ភរិយាលោក ជិន ប៊ុណ្ណារ័ត្ន និងគណបក្សកម្លាំងជាតិ កំពុងស្រាវជ្រាវរកជនស៊ីវិលដែលចាប់ខ្លួនលោក ខណៈការស្រាវជ្រាវដល់ស្នងការនគរបាលរាជធានីភ្នំពេញ តែត្រូវបានស្នងការបដិសេធថាមិនបាននាំខ្លួនលោក ប៊ុណ្ណារ័ត្ន ឡើយ។ ទោះជាយ៉ាងណាការចាប់ខ្លួននេះ គណបក្សកម្លាំងជាតិចាត់ទុកថា ជាការគំរាមកំហែង និងបំភិតបំភ័យដល់គណបក្សប្រឆាំង ប៉ុន្តែគណបក្សកាន់អំណាច ច្រានចោលការលើកឡើងរបស់គណបក្សកម្លាំងជាតិ ដោយអះអាងថា រាល់ការចាប់ខ្លួនមន្ត្រីម្នាក់ៗក្នុងបក្សនេះ គឺធ្វើឡើងតាមច្បាប់ត្រឹមត្រូវ។ លោក គីម ចាន់ចាវ រាយការណ៍
លោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាល និងជាមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពត ត្រូវបានជនស៊ីវិលមួយក្រុមចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោកចេញពីហាងអាហារមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ (NPP) ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣ ខែកញ្ញាថា មកដល់ពេលនេះ លោកមិនទាន់ដឹងថា លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខាងណាចាប់ខ្លួននៅឡើយទេ ខណៈលោកកំពុងសហការជាមួយក្រុមគ្រួសារលោក ប៊ុណ្ណារ័ត្ន និងសហការីគណបក្សកម្លាំងជាតិផ្សេងទៀត ដើម្បីស្រាវជ្រាវរកជនដែលមកចាប់ខ្លួននេះ។ ទោះជាយ៉ាងណា ការចាប់ខ្លួននេះបើគិតតាមផ្លូវច្បាប់ លោកថា មិនត្រឹមត្រូវនោះទេ ពីព្រោះមិនមានបង្ហាញដីកាចាប់ខ្លួន ហើយជនដែលមកចាប់ បានស្លៀកពាក់ស៊ីវិល ដោយមិនបានស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចឡើយ។
ដោយមិនដឹងពីមូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះ ប៉ុន្តែអ្នកនាំពាក្យគណបក្សកម្លាំងជាតិ សន្និដ្ឋានថា លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានជនស៊ីវិលចាប់ខ្លួន អាចពាក់ព័ន្ធនឹងលោកជាប្រធានក្រុមការងារគណបក្សកម្លាំងជាតិប្រចាំខេត្តកំពត ប៉ុន្តែសកម្មភាពរបស់លោក ប៊ុណ្ណារ័ត្ន ថ្មីៗនេះ ក៏មិនបានប្រព្រឹត្តខុសប្រក្រតីអ្វីដែរ គឺលោកធ្វើស្របទៅតាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងស្របតាមច្បាប់គណបក្សនយោបាយ ហើយនិងស្របទៅតាមរដ្ឋធម្មនុញ្ញ។ ដូច្នេះលោកមុន្នីអះអាងថា រាល់សកម្មភាពរបស់គណបក្សប្រឆាំង តែងតែអនុវត្តទៅតាមច្បាប់ជានិច្ច ដោយមិនធ្វើសកម្មភាពប្រាសចាកច្បាប់ជាតិឡើយ។
លោក ជា មុនី ៖ «ប៉ុន្មានឆ្នាំកន្លងមកនេះ ការចាប់សុទ្ធតែមិនបង្ហាញដីកាច្បាស់លាស់ ចាប់មិនដឹងថាអ្នកណាជាអ្នកចាប់ អត់មានឯកសណ្ឋានអីត្រឹមត្រូវ បង្ហាញពីស្ថាប័នពាក់ព័ន្ធទេ។ អ៊ីចឹងអ្វីដែលយើងឃើញទាំងអស់គ្នា ការចាប់យុវជនក្ដី ការចាប់ឥស្សរជនគណបក្សនយោបាយក្ដី គឺមិនបានប្រតិបត្តិទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញដែលបានចែងទេបាទ!»។
ចំណែកភរិយាលោក ជិន ប៊ុណ្ណារ័ត្ន គឺអ្នកស្រី ស៊ីវ សុភា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា បន្ទាប់ចេញពីកន្លែងបរិភោគអាហារមួយស្ថិតក្នុងខណ្ឌមានជ័យ ស្វាមីអ្នកស្រី ត្រូវជនស៊ីវិលដែលចុះពីឡានម៉ាកព្រូស(PRIUS)ពណ៌ខ្មៅ និងមានអ្នកជិះម៉ូតូអមចំនួន ៥គ្រឿង ចុះមកចាប់ដោយគ្មានបង្ហាញដីកាអ្វីឡើយ។
អ្នកស្រី ស៊ីវ សុភា៖ «គ្រួសារខ្ញុំគាត់ញ៉ាំបាយ ដល់ហើយគាត់ចេញទៅក្រៅ គ្រាន់តែដើរចេញប្រហែល ៥នាទី ក៏មានម៉ូតូ ៥គ្រឿង និងឡានមួយបង ចាប់គាត់ណាបង គាត់អត់ធ្វើអីទេបងគ្រាន់តែគាត់នៅខាងគណបក្សកម្លាំងជាតិអ៊ីចឹងណាបង វាហួសហេតុពេកបង ព្រោះអីអត់ដីកាអត់អីទាំងអស់ មកដល់ចាប់យកតែម្ដង អត់មានដីកាអីៗមកដល់គ្រួសារអត់មានទេបង»។
បើតាមអ្នកស្រី សុភា មកដល់ពេលនេះ អ្នកស្រី និងសហការីបក្សកម្លាំងជាតិ កំពុងស្រាវជ្រាវដំណឹងលោក ប៊ុណ្ណារ័ត្ន នៅអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែស្នងការ បដិសេធថា ស្វាមីអ្នកស្រីមិនមានវត្តមាននៅក្នុងស្នងការឡើយ។
ក្រោយពីមានការចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្នមក គណបក្សកម្លាំងជាតិ ចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៣ ខែកញ្ញានេះថា សូមដោះលែងលោក ប៊ុណ្ណារ័ត្ន ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីព្រោះការចាប់ខ្លួននេះ ជាការរឹតត្បិតសេរីភាពអ្នកនយោបាយ និងបំភិតបំភ័យគណបក្សកម្លាំងជាតិ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួន លោក ជិន ប៊ុណ្ណារ័ត្ន គឺជាការគំរាមគំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ជុំវិញការចាប់ខ្លួននេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលចំពោះសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដែលថាគណបក្សកាន់អំណាច មានការរឹតត្បិត គំរាមគំហែងអ្នកនយោបាយមកពីគណបក្សកម្លាំងជាតិ ពីព្រោះមិនមានតែគណបក្សកម្លាំងជាតិនោះទេ ដែលជាគណបក្សប្រឆាំង មានគណបក្សប្រឆាំងជាច្រើនផ្សេងទៀតនៅកម្ពុជា។ ដូច្នេះលោកជឿទៅលើសមត្ថកិច្ចរាល់ការចាប់ខ្លួនមួយៗ សុទ្ធតែមានច្បាប់ទម្លាប់ត្រឹមត្រូវ មានហេតុផលច្បាស់លាស់ មុនធ្វើការចាប់ខ្លួនបុគ្គលមកពីគណបក្សកម្លាំងជាតិ ពីព្រោះបើបុគ្គលនោះមិនធ្វើខុសច្បាប់ ក៏សមត្ថកិច្ចមិនធ្វើការចាប់ខ្លួនផ្ដេសផ្ដាសឡើយ។
លោក សុខ ឥសាន្ត៖ «បុគ្គលម្នាក់ៗមន្ត្រីនៅក្នុងគណបក្សគាត់ហ្នឹងប្រសិនណាបើមិនប្រព្រឹត្តល្មើសច្បាប់នោះទេ ក៏គ្មានពិរុទ្ធភាព ហើយបើគ្មានពិរុទ្ធភាពនោះទេ ក៏គ្មានការចោទប្រកាន់ពីតុលាការដែរ បើអ៊ីចឹងទេគ្នាគាត់ប៉ុន្មានរយនាក់ហ្នឹងគេចាប់អស់ហើយ វាមានបុគ្គលខ្លះជ្រុលនិយមទៅ មិនមែនស្ថិតត្រឹមការសម្ដែងមតិ តែជ្រុលហួសព្រំដែននៃការសម្ដែងមតិ អាហ្នឹងវាមានបញ្ហាចោទចំពោះផ្លូវច្បាប់ហើយ។ អ៊ីចឹងយើងដឹងហើយរដ្ឋធម្មនុញ្ញមាត្រា៣១ មាត្រា៤១ ជំពូកទី៣ គេបានចែងច្បាស់ហើយគេមានព្រំខណ្ឌគេបើកទូលាយឱ្យយើងមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែកុំឱ្យប៉ះពាល់គេឯងអ៊ីចឹងណា ខ្ញុំជឿជាក់សមត្ថកិច្ច ក៏ដូចជាតុលាការគេមិនធ្វើតែពាសតែពាលទេបាទ!»។
បើតាមលោក ជា មុនី គិតមកដល់ពេលនេះ គណបក្សកម្លាំងជាតិបង្កើតឡើងមិនទាន់ដល់មួយឆ្នាំឡើយ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្ស ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមាន៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ស្ពឺ លោក គា វិសាល មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ចាម និងចុងក្រោយនេះ លោក ជិន ប៊ុណ្ណារ័ត្ន មន្ត្រីជាន់ខ្ពស់ប្រចាំខេត្តកំពត។
លោក ជា មុនី៖ «ខ្ញុំគ្រាន់តែចាត់ទុកថា យើងតែងតែនិយាយថាប្រទេសមានច្បាប់ អ៊ីចឹងសុំឱ្យការអនុវត្តច្បាប់ឱ្យស្មើភាពគ្នាទៅឱ្យស្មើភាពគ្នា ហើយបើតាមផ្លូវច្បាប់អនុវត្តមិនបានស្មើភាពគ្នាទេ គឺវាក្លាយទៅជាអនាធិបតេយ្យហើយ អ្នកណាចង់ធ្វើអីក៏ធ្វើទៅ។ គ្រាន់តែខ្ញុំមើលឃើញអ៊ីចឹង អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ អនុវត្តឱ្យបាបស្មើភាពគ្នា កុំមានការលម្អៀង បើកាលណាអនុវត្តច្បាប់មិនស្មើភាព មានការលម្អៀងហើយ ប្រទេសពិបាកទទួលបានសេរីភាព និងសន្ដិភាពណាស់»។
ជុំវិញការចាប់ខ្លួនមន្ត្រីបក្សជំទាស់នេះ វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ជាច្រើនដង តាមរយៈលេខទូរសព្ទ និងតេឡេក្រាម ប៉ុន្តែមិនមានអ្នកឆ្លើយតបឡើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី