ខេត្តកំពង់ចាម៖ នៅពាក់ចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាកសិករស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម កំពង់មមាញឹកនឹងការប្រមូលផលពោតក្រហម ខណៈតម្លៃវិញក៏បានថ្លៃល្អជាងបណ្តាឆ្នាំមុនៗ ។
កសិករកំពង់ប្រមូលពោតដែលហាលរួចទុកលក់ឱ្យឈ្មួញមកទិញដល់ផ្ទះ។រូបភាព ជា ចាន់រ៉ន។
សម្រាប់ប្រជាកសិករក្នុងស្រុកកោះសូទិនជាង ៧០% ពួកគេប្រកបរបរដាំពោតក្រហមនិងពោតស ដោយដាំឆ្លាស់គ្នាជាមួយនឹងថ្នាំជក់លើផ្ទៃដីតែមួយ។ មានន័យថា ពេលកសិករប្រមូលផលពោតរួច ពួកគេភ្ជួររាស់ដីដាំពោតវិញ។ ប៉ុន្តែដោយសារដំណាំពោតទទួលបានកម្រៃគួរសមជាង ដូច្នេះកសិករដាំពោតក្នុងមួយឆ្នាំចំនួនពីរដង រីឯថ្នាំជក់ដាំតែមួយដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ហើយដំណាំនីមួយៗត្រូវចំណាយរយៈពេលជិត ៤ ខែទើបប្រមូលផល។
គំនរពោតដែលកសិករបេះពីចម្ការមកទុកនៅផ្ទះដើម្បីបកហាលទុកលក់ឱ្យឈ្មួញ។រូបភាព ជា ចាន់រ៉ន។
ប្រជាកសិករមួយរូបគឺលោក ប្រុក ស៊ឹម វ័យ ៦៨ឆ្នាំ រស់នៅក្នុងភូមិព្រែកតាកែរ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម រៀបរាប់ឲ្យដឹងថា ឲ្យតែដល់ចុងខែសីហានេះ ប្រជាកសិករក្នុងស្រុកកោះសូទិនចាប់ផ្ដើមប្រមូលផលពោតក្រហមជាបណ្តើរៗហើយ។ លោកបន្តទៀតថា ថ្វីបើដំណាំពោតលក់បានថ្លៃគ្រាន់បើមែនក្តី តែដំដាំនេះជួបផលលំបាកក្នុងការថែទាំ ព្រោះត្រូវការទឹកស្រោចស្រពគ្រប់គ្រាន់ ត្រូវទិញជី និងថ្នាំបាញ់ការពារសត្វល្អិតចង្រៃផងដែរ។ លោកថា លោកត្រូវចំណាយប្រាក់ទិញប្រេងសាំងដើម្បីបូមទឹកស្រោចដំណាំនេះជារឿយៗ បើសិនជាមេឃមិនសូវធ្លាក់ភ្លៀងច្រើនទេនោះ។
តែយ៉ាងណាលោកអះអាងថា ដំណាំពោតនេះងាយស្រួលលក់ និងតម្លៃក៏មិនធ្លាក់ថ្លៃខ្លាំងដូចដំណាំផ្សេងទៀតនោះទេ។
កសិករកំពង់ប្រមូលពោតដែលហាលរួចទុកលក់ឱ្យឈ្មួញមកទិញដល់ផ្ទះ។រូបភាព ជា ចាន់រ៉ន។
រីឯអ្នកស្រី អោគ សុឃី កសិករមួយរូបទៀតបន្ថែមថា ផ្លែពោតក្រហមតម្លៃលើទីផ្សារឆ្នាំនេះលក់បានថ្លៃគ្រាន់បើជាងឆ្នាំមុនៗ ដោយពោតស្រស់លក់បានក្នុង ១ គីឡូក្រាមថ្លៃ ៧៥០៛។ ចំណែកពោតហាលស្ងួត លក់បានតម្លៃចន្លោះពី ១១០០៛ ដល់ទៅ ១៣០០៛ តាមប្រភេទពោតល្អ ឬមធ្យម។
ពោតដែលទុកលក់ឱ្យឈ្មួញពេលហាសស្ងួត។រូបភាព ជា ចាន់រ៉ន។
តាមការបញ្ជាក់ពីកសិករ ពោតក្រហមនេះឈ្មួញកណ្តាលប្រមូលទិញលក់ទៅកាន់ប្រទេសជិតខាង ដើម្បីផលិតចេញជាចំណីសត្វនិងផលិតចេញជាផលិតផលផ្សេងៗតាមតម្រូវការជាក់ស្តែង៕
អត្ថបទខ្លីសរសេរដោយ ជា ចាន់រ៉ន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។