អ្នកស្រី ឃួន យឿន កំពុងក្រងខ្សែដៃអំបោះ លើរទេះ។ WMC/Ngeen Seanglim
ភ្នំពេញ៖ មានពិការភាពពីកំណើតអ្នកស្រី ឃួន យឿន ប្រឹងប្រែងតស៊ូរុញរទេះលក់ដូរគ្រឿងវត្ថុអនុស្សាវរីយ៍និងសៀវភៅតាមមាត់ទន្លេក្បែរព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។ ស្រ្តី មានពិការភាពត្រង់ជើងទាំងគូនេះលើកឡើងថា ទោះបីជាខ្លួនក្រីក្រនិងមានពិការភាពក្តី តែអ្នកស្រីប្តេជ្ញាមិនលើកដៃសុំប្រាក់នោះឡើយ ពោលកម្លាំងទឹកចិត្តនិងការគាំទ្រជាយានជម្នះឱ្យអ្នកស្រីនិងស្វាមីបន្តដំណើរទៅមុខ។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កម្រងជីវិតពិតរបស់អ្នកស្រី ឃួន យឿន ដែលចងក្រងរៀបរៀងដោយកញ្ញា សៃ ចន្ធី ដូចតទៅ។
ទេសភាពនាពេលរសៀលនៅមាត់ទន្លេក្បែរព្រះមរបរាជវាំង អមដោយហ្វូងព្រាបហើរត្រៀបត្រា ផ្ទាំងទស្សនីយភាពនេះបានក្លាយជាទីទាក់ទាញភ្នែករបស់មហាជនដែលធ្វើដំណើរឆ្លងកាត់ ព្រោះអាចរំសាយអារម្មណ៍បានមួយចំណែក។ តែទេសភាពទាំងនេះ គ្មានន័យអ្វីបន្តិចសោះឡើយ សម្រាប់ស្រ្តីពិការភាពអង្គុយលើរទេះលក់វត្ថុអនុស្សាវរីយ៍និងសៀវភៅម្តុំមាត់ទន្លេក្បែរព្រះបរមរាជវាំងរាជធានីភ្នំពេញ ដ្បិតមួយរយៈចុងក្រោយនេះ អ្នកស្រីលក់មិនបានប្រាក់មួយដុល្លារផងក្នុងមួយថ្ងៃ។
ក្នុងសម្តីម៉ាត់ៗហាក់មិនចង់ស្តីជាមួយអ្នកសារព័ត៌មាន អ្នកស្រី ឃួន យឿន ក្រងខ្សែដៃចាក់ចុះចាក់ឡើងយ៉ាងញាប់ដៃភ្លេចខ្លួនតែបន្តិច មិនបានប៉ុន្មាននាទីផងអ្នកស្រីក៏ក្រងបានមួយខ្សែបាត់ទៅហើយ។ ស្រ្តីដែលមានដើមកំណើត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាមរូបនេះ ឱ្យដឹងថា អ្នកស្រីប្រកបរបរលក់សៀវភៅនិងក្រងខ្សែដៃនេះជាង ៥ ឆ្នាំមកហើយ ហើយភ្ញៀវដែលជួយទិញភាគច្រើនជាជនបរទេសដែលធ្វើដំណើរឆ្លងកាត់ក្បែរភោជនីយដ្ឋានតាមបណ្តោយសួនមាត់ទន្លេមុខវាំង។ ចាក់ក្រងខ្សែដៃបណ្តើរអ្នកស្រី យឿន រអ៊ូរទាំរឿងស្ងាត់ភ្ញៀវទេសចរដែលធ្វើឱ្យអ្នកស្រីរកប្រាក់សឹងមិនបានមួយម៉ឺនរៀលផងក្នុងមួយថ្ងៃ។
ជិះរទេះត្រាច់ចរលក់ដូរតាមដងផ្លូវអ្នកស្រីពុំមែនប្រើកម្លាំងរុញលក់តែម្នាក់ឯងនោះទេ គឺមានស្វាមីជួយរុញរទេះមកចតលក់នៅផ្លូវកែងលេខ ១៤៤ ទល់មុខមាត់ទន្លេក្បែរព្រះបរមរាជវាំង។ អ្នកស្រីថា នៅរាជធានីភ្នំពេញនេះទីណាក៏ជាផ្ទះសម្រាប់អ្នកស្រីដែរ ដ្បិតអ្នកស្រីស្នាក់នៅពុំមានគោលដៅច្បាស់នោះទេ ពេលខ្លះសម្រាកតាមសួន ពេលខ្លះសម្រាកតាមសំយាបផ្ទះ ឬសំយាបផ្សារក៏មាន។
សម្ពាយបុណ្យបានត្រឹមតែប៉ុណ្ណេះ តែអ្នកស្រីមិនដែលអាក់អន់ស្រពន់ចិត្ត ឬបាក់ទឹកចិត្តនឹងអ្វីដែលខ្លួនមាននោះឡើយ តែផ្ទុយទៅវិញអ្នកស្រី យឿន បែរជាព្យាយាមតស៊ូលក់ដូរមិនលើកដៃសុំប្រាក់អ្នកដទៃ។ អ្នកស្រីថា ជារៀងរាល់ថ្ងៃអ្នកស្រីអាចក្រងខ្សែដៃបានចន្លោះពី៣០ ទៅ៥០ខ្សែក្នុងមួយថ្ងៃ ហើយតម្លៃវិញគឺបាន៣០០០រៀលក្នុងមួយខ្សែ។
អ្នកស្រី ឃួន យឿន កំពុងក្រងខ្សែដៃអំបោះ លើរទេះ។ WMC/Shay Chanthy
អាចបន្តមុខរបរបានមកដល់ត្រឹមនេះ អ្នកស្រីថា គឺបានភ្ញៀវទេសចរបរទេសជួយទិញសៀវភៅនិងខ្សែដៃរបស់អ្នកស្រី តែដោយឡែកភ្ញៀវក្នុងស្រុកវិញមិនសូវជាវសៀវភៅរបស់អ្នកស្រីនោះទេ។ តែអ្នកស្រីយល់ថា អាចមកពីសៀវភៅរបស់អ្នកស្រីហាក់មានតម្លៃថ្លៃបន្តិចសម្រាប់ភ្ញៀវក្នុងស្រុក ហើយសៀវភៅទៀតសោតសុទ្ធសឹងជាភាសាបារាំងនិងអង់គ្លេស។
សម្រាប់ស្រ្តីមានពិការភាពលក់វត្ថុអនុស្សាវរីយ៍និងសៀវភៅក្បែរមាត់ទន្លេនេះ មិនទាន់មានបំណងផ្លាស់ប្តូរការងារលក់ដូរនេះទេ ដ្បិតរាងកាយមិនអាចប្រើកម្លាំងធ្ងន់បាន ហើយជម្រើសល្អបំផុតពេលនេះ គឺការបន្តមុខរបរលក់ដូរបែបនេះបន្តទៀតដើម្បីចិញ្ចឹមជីវិត។ អ្នកស្រីចង់ឱ្យប្រជាពលរដ្ឋខ្មែរចេះជួយគ្នាក្នុងគ្រាលំបាក ហើយសម្រាប់អ្នកស្រីការជួយទិញសម្ភារៈវត្ថុអនុស្សាវរីយ៍និងសៀវភៅរបស់អ្នកស្រី គឺជាការស្តែងឱ្យឃើញពីទឹកចិត្តរួមចំណែករបស់ប្រជាពលរដ្ឋដ៏ធំធេងបំផុតសម្រាប់អ្នកស្រីនិងស្វាមីដែលអាចឱ្យអ្នកស្រីបន្តដំណើរតាមរទេះលើវិថីជីវិតដល់វែងឆ្ងាយមួយនេះបានបន្តទៀត៕