គការបន្ទាយស្រី បានធ្វើយ៉ាងដិតដល់ជាមួយ គណបក្សទាំងអស់ ពិសេសនៅអំឡុងពេលបោះឆ្នោត រកឃើញថាគឺស្ត្រីពិតជារងការរើសអើងជាខ្លាំង ហើយកាន់តែខ្លាំងទៀតនោះនៅពេលដែលស្ត្រីចង់ឈរនៅលេខរៀងទី១។

លោកស្រី សឺន កេតសិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។    ប្រភពរូបភាពពីអង្គការខុមហ្វ្រែល

« យើងដឹងព័ត៌មានហ្នឹងច្រើនមែនទែន ហើយដែលគាត់រាយការណ៍មកយើងហើយយើងលើកឡើងមកមិញថា មានការរើសអើងហ្នឹងគឺមានការរើសអើងកាន់តែខ្លាំងនៅពេលដែលស្ត្រីចង់ឈរនៅលេខរៀងទី១ បុរសហ្នឹងគាត់អត់ចង់ទៅកន្លែងហ្នឹងបានដាក់ស្ត្រីទៅក្នុងលេខរៀងទី១។ ខ្ញុំលើកឧទារណ៍កន្លងមក ដាក់ស្ត្រីទៅឈរឈ្មោះជាតំណាងរាស្ត្រនៅក្នុងខេត្តមណ្ឌលគិរីដែលមានតែ១អាសនៈ ឬរតនៈគិរី១អាសនៈ ឬគណបក្សផ្សេងៗ ហើយគាត់តែមកប្រាប់ពួកយើងថា អឺ! គាត់បានធ្វើតាមដាក់(Commit) ឆន្ទៈដាក់ស្ត្រីច្រើន។ ប៉ុន្តែគាត់អត់បានសិក្សាថា តើគណបក្សគាត់ហ្នឹងនៅទីហ្នឹង ទៅហ្នឹងអាចជោគជ័យឬអត់? ដល់ពេលដាក់ស្ត្រីៗគាត់បដិសេដថាអត់ទៅទេ ព្រោះគាត់មើលឃើញអ៊ីចឹង ថាស្ត្រីហ្នឹងនៅពេលគេលើកតំណែងឱ្យឈរលើលេខរៀងទី១ អត់ព្រមឈរទេឃើញទេ! គេឱ្យធ្វើធំអត់ព្រមធ្វើទេ។ ដល់ពេលស្ត្រីហ្នឹងគាត់ព្រមទៅពេលគណបក្សហ្នឹងចាញ់ឆ្នោតអត់បានអាសនៈទីហ្នឹង ដោយសារខ្លួនដាក់ស្ត្រីនៅលើកលេខរៀងទី១ នឹងហើយធ្វើឱ្យគណបក្សរបស់ខ្លួនចាញ់ឆ្នោតអានេះជាការបន្ទោសពីរបីតង់។»

ក្នុងនាមជាអតីតសមាជិកគណបក្សនយោបាយមួយរូបដែលក្នុងគណបក្សកាលនោះមានតែស្ត្រីតែម្នាក់គត់ អ្នកស្រី គង់ ចន្ទម៉ាលីន បានលើកឡើងក្នុងកិច្ចសន្ទនាចុងក្រោយថា នៅពេលដែលខ្លួនជួបនូវការឈឺចាប់ ការគាបសង្កត់ ការរើសអើង និងបញ្ហាជាច្រើនទៀត អ្នកស្រីធ្លាប់ចង់បោះបង់ចោល។ ប៉ុន្តែដោយយល់ឃើញថា បើបោះបង់ចោល​ តើសំឡេងរបស់ស្ត្រីរាប់លាននាក់នៅក្នុងប្រទេសកម្ពុជា អ្នកណាជាអ្នកនិយាយជំនួស? អ្នកស្រីចោទជាសំណួរសួរខ្លួនឯងបែបនេះ ដើម្បីលើកទឹកចិត្តខ្លួនឯង។ យ៉ាងណាក្នុងវេទិការនេះ អ្នកស្រីបានស្នើសុំដល់អង្គការ ឬអង្គទូតនានា ឱ្យបង្កើត បន្ទប់សុវត្ថិភាពមួយសម្រាប់ស្ត្រីក្នុងវិស័យនយោបាយ ដើម្បីឱ្យស្ត្រីហ៊ានបញ្ចេញទុក្ខកង្វល់របស់ខ្លួន ឬការគាបសង្កត់តាមរយៈរូបភាពនានា ខណៈដែលក្រសួងកិច្ចការនារីក៏ចង់ឱ្យមានបន្ទប់សុវត្តិភាពនេះដែរ។

«អ៊ីចឹងសម្រាប់សំណូមពររបស់ខ្ញុំ បើសិនជាអាចខ្ញុំសំណូមពរអ្នកដែលនៅទីនេះ អង្គការ ឬក៏ស្ថានប័ន ឬក៏អង្គទូតដែលនៅទីនេះ ខ្ញុំសំណូមពរថា សូមអាចបង្កើតនូវបន្ទប់សុវត្ថិភាពសម្រាប់ស្ត្រីក្នុងវិស័យនយោបាយ ដោយសារតែខ្ញុំចង់និយាយថានៅពេលដែលខ្ញុំជួបនូវការលំបាក ឬក៏ការឈឺចាប់ ឬមួយក៏ធ៊អ្វីដែលខ្ញុំអាចបញ្ចេញអាសំឡេងហ្នឹងអ្ហាៈ! ខ្ញុំចង់បញ្ចេញទៅនរណាម្នាក់អាចស្តាប់ ឬមួយក៏គាត់អាចយល់ថា អ្វីដែលខ្ញុំចង់និយាយព្រោះខ្ញុំមិនអាចយករឿងហ្នឹងទៅប្រាប់គ្រួសារខ្ញុំ ប្តីខ្ញុំ បងប្អូនខ្ញុំ ម្តាយឱពុកខ្ញុំបានទេ។ អាចអត់? ផ្តល់យោបល់ ឬមួយក៏ជាអ្នកស្តាប់ដ៏ល្អមួយសម្រាប់ខ្ញុំ ឱ្យនៅពេលដែលខ្ញុំស្តាប់ហើយមានអារម្មណ៍មួយថាខ្ញុំបានធូរស្បើយ កុំឱ្យខ្ញុំមានអារម្មណ៍មួយថាពេលជួបបញ្ហាខ្ញុំចង់បោះបង់ចោលទៀត។»

របាយការណ៍នៃការផ្តល់អំណាចនយោបាយដល់ស្ត្រី និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បង្ហាញថា«យោងតាមលទ្ធផលផ្លូវការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រកាស ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មានការកើនឡើងចំនួនបេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោត សម្រាប់នីតិកាលទី៧ ដែលជាការប្រែប្រួលវិជ្ជមានគួរឱ្យកោតសរសើរ។»  តែជាក់ស្តែងអ្វីដែល Comfrel និងអង្គការសង្គមស៊ីវិលទាំងបី បានរកឃើញក្នុងរបាយការណ៍នេះ គឺបេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣នេះមានចំនួនសរុប ៥២៣ នាក់ ស្មើនឹង ៣២,៤% នៃបេក្ខជនស្ត្រី-បុរស សរុប ១.៦១៤នាក់នៃគណបក្សប្រកួតប្រជែងទាំង១៨ គឺ កើន ចំនួន ៧,២% ធៀបនឹងនីតិកាលទី៦ ឆ្នាំ២០១៨ មានតែ ២៥,២% ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ចំនួននិងភាគរយសរុបនៃបេក្ខជនស្ត្រី និងបេក្ខជនបុរស នៅមាន គម្លាតគ្នាឆ្ងាយ គឺ បេក្ខជនស្ត្រី មានចំនួន ៥២៣នាក់ ស្មើនឹង ៣២,៤% ខណៈដែលបេក្ខជនបុរសមានដល់ទៅ ១.០៩១នាក់ ស្មើនឹង ៦៧,៦%។ លោកស្រី សឺន កេតសិរីលក្ខណ៍ ក៏បានលើកឡើងពីលទ្ធផលនៃការសម្ភាសន៍បេក្ខជនទាំងស្ត្រីនិងបុរស និងតំណាងគណបក្សក្នុងឆ្នាំ២០២៣។  លទ្ធផលសម្ភាសន៍បង្ហាញថា បក្សនយោបាយចំនួន៥ ក្នុងចំណោម៦បាននិយាយថា មានសកម្មភាពស្ត្រីដែលធ្វើកិច្ចការនយោបាយក្នុងគណបក្សមានសមភាពស្តី្រ៥២% ដែលនេះផ្ទុយពីអ្វីដែលបានរកឃើញក្នុងរបាយការណ៍។

«ក្នុងគណបក្សហ្នឹង! យើងឃើញថាមាន៥គណបក្សដែលនិយាយថាលោកមានសកម្មជនស្ត្រីដែលអ្វីកិច្ចការនយោបាយនៅក្នុងគណបក្សហ្នឹងមានស្ត្រីទៅដល់៥២% (ចន្លោះពី៤៥% ដល់៨១% ខណៈដែលសកម្មជនស្ត្រី-បុរសហ្នឹងជាសរុបហ្នឹងមានតែ៤៨%ទេ។ អ៊ីចឹងចំណុចនេះបង្ហាញឱ្យយើងឃើញថា ការណ៍ដែលគណបក្សត្អូញត្អែរកន្លងមកថា ពិបាករកស្ត្រីណាស់ ហើយគ្មានស្ត្រីគ្រប់គ្រាន់ទេ វាផ្ទុយនូវអ្វីដែលយើងបានរកឃើញថាចំនួនស្ត្រីដែលមានក្នុងគណបក្សនយោបាយ គាំទ្រ ឬមួយធ្វើសកម្មភាពជាមួយគណបក្សនយោបាយមានច្រើន ហើយអាចមានលទ្ធភាពក្នុងការឈរឈ្មោះផងដែរចាស!»

ក្នុងនោះផងដែរ​ Comfrel និងអង្គការសង្គមស៊ីវិលទាំងបីរទៀត បានរកឃើញថា នៅកម្ពុជា ស្ត្រីបានចូលរួមក្នុងកិច្ចការនយោបាយ ការបោះឆ្នោតយ៉ាងសកម្មទាំងសំឡេងនិងសកម្មភាពពីមួយអាណត្តិទៅមួយអាណត្តិនៅទស្សវត្សរ៍ចុងក្រោយនេះ។ ផ្ទុយទៅវិញចំនួនស្ត្រីជាប់ឆ្នោតមានការថយចុះជាបន្តបន្ទាប់រាប់ចាប់តាំងពីនីតិកាលទី៥ រហូតមកដល់នីតិកាលទី៧ ឆ្នាំ២០២៣។ចំណែកចំនួនបេក្ខជន ស្ត្រីនិងបុរសនៅមានគម្លាតគ្នាឆ្ងាយ បើទោះបីចំនួនបេក្ខជនស្ត្រីមានការកើនឡើងសម្រាប់នីតិកាលទី៧នេះក៏ដោយ។

គណបក្សទាំងពីរដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោត និងទទួលបានអាសនៈច្រើនក្នុងនីតិកាលទី៧នេះ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរបាយការណ៍ខាងលើចាត់ទុកថា អ្នកដឹកនាំគណបក្សទាំងពីរនេះនៅខ្វះការប្តេជ្ញាចិត្តខ្ពស់ និងខ្វះគោលនយោបាយរួមទាំងថវិកាដែលបម្រុងទុកក្នុងការបង្កើនសមភាពយេនឌ័រ ក្នុងវិស័យនយោបាយ និងតួនាទីសម្រេចចិត្ត ដោយបានដាក់បេក្ខជនស្ត្រីឈរឈ្មោះមានភាគរយតិច ហើយបេក្ខជនស្ត្រីភាគច្រើនឈរឈ្មោះនៅលេខរៀងខាងក្រោមនៅក្នុងបញ្ជីឈរឈ្មោះគណបក្សរបស់ខ្លួន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ចំពោះរបាយការណ៍ធ្លាក់ចុះនៃវត្តមានស្ត្រីក្នុងវិស័យនរយោបាយនេះ លោកស្រី ចេង ជិនណេត ប្រធាននាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារីបានលើកឡើងក្នុងទស្សនៈផ្ទាល់ខ្លួនថា របាយការណ៍នេះជាតថភាពមួយដែលស្ត្រីមានចំនួនតិចមិនអាចប្រកែកបាន។ ថ្វីត្បិតថា ស្ត្រីមានចំនួនតិចតែលោកស្រីហាក់ពុំទាន់អស់សង្ឃឹមទេ ព្រោះលោកស្រីថាចំនួនមិនមែនក្តីកង្វល់ ដ្បិតចំនួនតិចពុំមែនមានន័យថាបញ្ហារបស់មនុស្សស្រីត្រូវបានគេទុកចោលដែរ។

« អ៊ីចឹងមានន័យថាចំនួនវាមិនមែនបង្ហាញ ឬក៏ជាក្តីកង្វល់របស់យើងគេហៅថាសុញ ឬអស់សង្ឃឹមទេ។ ខ្ញុំគិតថាប្អូនមានគេហៅថា ការគិតដូចខ្ញុំមួជ្រុងដែរ។ មួយទៀតចំនួនតិចក៏មិនមែនមានន័យថាបញ្ហារបស់ស្ត្រីមិនត្រូវបានលើកមកជជែក មិនត្រូវបានលើកមកដោះស្រាយដែរ។»

លោកស្រីបន្តថា សង្គមជាតិត្រូវការសមភាពយេនឌ័រ​ ដើម្បីសុខុមាលភាព និងសុភមង្គល ដូច្នេះបញ្ហារបស់ស្ត្រីមិនត្រូវបានទុកចោលនោះទេ។

«មិនមានវត្តមានស្ត្រីមិនមែនមានន័យថា និយាយម្តងទៀត មិនមែនមានន័យថាមិនមាន Gender Equality (សមភាពយេនឌ័រ) ប៉ុន្តែមិនមែនមានន័យថាយើងទុកចំនួន Half all the world នៅខាងក្រោយទេ។ យើងត្រូវការឱ្យភេទទាំងពីរ ត្រូវការឱ្យមានសមភាពយេនឌ័រ ដើម្បីសុខុមាលភាព ដើម្បីសុភមង្គលនៅក្នុងសង្គមយើង»៕

 

Share

ព័ត៌មានទាក់ទង

Image