កំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានសម្តែងក្តីរីករាយ ខណៈទទួលបានផ្លូវបេតុងមួយខ្សែមកប្រើប្រាស់ពីគម្រោងមូលនិធិឃុំសង្កាត់សម្រាប់ឆ្នាំ២០២៤នេះ។សមិទ្ធផលនេះផងដែរ បើតាមអភិបាលស្រុកកោះសូទិន គឺជាផ្លែផ្កាកើតចេញពីការសន្យារបស់អាជ្ញាធរដែនដីទៅកាន់ប្រជាពលរដ្ឋ ឆ្លើយតបតាមតម្រូវការចង់បានក្រោយការបោះឆ្នោត។
មន្រ្តីឃុំ/ស្រុកកោះសូទិនចុះពិនិត្យការសាងសង់ផ្លូវបេតុងចំនួនបីខ្សែ។រូបភាព ឡេក ចាន់ពេជ្រ ។
អាជ្ញាធរស្រុកដោះសូទិន បន្ថែមទៀតថា ផ្លូវបេតុងមួយខ្សែនេះ ក៏ជាផ្នែកមួយដើម្បីជួយដោះស្រាយការលំបាក និងជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ពិសេសជាងនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ថវិកាជាច្រើនសម្រាប់កសាងអភិវឌ្ឍន៍ភូមិឃុំឲ្យកាន់តែរីកចម្រើន។នេះបើតាមមន្ត្រីសុ្រកកោះសូទិន។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ៣ខ្សែ ក្នុងឃុំពាមប្រធ្នោះ។ លោកថា រាជរដ្ឋាភិបាលកម្ពុជាតែងខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ តាមរយៈការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័នានាជូនតាមតម្រូវការរបស់ពលរដ្ឋ។
មន្រ្តីឃុំ/ស្រុកកោះសូទិនចុះពិនិត្យការសាងសង់ផ្លូវបេតុងចំនួនបីខ្សែ។រូបភាព ឡេក ចាន់ពេជ្រ ។
ប្រជាពលរដ្ឋមួយរូបលោក ដន ខន រស់នៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន លើកឡើងថាបច្ចុប្បន្ននេះតាមបណ្តាភូមិក្នុងឃុំមួយនេះ បានប្រែក្លាយពីផ្លូវដីក្រួសក្រហមមកជាផ្លូវបេតុងល្អស្អាត។ ចំណែកផ្លូវខ្លះប្រែពីផ្លូវដីសមកជាផ្លូវក្រាលគ្រួសក្រហមវិញ ដែលជួយសម្រួលការធ្វើដំណើរបានងាយស្រួល លឿនរហ័សទាន់ពេល។
ឆ្អឹងដែកដែលគ្រោងសង់ផ្លូវបេតុង។រូបភាព ឡេក ចាន់ពេជ្រ ។
ប្រជាពលរដ្ឋមួយរូបទៀតក្នុងភូមិត្រពាំងជីនាង ឃុំល្វា ថ្លែងប្រាប់ឲ្យដឹងថា ភូមិពួកគេពីមុនមិនមានផ្លូវល្អស្អាតនោះទេ ហើយលំបាកធ្វើដំណើរ។ ពោលគឺខែវស្សាផ្លូវតែងបែកភក់រអិល ហើយខែប្រាំងវិញដីហ៊ុយដីពេញភូមិ។ ពេលទទួលបានផលប្រយោជន៍ពីផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់នៅពេលនេះ ប្រជាពលរដ្ឋខាងលើចង់សំណូមពរឲ្យប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សកុំបើកបរល្មើសលឿន ដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងរួមគ្នាថែរក្សាសមិទ្ធផលមួយនេះឲ្យបានយូរអង្វែង។
គូសបញ្ជាក់ផងដែរថា ផ្លូវបេតុងចំនួនបីខ្សែដែលបានបើកការដ្ឋានសាងសង់នេះ មានប្រវែងសរុប ១០៣៧ម៉ែត្រ ក្នុងនោះ ផ្លូវបេតុងក្នុងភូមិជីហែ មានប្រវែង៧០៣ម៉ែត្រ មានទទឹង ៣,៥ម៉ែត្រ,និងផ្លូវបេតុងក្នុងភូមិទួលក្ដុលប្រវែង១៦៧ម៉ែត្រ មានទទឹង៤ម៉ែត្រ, និងផ្លូវបេតុងក្នុងភូមិទួលធាតុប្រវែង១៦៧ម៉ែត្រ មានទទឹង ៤ម៉ែត្រ៕
អត្ថបទខ្លីសរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។