សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CCDA បានស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលទាំង ៣៤ ស្ថាប័ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការកែតម្រូវសេចក្តីថ្លែងការណ៍ដែលបានថ្កោលទោសចំពោះ CCDA ថា បានប្រព្រឹត្តិអំពើហិង្សាទៅលើអតីតអ្នកបើកបររថយន្តកាពីតូលកាលពីពេលថ្មីៗនេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក ឯ សុភាស់ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី០៩ ខែកុម្ភៈនេះ។
លោក ឯ សុភាស់ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី០៩ ខែកុម្ភៈ នេះថា សមាគមលោកនឹងរៀបចំសន្និសីទកាសែតមួយនៅថ្ងៃទី១០ កុម្ភៈ ស្អែកនេះ ដោយច្រានចោលសេចក្តីថ្លែងការណ៍របស់បណ្តាអង្គការសង្គមទាំង ៣៤ ស្ថាប័ន ដែលបានថ្កោលទោសចំពោះអំពើហិង្សាដែលប្រព្រឹត្តឡើងដោយក្រុមសមាគម CCDA ជាអ្នកការពារក្រុមហ៊ុនកាពីតូលទៅលើក្រុមអ្នកតវ៉ា។
លោកថា សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ គឺធ្វើឡើងដោយខ្វះការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជារូបនេះ ស្នើសុំឱ្យបណ្ដាអង្គការសង្គមស៊ីវិលទាំងអស់ ធ្វើការកែតម្រូវចំពោះសេចក្តីថ្លែងការណ៍របស់ខ្លួនឡើងវិញ ព្រោះសេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សមាជិកអ្នករត់រ៉ឺម៉កកង់បី។
លោក ឯ សុភាស់៖ «គោលបំណងរបស់ខ្ញុំ ខ្ញុំចង់បកស្រាយនឹងបំភ្លឺទៅលើករណីការចោទប្រកាន់ទាំងឡាយរបស់សង្គមស៊ីវិលជាង ៣០ ភ្ជាប់នឹងសមាគមគណៈកម្មការច្រាកទៀតដែលគាត់បានចេញសេចក្តីថ្លែងការណ៍ទាំងតក់ក្រហល់មួយ ដែលគាត់មិនបានសិក្សាទឡ្ហីករណ៍ទាំងសងខាង ដែលធ្វើឱ្យប៉ះពាល់ដល់សតិអាម្មរណ៍របស់បងប្អូនយើងដែលរកស៊ីតាមចិញ្ចើញថ្នល់ គេមិនសប្បាយចិត្ត។ បញ្ហាការកើតឡើងនូវថ្ងៃទី៦នោះ មិនមែនពួកខ្ញុំទៅបង្កហិង្សានោះទេ គឺជាការប៉ះទង្គិចដោយសារភាគីខាងតៃកុងឡានមករារាំងបិទឡានមិនឱ្យចរាចរ។
គួរកត់សម្គាល់ថា គម្រោងធ្វើសន្និសីទកាសែតច្រានចោលនូវសេចក្តីថ្លែងការណ៍រួមនេះ គឺបន្ទាប់ពីសង្គមស៊ីវិលជាង ៣០ ដូចជា សហគមន៍ដីធ្លី សហព័ន្ធសហជីពកម្មករ អង្គការសមាគម សហភាពសហជីពកម្ពុជា បណ្ដាញកម្មករ បណ្ដាញយុវជន និងបណ្ដាញព្រះសង្ឃ បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗកាលថ្ងៃទី៦ ខែកុម្ភៈ ដោយបានថ្កោលទោសចំពោះអំពើហិង្សានៅព្រឹកថ្ងៃដដែល ដោយចោទថាបានប្រព្រឹត្តឡើងដោយសមាជិកសមាគមរួបរួមគ្នាដើម្បី អភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CCDA) ទៅលើអតីតអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រអ្នកបើកបរក្នុងពេលតវ៉ាឱ្យថៅកែក្រុមហ៊ុន យកពួកគេចូលធ្វើការវិញ។
សេចក្ដីថ្លែងការណ៍នេះ បានទាមទារឱ្យមានការដោះលែងបុរសពីរនាក់ ដែលអាជ្ញាធរចាប់ខ្លួន ហើយបើកការស៊ើបអង្កេតលើករណីហិង្សានេះឡើងវិញ។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) អៈអាងថា សង្គមស៊ីវិលមិនមានហេតុផលអ្វីមកធ្វើការកែតម្រូវសេចក្តីថ្លែងការណ៍វិញនោះទេ ព្រោះថាមុននឹងចេញសេចក្តីថ្លែងការណ៍គឺ សង្គមស៊ីវិលបានធ្វើការស្រាវជ្រាវច្បាស់លាស់ និងមានភស្តុតាងគ្រប់គ្រាន់សម្រាប់ការពារខ្លួន។
លោក អំ សំអាត បន្លែមថា ការចេញសេចក្តីថ្លែងការណ៍នេះ គឺបំណងចង់ឱ្យបញ្ចប់នូវរាល់អំពើហិង្សា និងស្នើឱ្យអាជ្ញាបើកការស៊ើបអង្កេតប្រកបដោយតម្លាភាពតែប៉ុណ្ណោះ។ លោក អំ សំអាត៖ «អ្វីដែលយើងចេញសេចក្តីថ្លែងការណ៍ហ្នឹង គឺយោងតាមព្រឹត្តិការណ៍ដែលកើតនៅថ្ងៃទី៦ កុម្ភៈ ដែលបានកើតឡើងហ្នឹង ហើយយើងមានវីដេអូគ្រប់គ្រាន់ និងភស្តុតាងផ្សេងៗទាក់ទងទៅហ្នឹងព្រឹត្តិការណ៍នៃអំពើហិង្សាហ្នឹង»។
សូមបញ្ជាក់ថា អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល (CAPITOL) ២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈម្សិលមិញ។ ក្រោយពីបញ្ចប់ការសាកសួរមន្ត្រីសហជីពចំនួន ៤នាក់បន្ថែមទៀត ក៏ត្រូវបានតុលាការ សម្រេចចោទប្រកាន់ចំនួន ៣ បទល្មើសដូចគ្នាផងដែរ ដែលបទចោទទាំងនោះរួមមាន៖ ទី១ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស, ទី២ ប្រឆាំងអ្នករាជការ មានស្ថានទម្ងន់ទោស និងបទចោទ, និងទី៣ បង្កឧបសគ្គរារាំងដល់សណ្ដាប់ធ្នាប់សាធារណៈ៕