en     km
en     km

លោក វន់ ពៅ និងមេធាវី រំពឹងថាតុលាការនឹងទម្លាក់បទចោទក្រោយរងភាពអយុត្តិធម៌ជាង១០ឆ្នាំ

Share

លោក វន់ ពៅ បានដើរចេញពីសវនាការនៅតុលការកំពូល។ WMC/Cheasokny

តុលាការកំពូលនៅថ្ងៃទី២ ខែកញ្ញានេះ បើកសវនាការលោក វន់ ពៅ ជំនុំជម្រះពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅរោងចក្រយ៉ាកជីន កាលពីឆ្នាំ២០១៤។ លោក វន់ ពៅ រំពឹងយ៉ាងមុតមាំថា ការតតាំងក្តីរបស់លោកនិងមេធាវីនៅថ្ងៃនេះ នឹងអាចឱ្យចៅក្រមសម្រេចទម្លាក់បទចោទលើរូបលោកនៅថ្ងៃប្រកាសសាលក្រមនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះជាក់ជាពុំខាន ខណៈលោកយល់ថាខ្លួនរងភាពអយុតិ្តធម៌ជាង១០ឆ្នាំមកហើយ។

(កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍)

 

 

នៅខាងក្រៅសវនាការលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)នៅថ្ងៃនេះ មានអ្នកគាំទ្រលោកជាច្រើន ដែលជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានក្រុមកូដករមកពីក្រុមហ៊ុនណាហ្គាវើលដ៍ ក៏បានមកលើកទឹកចិត្តលោក វន់ ពៅ និងរង់ចាំស្ដាប់លទ្ធផលនៃសវនាការរបស់លោក។ ក្រៅពីកម្មករ នៅក្នុងសវនាការនេះវិញ ក៏មានមន្រ្តីអង្គការសហប្រជាជាតិ (UN) មកចូលរួមឃ្លាំមើលករណីរបស់លោកផងដែរ។

 

មេធាវីការពារក្ដីលោក វន់ ពៅ គឺលោក សឺន ជុំជួន បានថ្លែងនៅខាងមុខតុលាការកំពូលថា ក្នុងសវនាការព្រឹកនេះ ក្នុងនាមលោកជាមេធាវី ស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះ សម្រេចឱ្យលោក វន់ ពៅ រួចផុតពីបទចោទ «ញុះញង់» ដែលទាក់ទងនឹងសកម្មភាពកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកាលពីឆ្នាំ២០១៤។ មួយវិញទៀត មេធាវីការពារក្ដីលោក វន់ ពៅ ក៏ស្នើឱ្យបញ្ឈប់សាលាដីកាសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញផងដែរ។

លោក សឺន ជុំជួន៖ «យើងមិនអាចដឹងថាសម្រេចយ៉ាងណានោះទេ ពីព្រោះថ្ងៃ៩នេះ ជាថ្ងៃដែលតុលាការប្រកាសសាលដីកា ហើយថ្ងៃដែលប្រកាសសាលាដីកានេះ ជាថ្ងៃដែលសម្រេចឱ្យវន់ ពៅរួចផុត ឬក៏តម្កល់សាលដីកាសាលាភ្នំពេញយ៉ាងណានោះ យើងមានតែរង់ចាំមើលទាំងអស់គ្នា ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមយើងជាសហមេធាវីនៅតែមានក្ដីសង្ឃឹមណា»។

ចំណែក លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅមុខតុលាការកំពូលដែរថា ក្នុងសវនាការនេះ តុលាការបានផ្ដល់សិទ្ធិឱ្យលោកជាជនរងគ្រោះ និងមេធាវី តវ៉ាយ៉ាងពេញលេញទៅលើហេតុការណ៍បាតុកម្មរបស់កម្មករជាង ១០ឆ្នាំមុន ខណៈលោកត្រូវបានទាហានឆត្រយោងវាយដំលើរាងកាយស្ទើរតែបាត់បង់ជីវិតនៅខាងមុខរោងចក្រយ៉ាកជីន។ មិនត្រឹមតែវាយលោកនោះទេ គ្រានោះលោកក៏ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុងយ៉ាងអយុត្តិធម៌ មុនករណីបាតុកម្មនៅផ្លូវវេងស្រេង។

ប៉ុន្តែយ៉ាងណាក្នុងសវនាការនេះលោកថា មេធាវីដើមចោទ ដែលជាភាគីរាជរដ្ឋាភិបាល បែរជាយកករណីបាតុកម្មនៅផ្លូវវេងស្រេងមកដាក់បន្ទុកលើរូបលោកទៅវិញ ដូច្នេះអង្គហេតុដែលដាក់បន្ទុកមកលើរូបលោកនេះ ហាក់ដូចជាមិនត្រឹមត្រូវនោះទេ។ ម្យ៉ាងវិញទៀតលោកអះអាងថា សកម្មភាពរបស់ខ្លួនកាលនៅមុខរោងចក្រយ៉ាកជីន គឺគ្រាន់តែជាសកម្មភាពឃ្លាំមើល និងណែនាំសម្រួលកម្មករនិងទាហានឆត្រយោង កុំឱ្យប្រើប្រាស់ហិង្សាលើគ្នាតែប៉ុណ្ណោះ ដោយគ្មានញុះញង់អ្វីនោះឡើយ។

លោក វន់ ពៅ៖ «ខ្ញុំស្នើសុំទៅទាំងរាជរដ្ឋាភិបាលអាណត្តិទី៧ហើយ ទាំងសម្ដេចអធិបតី ទាំងតុលាការ ជាពិសេសឯកឧត្តមចៅក្រមសាលាកំពូល សូមផ្ដល់យុត្តិធម៌ឱ្យខ្ញុំដែលខ្ញុំជាជនរងគ្រោះ កុំជនរងគ្រោះហើយបែរជារងការចោទប្រកាន់សូមផ្ដល់យុត្តិធម៌ឱ្យខ្ញុំ ដើម្បីខ្ញុំរស់ក្នុងប្រទេសមួយដែលមានសន្តិភាពទាំងអស់គ្នាផងបាទ!»។

ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ លោក វន់ ពៅ យល់ថាខ្លួនរងភាពអយុត្តិធម៌យ៉ាងខ្លាំង ហើយរំពឹងថា នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ តុលាការនឹងទម្លាក់ចោលបទចោទមកលើរូបលោក ដើម្បីឱ្យលោកមានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារជួយដល់រាជរដ្ឋាភិបាល។

លោក វន់ ពៅ៖ «ខ្ញុំសង្ឃឹមថាមកដល់ពេលនេះ ចៅក្រមនឹងទម្លាក់បទចោទមកលើរូបខ្ញុំ ល្មមដល់ពេលដែលទម្លាក់ហើយ ពីព្រោះវាតស៊ូដើម្បីយុត្តិធម៌ខ្លួនឯងផង ដើម្បីយុត្តិធម៌កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធផងតាំងពីសក់ខ្មៅរហូតដល់សក់ពីរពណ៌ហើយល្មមហើយ ព្រោះខ្ញុំក៏មិនដែលប្រព្រឹត្តបទល្មើសអីខុសនឹងច្បាប់រដ្ឋនោះទេ»។

ដោយឡែកការលើកឡើងរបស់មេធាវីដើមបណ្ដឹងដែលទាក់ទងនឹងសកម្មភាពតវ៉ានៅផ្លូវវេងស្រេង ក្នុងនាមលោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យលោក វន់ ពៅ គឺលោកបដិសេធមិនទទួលយកសំអាងហេតុនោះឡើយ ព្រោះអង្គហេតុករណីទាំងពីរនេះមានភាពផ្សេងគ្នា។

លោក សឺន ជុំជួន៖ «ក្នុងករណីបើប្រសិនណាតុលាការសម្រេចតម្កល់សាលដីកាឧទ្ធរណ៍រាជរាជធានីភ្នំពេញទុកជាបានការដដែល គឺយើងនឹងពិចារណាថា យើងនឹងព្យាយាមរកស្អីជាអង្គហេតុថ្មី ដែលកើតឡើងថ្មី ដែលភស្ដុតាងថ្មី ដែលដោះបន្ទុកលើគាត់ ដែលយើងមាននីតិវិធីមួយទៀត គឺបណ្ដឹងសារើដែលមានលេចនូវភស្ដុតាងក្លែងក្លាយ ឬក៏ប្រឌិតសាក្សី ឫក៏អ្វីដែលជាអង្គហេតុហ្នឹងវាផ្ទុយគ្នា អីចឹងយើងនៅមាននីតិវិធីតទៅទៀត»។

សូមរំលឹកបន្តិចថា លោក វន់ ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំនិង ៦ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីឆ្នាំ២០១៤៕

អត្ថបទដោយ៖ ជា សុខនី

Share

ព័ត៌មានទាក់ទង

Image