ព្រះវិហារ៖ ស្លឹកឈើនិងមែកឈើងាប់ៗជុ្រះរាយពេញដីក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ ខេត្តព្រះវិហារ បានក្លាយជាសន្លឹកមាសសន្លឹកប្រាក់វិញ ក្រោយ ពីមានអ្នកប្រមូលទិញស្លឹកឈើនិងមែកឈើងាប់ៗទាំងនោះធ្វើជាជីកំប៉ុស្ត។
សកម្មភាពប្រជាសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ប្រមូលសំរាមទុកលក់។រូបភាពពី មាន សុវណ្ណារិទ្ធ។
បើតាមការឱ្យដឹងពីអ្នកស្រី ប្រាក់ បូរ៉ា អាយុ ២៩ឆ្នាំ ជាអ្នកប្រចាំការនៅក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍នេះប្រាប់ថា នៅមុនពេលមានការប្រមូល ទិញសំរាមស្លឹកឈើនិងមែកឈើងាប់ៗនេះ អ្នកស្រីនិងប្រជាសហគមន៍ផ្សេងទៀត ត្រូវដើរបោសប្រមូលសំរាមមកដុតបំផ្លាញចោល ដោយចំណាយទាំងកម្លាំង ពេលវេលា ហើយត្រូវបង្កផ្សែងមិនល្អចូលក្នុងបរិយាកាសថែមទៀតផង។
សំរាមក្នុងសហគមន៍ដែលធ្លាប់ដុតចោលឥឡូវត្រូវប្រមូលលក់យកថវិកា។រូបភាពពី មាន សុវណ្ណារិទ្ធ។
អ្នកស្រីសម្តែងក្តីរីករាយពេលមានអ្នកប្រមូលទិញសំរាមស្លឹកឈើនិងមែកឈើងាប់ៗបែបនេះ ដ្បិតអាចកាត់បន្ថយការបំពុលដោយផ្សែងសំរាមក្នុង សហ គមន៍ និងអាចលក់បានប្រាក់ថែមទៀតផង។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីអាចប្រមូលសំរាមបានជាង ១០ បាវក្នុងមួយថ្ងៃ ហើយក្នុងមួយបាវលក់បានថ្លៃមួយពាន់រៀល។សម្រាប់បាវវិញគឺភាគីអ្នកប្រមូលទិញជាអ្នកផ្តល់ឱ្យ ដោយប្រជាសហគមន៍គ្រាន់តែចំណាយកម្លាំងដើរបោសប្រមូលតែប៉ុណ្ណោះ។
សកម្មភាពប្រជាសហគមន៍ប្រមូលសំរាមស្លឹកឈើនិងមែកឈើក្នុងសហគមន៍ទុកសម្រាប់លក់។រូបភាពពី មាន សុវណ្ណារិទ្ធ។
ស្រ្តីអ្នកប្រចាំការក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍រូបនេះយល់ថា នៅពេលមានការប្រមូលទិញសំរាមស្លឹកឈើនិងមែកឈើបែបនេះ ធ្វើឱ្យប្រជា សហគមន៍យល់ដឹងមួយផ្នែកពីគុណប្រយោជន៍នៃការកែច្នៃសំរាមជាជីកំប៉ុស្តដាក់ដំណាំបានយ៉ាងល្អ។
អ្នកស្រី ប្រាក់ បូរ៉ា អ្នកប្រចាំការនៅក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍។រូបភាពពី មាន សុវណ្ណារិទ្ធ។
ងាកមកអ្នកប្រមូលទិញសំរាមស្លឹកឈើនិងមែកឈើងាប់ៗយកទៅធ្វើជាជីកំប៉ុស្តឯណ្ណេះវិញ នោះគឺលោក ថន ថេត ជាកសិកររស់នៅ ភូមិបុស្បវែង ស្រុកសាលាវិស័យ ខេត្តកំពង់ធំ។ កសិកររូបនេះ ប្រាប់ថាសព្វថ្ងៃលោកប្រកបការងារដាំដុះបន្លែបង្ការ និងធ្វើស្រែចម្ការផងដែរ។ លោកបញ្ជាក់ថា មូលហេតុដែលលោកដើរប្រមូលទិញសំរាមស្លឹកឈើនិងមែកឈើងាប់ៗពីប្រជាសហគមន៍បែបនេះ ព្រោះសំរាមទាំងនោះជាជីក៏ល្អមួយមិនចាញ់ជីគីមី និងជីសរីរាង្គដែលលក់លើទីផ្សារនោះឡើយ។
លោក ថន ថេត ដើរប្រមូលទិញសំរាមពីសហគមន៍ដើម្បីយកទៅកែច្នៃធ្វើជាជីកំប៉ុស្តប្រើប្រាស់សម្រាប់ដំណាំដាំនានា។រូបភាពពី មាន សុវណ្ណារិទ្ធ។
លោក ថន ថេត ប្រាប់ពីបច្ចេកទេសយកស្លឹកឈើនិងមែកឈើងាប់ៗធ្វើជាជីកំប៉ុស្តយ៉ាងដូច្នេះថា ដំបូងយើងត្រូវរៀបអាងស៊ីម៉ង់ត៍ ឬបើគ្មាននោះទេយើងអាចកាប់ដីធ្វើជាអន្លង់ឬអាងបាន ដើម្បីសសម្រាប់ចាក់សំរាមចូលធ្វើការផ្អាប់ទុក។ លោកបញ្ជាក់ត្រង់នេះថា បើសិនជាចង់ឱ្យជីនោះមានប្រសិទ្ធភាពកាន់តែល្អ កសិករអាចបន្ថែមលាមកគោចូលក្នុងអាងជីកំប៉ុស្តគឺរឹតតែល្អប្រសើរ។ លោកបន្ថែមថា សម្រាប់ជីកំប៉ុស្តច្នៃពីសំរាមស្លឹកឈើនិងមែកឈើងាប់ៗនេះ ប្រើពេលផ្អាប់ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះគឺអាចយកទៅប្រើប្រាស់បាន។
លោក ថន ថេត អ្នកប្រមូលទិញសំរាមពីសហគមន៍។រូបភាពពី មាន សុវណ្ណារិទ្ធ។
កសិកររូបនេះបញ្ជាក់ថា ចាប់តាំងពីលោកប្រើប្រាស់ជីកំប៉ុស្តច្នៃពីសំរាមស្លឹកឈើនិងមែកឈើ ឬលាមកគោបែបនេះ ធ្វើឱ្យកាត់បន្ថយការចំណាយលើ ការទិញជីគីមីពីទីផ្សារ ហើយសុខភាពវិញក៏បានល្អប្រសើរទាំងខ្លួនឯងនិងអ្នកបរិភោគ ពិសេសអាចផ្តល់ចំណូលជូនសហគមន៍ និងអាចរួមចំណែកកាត់បន្ថយសំរាមពីសហគមន៍បានមួយផ្នែកផងដែរ។
សំរាមក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ភាគច្រើនជាប្រភេទសំរាមស្លឹកឈើនិងមែកឈើងាប់។រូបភាពពី មាន សុវណ្ណារិទ្ធ។
ជុំវិញរឿងនេះ លោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍ បានថ្លែងអំណរគុណទៅកាន់លោក ថន ថេត ដោយចាត់ទុកសកម្មភាពនេះជាគំនិតផ្តួចផ្តើមមួយដ៏ឆ្លាតវៃដែលអាចសន្សំសំចៃថវិកាថែមទាំងអាចរក្សាបរិស្ថានបានល្អមិនឱ្យមានសារជាតិជីគីមីពុលលើដំណាំដាំដុះ។ លោកប្រធាន សហគមន៍រូបនេះបញ្ជាក់ថា នាពេលខាងមុខឆាប់ៗនេះក្នុងសហគមន៍នឹងគ្រោងបង្កើតជាសួនបន្លែសុវត្ថិភាពដោយប្រើប្រាស់ជីកំប៉ុស្តច្នៃពីស្លឹកឈើ និងកំទេចឈើនេះប្រើក្នុងការដាំដុះ ដែលអាចឱ្យអ្នកមកលេងកំសាន្តក្នុងសហគមន៍បានទទួលទានម្ហូបអាហារដែលគ្មានជាតិគីមីពុល។
លោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍។
ជាសារអំពាវនាវរបស់លោកប្រធានសហគមន៍ លោកស្នើឱ្យពលរដ្ឋទាំងអស់ត្រូវចេះទុកដាក់សំរាមឲ្យបានល្អ ដ្បិតសំរាមខ្លះអាចច្នៃជាប្រយោជន៍រកប្រាក់ចំណូលបាន៕
ក្មេងៗក្នុងសហគមន៍អាចបានកម្រៃតិចតួចទៅសិក្សាដោយការយកពេលទំនេរទៅប្រមូលសំរាមក្នុងសហគមន៍ទេសចរណ៍បឹងជាំប្រិយ៍។រូបភាពពី មាន សុវណ្ណារិទ្ធ។
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។