រូបថត៖វត្តី
ភ្នំពេញ៖ ក្នុងអាយុ៧៣ឆ្នាំ អ្នកស្រី ឡោ សាំ នៅតែប្រកបមុខរបរលក់ចំណីសត្វព្រាបនៅមុខវាំងដើម្បីយកថវិកាចិញ្ចឹមចៅស្រីឱ្យបានរៀនសូត្រ។ ទោះស្ថិតក្នុងជីវភាពក្រីក្រលំបាកយ៉ាងណា ស្រ្តីវ័យចំណាស់រូបនេះ មិនធ្លាប់មានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រនោះឡើយ។ អ្នកស្រីបានប្រាប់វិទ្យុស្រ្តីថាអ្នកស្រី មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ បើទទួលបាននូវប័ណ្ណសម្រាប់មនុស្សចាស់ ឬប័ណ្ណក្រីក្រ ដោយបានការឧបត្ថម្ភប្រាក់ខ្លះៗពីរដ្ឋាភិបាលនោះ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
នៅក្នុងសម្លៀកបំពាក់អាវដៃវែងព័ណ៌ស និងសម្ពត់ក្រឡាៗ ក្នុងដៃមានកាន់នូវថង់ចំណីសត្វព្រាបលាយល្បាយគ្នារវាងពោតនិងសណ្តែក អ្នកស្រី ឡោ សាំ បានប្រាប់វិទ្យុស្រ្តីថា រយៈពេល២ទៅបីឆ្នាំហើយដែលអ្នកស្រី បានប្រកបមុខរបរលក់ចំណីសត្វព្រាបនៅមុខវាំងនេះ ដើម្បីចិញ្ចឹមខ្លួនឯងផង និងចៅស្រីកំព្រាអាយុ១០ឆ្នាំផង ឱ្យបានទៅរៀនសូត្រ បន្ទាប់ពីចាកចេញពីស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្តាល ។
ស្រ្តីវ័យចំណាស់ អាយុ៧៣ឆ្នាំរូបនោះ បានប្រាប់ឱ្យដឹងទៀតថា ក្នុងមួយថ្ងៃអ្នកស្រីរកកម្រៃបានពីការលក់ចំណីសត្វព្រាបនេះបានពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល តែថ្ងៃខ្លះក៏មិនបានដែរ។ សព្វថ្ងៃនេះអ្នកស្រីមានជំងឺឈឺចង្កេះប្រចាំកាយ ដោយធ្លាប់ធ្លាក់ពីលើកំាជណ្តើរ ហើយពេទ្យថាស្រុញចង្កេះ ថវិកាដែលរកបាននោះ មួយចំណែក អ្នកស្រីត្រូវចិញ្ចឹមខ្លួនឯងផង ចិញ្ចឹមចៅផង និងមួយចំណែកទៀតសម្រាប់ទិញថ្នាំហូបប្រចាំថ្ងៃផង។
អ្នកស្រីឡោ សាំ៖« ២ បីឆ្នាំហើយកូនចេះតែលក់បាន១ម៉ឺន២ម៉ឺនចិញ្ចឹមចៅឱ្យលុយរៀនខ្លះ ឈឺខ្លួនឯង ទិញថ្នាំលេបប្រចាំកាយ ចង្កេះអង្គុយអត់បានទេ ធ្លាក់ពីលើកាំជណ្តើរ ពេទ្យថាស្រុញចង្កេះ ទិញថ្នាំលេបរាល់ថ្ងៃ »។
អ្នកស្រីឡោសំា បានឱ្យដឹងទៀតថា បច្ចុប្បន្នអ្នកស្រីនិងចៅស្នាក់នៅដោយជួលសំយ៉ាបផ្ទះគេសម្រាប់សម្រាកនៅពេលយប់ ដែលមានទីតាំងនៅម្តុំជិតវត្តប្រយូវង្ស ដោយក្នុងមួយខែ២០ដុល្លារ។ អ្នកស្រីទ្រាំលំបាកបែបនេះ ព្រោះគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ជួលផ្ទះស្នាក់នៅ។ « ជួលផ្លូវគេដើរហ្នឹង ទុកមួយចំហៀងគេដើរ យើងដេកមួយចំហៀងទៅ មួយខែហា ហុកសិប មួយរយ(ដុល្លារ)មានលុយឯណា សុំគេដេកអ៊ីចឹងទៅមួយខែ២០(ដុល្លារ)នៅជាមួយចៅស្រី ចៅអាយុ១០ឆ្នាំចូលរៀនហើយ នៅវត្តប្រយូវង្ស»។
ស្រ្តីវ័យចំណាស់រូបនោះ បានឱ្យដឹងទៀតថា អ្នកស្រីមិនដែលធ្លាប់ទទួលបានប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ ឬទទួលបានការឧបត្ថម្ភជាប្រាក់ពីរដ្ឋាភិបាលនោះទេ អ្នកស្រីសំណូមពរដល់រដ្ឋាភិបាលផ្តល់នូវប័ណ្ណមនុស្សចាស់ ដើម្បីអ្នកស្រីអាចព្យបាលខ្លួន ពេលឈឺនៅមន្ទីរពេទ្យដោយមិនគិតថ្លៃ និងអាចមានប្រាក់ខ្លះៗ សម្រាប់ការចំណាយប្រចាំថ្ងៃ។ អ្នកស្រីឡោសាំ៖ « ចា ចង់បានប័ណ្ណមនុស្សចាស់ ចា ចង់បានកូនអើយ ឈឺគ្រាន់បានទៅពេទ្យ យើងអត់លុយអ៊ីចឹងក្រែងពេទ្យគេជួយ បើបានជួយអ៊ីចឹងខ្ញុំអរគុណ រដ្ឋាភិបាលដែលបានជួយខ្ញុំៗអរគុណណាស់ បាន៤ទៅ៥ម៉ឺនច្រើនណាស់ បានប៉ុណ្ណឹងអរណាស់!»៕