en     km
en     km

មណ្ឌលមែកឈើ ចាប់ផ្ដើមយុទ្ធនាការ «អាវ១មួយជួយអាហារកុមារមែកឈើ១ឆ្នាំ»

Share

ក្រុមការងារ យុទ្ធនាការ «អាវ១មួយជួយអាហារកុមារមែកឈើ១ឆ្នាំ។          WMC/Ngeen Seanglim

 

យុទ្ធនាការ «អាវ១មួយជួយអាហារកុមារមែកឈើ១ឆ្នាំ» គឺជាព្រឹត្តិការណ៍លើកទី២ហើយដែលអង្គការមណ្ឌលមែកឈើបានធ្វើឡើងក្នុងគោលបំណងកៀរគរថរិកាពីសប្បុរសជនជួយដល់កុមារកំព្រាដែលមណ្ឌលមែកឈើធ្វើរៀងរាល់មួយឆ្នាំម្តង។ សម្រាប់ឆ្នាំ២០២៤ អង្គការដែលចិញ្ចឹមកុមារជិត២០០នាក់នេះ នឹងលក់អាវចំនួន១ម៉ឺន ក្នុងរយៈពេល១ខែ ក្នុងតម្លៃអាវមួយ ៧ដុល្លារ។ ក្នុងថ្ងៃបើកលក់ដំបូងនៅផ្សារខេម៉ល ឃើញថាមានសន្ទុះការគាំទ្រច្រើន ទាំងអ្នកដំណើរ  អ្នកមកពីចម្ងាយ និងអ្នកធ្វើដំណើរមកពីខេត្ត ដើម្បីទិញផងដែរ។ (កញ្ញា ងិន ស៊ាងលីម រាយការណ៍) Feature-27-8-24-Mek Chher

 «បងឈ្មោះស្រីមុំបងអ្នកខេត្តកំពង់ធំទេបង! ចាស!ល្អមែនទែនហើយក៏ររីករាយបំផុត ព្រោះអីគាត់មានទំនួលខុសត្រូវយ៉ាងខ្ពស់ហើយក៏សរសើរនូវទឹកចិត្តគាត់មែនទែន ជួយចិញ្ចឹមក្មេងកំព្រាយ៉ាងច្រើន។»

នេះជាការលើកឡើងរបស់កញ្ញា សុខ ស្រីមុំ ដែលដែលធ្វើដំណើរពីខេត្ត ដើម្បីគាំទ្រមូលនិធិមណ្ឌលមែកឈើក្នុងយុទ្ធនាការ«អាវ១ជួយអាហារកុមារមែកឈើ១ឆ្នាំ» ដែលព្រឹត្តការណ៍នេះ រៀបចំឡើងដោយអង្គការមណ្ឌលមែកឈើក្រោមការដឹកនាំរបស់លោក ផន ផល្លា ដែលជាប្រធាន ជាមួយមួយក្រុមការងារ សិស្សនិស្សិត និងអ្នកស្ម័គ្រចិត្តដទៃទៀតនៅទីតាំងផ្សារខេម៉ល (K Mall) ផ្លូវវេងស្រេង ថ្ងៃទី២៥ ខែសីហា ដែលជាថ្ងៃដំបូងនៃការបើយុទ្ធនាការ នៅរាជធានីភ្នំពេញ។

លោកប្រធានអង្គការបានឱ្យដឹងថា៖

«ខ្ញុំកំពុងតែទទួលបន្ទុកចិញ្ចឹមកូនៗ១៧៨ដែលជាកូនៗកុមារកំព្រារបស់ខ្ញុំហ្នឹង ហើយជារៀងរាល់ឆ្នាំតែងតែធ្វើព្រឹត្តិការណ៍នៃការកៀរគរមូលនិធិម្តងជាប្រចាំឆ្នាំក្នុងការរៃអង្គាសទឹកចិត្តក្តីស្រឡាញ់ ការចូលរួមចំណែកពីបងប្អូនសប្បុរសជនយើងនេះ ដើម្បីជួយទៅដល់កូនៗទាំង១៧៨នោះ។ ដូច្នេះហើយនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្ញុំបាទ!»

នេះជាយុទ្ធនាការថ្មីក្នុងឆ្នាំ២០២៤ ដើម្បីជួយកុមារកំព្រាជិត២០០នាក់ បន្ទាប់កាលពីឆ្នាំ២០២៣ លោក និងក្រុមការងារ​ បានធ្វើយុទ្ធនាការរត់ថ្មើរជើងពីសៀមរាបមកភ្នំពេញដែលមានរយៈពេល៨ថ្ងៃ ដើម្បីកៀរគរថរិកាជួយទំនុកបម្រុងក្នុងមណ្ឌលមែកឈើនិងកុមារពេញមួយឆ្នាំ ដែលក្នុងនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងសប្បុរសជនតាមបណ្តាញសង្គមផងដែរ។​ ដូច្នេះ ក្នុងឆ្នាំ២០២៤នេះទៀតសោត លោកក៏បានប្តូរជ្រើសយកការលក់អាវចំនួន១០ម៉ឺនអាវរយៈពេល១ខែដែលមានលក់តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះទៅ ក្នុងគោលបំណងចាស់ ដែលកៀរគរថរិការជួយកុមារកំព្រាពេញមួយឆ្នាំដូចឆ្នាំមុនដែរ។

«ឆ្នាំមុនដើម្បីឱ្យមានការចូលរួមពីបងប្អូនខ្ញុំបានបង្កើតនូវEventមួយ ព្រឹត្តិការណ៍មួយដោយការរត់ថ្មើរជើងពីខេត្តសៀមរាបឡើងមកភ្នំពេញហើយឆ្ពោះទៅកាន់មណ្ឌលមែកឈើដែលមានរយៈ៨ថ្ងៃទើបដល់ទិសដៅរបស់យើង។ ជារួមយើងឃើញពុកម៉ែបងប្អូនគាត់មាន ដែលគេហៅថាទឹកចិត្តសណ្តោសក្នុងការណ៍ដែលអាណិតអាសូរទៅកាន់កូនៗរបស់យើងហើយក៏បានចូលរួមចំណែកជាប្រចាំឆ្នាំ។ ដូច្នេះមួយឆ្នាំមុនគឺយើងបានដោះស្រាយរាល់ទាំងតម្រូវការរបស់កូនៗហើយដោយរលូន មានន័យថាគ្រប់គ្រាន់ ហើយឆ្នាំនេះ យើងបានលក់អាវនេះដើម្បីឱ្យពុកម៉ែបងប្អូនបានចូលរួមទិញៗទៅមានន័យថាស្មើនឹងការចូលរួមចំណែកជួយតែម្តងទៅកាន់កូនៗរបស់យើង។»

យ៉ាងណានៅក្នុងព្រឹត្តិការណ៍ទី២នេះ លោកផន ផល្លា បង្ហាញក្ដីរំពឹងថានឹងមានប្រជាពលរដ្ឋគាំទ្រចូលរួមទិញកាន់តែច្រើនទាំងការមកទិញផ្ទាល់ និងតាមអនឡាញ។ ស្ត្រីម្នាក់កំពុងឈរកាន់អាវទាំងពណ៌សនិងខ្មៅ នៅមុខបរិវេណផ្សារ កញ្ញា សុខ ស្រីមុំ ក្នុងទឹកមុខញញឹមស្រស់ បានបង្ហាញពីក្តីរំភើបនឹងការចូលរួម ដ្បិតចង់ជួយដល់កុមារកំព្រាទាំងនោះ។ ស្រីមុំបានឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលជាហេតុធ្វើឱ្យកញ្ញាចងចិត្តចង់ចូលរូមជាការខ្លាំង ដោយគាត់បានធ្វើដំណើរពីខេត្តកំពង់ធំមកភ្នំពេញដើម្បីទិញដោយផ្ទាល់ ហើយអាវទាំងនោះក៏ស្រីមុំមិនពាក់តែម្នាក់ឯងនោះទេ គឺទិញសម្រាប់ចែកបុគ្គលិករបស់ខ្លួន។

«បងមកតាមរយៈការណ៍ដែលបងឃើញ តាមគាត់បង្ហោះតាមហ្វេសប៊ុកពីមជ្ឈមណ្ឌលដែលគាត់បោះអាវនេះដើម្បីគាត់ជួយទៅដល់កុមារកំព្រាដែលមានចំនួន១៧៨នាក់ បងមានការរំភើបមែនទែន។ ដើម្បីជួយគាំទ្រណាអូនគិតមើល។ បងទិញតែ៥ទេ ដើម្បីទៅចែកបុគ្គលិករបស់បងហ្នឹងពាក់ទៅនៅផ្ទះទៅណា៎ បងមានលទ្ធភាពជួយបានប៉ុណ្ណឹង ហើយក៏រីករាយនឹងជួយ។»

ងាកចេញពីកញ្ញា សុខ ស្រីមុំ ក្រឡែកមើលទីតាំងយុទ្ធនាការ បុរសម្នាក់ដែលមានពាក់កាតសម្គាលការងារ គឺ លោក រឿង សុភ័ក្រ្ត​ គ្រូបង្រៀនភាសាអង់គ្លេសនៅស្ថាប័នឯកជនមួយកន្លែងនៅភ្នំពេញកំពុងរើសទំហំអាវដែលត្រូវនឹងខ្លួន។ លោក សុ័ក្ត្រក៏បានឃើញពីការផ្សព្វផ្សាយអំពីការលក់អាវដើម្បីជួយអាហារកុមារកំព្រាមួយឆ្នាំនេះតាមរយៈបណ្តាញសង្គម។ ទោះបីជាលោកមិនស្គាល់ថាមណ្ឌលមែកឈើនៅទីណាក៏ដោយ តែលោកបានចិញ្ចឹមចិត្តចូលរួមទិញអាវនេះឱ្យខាងតែបាន ម្យ៉ាងវិញទៀតដោយសារកន្លែងដែលគេតាំងលក់នៅផ្សារ K Mall គឺជិតផ្ទះរបស់លោកស្រាប់ ទើបធ្វើឱ្យលោកមិនអាចឡើយរំលងឱកាសក្នុងការចែករំលែកក្តីស្រឡាញ់នេះ។ លោកបានបន្តថា នេះជារឿងល្អ បើទោះជាលោកមិនមានលុយច្រើនក្នុងការជួយដល់សង្គមក៏ពិតមែន តែការជួយតិចតួចៗនេះមិនរំលងនោះទេ។ ណាមួយការជួយនេះ ពុំមែនមិនបានអ្វីមកវិញនោះទេ គឺបានអាវ១ត្រឡប់មកវិញទុកជាអនុស្សាវរីយ៍ផងដែរ។

«ល្អពីព្រោះយើងជួយនេះមិនមែនថា មិនមែនបានន័យថាយើងអត់បានអីទេមានន័យថាយើងបានអាវដែរ ហើយនៅពេលដែលយើងពាក់អាវនេះមួយក៏យើងមានអារម្មណ៍ថាចូលរួមនៅក្នុងសង្គមអ្ហាៈ! ទោះបីជាយើងមិនបានធ្វើអ្វីក៏ដោយជាលក្ខណៈធំដុំអត់មានលុយច្រើនក៏ដោយ ប៉ុន្តែអ្វីដែលយើងអាចធ្វើទៅបានតិចតួចយើងគួរតែធ្វើ ព្រោះជាគំរូដ៏ល្អដែរ។»

មិនខុសពីអ្នកចូល លោក ផន ផល្លា លើកឡើងថា លោកពិតជាត្រូវការការជួយពីសប្បុរសជនដើម្បីសង្គ្រោះកុមារមែន ព្រោះកុមារ១៧៨នាក់សម្រាប់លោកដែលរ៉ាប់រងបន្ទុកពុំមែនតិចឡើយ។ ប៉ុន្តែលោកក៏មិនចង់លើកដៃសុំទទេៗពីមហាជននោះដែរ លោកចង់មានធ្វើអ្វីមួយឱ្យទៅអ្នកចូលរួមវិញ ដើម្បីជាអនុស្សាវរីយ៍ និងការចង់ចាំ ក្នុងការចូលរួមជួយសង្គមមួយនេះ។ ដូច្នេះ ទើបឆ្នាំនេះលោកជ្រើសការផលិតអាវដែលភ្ជាប់ទៅនឹងពាក្យថា «ទិញអាវ១ជួយអាហារកុមារមែកឈើមួយឆ្នាំ» ​សម្រាប់លក់ ដើម្បីឱ្យអ្នកពាក់មានអារម្មណ៍សប្បាយចិត្ត។

«អ៊ីចឹងអាវមួយនេះ តម្លៃ៧ដុល្លានេះ ខ្ញុំគិតថា យើងអត់ចង់លើដៃសុំលុយពុកម៉ែបងប្អូនទទេៗនោះទេ។ យើងចង់ធ្វើអ្វីម្យ៉ាង ផ្តល់នូវអ្វីម្យ៉ាងទៅកាន់ពុកម៉ែបងប្អូនវិញ។ តួយ៉ាងដូចយើងលក់អាវនេះ យើងគ្រាន់តែសង្ឃឹមថាអាវមួយនេះនឹងក្លាយទៅជា វត្ថុអនុស្សាវរីយ៍មួយ ឬក៏របស់ប្រចាំចិត្តមួយដែលគាត់បានចំណាយថវិកាផ្ទាល់ខ្លួនគាត់ទិញអាវមួយនេះ តែគុណតម្លៃរបស់អាវមួយនេះគឺបែរទៅជាជួយអាយុជីវិត ហ្ន៎! ក្មេងៗដែលកំពុងត្រូវការការសង្គ្រោះពីយើងទៅ។»

 ងាកមកអ្នកចូលរួមរៀបចំវិញ កញ្ញា ផល្លា សុវណ្ណបញ្ញា ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់វិទ្យុស្ត្រីថា កញ្ញាពិតជារំភើប និងមានអារម្មណ៍ប្លែកដែលបានចូលរួមធ្វើជាអ្នកស្ម័គ្រក្នុងព្រឹត្តិការណ៍ជួយសង្គមលើកនេះ បើទោះបីជាខ្លួនមិនបានជួយអ្វីបានច្រើន ក៏ប៉ុន្តែខ្លួនចង់ចូលរួមជាចំណែកមួយជួយដល់សង្គមដូចជាការជួយលក់អាវនេះជាដើម។

«នៅពេលដែលមនុស្សយើងម្នាក់ៗនៅពេលដែលយើងមានអីគ្រប់យ៉ាងហើយ យើងអត់អាចយល់អារម្មណ៍អ្នកអត់មានអីបានទេ ត្រូវអត់បង? អ៊ីចឹងហើយបានជាខ្ញុំគិតថាកាលដែលខ្ញុំចុះទៅជួយអ្នកដទៃវាធ្វើឱ្យខ្ញុំទទួលបានអារម្មណ៍ថ្មីហើយខ្ញុំក៏បានជួយដល់សង្គមជាតិនិងជីវិតរបស់ពួកគាត់អីអ៊ីចឹង។ ជួយឱ្យពួកគាត់កាន់តែរីកចម្រើនច្រើនជាងមុន ហើយលោកគ្រូអីរបៀបគាត់ក៏ជាមនុស្សមនុស្សដែលផ្នែកមួយនៃការជំរុញឱ្យសង្គមកាន់តែរីកចម្រើន។»

សុវណ្ណបញ្ញា បានបន្ថែមថា កន្លងមកខ្លួនបានចូលរួមធ្វើជាអ្នកស្ម័គ្រច្រើន ទាំងក្នុងសាលា និងក្នុងព្រឹត្តិការណ៍នានា ប៉ុន្តែមិនមមាញឹកដូចព្រឹត្តិការណ៍សប្បុរសធម៌បែបនេះនោះទេដែលជាហេតុធ្វើឱ្យកញ្ញាពិតជាទទួលបាននូវអារម្មណ៍ថ្មីប្លែក ត្បិតបានឃើញមនុស្សដែលមានទឹកចិត្តជាច្រើនបានចូលរួមផ្តល់ក្តីស្រឡាញ់ និងយល់ពីទុក្ខធុរៈរបស់អ្នកខ្សត់ ពិសេសគឺជួយក្មេងៗជំនាន់ក្រោយ។

«ប៉ុន្តែអាចនិយាយបានថាវាច្រើនហើយមើលទៅវារាងដូចអត់សូវមមាញឹកដូចគ្នាហ្នឹងនៅនេះទេ! អ៊ីចឹងអាចនិយាយបានថា ពេលដែលខ្ញុំឃើញអាហ្នឹងហើយ ខួរក្បាលខ្ញុំ ភ្លាមហ្មង អាចនិយាយបានថា ពេលដែលខ្ញុំធ្វើអាហ្នឹងទើបខ្ញុំដឹងថា Reflect សង្គមមួយហ្នឹងមានមនុស្សល្អច្រើនខ្លាំងហ្មងដែលគាត់មានបំណងក្នុងការជួយពង្រឹកសេដ្ឋកិច្ចយើងឱ្យកាន់តែរីកចម្រើនហើយនឹងជួយក្មេងជំនាន់ក្រោយ។»

ទោះជាកំពុងតែចូលរួមហើយក្ដី និស្សិតឆ្នាំទី២រូបនេះមិនដឹងថាខ្លួនអាចជួយបានច្រើនប៉ុណ្ណានោះទេ ព្រោះការលក់នៅមានរយៈពេលយូរទៀត ប៉ុន្តែនាងបានប្តេជ្តាចិត្តថានឹងឆ្លៀតមកជួយលក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ចំណែកកញ្ញា ធុន បញ្ញា ក៏ជាអ្នកចូលរួមទិញ និងជាអ្នកស្ម័គ្រចិត្តមួយរូបដែរនោះ បានប្រាប់ថានេះជាលើកដំបូងហើយដែលខ្លួនបានធ្វើជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សប្បុរសធម៌បែបនេះ កញ្ញាក៏ពិតជាសប្បាយដែលសង្កេតឃើញមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់អ្នកដំណើរក្នុងការកៀរគរជួយកុមារកំព្រានៅមណ្ឌលមែកឈើ។

«រាងរំភើបបងហើយមានអារម្មណ៍ថាសប្បាយចិត្ត បានចែករំឡែកក្តីស្រឡាញ់ក៏ដូចជាបានជួយសង្គមខ្មែរយើងមួយនេះផងដែរ។ ចាស!បង ឃើញច្រើនបងៗខ្លះគាត់ជួយ ឬបងៗនិស្សិតខ្លះស្ម័គ្រចិត្តមកជួយលក់ដូចជាខ្ញុំអីអ៊ីចឹងទៅ។ មកស្ម័គ្រចិត្តផង ក៏ដូចជាជួយទិញផង ដើម្បីបានមូលនិធិទាំងអស់ហ្នឹងជូនដល់ប្អូនៗកុមារកំព្រាយើងទាំងអស់គ្នាដែលនៅក្នុងមជ្ឈមណ្ឌលមែកឈើបង។»

ទាំងអ្នករៀបចំ និងអ្នកចូលរួមសុទ្ធតែរំពឹងថា យុទ្ធនាការលក់អាវជួយកុមារកំព្រានេះនឹងសម្រេចបានតាមការគ្រោងទុក។

កញ្ញា សុខ ស្រីមុំ ៖«ចាសអូនច្រើនអូនបងឃើញគេទិញច្រើនណាស់មិញ ចាស!ទិញច្រើនប្រជាពលរដ្ឋ ហើយសង្ឃឹមថាថ្ងៃទៅមុខទៀតនឹងមានអ្នកដឹងនឹងជួយទិញឱ្យបានច្រើនៗចាស! ជួយដល់កុមារកំព្រាចាស!»

លោកផន ផល្លា ៖«ទិសដៅរបស់យើងដែលយើងចង់លក់ឱ្យបានដល់នោះគឺ យើងបានដាក់គោលដៅចំនួន១០ម៉ឺនអាវ។ អ៊ីចឹងយើងអត់ដឹងថាពុកម៉ែបងប្អូនចូលរួមទិញកម្រិតណាទេ ប៉ុន្តែអ្ហឹៈ! យើងឃើញមានការចូលរួមច្រើនបណ្តើរៗ​ហើយក្នុងការចូលរួមទិញខោអាវនេះ។»

កញ្ញា ធុន បញ្ញា ៖«ឆាប់អស់បងដោយសារតែភ្ញៀវគឺបងៗគឺមានការគាំទ្រជាច្រើនបងគឺបុកចូលមកតៗគ្នាអ៊ីចឹងហាណាស់។ អ៊ីចឹងមានន័យថាបងៗដែលគាត់តែងតែទិញខោវអាវម្នាក់១ ម្នាក់២ហ្នឹងជាមនុស្សម្នាក់ គាត់បានចូលរួមនៅក្នុងអ្ហឹៈ! ការចូលរួមផ្តល់ក្តីសង្ឃឹម ផ្តល់ស្នាមញញឹមទាំងដល់ក្មេងដែលគាត់កំពុងទទួលរងនូវការកំព្រា ឬក៏អ្វីផ្សេងៗទៀត។»

មិនត្រឹមតែធ្វើនៅភ្នំពេញឡើយ យុទ្ធនាការនេះ ក៏គ្រោងធ្វើនៅតាមបណ្ដាខេត្តផងដែរ ដោយផ្ដើមពីខេត្តក្បែរភ្នំពេញ បន្ទាប់មកទើបទៅខេត្តឆ្ងាយៗបន្ត។ ប៉ុន្តែនៅពេលនេះ ពួកគេកំពុងបន្តលក់នៅភ្នំពេញដែលជាកន្លែងបណ្តុំទៅដោយមនុស្សច្រើននេះ ២សប្តាហ៍សិន ទើបបន្តទៅខេត្ត។ ជាមួយគ្នា យុទ្ធនាការណ៍ក៏មានក្រុមការងារដាក់លក់តាមអនឡាញផងដែរ ហើយប្រសិនបើ ១ម៉ឺនអាវនេះលក់មិនអស់ក្នុងរយៈពេល១ខែ បេសកកម្មក៏នៅតែបន្តលក់១ខែទៀត។

ចំណែកឯឆ្នាំក្រោយលោក ផល្លា មិនទាន់ប្រាកដទេថានឹងធ្វើអ្វី ប៉ុន្តែលោកបង្ហើបថាអាចជាប្រគុំតន្ត្រីសប្បុរសធម៌ ឬមានការប្រែប្រួលតាមជាក់ស្ដែង។

«ឆ្នាំក្រោយខ្ញុំមិនទាន់ប្រាកដនៅឡើយទេ អាចប្រគុំតន្ត្រីសប្បុរសធម៌ ឬក៏អ្វីផ្សេងទៀត»

យ៉ាងណាក៏ដោយសប្បុរសជនមួយចំនួនបានបង្ហាញការគាំទ្រ និងលើទឹកចិត្តថា បើទោះបីជាឆ្នាំក្រោយៗលោកធ្វើអ្វីក្នុងការកៀរគរជួយកុមារ ពួកគេនៅតែបន្តគាំទ្រជានិច្ច។

លោក រឿង សុភ័ក្រ្ត ៖ «Event(ព្រឹត្តិការណ៍) អីផ្សេងទៀត គឺយើងចាំ!! និយាយទៅគឺយើងចាំជួយចូលរួមជាមួយគាត់តែម្តង។»

កញ្ញា ធុន បញ្ញា ៖ «ឆ្នាំក្រោយអាចចង់ឱ្យគាត់ប្តូរជាមួក ឬក៏អីផ្សេងៗដែលជាវត្ថុអនុស្សាវរីយ៍ហាបង។ អ៊ីចឹងនៅពេលមានវត្ថុអនុស្សាវរីគឺបងៗនឹងមានអ្នកទិញជាច្រើននាក់។»

កញ្ញា សុខ ស្រីមុំ ៖ «អត់ហ៊ាននិយាយថាម៉េចទេអូន ព្រោះជាការងាររបស់លោក ក៏ប៉ុន្តែបងនៅតែគាំទ្រមិនថាគាត់ធ្វើអ្វី លក់ខោអាវ លក់ស្បែកជើង លក់អ្វីក៏បងនៅតែគាំទ្រតាមលទ្ធភាពដែលបងមាន។»

គួរបញ្ជាក់ថា បន្ទាប់ពីដាក់លក់នៅផ្សារខេម៉ល ខាងមណ្ឌលមែកឈើបានបន្តដាក់ស្តងលក់នៅខាងមុខផ្សារសែនជូរី ជិតពោធិ៍ចិន្តុង ជាបន្តទៀតនៅថ្ងៃទី៣០-៣១ ខែសីហានេះ និងថ្ងៃទី១ ខែកញ្ញា៕

 

Share

ព័ត៌មានទាក់ទង

Image