en     km
en     km

អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​ គាំទ្រ​ចំពោះ​ការ​ប្តេជ្ញា​រក្សា​សន្តិភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​

Share

HS-status-on-9.2.16
ភ្នំពេញ​ ៖​ អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​​ គាំទ្រ​ជំហរ​ប្តេជ្ញា​ចិត្ត​រក្សា​សន្តិភាព​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​ប្តេជ្ញា​រក្សា​ការពារ​ឱ្យ​បាន​នូវ​សន្តិភាព​ ដែល​កំពុង​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​ និង​ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ និង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ ការ​ប្តេជ្ញា​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​ ធ្វើ​ឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​នេះ​។​

​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍​ ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ សន្តិភាព​គឺជា​សេចក្តី​ត្រូវការ​ចាំបាច់​បំផុត​សម្រាប់​មនុស្សជាតិ​ទូទៅ​មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ហើយ​ការ​រំដោះប្រទេស​ លុប​បំបាត់​សង្គ្រាមស៊ីវិល​ ព្រមទាំង​ការ​កសាង​សន្តិភាព​ មិនមែន​ជា​រឿង​និយាយ​ឱ្យ​រួច​តែ​ពី​មាត់​នោះ​ឡើយ​។​ សម្តេច​ បាន​បន្ថែម​ថា​ កម្ពុជា​បាន​ចំណាយ​ពេលវេលា​ និង​លះបង់​អាយុជីវិត​មនុស្ស​ច្រើន​ណាស់​ ទម្រាំ​កសាង​សន្តិភាព​បាន​ពេញលេញ​ដូច​សព្វ​ថ្ងៃនេះ​ មិន​ត្រូវ​ភ្លេចខ្លួន​ឡើយ​។​

ជុំវិញ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ អ្នកវិភាគ​ព្រឹ​ត្ត​ការណ៍​សង្គម​ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​ គាំទ្រ​ជំហរ​ប្តេជ្ញា​រក្សា​សន្តិភាព​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​ប្តេជ្ញា​រក្សា​ការពារ​ឱ្យ​បាន​នូវ​សន្តិភាព​ ដែល​កំពុង​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​។​

លោកស្រី ជា វណ្ណាត
លោកស្រី ជា វណ្ណាត

​អ្នកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​ គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​រក្សា​ជំហរ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​សន្តិភាព​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​។​ អ្នកស្រី​បន្ត​ថា​ ការ​លើក​ឡើង​របស់​សម្តេច​ ហ៊ុន​ សែន​ នឹង​ជួយ​ឱ្យ​សង្គម​កម្ពុជា​មានការ​រីក​ចម្រើន​ ហើយ​ការ​លើក​ឡើង​នា​ពេល​ថ្មីៗ​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ ជា​ពិសេស​អាច​កំណែ​ទម្រ​ង​ភាព​អសកម្ម​ក្នុង​សង្គម​ក្នុង​ពេល​កន្លង​មក​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​និង​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​។​

អ្នកស្រី​ ជា​ វ​ណ្ណាត​ បាន​បន្ថែម​ទៀត​ថា​ ប្រទេស​ប្រកាន់​របប​ប្រជា​ធិ​តេ​យ្យ​ ត្រូវ​កសាង​សន្តិភាព​ឱ្យ​មាននៅ​ក្នុង​ប្រទេស​ គឺជា​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ ហើយ​ជា​ពិសេស​អ្នកដឹកនាំ​គណបក្ស​នយោបាយ​ ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​វប្បធម៌​សន្ទនា​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ជា​ជាង​ប្រើប្រាស់​ហិង្សា​ផ្សេងៗ​។​

ចំណែក​លោក​ គួ​ន​ គី​ម​ មន្ត្រី​គម្រោង​ការងារ​សន្តិភាព​និង​ការ​ផ្សះផ្សា​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP)​ បាន​មាន​ប្រសាសន៍​ថា​ ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្តេជ្ញា​រក្សា​សន្តិភាព​ឱ្យ​កើត​មាន​ក្នុង​ប្រទេស​នេះ​ ជា​ចំណុច​ល្អ​មួយ​ ដើម្បី​កសាង​សន្តិភាព​ឱ្យ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​សង្គម​ ព្រោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​។​

ទន្ទឹម​នឹង​ការ​គាំទ្រ​នេះ​ មន្ត្រី​គម្រោង​ការងារ​សន្តិភាព​និង​ការ​ផ្សះផ្សា​នៃ​អង្គការ​ YRDP​ រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ សន្តិភាព​កើត​មាន​ ឬ​មិន​មាននៅ​ក្នុង​សង្គម​ គឺ​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់ៗ​រស់នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ​។​ លោក​ថា​ ការ​កសាង​សន្តិភាព​នៅ​ក្នុង​សង្គម​ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ និង​អ្នកធ្វើការ​ងារ​ពាក់ព័ន្ធ​ បន្តធ្វើជារៀងរហូត រក្សា​ឱ្យ​បាន​នូវ​ការ​ចេះ​យោគយល់​​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​។​

សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​ប្រទេស​លើ​ពិភពលោក​មួយ​ចំនួន​ ជា​ពិសេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ កំពុង​ជួប​ប្រទះ​ភាព​វឹកវរ​ និង​ការ​កាប់សម្លាប់​ស្ទើរ​រៀងរាល់ថ្ងៃ​ដោយសារ​សង្គ្រាម​ ខណៈ​កម្ពុជា​កំពុង​រស់នៅ​សុខ​ស្រួល​ក្នុង​ម្លប់​សន្តិភាព​។​ សម្តេច​បាន​បន្ត​ថា​ មាន​តែ​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​មិន​ខ្វល់​អំពី​តម្លៃ​សន្តិភាព​ ហើយ​តែងតែមាន​បំណង​អាក្រក់​បង្ក​បញ្ហា​បំផ្លាញ​សេចក្តីសុខ​របស់​កម្ពុជា​៕

Share

Image
Image
Image