en     km
en     km

មន្រ្តីខេត្តកំពង់ចាមជំរុញនិស្សិតបន្តផ្សព្វផ្សាយបញ្ហាចរាចរណ៍ បរិស្ថាន និងជំងឺអេដស៍ទៅតាមសហគមន៍

Share

កំពង់ចាម៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលសាលាខេត្តកំពង់ចាមបានបើកសិក្ខាសាលាស្តីពីផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ បរិស្ថាន និងជំងឺអេដស៍ ដល់និស្សិតនៅពុទ្ធិកសាកលវិទ្យាល័យ ដើម្បីជំរុញដល់អ្នកចូលរួមជួយផ្សព្វផ្សាយបន្តទៅកាន់សហគមន៍របស់ពួកគេ។

សមាសភាពសិក្ខាកាមដែលបានចូលរួមវគ្គសិក្សាជាមួយមន្រ្តីខេត្ត។រូបភាព ស តឹង ។

លោកស្រី អន ហេងលក្ខិណា តំណាងឱ្យអភិបាលរងខេត្តកំពង់ចាមលើកឡើងថា គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់និស្សិតទាំងអស់ឲ្យបានយល់ច្បាស់អំពី ច្បាប់ចរាចរណ៍ បញ្ហាបរិស្ថាន និងជំងឺអេដស៍។ លោកស្រីសង្កត់ធ្ងន់ថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម កាលពីឆ្នាំ ២០២៣ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ១៦៦ករណី ក្នុងនោះមូលហេតុចម្បងកើតឡើងដោយសារការបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការធ្វេសប្រហែសពេលបើកបរ។

លោកស្រី អន ហេងលក្ខិណា តំណាងឱ្យអភិបាលរងខេត្តកំពង់ចាម។រូបភាព ស តឹង ។

ចំណែកបញ្ហាបរិស្ថានវិញលោកស្រីបង្ហាញថា រដ្ឋបាលខេត្តកំពង់ចាមគ្រោងនឹងដាក់ចេញនៅវិធានការ ក្រុងស្អាត បរិស្ថានស្អាត ដែលសកម្មភាពនេះដើម្បីត្រៀមដណ្តើមជ័យលាភី ខេត្តគំរូគ្មានការបន្ទោរបង់ពាសវាលពាសដែលធ្លាប់ទទួលបានកាលពីពេលកន្លងមក។ ក្នុងឱកាសនោះដែរ លោកស្រីក៏ជំរុញឲ្យនិស្សិតត្រូវយល់ដឹងពីវិធីបង្ការឬការប្រុងប្រយ័ត្នអំពីជំងឺអេដស៍ ដែលជាជំងឺឆ្លងតាមរយៈការរួមភេទ ការប្រើប្រាស់ម្ជុលរួមគ្នាជាដើម។

តាមរយៈសិក្ខាសាលានេះលោកស្រី អន ហេងលក្ខិណា សូមអំពាវនាវនិស្សិតជាសិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលាទាំងអស់ ត្រូវខិតខំចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ បញ្ហាបរិស្ថាន និងជំងឺអេដស៍ ទៅកាន់អ្នកជុំវិញខ្លួន និងពលរដ្ឋក្នុងសហគមន៍ទាំងមូលឲ្យបានយល់ដឹងកាន់តែច្បាស់។

សិក្ខាកាមដែលបានចូលរួមបានស្តាប់យ៉ាងយកចិត្តទុកដាក់។រូបភាព ស តឹង ។

យុវជន វ៉ាន់ រ៉ានុត គឺជាសិក្ខាកាមម្នាក់ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ បានឡើងថ្លែងចាប់អារម្មណ៍ក្នុងកម្មវិធីថា សិក្ខាសាលានៅថ្ងៃនេះ បានផ្ដល់នូវចំណេះដឹងអំពី បញ្ហាច្បាប់ចរាចរណ៍ បញ្ហាបរិស្ថាន និងអំពីជំងឺអេដស៍ ដែលធ្វើឲ្យខ្លួនកាន់តែទទួលព័ត៌មានច្បាស់បន្ថែមទៀត។ យុវនិស្សិតពុទ្ធិកសាកលវិទ្យាល័យរូបនេះ បង្ហាញការប្តេជ្ញាចិត្តដោយសន្យាថា នឹងខិតខំចែករំលែកចំណេះដឹងអំពីសិក្ខាសាលានេះ ទៅកាន់មនុស្សនៅជុំវិញមជ្ឈដ្ឋានជុំវិញខ្លួន ដើម្បីឲ្យពួកគេបានយល់ដឹងកាន់តែច្បាស់។

សិក្ខាកាមចូលរួមបានឡើងសួរសំណួរនិងបញ្ចេញយោបល់របស់ខ្លួនក្នុងវគ្គសិក្ខាសាលា។រូបភាព ស តឹង ។

រីឯកញ្ញា វ៉ាន់ នីស៊ា ជាសិក្ខកាមមួយរូបទៀត សម្តែងក្តីត្រេកអរដែលមន្រ្តីខេត្តបានចុះមកផ្សព្វផ្សាយបញ្ហាខាងលើ ខណៈបច្ចុប្បន្នបញ្ហាទាក់ទងនឹងចរាចរណ៍ បញ្ហាបរិស្ថាន និងបញ្ហាជំងឺអេដស៍នៅតែជាក្តីកង្វល់នៅឡើយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ យុវតីរូបនេះ សន្យាថានឹងនាំយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីឱ្យពួកគេចេះប្រុងប្រយ័ត្ន និងអាចបញ្ជៀសបញ្ហានានាដែលអាចកើតមានជាយថាហេតុ៕

សិក្ខាកាមចូលរួមបានឡើងសួរសំណួរនិងបញ្ចេញយោបល់របស់ខ្លួនក្នុងវគ្គសិក្ខាសាលា។រូបភាព ស តឹង ។

អត្ថបទខ្លីសរសេរដោយ  ​ស តឹង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image