en     km
en     km

តុលាការខេត្តកំពង់ស្ពឺ លើកពេលជម្រះក្ដីអ្នកស្រី រឿន កូលាប ដោយសារក្រុមហ៊ុន អវត្តមានក្នុងសវនាការ

Share

អ្នកស្រី រឿន កូលាប ឈរនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែសីហានេះ។ រូបភាពផ្ដល់ដោយអ្នកស្រី។

តុលាការខេត្តកំពង់ស្ពឺ មិនទាន់ធ្វើការជម្រះក្ដីវិវាទការងាររវាងអ្នកស្រី រឿន កូលាប និងក្រុមហ៊ុនសេង​បូ ​ហ្គា​មិននៅឡើយ ខណៈក្រុមហ៊ុននេះ បន្តអវត្តមានជាច្រើនដង មិនចូលរួមក្នុងសវនាការ។ ការអវត្តមានរបស់ក្រុមហ៊ុននេះ ប្រធានសហជីពរូបនេះថា ក្រុមហ៊ុនកំពុងគេចវេះមិនចង់ដោះស្រាយវិវាទការងារនេះ ដោយស្នើឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយពន្លឿនដោះស្រាយវិវាទនេះឱ្យបានឆាប់។ កញ្ញា សៃ ចន្ធី រាយការណ៍

 

 

វិវាទការងាររវាងអ្នកស្រី រឿន កូលាប និងក្រុមហ៊ុនសេង​បូ​ ហ្គា​មិន ត្រូវបានអូសបន្លាយពេលជាងមួយឆ្នាំហើយ ខណៈអ្នកស្រី កូលាប អះអាងថា ខ្លួននៅតែមិនទាន់ទទួលបានយុត្តិធម៌ ពីព្រោះកន្លងមកក្រុមហ៊ុនបញ្ឈប់អ្នកស្រីពីការងារ ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​ ​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ស្រប​ច្បាប់​នៅកន្លែង​ការងារ​។

អ្នកស្រី រឿន កូលាប ត្រូវបានក្រុមហ៊ុន សេង​បូ​ហ្គា​មិន​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​បញ្ឈប់ពីការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមហេតុផលថា អ្នកស្រី មិនបានបំពេញការងារឱ្យ​គ្រប់​ចំនួន​កំណត់​តាម​តម្រូវ​ការ​របស់​ក្រុមហ៊ុន​។​ ការបញ្ឈប់ពីការងារនេះ គឺធ្វើឡើងស្របពេលដែល អ្នកស្រី កូលាប ជាប់ឆ្នោតជាប្រធានសហជីព។

តាមច្បាប់​ស្តីពី​ការងារ ក្នុងមាត្រា​១​២​ ​មាត្រា​​២​៦​៦​ ​និង​មាត្រា​​២​៦​៧ បានចែងថា​ហាមឃាត់​រាល់​ទម្រង់​នៃ​ការរើសអើង​សហជីព​ ​ដែល​រួម​មាន​ ​ការ​ពិន័យ​ ​ការ​ផ្តាច់​កិច្ចសន្យា​ការងារ។ និងច្បាប់​ស្តីពី​សហជីព ក្នុងមាត្រា​៦​៧​ ​និង​មាត្រា​៤​៣ បានចែងថា បេក្ខជន​ដែល​ជាប់ឆ្នោត​ជា​ថ្នាក់​ដឹកនាំ​សហជីព​ ​ត្រូវ​ទទួល​បានការ​ការពារ​ពិសេស​ ​ហើយ​រាល់​ការបញ្ឈប់​បេក្ខជន​ណា​ម្នាក់​ ​លុះត្រាតែ​មានការ​យល់ព្រម​ពី​អធិការកិច្ច​ការងារ​។

អ្នកស្រី រឿន កូលាប អតីតប្រធានសហជីពការពារសិទ្ធិកម្មករនៅក្នុងក្រុមហ៊ុនសេង​បូ​ ហ្គា​មិន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៧ ខែសីហាថា តុលាការខេត្តកំពង់ស្ពឺ បើកសវនាការជាលើកទី៦ហើយ ក្នុងការដោះស្រាយវិវាទការងាររវាងអ្នកស្រី ជាមួយក្រុមហ៊ុន​សេង​បូ​ ហ្គា​មិន ខណៈសវនាការលើកនេះ ក៏មិនខុសពីសវនាការមុនដែរ ដោយមិនមានវត្តមានភាគីក្រុមហ៊ុនចូលរួមឡើយ។ ទោះជាក្រុមហ៊ុននេះគេចវេសមិនចូលរួមក្ដី អ្នកស្រី បន្តព្យាយាមមិនបោះបង់ការប្ដឹងផ្ដល់ទៅកាន់ក្រុមហ៊ុនសេង​បូ​ ហ្គា​មិនឡើយ ខណៈការមិនចូលរួមសវនាការរបស់ក្រុមហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារអ្នកស្រី។

អ្នកស្រី រឿន កូលាប ៖ «ផលប៉ះពាល់ទីមួយ គឺខ្ញុំខាតនឹងលុយកាក់ ពេលវេលា ខាតនឹងកម្លាំងចិត្ត សង្ឈឹមថាមកដល់ទីកន្លែងនេះ ខ្ញុំគិតថាបានហើយ ប៉ុន្តែបែរជាអត់បានទៅវិញ។ ការទាមទាររបស់ខ្ញុំហ្នឹងមានតែពីរចំណុចនោះទេ ទីមួយ ឱ្យយកខ្ញុំចូលធ្វើការវិញ ទីពីរ ផ្ដល់នូវប្រាក់រំលឹកចាប់ពីថ្ងៃដែលគេបញ្ឈប់ខ្ញុំ មកទល់ថ្ងៃដែលគេមកយកខ្ញុំចូលធ្វើការវិញ មានតែពីរចំណុចហ្នឹងទេ»។

បើតាមអ្នសស្រី កូលាប ក្រោយពីអវត្តមានភាគីក្រុមហ៊ុនចូលរួមសវនាការនេះជាច្រើនដងមក តុលាការខេត្ត ក៏មិនឃើញមានសកម្មភាពជំរុញអ្វីឱ្យភាគីក្រុមហ៊ុនចូលខ្លួនមកដោះស្រាយសំណង តាមសំណើរបស់អ្នកស្រីនៅឡើយ។ ក្រៅពីនេះអ្នកស្រីថា តុលាការខេត្តហាក់ដូចជាកាន់ជើងខាងភាគីក្រុមហ៊ុន ពីព្រោះនៅពេលដែលអ្នកស្រីនិយាយថា ការមិនចូលរួមសវនាការរបស់ក្រុមហ៊ុន ជាការមើលងាយច្បាប់ ប៉ុន្តែបែរជាតុលាការថា ការនិយាយបែបនេះរបស់អ្នកស្រី អាចនឹងត្រូវបានភាគីក្រុមហ៊ុនប្ដឹងបកមកវិញ។

អ្នកស្រី រឿន កូលាប ៖ «ខ្ញុំសំណូមពរទៅឱ្យរាជរដ្ឋាភិបាល និងក្រុមការងារដែលគាត់កាន់នៅផ្នែកច្បាប់ក្នុងការងាររោងចក្រហ្នឹង សុំឱ្យគាត់គិតគូរដល់ខ្ញុំផង ព្រោះអីគ្រាន់តែសាច់រឿងប្ដឹងផ្ដល់នេះវាចូលជិតមួយឆ្នាំជាងហើយ។ អីចឹងចង់ឱ្យគាត់ហ្នឹង ជួយឱ្យខ្ញុំហ្នឹងបានភាពយុត្តិធម៌ឱ្យខ្ញុំ ទាំងខាងតុលាការ ទាំងខាងអង្គការផ្សេងៗ និងខាងBuyer ដែលជាអ្នកបញ្ជាទិញហ្នឹងទាំងម្ដងជាពិសេស»។

ជុំវិញរឿងនេះ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ប្រាប់ថា លោកមិនបានចូលរួមសវនាការករណីអ្នកស្រី រឿន កូលាប​ នៅព្រឹកនេះទេ ដូច្នេះលោកមិនអាចផ្ដល់ព័ត៌មានបានឡើយ។

ចំណែកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺម្នាក់ទៀត លោក ទិន សុចិត្រា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ករណីអ្នកស្រី រឿន កូលាប ស្ថិតក្នុងដំណាក់កាលជំនុំជម្រះក្ដី ដែលផុតពីតំណាងអយ្យការហើយ ដូច្នេះលោកសុំបដិសេធក្នុងការបកស្រាយ ដោយលើកឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងខេត្តវិញ។

លោក ទិន សុចិត្រា ៖ «ខ្ញុំជំរាបវិញថា ខ្ញុំអ្នកនាំពាក្យខាងអយ្យការ សំណុំរឿងនេះវាអត់នៅខាងអយ្យការទៀតទេ វានៅខាងសាលាដំបូងខេត្តកំពង់ស្ពឺ អ៊ីចឹងអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ គាត់ត្រូវតែឆ្លើយអីចឹងណាជូនព័ត៌មានហ្នឹងទៅអ្នកសារព័ត៌មាន»។

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក ផេង ស៊ីភ័ណ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ជាច្រើនដង ប៉ុន្តែលេខទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ។

អ្នកស្រី រឿន កូលាប ជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។ អ្នកស្រីធ្លាប់បានប្រាប់វិទ្យុស្ត្រីថា រយៈពេលដែលអ្នកស្រីបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមនឹងការបាក់ទឹកចិត្ត ដោយគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន ខណៈពេលដែលអ្នកស្រីក៏ជាជន្ទល់ផ្គត់ផ្គង់ការចំណាយនិងការហូបចុកសម្រាប់គ្រួសារ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image