en     km
en     km

អង្គការម៉ារីស្តូប និង វិទ្យាល័យប្ញស្សីកែវ រៀបចំវេទិកាប្រកួតនិយាយជាសាធារណៈអំពីសុខភាពបន្តពូជយុវវ័យ

Share

អង្គការម៉ារីស្តូបអន្តរជាតិ​កម្ពុជា​ (MSIC) បានសហការជាមួយវិទ្យាល័យប្ញស្សីកែវ រៀបចំវេទិកាប្រកួតនិយាយជាសាធារណៈក្រោមប្រធានបទ៖ យុវវ័យ និង ចំណេះដឹងអំពីសុខភាពបន្តពូជ។ ព្រឹត្តិការណ៍​នេះត្រូវបាន​រៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់និងផ្សព្វផ្សាយចំណេះដឹងស្តីអំពីសុខភាពបន្តពូជ ក្នុងចំណោមសិស្សានុសិស្ស រួមទាំងអាណាព្យាបាល និងសាធារណជននៅទូទាំងប្រទេស។

លោក ហ៊ាង ឡាឌី ប្រធានការិយាល័យ​មធ្យមសិក្សា តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ក្នុងការរៀបចំវេទិកាប្រកួតនិយាយជាសាធារណៈទាក់ទងនឹងសុខភាពបន្តពូជនេះឡើង ។ លោក​បាន​ជំរុញ​ឱ្យមានការលើកប្រធានបទទាក់ទងនឹងសុខភាពបន្តពូជមកជជែកដោយបើកចំហ ដើម្បីផ្តល់សិទ្ធិអំណាចដល់យុវជនរបស់យើងក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹង ការគោរពខ្លួនឯង និងអ្នកដទៃ រួមទាំងទំនាក់ទំនងដែលមានសុខភាពល្អ។

លោក ចៅ វីរយុទ្ធ នាយកវិទ្យាល័យប្ញស្សីកែវ ក៏បានថ្លែងអំណរគុណ និងសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយក្រៃលែង ក្នុងការសហការជាមួយអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជារៀបចំវេទិកានិយាយជាសាធារណៈដ៏មានសារៈសំខាន់នេះឡើង។ លោកក៏បានគូសបញ្ជាក់​ផងដែរថា វិទ្យាល័យប្ញស្សីកែវមានសិស្សានុសិស្សសរុបចំនួន ៤៣៣៨​ ក្នុងនោះសិស្សស្រីមានចំនួន២១១២នាក់ បុគ្គលិកចំនួន១៩០នាក់ក្នុងនោះស្រី្តមានចំនួន៨៥នាក់ អគារសិក្សាមានចំនួន៦ ស្មើនឹង​៧៤បន្ទប់ និងថ្នាក់រៀនមានចំនួន៧២ថ្នាក់។

លោក ឈុន ផា នរិន្ទ នាយកផ្នែកទំានាក់ទំនងនិងផ្សព្វផ្សាយនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានលើកឡើងថា ក្រោមការគាំទ្រឧបត្ថម្ភថវិកាពីម្ចាស់ជំនួយ និងតាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី (DFAT) អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាមានទីតាំងផ្តល់សេវាសុខភាពផ្លូវភេទនិងបន្តពូជចំនួន៨គ្លីនិក នៅច្បារអំពៅ សែនសុខ តាខ្មៅ ស្វាយរៀង កំពង់ធំ សៀមរាប បាត់ដំបង និងប៉ោយប៉ែត រួមជាមួយបណ្ដាញស្រ្តីម៉ារីស្តូប ដែលផ្តល់សេវាសុខភាពបន្តពូជស្របតាមស្តង់ដារម៉ារីស្តូបអន្តរជាតិ ចំនួន៣០ទីតាំងនៅក្នុងខេត្តព្រះសីហនុ កណ្តាល កំពង់ចាម និងត្បូងឃ្មុំ។ ។ សេវាដែលមាននៅក្នុងទីតាំងផ្តល់សេវារបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ត្រូវបានរៀបចំឡើងសម្រាប់សុខុមាលភាពរបស់ស្រ្តីគ្រប់វ័យនិងដៃគូ។ ចំណែកមណ្ឌលព័ត៌មានរបស់អង្គការម៉ារីស្តូបបើកដំណើរការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាច ដោយផ្តល់ការប្រឹក្សាទាក់ទងនឹងសុខភាពផ្លូវភេទនិងបន្តពូជដោយឥតគិតថ្លៃជូនដល់អតិថិជន ជាពិសេសយុវវ័យ។

សិស្សានុសិស្សដែលជាបេក្ខជនចូលរួមនៅក្នុងវេទិកាប្រកួតនិយាយជាសាធារណៈនៅវិទ្យាល័យប្ញស្សីកែវ បានខិតខំអស់ពីសមត្ថភាព ក្នុងការបង្ហាញអំពីការសិក្សាស្រាវជ្រាវនិងទស្សនៈរបស់ខ្លួនទាក់ទងនឹងសុខភាពបន្តពូជយុវវ័យ ក្នុងបរិយាកាសរីករាយ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។

សម្រាប់ជំនួយក្នុងការប្រឹក្សាដោយឥតគិតថ្លៃទាក់ទងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ សូមទាក់ទងមកមណ្ឌលព័ត៌មានរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដោយ៖

  • ផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកម៉ារីស្តូប៖ Marie Stopes Cambodia
  • រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច
  • ទូរស័ព្ទ៖ 012 999 002 ឬ 098 999 102
  • កម្មវិធីផ្ញើសារ LINE Viber WhatsApp WeChat Telegram៖ 093 24 08 23

អំពីអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) គឺជាផ្នែកមួយនៃMSI Reproductive Choice ដែលមានវត្តមាននៅក្នុង៣៧ប្រទេសជុំវិញពិភពលោក។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងបានចាប់ផ្តើមបំពេញបេសកម្មរបស់ខ្លួនតាំងពីឆ្នាំ១៩៩៨ ដោយធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសមជ្ឈមណ្ឌលជាតិគាំទ្រមាតានិងទារក ក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាពជូនដល់ស្រ្តី បុរស និងក្នុងព្រះរាជាណាចក្រកម្ពុជា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង