មន្រ្តីនគរបាលនៅក្នុងខេត្តព្រះសីហនុប្រមាណ២៦នាក់ និងសារព័ត៌មានជាស្ត្រីមួយចំនួន ជួបគ្នាជជែកពីបញ្ហា មួយចំនួនដែលបានពាក់ព័ន្ធនឹង តួនាទី និងការធ្វើការរួមគ្នា ដើម្បីបញ្ចៀសការប៉ះទង្គិចរវាងអ្នកសារព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ច។ អ្នកសារព័ត៌មាន និងមន្ត្រីនគរបាលដែលបានចូលរួមព្យាយាមលើកហេតុផលរៀងខ្លួន ប៉ុន្តែភាគីទាំងពីរ ជឿងជាក់ថា ការបង្ហាញនូវភារកិច្ចរៀងៗក្នុងឱកាសនេះ អាចធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរនឹងប្រសើរឡើង។
(កញ្ញា កែវ សុជាតា រាយការណ៍)
អនុសេនីយ៍ឯក សោ សុយ៉ារី បាននិយាយថា ការចេះអធ្យាស្រ័យនិងយោគយល់គ្នាទៅវិញទៅមកនៅពេលភាគីអ្នកសារព័ត៌មាននិងនគរបាលកំពុងបំពេញបេសសកម្មរៀងៗខ្លួន គឺជាយានឈានទៅរកការសហការគ្នាល្អប្រសើរ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
«ពេលមានបាតុកម្មកើតឡើង តើយើងត្រូវការពារគាត់ម៉េច? អ៊ីចឹង[រាល់]ពេលណាមានហេតុការណ៍ត្រូវកើតឡើងគឺយើង(នគរបាល)មានក្តីកខ្វល់ណាស់។ អ៊ីចឹងយើងត្រូវការ អាចនឹងពិភាក្សាជាមួយគាត់(អ្នកសារព័ត៌មាន)ថាអាចសុំឱ្យគាត់នៅចំណុចណាមួយ ឬដែនកំណត់ណាមួយ ដើម្បីយើង(នគរបាល)ស្រួលការពារ។ ពីព្រោះប៉ូលិសសមត្ថកិច្ចមានតួនាទីការពារទាំងសងខាង មិនមែនការពារតែអ្នកសារព័ត៌មានម្នាក់ទេ ឬក៏ពីរបីនាក់នោះទេ។ យើង(នគរបាល)ត្រូវការពារទាំងក្រុមបាតុករ និងការពារខ្លួនឯង ព្រមទាំងការពារអ្នកសារព័ត៌មាន។ អ៊ីចឹងយើងត្រូវកំណត់ទីតាំង ហើយចំពោះអ្នកសារព័ត៌មានក៏អ៊ីចឹងដែរ ត្រូវតែយល់ពីការលំបាករបស់សមត្ថកិច្ច។»
អនុសេនីយ៍ឯក សោ សុយ៉ារី។ រូបភាព៖ WMC/Socheata
ក្រៅពីការលើកឡើងពីបញ្ហាដែលនគរបាលខេត្តព្រះសីហនុប្រឈម នគរបាលមួយរូបផ្សេងទៀត គឺលោកវរសេនីយ៍ឯក កុល ពិសិដ្ឋ នាយការិយាល័យសន្តិសុខផ្ទៃក្នុងខេត្តព្រះសីហនុ ក៏បានស្នើឱ្យមន្រ្តីនគរបាលនិងអ្នកសារព័ត៌មានគប្បីមានប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែជិតស្និទ្ធ ដ្បិតពេលខ្លះអ្នកសារព័ត៌មានទទួលបានដំណឹងនិងចុះទៅដល់ទីតាំងកើតហេតុមុនសមត្ថកិច្ចជំនាញដែលទាមទារឱ្យសមត្ថកិច្ចជំនាញត្រូវសាកសួរស្ថានការណ៍ពីអ្នកសារព័ត៌មានបន្ថែម។ ខណៈភាគច្រើនដំណឹងទាំងមូលនៃស្ថានការណ៍ត្រូវការឱ្យសមត្ថកិច្ចជំនាញអន្តរាគមន៍ជាមុនសិន ទើបអ្នកសារព័ត៌មានទទួលបានដំណឹងតាមក្រោយ។
«សមត្ថកិច្ចយើងសំណូមពរដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរបស់គាត់។ បាទ! ខ្ញុំសំណូមពរពាក់ព័ន្ធនឹងការឡាយ(LIVE)។ យកព័ត៌មានទៅភ្លាម គាត់(អ្នកសារព័ត៌មាន)អត់ទាន់ដឹងអី(ព័ត៌មានពិស្តារ)ទេ គាត់ឡាយ(LIVE)ពឹប។ គាត់ឡាយពឹប គាត់អត់ដឹងថាព័ត៌មានហ្នឹងពិតមិនពិតទេ គាត់ឡាយ។ ករណីហ្នឹងគឺជាកត្តាខុសឆ្គងរបស់គាត់មួយដែរ។ ក្នុងពេលនេះ យើងចង់សំណូមពរថា បើអាចៗឱ្យគាត់ផ្អាកធ្វើការឡាយសិន ឱ្យគាត់(គប្បី)យកព័ត៌មាន(ផ្ទៀងផ្ទាត់)សិន ចាំគាត់ឡាយ(ជាក្រោយ)។ ទី១ វាអាចប៉ះពាល់និតិវិធីរបស់សមត្ថកិច្ចដើម្បីតាមដានមុខសញ្ញាបន្តទៀតអីបន្ថែមទៀតបាន។ ទី២ទៀត គឺសំណូមពរទៅដល់រាល់អ្នកសារព័ត៌មាន រៀងរាល់ពេលដែលសមត្ថកិច្ចយើងចុះទៅ សុំឱ្យគាត់ស្តាប់ការសម្របសម្រួលរបស់យើង ពីព្រោះអីយើងមានបទបញ្ជាយើងនឹងធ្វើការជូនគាត់ ក៏ប៉ុន្តែសុំឱ្យគាត់ស្តាប់យើង។ ពីព្រោះថាព័ត៌មានខ្លះមិនអាចឱ្យគាត់យកព័ត៌មានគ្រប់ជ្រុងជ្រោយបាននោះទេ។ បាទ! ព័ត៌មានខ្លះ វាពិបាកមើលណាស់។»។
លោកវរសេនីយ៍ឯក កុល ពិសិដ្ឋ។ រូបភាព៖ WMC/Socheata
ការលើកឡើងរបស់អាជ្ញាធរមានសមត្ថកិច្ចនេះ ធ្វើក្នុងសិក្ខាសាលាស្តីពីមួយដែលមានការកោះអញ្ញើញអ្នកសារព័ត៌កាន និងមន្ត្រីសមត្ថកិច្ច។ ដើម្បីឱ្យទំនាក់ទំនងរវាងមន្រ្តីនគរបាលនិងអ្នកសារព័ត៌មានស្រ្តីកាន់តែយល់ចិត្តគ្នា សិក្ខាសាលាស្តីពី«ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិ»បានអនុញ្ញាតឱ្យនគរបាលខេត្តព្រះសីហនុចែករំលែកនូវបញ្ហាដែលជាឧបសគ្គរារាំងអំឡុងពេលបំពេញការងារជាមួយអ្នកសារព័ត៌មាន ពិសេសនៅពេលមានហេតុការណ៍ដែលតម្រូវឱ្យភាគីទាំងសងខាងចុះទៅដល់ទីតាំងនោះផ្ទាល់។
សកម្មភាពមន្រ្តីប៉ូលិសនិងអ្នកសារព័ត៌មានស្រ្តីអង្គុយមើលវីដេអូ។ រូបភាព៖ WMC/Socheata
ចំពោះលោកស្រីវរសេនីយ៍ទោ ស៊ឹម សារ័ត្ន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានបង្ហាញចំណាប់អារម្មណ៍ថាកម្មវិធីបានតម្រង់ទិសឱ្យនគរបាលនិងអ្នកសារព័ត៌មានយល់ពីគ្នាបានប្រសើរជាងមុនបន្ទាប់ពីបើកកកាយនូវបញ្ហារវាងគ្នានិងគ្នានៅអំឡុងពេលធ្វើការងារ។
«សមត្ថកិច្ចយើងសំណូមពរដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរបស់គាត់។ បាទ! ខ្ញុំសំណូមពរពាក់ព័ន្ធនឹងការឡាយ(LIVE)។ យកព័ត៌មានទៅភ្លាម គាត់(អ្នកសារព័ត៌មាន)អត់ទាន់ដឹងអី(ព័ត៌មានពិស្តារ)ទេ គាត់ឡាយ(LIVE)ពឹប។ គាត់ឡាយពឹប គាត់អត់ដឹងថាព័ត៌មានហ្នឹងពិតមិនពិតទេ គាត់ឡាយ។ ករណីហ្នឹងគឺជាកត្តាខុសឆ្គងរបស់គាត់មួយដែរ។ ក្នុងពេលនេះ យើងចង់សំណូមពរថា បើអាចៗឱ្យគាត់ផ្អាកធ្វើការឡាយសិន ឱ្យគាត់(គប្បី)យកព័ត៌មាន(ផ្ទៀងផ្ទាត់)សិន ចាំគាត់ឡាយ(ជាក្រោយ)។ ទី១ វាអាចប៉ះពាល់និតិវិធីរបស់សមត្ថកិច្ចដើម្បីតាមដានមុខសញ្ញាបន្តទៀតអីបន្ថែមទៀតបាន។ ទី២ទៀត គឺសំណូមពរទៅដល់រាល់អ្នកសារព័ត៌មាន រៀងរាល់ពេលដែលសមត្ថកិច្ចយើងចុះទៅ សុំឱ្យគាត់ស្តាប់ការសម្របសម្រួលរបស់យើង ពីព្រោះអីយើងមានបទបញ្ជាយើងនឹងធ្វើការជូនគាត់ ក៏ប៉ុន្តែសុំឱ្យគាត់ស្តាប់យើង។ ពីព្រោះថាព័ត៌មានខ្លះមិនអាចឱ្យគាត់យកព័ត៌មានគ្រប់ជ្រុងជ្រោយបាននោះទេ។ បាទ! ព័ត៌មានខ្លះ វាពិបាកមើលណាស់។»។
លោកស្រីវរសេនីយ៍ទោ ស៊ឹម សារ័ត្ន ឈរកណ្តាលកំពុងមើលក្រដាសនៅក្នុងដៃ។ រូបភាព៖ WMC/Socheata
នៅក្នុងវេទិកាដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបង្ហាញពីឆន្ទៈក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីសមត្ថកិច្ច និងអ្នកសារព័ត៌មានស្ត្រីឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់សុវត្ថិភាពរបស់អ្នកសារព័ត៌មានស្ត្រីក្នុងការពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ លោកស្រីឧត្តមសេនីយ៍ត្រីស្នងការរង ថ្លែងដូច្នេះក្នុងសិក្ខាសាលាដែលរៀបចំដោយ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាក្រោមជំនួយឧបត្ថម្ភពីអង្គការយូណេស្កូ។
លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ។ រូបភាព៖ WMC/Socheata
ដោយឡែក អ្នកសារព័ត៌មានស្រ្តីម្នាក់បានលើកឡើងនៅក្នុងសិក្ខាសាលានេះថា ចំពោះអ្នកសារព័ត៌មានវិជ្ជាជីវៈវិញក៏ប្រឈមនឹងបញ្ហាមួយចំនួនដូចគ្នានៅអំឡុងពេលធ្វើការជាមួយនគរបាល ដែលក្នុងនោះមានដូចជាការទាក់ទងទូរសព្ទទៅកាន់ប្រភពជានគរបាលដើម្បីសុំការបំភ្លឺ តែក៏បានបង្អាក់ដោយសារតែទូរសព្ទមិនចូល ឬចូលហើយមិនទូរសព្ទ រហូតដល់មានករណីខ្លះលើកទទួលតែរុញបន្តទៅកាន់អ្នកផ្សេងទៀត។ ជុំវិញករណីនេះ អ្នកស្រីអះអាងថា ស្នើសុំឱ្យនគរបាលបញ្ជាក់ពីតួនាទីមន្រ្តីរូបណាដែលអ្នកសារព័ត៌មានអាចទាក់ទងសុំព័ត៌មានបាន ជៀសវាងការរុញបន្ត។
«យល់ឃើញថាយើងប្រឈមពិបាកដូចគ្នា តែដល់ឥឡូវពេលក្រោយពីសិក្សារួចហើយ យើងអាចយល់គ្នាបានតទៅមុខទៀត។ ខាងអ្នកសារព័ត៌មានក៏ពិបាក ខាងសមត្ថកិច្ចក៏ពិបាក តែដល់ពេលឥឡូវដឹងហើយគឺស្រណុកទាំងអស់គ្នាវិញហើយ អត់អីទេ។ ខ្ញុំធ្វើទៅតាមតួនាទីរបស់ខ្ញុំ ហើយខាងអ្នកសារព័ត៌មានក៏គាត់ធ្វើទៅតាម[ការងារ]របស់គាត់អ៊ីចឹងទៅ ហើយថ្ងៃក្រោយយើងសហការគ្នាឱ្យបានរលូនទៅមុខទាំងអស់គ្នា។»។
អ្នកស្រី ឈួន លក្ខិណា ។ រូបភាព៖ WMC/Socheata
នៅក្នុងសិក្ខាសាលាដែលធ្វើឡើងរវាងនគរបាលនិងអ្នកសារព័ត៌មានស្រ្តីនេះដដែល អ្នកស្រី ស៊ឹម សាលម៉ា អ្នកសារព័ត៌មានមួយរូបបម្រើការឱ្យទូរទស្សន៍របស់សហគមន៍ខ្មែរ-អ៊ីស្លាមឈ្មោះ CI TV បាននិយាយថា សិក្ខាសាលាបានជួយឱ្យភាគីនគរបាលយល់ពីតួនាទីអ្នកសារព័ត៌មាន រីឯអ្នកសារព័ត៌មានកាន់តែយល់បន្ថែមពីតួនាទីរបស់តួនាទី។ អ្នកសារព័ត៌មានរូបនេះបានបង្ហាញការកត់សម្គាល់របស់ខ្លួនថា កន្លងមកទំនាក់ទំនងរវាងភាគីខាងលើនេះហាក់នៅមានគម្លាតនៅឡើយ ក៏ប៉ុន្តែបន្ទាប់ពីបើកបង្ហាញនូវភារកិច្ចរៀងៗខ្លួន អ្នកស្រីជឿជាក់លើចំណងសម្ព័ន្ធរវាងភាគីទាំងពីរនឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
«ពីរចំណុចទៀត ព័ត៌មានខ្លះហាមឃាត់អត់ឱ្យចូល[និង]គំរាមកំហែងដែលខ្ញុំបានលើកពីដើមហើយ។ ហើយកន្លែងហ្នឹង(ចំណុចហ្នឹង) ខ្ញុំ(អ្នកសារព័ត៌មាន)យល់ពីហេតុផលរបស់បងៗ មិនឱ្យចូលហ្នឹងដោយសារអី ត្រូវការពេលវេលាស៊ើបអង្កេត ត្រូវការការពារអ្នកសារព័ត៌មានដូចគ្នាមិនឱ្យគ្រោះថ្នាក់អ៊ីចឹងហាបង។ ហើយទី៣នៅតែទទូចដដែលៗ សុំឱ្យបងៗសមត្ថកិច្ចប៉ូលិសហ្នឹងសហការល្អជាមួយខាងពួកខ្ញុំ។ ចាស! ហើយអ្វីដែលសំខាន់គឺចង់ឱ្យពួកបងឆ្លើយតបនៃចម្លើយទី២ដែលពួកខ្ញុំ(អ្នកសារព័ត៌មាន)លើកឡើងអ៊ីចឹង ដូចជាផ្តល់ព័ត៌មានឱ្យលឿន កុំបានតែ(អ្នកសារព័ត៌មាន)អនឡាយពេក។ ឱ្យ(ព័ត៌មាន)ពួកខ្ញុំឱ្យលឿនអ៊ីចឹងទៅ ពួកខ្ញុំអាចផ្សាយអ៊ីចឹងទៅ ពួកខ្ញុំអាចទទួលបានពីបង។ [ព័ត៌មានដែលទទួលបានពីបង]ជាព័ត៌មានដែលពិតប្រាកដ ពីព្រោះអីពួកយើងដែលជាអ្នកសារព័ត៌មានគឺស្វែងរកព័ត៌មានពិតពីខាងពួកបង មិនមែនដឹងក្រោយខាង(សារព័ត៌មាន)អនឡាញ យើងអត់ចង់បានអ៊ីចឹងទេ។ យើងចង់ធ្វើការជាមួយពួកបងផ្ទាល់។»។
អ្នកស្រី ស៊ឹម សាលម៉ា។ រូបភាព៖ WMC/Socheata
លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានលើកឡើងនៅក្នុងកិច្ចសហប្រតិបត្តិការរវាងនគរបាលខេត្តព្រះសីហនុនិងអ្នកសារព័ត៌មានស្រ្តីនេះថា គោលបំណងចម្បងរបស់កម្មវិធីគឺធ្វើយ៉ាងណាកំណត់ចំណុចរួមរវាងតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាននិងមន្រ្តីនគរបាល ដើម្បីពង្រឹងការងារសន្តិសុខនិងរក្សាសណ្តាប់ធ្នាប់ និងសិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានស្រ្តី។ នៅក្នុងកិច្ចសហប្រតិបត្តិការស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិ»ដែលធ្វើឡើងនៅក្នុងខេត្តព្រះសីហនុនេះ មានការចូលរួមពីសំណាក់គ្រូបង្គោលនិងអ្នកជំនាញចាស់វស្សាដែលអញ្ជើញមកសម្របសម្រួល និងចែករំលែកពីវិធីសាស្រ្តសហការ ឬធ្វើការរួមគ្នានៅក្នុងអាជីពរៀងៗខ្លួនដោយមានប្រសិទ្ធភាព។ សិក្ខាសាលាពេញមួយថ្ងៃនេះ មានការចូលរួមពីមន្ត្រីនគរបាលចំនួន២៦រូប ក្នុងនោះមានស្ត្រី១៤រូប៕
លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ។ រូបភាព៖ WMC/Socheata