ភ្នំពេញ៖ សមាជិកសភាសហរដ្ឋអាមេរិក លោក Brad Wenstrup មកពីគណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Ohio ដែលជាប្រធានអនុគណៈកម្មាធិការសភាទទួលបន្ទុកជំងឺរាតត្បាតកូវីដ ១៩ និងទីប្រឹក្សាផ្នែកបុគ្គលិក ២ រូបទៀត បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបជាមួយមន្ត្រីសុខាភិបាលជាន់ខ្ពស់កម្ពុជា និងទស្សនាគម្រោងសុខាភិបាលសាធារណៈដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ អ្នកស្រីវ៉ាយវត្តីជូនសេចក្តីរាយការណ៍
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជាកាលពីថ្ងៃទី២១-២២ខែសីហា ឆ្នាំ២០២៤ លោកតំណាងរាស្រ្ត Wenstrup បានជួបជាមួយលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ការពិភាក្សាបានផ្តោតលើការឆ្លើយតបប្រកបដោយជោគជ័យរបស់កម្ពុជា ចំពោះជំងឺ COVID-19 ព្រមទាំងជំងឺផ្តាសាយបក្សី H5N1 ដែលបានកើតឡើងថ្មីៗនេះ និងរបៀបដែលគេទាញយកជាមេរៀន សម្រាប់ត្រៀមប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ និងការគំរាមកំហែងផ្នែកសុខភាព ទៅអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក បានទស្សនាគម្រោងសំខាន់ៗដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយបង្ហាញពីផលប្រយោជន៍នៃការវិនិយោគរបស់សសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខផ្នែកសុខភាព នៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID មជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC និងវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក។
អ្នកស្រី Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា«វាជាកិត្តិយសសម្រាប់យើងដែលលោក Wenstrup ធ្វើទស្សនកិច្ចនៅកម្ពុជា ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការកែលម្អសុខាភិបាលសាធារណៈនៅកម្ពុជា ជំងឺមិនដែលស្គាល់ព្រំដែនទេ ដូច្នេះការសហការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល រឹតតែមានសារៈសំខាន់ខ្លាំងថែមទៀត»។
រដ្ឋាភិបាលសហរដ្ឋអាមេរិក វិនិយោគប្រមាណ ៤២ លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីគាំទ្រវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការងារ ដែលមានការសម្របសម្រួលគ្នា នៃទីភ្នាក់ងារជាច្រើន។ ភាពជាដៃគូនេះមានតួនាទីសំខាន់ក្នុងការកែលម្អសមត្ថភាពរបស់កម្ពុជា ក្នុងការដោះស្រាយការគំរាមកំហែងមកលើសុខភាពសាធារណៈ ដោយរួមចំណែកដល់ការការពារសន្តិសុខផ្នែកសុខាភិបាលនៅក្នុងតំបន់ និងនៅថ្នាក់ជាតិ ក៏ដូចជាការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ៕
ប្រភពរូប៖ស្ថានទូតអាមេរិកប្រចាំកម្ពុជា