ភ្នំពេញ ៖ អ្នកវិភាគ និងសង្គមស៊ីវិល គាំទ្រជំហរប្តេជ្ញាចិត្តរក្សាសន្តិភាពរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ដែលបានប្តេជ្ញារក្សាការពារឱ្យបាននូវសន្តិភាព ដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា និងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ការប្តេជ្ញារបស់សម្តេច ហ៊ុន សែន នេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី០៩ ខែកុម្ភៈនេះ។
នាព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សម្តេច ហ៊ុន សែន បានសរសេរតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិទូទៅមិនថាតែនៅក្នុងប្រទេសកម្ពុជាទេ ហើយការរំដោះប្រទេស លុបបំបាត់សង្គ្រាមស៊ីវិល ព្រមទាំងការកសាងសន្តិភាព មិនមែនជារឿងនិយាយឱ្យរួចតែពីមាត់នោះឡើយ។ សម្តេច បានបន្ថែមថា កម្ពុជាបានចំណាយពេលវេលា និងលះបង់អាយុជីវិតមនុស្សច្រើនណាស់ ទម្រាំកសាងសន្តិភាពបានពេញលេញដូចសព្វថ្ងៃនេះ មិនត្រូវភ្លេចខ្លួនឡើយ។
ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ អ្នកវិភាគព្រឹត្តការណ៍សង្គម និងសង្គមស៊ីវិលមួយចំនួន គាំទ្រជំហរប្តេជ្ញារក្សាសន្តិភាពរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ដែលបានប្តេជ្ញារក្សាការពារឱ្យបាននូវសន្តិភាព ដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ គាំទ្រចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរធ្វើយ៉ាងណាឱ្យមានសន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ អ្នកស្រីបន្តថា ការលើកឡើងរបស់សម្តេច ហ៊ុន សែន នឹងជួយឱ្យសង្គមកម្ពុជាមានការរីកចម្រើន ហើយការលើកឡើងនាពេលថ្មីៗរបស់នាយករដ្ឋមន្ត្រីនេះ ជាពិសេសអាចកំណែទម្រងភាពអសកម្មក្នុងសង្គមក្នុងពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍និងមានទំនុកចិត្តលើរដ្ឋាភិបាល។
អ្នកស្រី ជា វណ្ណាត បានបន្ថែមទៀតថា ប្រទេសប្រកាន់របបប្រជាធិតេយ្យ ត្រូវកសាងសន្តិភាពឱ្យមាននៅក្នុងប្រទេស គឺជាសំខាន់សម្រាប់ប្រជាពលរដ្ឋ ហើយជាពិសេសអ្នកដឹកនាំគណបក្សនយោបាយ ត្រូវចាប់ផ្តើមប្រើប្រាស់វប្បធម៌សន្ទនាគ្នាក្នុងការដោះស្រាយបញ្ហា ជាជាងប្រើប្រាស់ហិង្សាផ្សេងៗ។
ចំណែកលោក គួន គីម មន្ត្រីគម្រោងការងារសន្តិភាពនិងការផ្សះផ្សានៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានមានប្រសាសន៍ថា ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញារក្សាសន្តិភាពឱ្យកើតមានក្នុងប្រទេសនេះ ជាចំណុចល្អមួយ ដើម្បីកសាងសន្តិភាពឱ្យបានកាន់តែប្រសើរនៅក្នុងសង្គម ព្រោះសម្តេចនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំប្រទេស។
ទន្ទឹមនឹងការគាំទ្រនេះ មន្ត្រីគម្រោងការងារសន្តិភាពនិងការផ្សះផ្សានៃអង្គការ YRDP រូបនេះ បានបន្ថែមទៀតថា សន្តិភាពកើតមាន ឬមិនមាននៅក្នុងសង្គម គឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមតែប៉ុណ្ណោះ។ លោកថា ការកសាងសន្តិភាពនៅក្នុងសង្គម គឺទាមទារឱ្យរដ្ឋាភិបាល និងអ្នកធ្វើការងារពាក់ព័ន្ធ បន្តធ្វើជារៀងរហូត រក្សាឱ្យបាននូវការចេះយោគយល់គ្នាទៅវិញទៅមក ជាពិសេសត្រូវបើកចិត្តឱ្យទូលាយ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសលើពិភពលោកមួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា កំពុងជួបប្រទះភាពវឹកវរ និងការកាប់សម្លាប់ស្ទើររៀងរាល់ថ្ងៃដោយសារសង្គ្រាម ខណៈកម្ពុជាកំពុងរស់នៅសុខស្រួលក្នុងម្លប់សន្តិភាព។ សម្តេចបានបន្តថា មានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលមិនខ្វល់អំពីតម្លៃសន្តិភាព ហើយតែងតែមានបំណងអាក្រក់បង្កបញ្ហាបំផ្លាញសេចក្តីសុខរបស់កម្ពុជា៕