លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រឈមនឹងការចាប់ខ្លួន ប្រសិនជាវិលចូលស្រុកវិញ ក្រោយពីលេចឡើងនូវដីការបស់តុលាការខេត្តរតនគិរី ដែលបង្គាប់ឱ្យចាប់ខ្លួនលោក។ ប៉ុន្តែមេបក្សរូបនេះ អះអាងថា រាល់សកម្មភាព និងសារនយោបាយរបស់ខ្លួនកន្លងមក គឺមិនមានការញុះញង់ទាក់ទងនឹងគម្រោង CLV ឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
ការអះអាងរបស់មេបក្សរូបនេះ បន្ទាប់ពីមានស្ថាប័នសារព័ត៌មានមួយចំនួនដែលមានទំនោរខាងរាជរដ្ឋាភិបាល បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញានេះថា តុលាការខេត្តរតនគិរី ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើងការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV)។ ការចាប់ខ្លួននោះ គឺមានដីការបស់តុលាការខេត្តរតនគិរី ដែលចេញតាំងពីខែកញ្ញា ឆ្នាំ២០២៣ ខណៈមូលហេតុនៃចាប់ខ្លួននេះ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីខែសីហា ឆ្នាំ២០២៣។
ក្នុងដីកាដដែល បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ស្រាវជ្រាវរកជនជាប់ចោទ ដើម្បីនាំខ្លួនមកបង្ហាញចំពោះមុខចៅក្រមស៊ើបសួរ និងបង្គាប់ឱ្យប្រធានពន្ធនាគារ ត្រូវឃុំខ្លួនជនត្រូវចោទនេះផងដែរ។
ភ្លាមៗក្រោយពីលេចចេញនូវដីកាចាប់ខ្លួននេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ចេញវីដេអូបំភ្លឺនៅយប់ថ្ងៃទី៣ ខែកញ្ញាថា ដីការបស់តុលាការខេត្តរតនគិរី ដែលបង្គាប់ឱ្យចាប់ខ្លួនរូបលោកនេះ គឺធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០២៣កន្លងមក ហើយដីកានេះដែរ ក៏ធ្វើឡើងតាំងពីលោកមិនទាន់បង្កើតគណបក្សជំនាន់ថ្មី។ ដូច្នេះរហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានរយៈមួយឆ្នាំហើយចំពោះដីកាចាប់ខ្លួនលោក ខណៈមានស្ថាប័នសារព័ត៌មានមួយចំនួនដែលមានទំនោរខាងរាជរដ្ឋាភិបាល បានយកទៅចែកចាយ និងចុះផ្សាយ ដោយភ្ជាប់នឹងករណីគម្រោង CLV។
ម្យ៉ាងវិញទៀត ប្រសិនជាចង់ចាប់ខ្លួនលោក តុលាការខេត្តរតនគិរី ក៏គួរតែឱ្យលោកបានដឹង និងមានឱកាសរកមេធាវីតទល់ ចំពោះបទចោទ «ញុះញង់» ដែលតុលាការចេញកាលពីឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសកម្មភាពលោកចេញវីដេអូនិយាយអំពីចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាមនៅលើទឹកដីខេត្តរតនគិរី ដែលពលរដ្ឋខ្មែរបានទៅធ្វើការ ប៉ុន្តែទទួលបានប្រាក់ឈ្នួលតិចជាងកម្មករវៀតណាម។
លោក មាជ សុវណ្ណារ៉ា៖ «វារឿងតាំងពីណាពីណីមក អត់មានពាក់ព័ន្ធនឹង CLV អីទេ គឺរឿងតាំងពីខែសីហា ឆ្នាំ២០២៣ វាមួយឆ្នាំជាងហើយ ហើយទើបមកឆ្កឹះដីកា ហើយអ្វីដែលខ្ញុំមិនយល់ទៅទៀត ខ្ញុំវាអត់យល់ត្រង់ថាបើមានដីកាចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ហេតុអ្វីបានឱ្យខ្ញុំបើកគណបក្សនយោបាយ? ហើយឱ្យខ្ញុំបានច្បាប់ពេញលេញក្រោយពីសមាជនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ និងទទួលបានក្នុងនាមជាប្រធានគណបក្សស្របច្បាប់មួយពីក្រសួងមហាផ្ទៃនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤»។
លើសពីនេះទៅទៀត លោកអះអាងថា បន្ទាប់ពីទទួលសិទ្ធិស្របច្បាប់ជាប្រធានបក្ស គឺលោកបានដើរធ្វើសកម្មភាពក្នុងការពង្រីកគណបក្ស និងសម្ពោធស្នាក់ការគណបក្សនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្នុងពេលនោះតុលាការខេត្តរតនគិរី មិនបានចាប់លោកឡើយ ទើបមកដល់ពេលនេះ លោកមានបំណងចូលប្រទេសវិញ បែរជាមានដីកាចាប់ខ្លួនលោក ខណៈលោកចោទជាសំណួរថា ហេតុអ្វីបានជាតុលាការខេត្តរតនគិរី ទើបតែរំលេចការចាប់ខ្លួនលោកនៅពេលនេះ?
លោក មាជ សុវណ្ណារ៉ា៖ «ក្រោយពីព្រឹត្តិការណ៍ចេញនេះ តើឃើញសារនយោបាយខ្ញុំពាក់ព័ន្ធទៅនឹងអ្វីដែលខ្ញុំញុះញង់ទេ រឿងអតីតកាល រឿងប្រវត្តិសាស្ត្រមួយឆ្នាំមុន វាជារឿងពិត ដែលកម្មករខ្មែរគាត់បញ្ជាក់ប្រាប់ខ្ញុំពេលដែលខ្ញុំទៅធ្វើការសិក្សាស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍នៅតំបន់ភូមិភាគឦសានតាំងពីខែសីហា ឆ្នាំ២០២៣ ហើយដីកាចេញថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ អ៊ីចឹងសុំឱ្យទូរទស្សន៍អប្សរា ក៏ដូចជាទូរទស្សន៍BTV និងបាយ័ននោះដែលជាទូរទស្សន៍របស់គណបក្សប្រជាជន គណបក្សកាន់អំណាចនោះ គឺត្រូវនិយាយអ្វីចែងធ្វើឱ្យដាច់ ហើយមើលដីកាផង»។
ជុំវិញរឿងនេះ លោក កែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៤ ខែកញ្ញាថា លោកបដិសេធមិនបកស្រាយចំពោះករណីលោក មាជ សុវណ្ណារ៉ា ដោយសារមិនច្បាស់អំពីករណីនេះ ដោយលើកឱ្យទៅសួរលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីវិញ។
លោក កែវ ភក្ដី៖ «មានដីកាបង្គាប់ឱ្យចាប់ខ្លួនខ្ញុំក៏មិនច្បាស់ដែរបង អាចសុំទាក់ទងខាងតុលាការ ខាងចៅក្រម អ្នកនាំពាក្យខាងសាលាដំបូងវិញ អាហ្នឹងបានគាត់អាចដឹង ឬយ៉ាងមិចជាងអ៊ីចឹងបង ព្រោះខ្ញុំអ្នកនាំពាក្យអយ្យការ អ៊ីចឹងហើយខាងសាលាដំបូងដឹងរឿងហ្នឹងច្រើនជាងច្បាស់លាស់ជាងអ៊ីចឹងណាបង ខ្ញុំមិនច្បាស់ទេបង»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ជាច្រើនដង មកដល់ពេលនេះមិនមានការឆ្លើយតបឡើយ។
លោក មាជ សុវណ្ណារ៉ា ធ្លាប់ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំនៅខេត្តបន្ទាយមានជ័យ ហើយលោកក៏ធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើក ពាក់ព័ន្ធនឹងរឿងនយោបាយ។ លើកទី១ លោកជាប់ពន្ធនាគារ ដោយសារការដឹកនាំចលនាកូដកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ និងលើកទី២ លោកក៏ទទួលរងបទចោទដដែលពីតុលាការផងដែរ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី