កំពង់ចាម៖ បន្លែ ផ្លែឈើ និងត្រី សាច់ ប្រភេទសរីរាង្គគ្មានសារជាតិពុលរបស់ប្រជាកសិករក្នុងខេត្តកំពង់ចាម ត្រូវបានយកមកដាក់តាំងលក់នៅក្នុងស្តង់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ចាប់ម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់នៅម្តុំក្រោមស្ពានគីហ្សូណា តាមបណ្តោយមាត់ទន្លេ មុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។
ទិដ្ឋភាពផ្សារចុងសប្តាហ៍មុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។រូបភាពពី ស តឹង។
គំនិតផ្តួចផ្តើមបង្កើតផ្សារចុងសប្តាហ៍នេះ ជាផ្នែកមួយនៃកិច្ចសហការរវាងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមសហការជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីជំរុញកសិផលរបស់កសិករផ្សារភ្ជាប់ទីផ្សារលក់កាន់តែទូលំទូលាយ។ ពិសេសជាងនេះ គម្រោងមួយនេះក៏ជាផ្នែកមួយនៃការផ្តល់ជូនដល់សាធារណជនក្នុងតំបន់មានជម្រើសជ្រើសយកការទទួលបន្លែ ផ្លែឈើ ត្រីសាច់ ប្រកបដោយសុវត្ថិភាព ដែលអាចថែរក្សាសុខភាពជៀសឆ្ងាយពីជំងឺនានាដោយសារការទទួលសារជាតិគីមីពុលចូលរាង្គកាយ។
ទិដ្ឋភាពផ្សារចុងសប្តាហ៍មុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។រូបភាពពី ស តឹង។
អ្នកស្រី សយ សុវិន អាជីវកលក់ដូរនៅផ្សារចុងសប្តាហ៍នេះឲ្យដឹងថា កាលដែលអ្នកស្រីយកបន្លែនិងផ្លែឈើមកតាំងលក់នៅផ្សារចុងសប្តាហ៍នេះ ព្រោះដោយមានការជំរុញពីខាងមន្ទីរពាណិជ្ជកម្មខេត្តដែលចង់ឱ្យនាំយកផលិតផលកសិកម្មពីទឹកដីកោះប៉ែនមកបង្ហាញនិងលក់ជូនមហាជន។ អ្នកស្រីយល់ថា ការបង្កើតផ្សារចុងសប្តាហ៍នេះឡើង ពិតជាបានផ្តល់ផលប្រយោជន៍ណាស់ដល់ប្រជាកសិករក្នុងខេត្តដែលអាចធ្វើឱ្យពួកគេមានទីផ្សារលក់បន្លែសុវត្ថិភាព និងផ្លែឈើសរីរាង្គដែលគ្មានជាតិពុល។
បន្លែ និងផ្លែឈើរបស់អ្នកស្រុកកំពង់ចាមមកតាំងលក់នៅផ្សារចុងសប្តាហ៍។រូបភាពពី ស តឹង។
អ្នកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រផលិតផលក្នុងសុ្រក ពិសេសកសិផលដែលគ្មានជាតិពុល ដើម្បីជួយលើកទឹកចិត្តដល់ប្រជាកសិករឱ្យប្រឹងប្រែងដាំដុះបង្កបង្កើនផលបន្ថែមទៀត ដែលអាចប្រកួតប្រជែងជាមួយកសិផលនាំចូលពីបរទេស។
ជាមួយគ្នានោះដែរ ក្រុមកសិករ និងអតិថិជន ដែលបានយកផលិតផលមកលក់ និងទិញផលិតផលបន្លែសុវត្តិភាពក្នុងផ្សារចុងសប្តាហ៍នេះ បានបង្ហាញការគាំទ្រចំពោះមន្ទីរពាណិជ្ជកម្មខេត្តដែលរៀបចំផ្សារនេះឡើង ដែលបង្កបរិយាកាសឱ្យពលរដ្ឋអាចទិញផលិតបន្លែសុវត្ថិភាព មិនប៉ះពាល់សុខភាព និងអាចជួយរកទីផ្សារជូនកសិករផងដែរ។
សកម្មភាពលក់ដូរបន្លែ និងផ្លែឈើរបស់អ្នកស្រុកកំពង់ចាមមកតាំងលក់នៅផ្សារចុងសប្តាហ៍។រូបភាពពី ស តឹង។
លោក សយ បូណា អតិថិជនម្នាក់ដែលមកទិញបន្លែត្រីសាច់យកទៅចម្អិនម្ហូបបានបង្ហាញក្តីរំភើបចំពោះមន្ទីរពាណិជ្ជកម្មខេត្តដែលបានរៀបចំឲ្យមានផ្សារចុងសប្តាហ៍លក់នូវផលិតបន្លែសុវត្ថិភាព មិនបង្កហានីភ័យប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ។ លោកសូមប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តជួយបន្តការគាំទ្រចំពោះផលិតផលក្នុងស្រុកដែលដាំដុះមិនប្រើថ្នាំគីមីបែបនេះ។
សកម្មភាពលក់ដូរបន្លែ និងផ្លែឈើរបស់អ្នកស្រុកកំពង់ចាមមកតាំងលក់នៅផ្សារចុងសប្តាហ៍។រូបភាពពី ស តឹង។
ទាក់ទិនក្នុងរឿងនេះដែរលោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមថា ការរៀបចំបង្កើតផ្សារចុងសប្តាហ៍ឡើងមានគោលបំណង ផ្សព្វផ្សាយផលិតផលកសិកម្មផលិតដែលផលិតដោយក្រុមកសិករក្នុងសហគមន៍កសិកម្ម។ លោកបញ្ជាក់ថា ផ្សារចុងសប្តាហ៍នេះក៏ជួយបង្កើតឱកាសដល់អ្នកប្រមូលទិញ និង ក្រុមកសិករផលិតអាចចាប់ដៃគូអាជីវកម្មជាមួយគ្នាឈានទៅពង្រីកសក្តានុពលនៃការលក់កាន់តែធំទូលាយតាមបណ្តាខេត្តក្រុងផ្សេងៗទៀត។ ជាការរំពឹងរបស់លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តលោកសង្ឃឹងថា ផ្សារចុងសប្តាហ៍នេះនឹងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋឲ្យកាន់តែច្រើនទៀតទៅថ្ងៃអនាគត៕
អត្ថបទខ្លីសរសេរដោយ ស តឹង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។