en     km
en     km

ពលករខ្មែរនៅថៃម្នាក់ ឈឺដេកកន្ទេល៣ឆ្នាំ ស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ

Share

ភ្នំពេញ៖ បន្ទាប់ពីធ្លាក់ខ្លួនឈឺនៅប្រទេសថៃអស់រយៈពេល៣ឆ្នាំកន្លងមក បច្ចុបន្ននេះ អតីតពលករនេសាទ នៅខេត្តរយ៉ង ប្រទេសថៃ លោក ជួន ផន បានធ្លាក់ខ្លួនក្នុងជីវភាពខ្សត់ខ្សោយ។ លោកបានអំពាវនាវសុំការជួយពីសប្បុរសជននានា ជាថវិកា ឬសម្ភារៈផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

 

អ្នកស្រី រី សាំង តំណាងបណ្តាញពលករខ្មែរប្រចាំនៅប្រទេសថៃ បានឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០២៤នេះ លោក ជួន ផន  ជាអតីតពលករខ្មែរនេសាទ នៅខេត្តរយ៉ង ប្រទេសថៃ បានធ្លាក់ខ្លួនឈឺអស់រយៈពេល៣ឆ្នាំកន្លងមកហើយ បច្ចុប្បន្ននេះលោកមានការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហេតុនេះលោកសុំអំពាវនាវដល់សប្បុរសជននានា ​ឱ្យជួយជាថវិកា ដើម្បីទិញថ្នាំព្យាបាលជំងឺ ដោយសង្ឃឹមថានឹងអាចជាសះស្បើយបានរស់រានមានជីវិតបន្តទៅមុខទៀត។

អ្នកស្រី រី សាំង បានឱ្យដឹងទៀតថា បន្ទាប់ពីធ្លាក់ខ្លួនឈឺ លោក ជួន ផន បានមកស្នាក់នៅជិតសហគមន៍ខ្មែរដូចគ្នា តែដោយសារជំងឺប្រចាំកាយ និងមិនមានអ្នកថែទាំ ធ្វើឱ្យខ្លួនលោក មានក្លិនមិនល្អ រំខានដល់គេ ទើបលោក ត្រូវបានគេយកមកដាក់ឱ្យរស់នៅក្នុងបន្ទប់ដាច់តែឯង ដោយបន្ទប់ស្នាក់នៅនោះគ្មានអគ្គីសនី និងបន្ទប់ទឹកប្រើប្រាស់  ធ្វើឱ្យគាត់រស់នៅកាន់តែលំបាកឡើង។

អ្នកស្រី រី សាំង៖«  គាត់ធ្លាក់ខ្លួនឈឺ ធ្វើការអត់កើត គាត់ក៏នៅជិតសហគមន៍ខ្មែរយើងដូចគ្នា គាត់អត់មានអ្នកមើលថែ មានក្លិនដាក់គេដាក់ឯងប៉ះពាល់ដល់គេ ក្រោយមកទៀតគេក៏យកគាត់ទៅដាក់នៅកន្លែងមួយ ដែលអត់មានភ្លើង និងអត់បន្ទប់ទឹក នៅម្នាក់ឯងហ្នឹងឯង»។   

អ្នកស្រីបានឱ្យដឹងបន្ថែមថា​ដោយទទួលបានដំណឹងនេះ អ្នកស្រី ក៏​បានឱ្យបណ្តាញពលករខ្មែរនៅខេត្តរយ៉ង ចុះទៅមើលស្ថានភាពជាក់ស្តែង រួមនឹងបានយកនូវគ្រឿងបរិភោគមួយចំនួនជូនដល់គាត់ផងដែរ។ ទន្ទឹមគ្នានេះ លោក ជួន ផន មានសំណើរចង់បានបន្ទប់ដែលមានបន្ទប់ទឹកមួយ សម្រាប់ប្រើដូចគេដែរ។ បច្ចុប្បន្នសម្រាប់ការផ្គត់ផ្គង់ជីវភាពរស់នៅ របស់លោក គឺបានអាស្រ័យពីពលករខ្មែរ ដែលធ្លាប់ស្គាល់គាត់ យកមកឱ្យបានគ្រាន់នឹងហូបតិចតួចប្រចាំថ្ងៃ។ ជាមួយគ្នានេះប្រសិនមានករណីបញ្ជូនឱ្យលោកមកស្រុកខ្មែរវិញ លោក ជួន ផន ថាលោកមិនពេញចិត្តនឹងមកស្រុកខ្មែរវិញទេ ព្រោះ លោកមិនមានអ្នកទីពឹង ថវិកា ហើយក៏មិនមានដីឬផ្ទះសម្រាប់ស្នាក់នៅដែរ។

អ្នកស្រី រី សាំង៖« មានពលករ គ្នាឯង ចុះទៅសម្ភាសន៍ គាត់ ​ៗ​​បា្រប់ថា គាត់មិនមកស្រុកខ្មែរវិញទេ បើសិនមានករណីបញ្ជូនគាត់ មកស្រុកខ្មែរ គាត់សុំថាមិនមកស្រុកខ្មែរវិញ​ទេ ព្រោះគាត់អត់មានទីពឹង និងបើសិនគាត់រស់នៅស្រុកខ្មែរ គាត់ថាគាត់មានតែម្ភៃ សាមសិបបាតគាត់ចាយអត់បាន ទិញអីអត់បាន តែបើនៅស្រុកថៃគាត់មានម្ភៃ សាមសិបបាតគាត់អាចទិញរបស់ហូបបាន»

លោក ជួន ផន​ បានសុំអំពាវនាវដល់សប្បុរសជននានា ជួយជាថវិកា ឬការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ សម្រាប់ឱ្យគាត់បានទិញថ្នាំព្យាបាលជំងឺ ដើម្បីឱ្យលោកអាចមានសង្ឃឹមជាសះស្បើយពីជំងឺ ដើម្បីអាចវិលទៅប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងវិញ៕

ប្រភពរូប៖ អ្នកស្រីរី សាំង

​​​​

Share

ព័ត៌មានទាក់ទង

Image