en     km
en     km

ភរិយាលោក ម៉ម រិទ្ធី ស្នើឱ្យតុលាការដោះលែងស្វាមីខ្លួន ខណៈជីវភាពគ្រួសារធ្លាក់ក្នុងស្ថានភាពខ្វះខាត

Share

រូបភាពពីអ្នកស្រី គង់ សុដា។

គ្រួសារមេដឹកនាំសហជីព ដែលធ្វើការងារលើកកម្ពស់សិទ្ធិកម្មករក្នុងវិស័យទេសចរណ៍ ស្នើឱ្យតុលាការដោះលែងស្វាមីខ្លួនឱ្យមានសេរីភាពឡើងវិញ ខណៈក្រុមគ្រួសារមេដឹកសហជីពនេះ កំពុងប្រឈមនឹងជីវភាពខ្វះខាតជាខ្លាំង បន្ទាប់ពីតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ។

(កញ្ញា ងិន ស៊ាមលីម ជូនសេចក្តីរាយការណ៍)

 

អ្នកស្រី គង់ សុដា៖ «ពេលដែលគាត់ដោះលែងត្រឡប់មកវិញ គឺគ្រួសារ ជាពិសេសកូនៗ រាល់ថ្ងៃគឺបងពិបាកជាងគេ ពួកគាត់តែងតែសួរប៉ា ពេលណាត្រឡប់មកវិញ ហើយបើអាអូនតូចប៉ាទៅធ្វើការនៅភ្នំពេញយូរម៉េះ ព្រោះបងអត់បានប្រាប់គាត់ទេ គាត់ទើបតែអាយុ ៦ឆ្នាំ ដូចពេលដែលគាត់មកសួរ គឺពិបាកជាងក្នុងការឆ្លើយតបទៅកាន់គាត់»។

នេះជាប្រសាសន៍របស់អ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា និងជាអនុប្រធានសហភាពការងារកម្ពុជា (CLC)។

លោក ម៉ម រិទ្ធី ជាមេដឹកនាំសហជីពមួយរូប ដែលតែងតែធ្វើការឈឺឆ្អាល និងតវ៉ារាល់ភាពអយុត្តិធម៌ដែលកើតឡើងមកលើកម្មករ។ លោកត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធ នឹងការចេញផ្សាយនូវវីដេអូមួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលលោកបានរិះគន់ការចាប់ខ្លួនសមាជិកសហជីពរបស់លោក នៅក្រុមហ៊ុន កាស៊ីណូ ជីន ប៉ី ខេត្តព្រះសីហនុ។

អ្នកស្រី គង់ សុដា អាយុ ៣៩ឆ្នាំ រៀបរាប់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣០ ខែសីហាថា បច្ចុប្បន្នអ្នកស្រីមិនបានប្រកបមុខរបរអ្វីធ្វើឡើយ គឺអាស្រ័យតែការងាររបស់ស្វាមីប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងផ្ទុះជំងឺកូវីដ១៩ ស្វាមីអ្នកស្រីរកចំណូលលែងបានពីវិស័យទេសចរណ៍ ដូច្នេះអ្នកស្រីក៏ចាប់ផ្ដើមមុខរបរលក់សម្លៀកបំពាក់។ មុខរបរនេះ អ្នកស្រីថា បានជួយទប់ទល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ចំណែកប្រាក់ចំណូលស្វាមីអ្នកស្រី គឺសម្រាប់ទប់ទល់នឹងបង់ធនាគារដែលយកលុយមកសាងសង់លំនៅឋាន ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ១៩ ប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំង ដូច្នេះធ្វើឱ្យស្វាមីអ្នកស្រីបាត់បង់ប្រាក់ចំណូល ជាហេតុឱ្យគ្រួសារអ្នកស្រី សុដា សម្រេចចិត្តលក់លំនៅឋានខ្លួន ដើម្បីដោះបំណុល។

ខណៈដែលក្នុងគ្រួសារមិនទាន់ដោះបំណុលអស់ ស្វាមីរបស់អ្នកស្រី សុដា គឺលោក ម៉ម រិទ្ធី ក៏ត្រូវជាប់ឃុំថែមទៀត ដែលគិតមកដល់ពេលនេះ លោក ម៉ម រិទ្ធី ត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៤ខែហើយ ស្របពេលមេធាវីការពារក្ដីស្នើសុំឱ្យនៅក្រៅឃុំ ក៏ត្រូវបានតុលាការច្រានចោលថែមទៀត។ បន្ទាប់ពីស្វាមីត្រូវបានជាប់ឃុំ អ្នកស្រីត្រូវទទួលរងបន្ទុកទាំងស្រុងក្នុងជីវភាពគ្រួសារ ដោយរកចំណូលដោយខ្លួនពីរបរលក់សម្លៀកបំពាក់ ហើយរបរនេះមានថ្ងៃខ្លះរកចំណូលមិនគ្រប់នឹងអាហារ ៣ ពេលទេ ពីព្រោះត្រូវចំណាយលើបំណុល និងត្រូវចំណាយលើការសិក្សារបស់កូនៗទាំង ៤ នាក់។

អ្នកស្រី គង់ សុដា៖ «ពេលប្ដីអត់នៅ ៤ខែនេះអស់ហើយ តែបងអត់ដឹងថា វាទ្រាំបានប៉ុន្មានខែទៀត បងសង្ឈឹមថាវានឹងលឿន តែបងអត់ដឹងវានឹងលឿន ឫក៏អត់អ៊ីចឹង។ បើសម្រាប់គ្រួសារបង គឺវាអយុត្តិធម៌ ពីព្រោះបងអត់ដឹងពីផ្លូវច្បាប់ យើងមើលសំណុំរឿងដែលចោទប្រកាន់ហ្នឹង ហេតុអីដល់ថ្នាក់ហ្នឹងទៅជាមានបទឧក្រិដ្ឋជាអាទិ៍ ញុះញង់អីណា ហើយវាមានអារម្មណ៍ថាបងអត់យល់។ ហេតុអីបានត្រូវចាប់គាត់ ដែលគាត់ជួយស្រីហ្នឹង (កម្មករ) ចាប់ខ្លួនតែពីរបីថ្ងៃទេ គ្រាន់តែពេលគាត់ឡាយ(Live)ហ្នឹង គាត់បានជួយគេឱ្យនៅក្រៅឃុំ តែដល់គាត់វិញបែរជាត្រូវចាប់គាត់ បងអត់យល់ ម៉េចបានច្បាប់គេអ៊ីចឹង?»។

ជាស្ដ្រីដែលត្រូវទទួលបន្ទុកក្នុងគ្រួសារជំនួសស្វាមី អ្នកស្រី សុដា បច្ចុប្បន្ននេះកំពុងរស់នៅក្នុងបន្ទប់ជួលក្នុងខេត្តសៀមរាបជាមួយកូនៗទាំង ៤នាក់ ដោយអ្នកស្រីចាត់ទុកការឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ពីព្រោះលោក ម៉ម រិទ្ធី មិនបានប្រព្រឹត្តអំពើញុះញង់នោះឡើយ។ អ្នកស្រីអះអាងទៀតថា សកម្មភាពស្វាមីរបស់អ្នកស្រី គឺគ្រាន់តែជាសកម្មភាពការពារសិទ្ធិកម្មករពីការកេងប្រវ័ញ្ចដោយថៅកែប៉ុណ្ណោះ។ អ្នកស្រីយល់ថា តុលាការឃុំខ្លួនស្វាមីអ្នកស្រី គឺគ្មានអ្វីចំណេញឡើយ ដូច្នេះគួរតែពិចារណាដោះលែងស្វាមីខ្លួនឱ្យមានសេរីភាពឡើងវិញ ដើម្បីជួយរកចំណូលដោះបំណុល និងជួយចិញ្ចឹមកូនៗ ទើបមានប្រយោជន៍ជាង។

អ្នកស្រី គង់ សុដា៖ «គាត់ធ្វើកិច្ចការងារច្រើនដើម្បីគ្រួសារ គាត់លះបង់ច្រើន ដើម្បីគ្រួសារ និងកម្មករដែរ ដល់ពេលដែលគាត់មានបញ្ហាបែបនេះ គឺគ្រួសារបងគាត់ពិបាកខ្លាំង ហើយក៏រងភាពអយុត្តិធម៌ខ្លាំងសម្រាប់គាត់ និងគ្រួសារ។ ស្នើសុំឱ្យគាត់ដោះគាត់ឱ្យចេញក្រៅឃុំ ពីព្រោះគាត់អត់មានកំហុសអីដល់ថ្នាក់ត្រូវចាប់ឃុំគាត់អ៊ីចឹង ពីព្រោះពួកបងមិនដឹងយល់ច្បាប់គេយកបែបហ្នឹង ទោសហ្នឹងគេត្រូវតែមួយឆ្នាំកន្លះ បងអត់យល់ទេ និយាយទៅតាំងពីដើមគឺបងស្នើសុំឱ្យរាជរដ្ឋាភិបាល និងក្រុមការងាររបស់គាត់ ជួយឱ្យគាត់សុំនៅក្រៅឃុំវិញ ពីព្រោះនៅខាងក្រៅ ក្នុងគ្រួសារគឺបងម្នាក់ឯងរ៉ាប់រង់ពិបាកខ្លាំង ពិបាកខ្លាំងមែនទែន»។

លោក ម៉ម រិទ្ធី ត្រូវបានសមត្ថកិច្ចសង្កាត់បឹងទំពុនចាប់ខ្លួននៅស្នាក់ការរបស់លោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ និងត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ ដោយរកឃើញមានជាប់ពិរុទ្ធភាព ពីបទញុះញង់ យោងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ និងបទ «ឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» យោងតាមមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ ក្រៅពីមេសហជីពរូបនេះ ក៏នៅមានមេសហជីពផ្សេងទៀតក្នុងនោះមាន កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង