en     km
en     km

​ មនុស្សវ័យចាស់នៅតែប្រឈម នឹងបញ្ហាច្រើនទាមទារ រដ្ឋាភិបាលជួយរកដំណោះស្រាយ

Share

ភ្នំពេញ៖  លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានឱ្យដឹងថា មនុស្សវ័យចាស់នៅតែប្រឈមនឹងបញ្ហាចម្បងជាច្រើន ដូចជា បញ្ហា អនក្ខរកម្ម  សុខភាព និងកង្វះសេវាថែទាំព្យាបាល គាំទ្រ នានា ជាពិសេស សេវាថែទាំព្យាបាលសម្រាប់មនុស្សវ័យចាស់មិនទាន់មានការផ្តល់មិនគិតថ្លៃ ឬក៏បញ្ចុះថ្លៃផ្សេងៗនោះឡើយ។ លោក ទុំ​ វីរ៉ា បានឱ្យដឹងបែបនេះខណៈពេលដែលរាជរដ្ឋាភិបាលបានចេញនូវសារាចរឱ្យមានការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី១ខែតុលាឆ្នាំ២០២៤ខាងមុខនេះ។​អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្រ្តី លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាបានឱ្យដឹងថា​ មនុស្សវ័យចាស់នៅតែប្រឈមនឹងបញ្ហាច្រើន ដូចជាបញ្ហាអនក្ខរកម្ម បញ្ហាសុខភាព និងកង្វះសេវាថែទាំព្យាបាល ការប្រឈមនឹងប្រាក់ចំណូល មិនសូវមានឱកាសក្នុងការប្រកបការងារផ្សេងៗ ដោយត្រូវពឹងទៅលើកូនចៅក្នុងគ្រួសារ ដែលធ្វើឱ្យមនុស្សវ័យចាស់ខ្វះនូវឯករាជ្យភាព និងសេចក្តីសម្រេចផ្សេងៗ បន្ថែមពីលើនេះគឺកង្វះការថែទាំពីកូនចៅ ហើយមនុស្សវ័យចាស់នៅតែមានបន្ទុកមើលថែរក្សាចៅតូចៗ ក៏ដូចជាមើលថែទាំផ្ទះសម្បែងថែមទៀត ខណៈដែលកូនរបស់គាត់ធ្វើចំណាកស្រុក។

លោក ទុំ វីរ៉ា ៖« ប៉ុន្តែសេវាថែទាំសម្រាប់វ័យពួកគាត់ហ្នឹងគឺមិនទាន់មានជារួមទេ មិនទាន់មានជា​ការផ្តល់ឱ្យមិនគិតថ្លៃ យើងអត់ទាន់មានទេ ឬក៏ចុះតម្លៃផ្សេងៗមិនទាន់មាន​ទេ ស្ថិតនៅក្នុងវ័យចាស់នេះគឺគាត់ប្រឈមច្រើនមែនទែនទៅលើប្រាក់ចំណូល ខ្វះការថែទាំពីកូនចៅ ប៉ុន្តែគាត់ត្រូវមានបន្ទុកមើលថែទាំចៅៗតូចៗ ថែទាំផ្ទះសម្បែងដែរ បន្ទុកដែលមើលចៅនេះភាគច្រើនគឺចាស់ៗស្រ្តី យាយៗ អ៊ុំៗជាស្រ្តីគឺគាត់ទទួលខុសត្រូវច្រើនជាងគេ»។

លោកទុំ វីរ៉ា បានរំលឹកឱ្យដឹងថា នៅក្នុងវេទិកាមនុស្សចាស់ ដែលបានធ្វើ៣លើកកន្លងមកនោះ នៅកម្ពុជាមនុស្សចាស់ភាគច្រើនបានលើកឡើងនូវសំណូមពរដល់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយទៅលើបញ្ហារបស់មនុស្សវ័យចាស់ មួយចំនួនដូចជា រដ្ឋគួរឧបត្ថម្ភប្រាក់ប្រចាំខែសម្រាប់មនុស្សវ័យចាស់ ដោយមិនកំណត់សំគាល់ទៅលើប្រភេទលក្ខណៈគ្រួសារក្រីក្រ ឱ្យតែវ័យចាស់គឺគាត់ត្រូវទទួលបាន ជាមួយគ្នានេះរដ្ឋគួរតែគិតគូរយកចិត្តទុកដាក់ និងចេញជាប័ណ្ណសំគាល់សម្រាប់មនុស្សវ័យចាស់មួយ ដែលអាចឱ្យមនុស្សវ័យចាស់ យកទៅប្រើប្រាស់សេវាថែទាំសុខភាពព្យាបាលជំងឺមិនគិតថ្លៃជាដើម បើធៀបនឹងប្រទេសនេប៉ាល់ ប្រទេស ហ្វីលីពីន និងប្រទេសថៃ គឺរដ្ឋាភិបាលគេបានធ្វើលើចំណុចទាំងនេះ សម្រាប់ជួយគាំទ្រទៅដល់មនុស្សវ័យចាស់។

លោក ទុំ វីរ៉ា បន្តថា ៖«នេប៉ាល់គាត់មានប្រាក់ឧបត្ថម្ភជួយគាំទ្រដល់មនុស្សចាស់មិនខ្វល់ថា ចាស់ក្រឬស្ថិតក្នុងគ្រួសារកម្រិតណាទេ ប៉ុន្តែ​គេមានកម្មវិធីហ្នឹងគេគាំទ្ររហូត។ មួយទៀតគាត់ចង់ឱ្យមានការស្នើសុំជាប័ណ្ណមួយក្នុងការកំ​ណត់អត្តសញ្ញាណ ដែលយើងអាចកំណត់​អត្តសញ្ញាណ ដែលជាបណ្ណមនុស្សចាស់ នៅប្រទេសហ្វីលីពីន ថៃ​ ពេលដែលគាត់ចូលដល់វ័យចាស់ ពេលគាត់ទៅប្រើប្រាស់សេវា ផ្សេងៗវាដូចជាអត្តសញ្ញាណ តែមិនចាំបាច់នៅក្នុងអត្តសញ្ញាណបត្រទេ  ដើម្បីយកទៅប្រើប្រាស់បញ្ចុះថ្លៃសម្រាប់សេវាសធារណរៈផ្សេងៗ​»។

 

បន្ថែមពីលើនេះមនុស្សវ័យចាស់ក៏បានសុំឱ្យរដ្ឋគិតគូរទៅលើកម្មវិធីណាដើម្បីជួយដល់មនុស្សវ័យចាស់ មានឱកាសអាចរកបាននូវប្រាក់ចំណូលបន្ថែមទៀត និងចំណុចមួយទៀតគឺការគាំទ្រទៅដល់សមាគមមនុស្សចាស់ ដោយសារសមាគមមនុស្សចាស់ មានសមាជិកផ្សេងៗហេតុនេះមនុស្សវ័យចាស់ ចង់ឱ្យមានការជួយគាំទ្រជា បច្ចេកទេស ជាថវិកា ឬជាធនធាន ផ្សេងៗ ដើម្បីឱ្យពួកមនុស្សវ័យចាស់អាចដំណើរការ និងជួយគ្នាទៅវិញទៅមក នៅក្នុងសមាគមមនុស្សចាស់នីមួយៗ។

លោក ទុំ វីរ៉ា បានឱ្យដឹងទៀតថា ​បើក្រលែកមើលទៅលើការគាំទ្រ ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីឆ្នាំ២០១៩ -២០២០ លោកមិនទាន់ឃើញមានគោលការណ៍ថ្មី ក្រៅពីកម្មវិធីជំនួយសង្គម សម្រាប់កញ្ចប់គ្រួសារក្រីក្រ នៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនោះទេ។ រីឯអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ប័ណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍មនុស្សវ័យចាស់ រដ្ឋមិនបានរាប់បញ្ចូល និងផ្តល់ឱកាសសម្រាប់មនុស្សវ័យចាប់ពី៦០ឆ្នំាឡើងទេ។

 

លោក ទុំ វីរ៉ា ៖ « ប័ណ្ណ ប.ស.ស រដ្ឋបានដកចេញសម្រាប់មនុស្សវ័យចាស់រួចទៅហើយ​ បានន័យថា គាត់មិនអាចស្នើទេ បើគាត់អាយុ៦០ឆ្នាំទៅ  ជាអាទិ៍ដូចជាម្តាយខ្ញុំ មីងខ្ញុំ អាយុ៦០ឆ្នាំគាត់ចង់ចូលរួមមែនទែនបង់សេវាស្ម័គ្រ ជាមួយរដ្ឋាភិបាល ប៉ុន្តែរដ្ឋអត់បានផ្តល់ឱកាសសម្រាប់ពួកគាត់ទេ នេះយើងយកលុយទៅបង់ ដើម្បីទិញនូវសេវារ៉ាប់រងសុខភាព រដ្ឋមិនគិតផង ចុះទំរាំបើសិនការផ្តល់ទទេរ ៦០ឆ្នាំឡើងទទួលបានសេវា ថែទាំសុខភាព  មិនគិតថ្លៃ ឬបញ្ចុះតម្លៃ ខ្ញុំមានអារម្មណ៍ថា វាហាក់ដូចជានៅកាន់តែឆ្ងាយទៅមុខទៀតហើយ»។

ផ្នែកតាមទិន្នន័យជំរឿនមនុស្សចាស់កាលពីឆ្នាំ២០១៩ មានចំនួន ១លាន៤សែននាក់ រយៈពេល៥ឆ្នាំនេះចំនួននេះ កើនឡើងដល់១លាន៧សែននាក់ និងគិតលើអាយុសង្ឃឹមរស់​គិតជាមធ្យមប្រជាជនអាចសង្ឃឹមរស់ពីអាយុ៧១ឆ្នាំដល់៧៥ឆ្នាំ។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសារាចរឱ្យមានការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី១ខែតុលាឆ្នាំ២០២៤ខាងមុខនេះ៕

ប្រភពរូបភាព៖អង្គការមនុស្សចាស់កម្ពុជា

Share

ព័ត៌មានទាក់ទង

Image