en     km
en     km

អ្នកសារព័ត៌មានស្រ្តី នៅតែជួបបញ្ហាក្នុងការបំពេញវិជ្ជាជីវៈ ដែលហាក់រារាំងចំនួនស្ត្រីលើវិស័យនេះ

Share

អ្នកសារព័ត៌មានស្រ្តីប្រមាណ ៣០នាក់ បានចែករំលែកទុក្ខលំបាកនិងបញ្ហាប្រឈមមួយចំនួនដែលខ្លួនជួបប្រទះ ដោយបញ្ហាខ្លះបានបិទឱកាសរបស់អ្នកសារព័ត៌មានជាស្រ្តី។ ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវពួកគេអះអាងថា មិនអាចក្លាយជាឧបសគ្គរារាំងអ្នកសារព័ត៌មានស្រ្តីក្នុងការរក្សាគោលជំហរ និងបន្តបេសសកម្មនោះឡើយ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

អ្នកស្រី មុំ សុភី ពលរដ្ឋអ្នកសារព័ត៌មានម្នាក់មកពីខេត្តកំពង់ស្ពឺបានបេ្តជ្ញាបន្តស្មារតីផ្សព្វផ្សាយព័ត៌មាននៅក្នុងសហគមន៍ បើទោះបីជាខ្លួនតែងប៉ះទង្គិចពាក្យសម្តីជាមួយនឹងអាជ្ញាធរមូលដ្ឋានជាញឹកញាប់ក្តី។ ស្រ្តីអ្នកសារព័ត៌មានរូបនេះបានលើកឡើងដែរថា ការផ្សព្វផ្សាយព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយគឺជាកត្តាដ៏សំខាន់មួយ ពិសេសធ្វើយ៉ាងណាឱ្យព័ត៌មាននោះមានសំឡេងពីគ្រប់មជ្ឈដ្ឋានទាំងពីជនរងគ្រោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន អ្នកជំនាញ សង្គមស៊ីវិល និងមានទាំងសំឡេងរបស់រដ្ឋាភិបាល​ថែមទៀតផង។

អ្នកស្រី មុំ សុភី លើកឡើងបែបនេះ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) កាលពីថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២៤ នៅក្នុងខេត្តព្រះសីហនុ។

អ្នកស្រី មុំ សុភី  ពលរដ្ឋអ្នកសារព័ត៌មាន។ រូបភាព៖ WMC/Socheata

 

អ្នកសារព័ត៌មានស្រ្តីសរុបប្រមាណ ៣០នាក់ បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយបានយល់ដឹងបន្ថែមពីតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងពេលបំពេញការងារជាដើម។ អ្នកសារព័ត៌មានស្រ្តីមួយចំនួនបានចែករំលែកទុក្ខលំបាកនិងបញ្ហាប្រឈមមួយចំនួនដែលខ្លួនជួបប្រទះ ដោយបញ្ហាខ្លះបានបិទឱកាសរបស់អ្នកសារព័ត៌មានជាស្រ្តី បញ្ហាប្រភពមិនអនុញ្ញាតឱ្យសម្ភាស មានការបៀតបៀននិងរើសអើងមកលើសមីខ្លួន ការរក្សាតុល្យភាពការងារនិងគ្រួសារ និងការប៉ះទង្គិចពាក្យសម្តីរវាងអ្នកសារព័ត៌មាននិងអាជ្ញាធរជាដើម។ ក៏ប៉ុន្តែបញ្ហាទាំងនេះមិនក្លាយជាឧបសគ្គរារាំងអ្នកសារព័ត៌មានស្រ្តីក្នុងការរក្សាគោលជំហរ និងបន្តបេសសកម្មនោះឡើយ។

រូបភាព៖ WMC/Sithy

 

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏បានបង្ហាញពីតួនាទីរបស់ស្រ្តីក្នុងការកសាងសមត្ថភាពនិងអភិវឌ្ឍចំណេះជំនាញ តម្រូវការសមភាពយេនឌ័រនៅក្នុងអត្ថបទព័ត៌មាននិងតាមស្ថាប័នកន្លែងធ្វើការពិសេសសំឡេងស្រ្តីនៅក្នុងការសម្រេចចិត្ត ការទទួលការការពារតាមរយៈនិតិវិធីផ្លូវច្បាប់ និងគោលនយោបាយលើកកម្ពស់សិទ្ធិស្រ្តីនៅក្នុងអាជីពជាអ្នកសារព័ត៌មាន។

ដើម្បីជាជំនួយដល់អ្នកសារព័ត៌មានស្រ្តីខាងផ្នែកស្មារតី លោក ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកប្រឹក្សានិងព្យាបាលផ្លូវចិត្តតាមបែបចិត្តសាស្រ្ត បានលើកទឹកចិត្តឱ្យសិក្ខាកាមជីកកកាយស្វែងរកនូវចំណោទបញ្ហាដែលជាមន្ទិល រួចចាប់ផ្តើមចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការវិវាទនៃបញ្ហាផ្លូវចិត្តដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ការបំពេញការងារ។ លោក ផាន់ ចាន់ពៅ បញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវពិនិត្យមើលបញ្ហាដែលបង្កជាការរំខានផ្លូវចិត្តពីមួយចំណុចម្តងទៅមួយចំណុចម្តង ដើម្បីឱ្យការដោះស្រាយមានកាន់តែមានប្រសិទ្ធភាព។

លោក ផាន់ ចាន់ពៅ អ្នកប្រឹក្សានិងព្យាបាលផ្លូវចិត្តតាមបែបចិត្តសាស្រ្ត។ រូបភាព៖ WMC/Socheata

 

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានសហការជាមួយបណ្តាញអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ) ដឹកនាំអ្នកសារព័ត៌មានស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី«ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» ក្រោមជំនួយរបស់អង្គការយូណេស្កូ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងរយៈពេលមួយថ្ងៃពេញ ពោលគឺនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានស្រ្តីដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ ពលរដ្ឋសារព័ត៌មានមកពីខេត្តកំពង់ស្ពឺ ពលរដ្ឋអ្នកសារព័ត៌មានមកពីខេត្តកោះកុង និងមន្រ្តីបម្រើការនៅក្នុងមន្ទីរព័ត៌មានខេត្តព្រះសីហនុ៕

អត្ថបទដោយ កញ្ញា កែវ សុជាតា

Share

ព័ត៌មានទាក់ទង

Image