en     km
en     km

ឈ្មួញសម្រុកទិញស្លាខ្ចីដឹកទៅលក់ឱ្យ​វៀតណាមក្នុងមួយថ្ងៃៗពី ២០ ទៅ ៣០ តោន

Share

កំពង់ចាម​៖​ ផ្លែស្លាខ្ចីរាងមូលទ្រវែងកំពុងត្រូវប៉ាន់ ដោយ​ឈ្មួញសម្រុកមកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ ទៅ ៣០ តោននោះទេ។ នេះបើតាមការបញ្ជាក់ពីឈ្មួញប្រមូលទិញស្លាប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាម។

សកម្មភាពឈ្មួញមកទិញស្លាខ្ចីពីអ្នកស្រុកអ្នកភូមិ។រូបភាពពី ឡេក​ ចាន់ពេជ្រ ។

អ្នកស្រី ណុច សុខឃីម អាយុ ៥៤ ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារ​អ្នក​ស្រីតែងទិញស្លាពីប្រជាពលរដ្ឋមកហាន់​ធ្វើស្លាចំណិត ដែលក្នុង១គីឡូក្រាមស្លាស្រស់តម្លៃ ១ ២០០ រៀល ហើយយកមកហាលឱ្យក្រៀមលក់ចេញបានតម្លៃ ២៧ ០០០ រៀល។

​តែយ៉ាងណាសម្រាប់ឆ្នាំនេះ ស្លាលក់បានថោកជាងឆ្នាំទៅដោយឆ្នាំមុនលក់បានតម្លៃ ៣ ម៉ឺនរៀលឯណ្ណោះ។ នេះបើតាមអ្នកស្រី សុខឃីម។ អ្នកស្រីបន្តថា ក្នុងចំណិតស្លាស្រស់ចំនួន ៥០០ គីឡូក្រាម ហាលក្រៀមនៅសល់ទម្ងង់តែ​ ៣៦ គីឡូក្រាមតែប៉ុណ្ណោះ។ កសិកររូបនេះបន្ថែមថា មុខរបរនេះអាចរកចំណូលបានពី ៥ ទៅ ៦ លានរៀលដែរក្នុង១ឆ្នាំៗ ដែលជាចំណូលមួយល្អសម្រាប់ដោះស្រាយជីវភាពគ្រួសារ។

អ្នកភូមិកំពុងបកស្លាខ្ចីដើម្បីហាន់ជាចំណិតៗហាល។រូបភាពពី ឡេក​ ចាន់ពេជ្រ ។

ជាការយល់ឃើញរបស់អ្នកស្រី អ្នកយល់ថា បើសិនជាកសិករមានដីទំហំធំ គួរតែដាំស្លាទុកលក់ ព្រោះការដាំស្លាមិនលំបាកថែទាំប៉ុន្មាននោះទេ ចំណែកចំណូលបានពីការដាំស្លាវិញអាចធ្វើឱ្យជីវភាពរស់ស្រួលផងដែរ។

​រីឯឈ្មួញមួយរូបគឺលោក ស៊ាន សឿន អាយុ ៣២ ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា រាល់ថ្ងៃលោក​បានដើរទិញស្លាខ្ចីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ក្រចេះ និងខេត្តកំពង់ធំ យកមកលក់ឲ្យឈ្មួញកណ្តាល ដោយក្នុង ១ គីឡូក្រាមបាន ២៧០០ រៀល ខណៈទិញពីអ្នកភូមិនៅនឹងគល់ដើមក្នុងតម្លៃ ២០០០រៀល។

សាច់ផ្លែស្លាដែលបានបកចេញពីសម្បក។រូបភាពពី ឡេក​ ចាន់ពេជ្រ ។

លោក​ថា ក្នុងរដូវប្រមូលផលផ្លែស្លានេះលោកអាចរកប្រាក់ចំណូលបាន ៤ ទៅ ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយលោកមានក្រុមការងារជិត២០នាក់ដើរទិញពីគ្រប់មូលដ្ឋានទាំង ៣ ខេត្ត ដែលពួកគេដើរទិញរាល់ថ្ងៃអាចរកចំណូលបានតាមលទ្ធភាពរៀងៗខ្លួន។

ស្លាដែលត្រូវបានយកមកហាលដើម្បីត្រៀមលក់ទៅឱ្យវៀតណាម។រូបភាពពី ឡេក​ ចាន់ពេជ្រ ។

លោក ភិន វណ្ណៈ អាយុ ៣០ ឆ្នាំ ជាឈ្មួញ​មួយ​រូបទៀតរស់នៅភូមិជប់ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបាន​ទទួលទិញស្លាខ្ចី ក្នុង ១ គីឡូក្រាមតម្លៃពី ២ ទៅ ៣ ពាន់រៀល។​ លោក​ប្រាប់​ថា លោក​ទិញតែប្រភេទស្លាមូលទ្រវែងតែប៉ុណ្ណោះ ចំណែកស្លា​មូលលោកមិនទទួលទិញនោះទេ ដ្បិតទីផ្សារវៀតណាមមិនត្រូវការ។ ឈ្មួញប្រមូលទិញស្លារូបនេះ បញ្ជាក់បន្ថែមថា ​​ក្នុង១ថ្ងៃៗ លោក​អាចប្រមូលទិញបានពី ៣ ទៅ ៤ តោន ដឹកយកទៅលក់នៅប្រទេស​វៀតណាម។

លោកបញ្ជាក់ទៀតថា ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាមមិនក្រោមពី ២០ ទៅ៣០តោននោះទេ៕

ទិដ្ឋភាពដឹកជញ្ជួនស្លាខ្ចីរបស់ឈ្មួញដែលប្រមូលទិញពីអ្នកភូមិ។រូបភាពពី ឡេក​ ចាន់ពេជ្រ ។

អត្ថបទខ្លីសរសេរដោយ  ​ឡេក​ ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image