អ្នកធ្វើការលើកកម្ពស់សុវត្ថិភាពរបស់កម្មករនិយោជិត ស្នើឱ្យមន្ត្រីនគរបាលរឹតបណ្ដឹងច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយច្បាប់នេះបន្ថែមទៀតទៅកាន់អ្នកប្រើប្រាស់ទ្រូងផ្លូវ បន្ទាប់ពីកម្មករនៅតែបន្តបាត់បង់ជីវិត និងរងរបួស ដោយសារការមិនគោរពច្បាប់ចរចរាណ៍។
(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)
ការស្នើបែបនេះ ដោយសារថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តព្រះសីហនុ បណ្ដាលឱ្យកម្មករជាច្រើនរងរបួស និងបាត់បង់ជីវិត ដោយអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។ ករណីស្រដៀងគ្នានេះដែរ កាលពីចុងខែឧសភា ក៏មានគ្រោះថ្នាក់ចរាចរណ៍ដែលកើតលើកម្មករនិយោជិតក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមានកម្មករជាច្រើនបានរងរបួសផងដែរ។
លោក សៀង សូរីណា អធិការនគរបាលស្រុកស្ដីទី នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៩ ខែសីហាថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញបើកបរជែងគ្នាជ្រុលចង្កូតទៅបុករថយន្តសាំយ៉ុងដឹកកម្មកររោងចក្រ ដែលមានកម្មករក្នុងរថយន្តនេះចំនួន ២៨នាក់ ក្នុងនោះស្ដ្រីមានចំនួន ១៦នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករចំនួន ២នាក់ ស្ដ្រីម្នាក់ និងបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ហើយនិងកម្មករចំនួន ២៦នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះមានស្ដ្រី ១៦នាក់។
លោកបញ្ជាក់ថា មកដល់ពេលនេះ កម្មករដែលរងរបួសធ្ងន់-ស្រាលទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពង់ស្ពឺចំនួន ១០នាក់ មន្ទីរពេទ្យព្រះកុសមៈចំនួន ៧នាក់ និងមន្ទីរពេទ្យតេជោសន្ដិភាព ចំនួន ៩នាក់។ ចំណែកម្ចាស់រថយន្តដែលបង្ក លោកថា ឥលូវនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
លោក សៀង សូលីណា៖ «ចំពោះវិធានការមានតែអនុវត្តច្បាប់ចរាចរណ៍ រឹតបណ្ដឹង ឱ្យប្រជាពលរដ្ឋយើងយល់ដឹងឱ្យបានច្រើនកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបន្តមានទៀតអ៊ីចឹង»។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) លើកឡើងថា អ្នកបើកបរឡានមួយចំនួន បច្ចុប្បន្ននេះ ភាគច្រើនមិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ជាហេតុធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍អាចនឹងកើតមានគ្រប់ពេលទៅលើកម្មករនិយោជិត។ អ្នកស្រីយល់ថា រាជរដ្ឋាភិបាលត្រូវតែមានវិធានការបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត។
អ្នកស្រី ទូច សើ៖ «យើងគ្រានតែអំពាវនាវឱ្យរាជរដ្ឋាភិបាល ឬមួយក៏ស្ថាប័នពាក់ព័ន្ធ គ្រប់ស្ថាប័នទាំងអស់គាត់គួរតែធ្វើម៉េចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទៅខាងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គាត់គួរតែឧស្សាហ៍ហៅអ្នកបើកបរតៃកុងឡានហ្នឹង ដើម្បីបង្រៀនច្បាប់ចរាចរណ៍ឱ្យបានក្នុងយ៉ាងហោចណាស់មួយខែឱ្យបាន២ដង ឬ៣ដងផងដែរ ដើម្បីឱ្យគាត់ស្វែងយល់ ឬមួយយើងថាមួយខែ២ដងចុះ ក៏គាត់អាចនឹងកាត់បន្ថយផងដែរ»។
ចំណែក លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និយាយដែរថា គ្រោះថ្នាក់នេះ ជាសោកនាដកម្មករណីថ្មីបន្ថែមទៀត ដែលទាមទារចាំបាច់ឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការកាន់តែខ្លាំង ទោះបីកន្លងមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះមួយកម្រិតក្ដី។ ដូច្នេះវិធានការចាំបាច់ត្រូវពង្រឹងនោះ លោកថា អាជ្ញាធរត្រូវធ្វើការផ្សព្វផ្សាយអប់រំ និងការបណ្ដុះបណ្ដាលទៅលើអ្នកបើកបររថយន្តដឹកកម្មករ រួមទាំងអ្នកបើកបរឡានធំៗ ជាពិសេសត្រូវរឹតបណ្ដឹងការអនុវត្តច្បាប់ទៅលើអ្នកប្រើប្រាស់ផ្លូវទាំងអស់។
ក្រៅពីការរឹតបណ្ដឹងច្បាប់ លោកសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវជំរុញឱ្យអ្នកបើកបរឡានដឹកកម្មករ ផ្លាស់ប្ដូររថយន្តរបស់ខ្លួនទៅជារថយន្តក្រុងដែលមានសុវត្ថិភាព ហើយប្រសិនជាផ្លាស់ប្ដូរមកជារថយន្តក្រុង ក៏ត្រូវរៀបចំឱ្យអ្នកបើកបរ គោរពច្បាប់ចរាចរណ៍ និងយកចិត្តទុកដាក់លើការធ្វើដំណើរ។ មួយវិញទៀត លោកថា អាជ្ញាធរក៏ត្រូវរៀបចំសាងសង់ផ្លូវធ្វើដំណើរឱ្យបានត្រឹមត្រូវ ខណៈសព្វថ្ងៃនេះ មានផ្លូវធ្វើដំណើរមួយចំនួន មិនមានទ្រូងផ្លូវដែលបែងចែកអ្នកបើកបរទៅនិងមកឡើយ ដូច្នេះងាយកើតគ្រោះថ្នាក់ចរាចរណ៍។
លោក គឹម បញ្ញា៖ «ខ្ញុំលើកទឹកចិត្ត និងស្នើសុំឱ្យមានការអនុវត្តច្បាប់នេះ ដោយមន្ត្រីនគរបាលចរាចរណ៍របស់យើង ទៅប្រើប្រាស់រូបភាពចម្រុះផ្សេងៗ ក្នុងនោះក៏ត្រូវរួមបញ្ជូលនូវការទទួលមតិត្រឡប់ពីកម្មករនិយោជិតរបស់យើង ពីអ្នកប្រើផ្លូវផ្សេងទៀត ហើយនិងការប្រើប្រាស់នូវកាំមេរ៉ានៅតាមដងផ្លូវ កាំមេរ៉ាសុវត្ថិភាពហ្នឹង ដើម្បីវិធានការទុកជាមុនសម្រាប់អ្នកបើកបរ ទាំងអ្នកបើកបររថយន្តដឹកកម្មករ ក៏ដូចជាអ្នកបើកបររថយន្ត ឬក៏យានយន្តផ្សេងទៀត ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ទៅដល់កម្មករនិយោជិតរបស់យើង»។
បន្ថែមពីនេះលោក បញ្ញា ក៏ស្នើឱ្យរាជរដ្ឋាភិបាល បង្កើតឱ្យមានការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ ដោយកំណត់ឱ្យកម្មករនិយោជិតត្រូវធ្វើ ជាពិសេសរៀបចំឱ្យមានជនបង្គោលនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សម្រាប់ធ្វើការផ្សេព្វផ្សាយ និងបណ្ដុះបណ្ដាលទៅកាន់កម្មករនិយោជិតឱ្យបានជាប់ជាប្រចាំ។
យោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងទៅលើកម្មករនិយោជិតចំនួន ៣,៨៩២ករណី ក្នុងនោះមានជនរងគ្រោះសរុប ៤,៤៩៨នាក់ និងមានអ្នកស្លាប់ចំនួន ១១២នាក់៕