ក្រោយពីមានភាពចម្រូងចម្រាសជុំវិញការអភិវឌ្ឍន៍ខេត្តនៅតាមបណ្ដោយព្រំដែន ថ្មីនេះៗ រាជរដ្ឋាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋ ចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ក្នុងការចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ប៉ុន្តែក្រុមគណបក្សជំទាស់ និងអ្នកឃ្លាំមើលសង្គម ចង់ឃើញរាជរដ្ឋាភិបាលប្រើប្រាស់ថវិកាបរិច្ចាគដែលទទួលបានពីពលរដ្ឋ ក្រៅពីការបង់ពន្ធ ត្រូវធ្វើឱ្យមានតម្លាភាព ក្នុងការចាត់ចែងកសាងហេដ្ឋារចនាសម្ព័ន្ធអ្វីមួយនៅតាមព្រំដែន។ លោក គីម ចាន់ចាវ រាយការណ៍
ការបរិច្ចាគថវិកានេះ គឺមានគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជាការជំរុញការអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
បន្ទាប់ពីមានការប្រកាសនេះហើយ នៅតាមក្រសួងនីមួយៗ មន្ត្រីរាជការដែលមានតួនាទីធំៗ និងឧកញ៉ាមួយចំនួន ចាប់ផ្ដើមនាំគ្នាចូលរួមបរិច្ចាគថវិការបស់ខ្លួន ដើម្បីជួយរាជរដ្ឋាភិបាលក្នុងកសាងផ្លូវក្រវាត់នៅតាមបណ្ដោយព្រំដែន។
ជុំវិញរឿងនេះលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែសីហាថា កន្លងមកប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល មានការប្រទាញប្រទង់គ្នាជុំវិញការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលការអភិវឌ្ឍន៍នេះធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យថា អាចបាត់បង់ទឹកដីរបស់កម្ពុជាទៅឱ្យវៀតណាម។ ដូច្នេះហើយ លោកថា អ្វីដែលប្រមុខរាជរាជរដ្ឋាភិបាល ចង់ឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាក្នុងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែននេះ គឺមិនមានជាការខុសឆ្គងអ្វីឡើយ ប៉ុន្តែឆ្លុះបញ្ចាំងឱ្យពលរដ្ឋបានដឹង និងចូលរួមជាមួយរាជរដ្ឋាភិបាល ពីដំណើរការនៃការអភិវឌ្ឍន៍ខេត្តនៅតាមបណ្ដោយព្រំដែននេះទៅវិញទេ។
លោក មាជ សុវណ្ណារ៉ា ៖ «មកឥលូវមូលនិធិសម្រាប់ជួយការកសាង ខ្ញុំថាវាជាការអភិវឌ្ឍន៍ មិនមែនជាការខុសឆ្គង ប៉ុន្តែធ្វើម៉េចឱ្យប្រជាពលរដ្ឋមានសន្តានចិត្តរួម ឯកភាពជាតិគ្នា មោះមុតមតិគ្នា ដើម្បីថាកុំឱ្យមានការសង្ស័យ កុំឱ្យនៅតែប្រឆាំង នៅតែមិនឯកភាព នៅតែមានរឿងចម្រូងចម្រាស នៅតែគិតរឿងហានិភ័យទៅថ្ងៃមុខ ហើយចែកគ្នាឱ្យដាច់នៃនយោបាយប្រជាភិថុតិទៅនឹងតម្លាភាពនៃការអភិវឌ្ឍន៍ផលប្រយោជន័ជាតិ ផលប្រយោជន៍ទាំងអស់គ្នា។ ខ្ញុំថាជាការចាប់ផ្ដើមដែលរាជរដ្ឋាភិបាល ត្រូវតែបង្ហាញនូវឆន្ទៈ ស្មារតីជាតិនិយមនូវការអភិវឌ្ឍន៍បែបតម្លាភាព ដោយបើកចំហរ ដែលឱ្យហេតុផល ហើយបញ្ចប់វប្បធម៌ការរិះគន់ស្ថាបនាហ្នឹង គឺបញ្ចប់ទៅ ការចាប់ដាក់គុក ការដាក់ខ្នោះប្រជាពលរដ្ឋដែលគេមានទស្សនៈផ្ទុយ គេចង់បង្ហាញយើងមិននិយាយអំពើហិង្សា និងគំនិតជ្រុលនិយមណា ក្រៅពីគំនិតណាដែលឱ្យជាហេតុជាផល យើងត្រូវមានអភ័យ មានការយោគយល់សន្ដោសគ្នាទៅ ហើយយើងរួមគំនិតដោយសាមគ្គី»។
លោកបន្ថែមថា ក្រៅពីប្រជាពលរដ្ឋចូលរួមបដិភាគនេះហើយ រាជរដ្ឋាភិបាល ក៏ត្រូវពន្យល់ និងបង្ហាញអំពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនទាំងនោះ ចាប់តាំងពីរយៈពេល ចំណូល-ចំណាយលើសាងសង់ផងដែរ។
ចំណែក លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លើកឡើងថា រាជរដ្ឋាភិបាល មានគំនិតសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនបែបនេះ គឺជាការល្អប្រសើរហើយ ប៉ុន្តែប្រសិនជាមានផែនការ ឬគម្រោងសាងសង់របរព្រំដែនថែមទៀត គឺកាន់តែល្អប្រសើរជាងនេះទៅទៀត។ ក្រៅពីមានគំនិតសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះហើយ លោកក៏ចង់ឃើញថ្នាក់ដឹកនាំ ត្រូវត្រួតពិនិត្យជុំវិញការបោះបង្គោលព្រំដែន ពីព្រោះកន្លងមកការបោះបង្គោលព្រំដែននេះ ហាក់ដូចជាមិនមានភាពប្រក្រតី ខណៈដែលប្រជាពលរដ្ឋនៅតាមព្រំដែនធ្លាប់អះអាងថា បានបាត់បង់ទឹកដីរបស់ពួកគេ។
លោកបន្តទៀតថា ស្របពេលដែលរាជរដ្ឋាភិបាល មានផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយ ថែមទាំងចង់ឱ្យប្រជាពលរដ្ឋចូលរួមជួយក្នុងដំណើរការអភិវឌ្ឍន៍នេះ គឺបង្ហាញថាថ្នាក់ដឹកនាំចង់ដឹងពីការចូលរួម និងការស្ម័គ្រចិត្តរបស់ពលរដ្ឋក្នុងការគាំទ្រលើគម្រោងខ្លួន។ មួយវិញទៀត លោកថា ការឱ្យពលរដ្ឋចូលរួមបរិច្ចាគនេះ វាអាចថារាជរដ្ឋាភិបាលមិនមានកញ្ចប់ថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ។
លោក រ៉ុង ឈុន ៖ «វាអាចនិយាយអីចឹងក៏បានដែរ មានន័យថាខ្វះខាតនូវកញ្ចក់ថវិកាក្នុងការអភិវឌ្ឍន៍ផ្លូវ អីចឹងបានជារដ្ឋចង់ឱ្យមានការចូលរួមពីប្រជាពលរដ្ឋជាបដិភាគ ប៉ុន្តែជាទូទៅរឿងអភិវឌ្ឍន៍វាត្រូវការការរ៉ាប់រងពីភាគីរាជរដ្ឋាភិបាល ពីព្រោះយើងដឹងហើយប្រជាពលរដ្ឋបានបង់ពន្ធជូនរដ្ឋហើយ អីចឹងរដ្ឋត្រូវយកអ្វីដែលបងប្អូនជនរួមជាតិបានបង់ពន្ធហ្នឹង យកទៅធ្វើការអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍ផ្លូវថ្នល់អីសព្វបែបយ៉ាង ប៉ុន្តែអ្វីដែលនាយករដ្ឋមន្ត្រីប្រកាសឱ្យប្រជាពលរដ្ឋចូលរួម អាហ្នឹងគឺចង់ឆ្លុះបញ្ចាំងកញ្ចប់ថវិកាវាមានការខ្វះខាតដែរ»។
រីឯលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព និយាយដែរថា សម្រាប់លោក អ្វីដែលសំខាន់បំផុត គឺគ្រប់គ្រងថវិកាដែលទទួលបានពីការបរិច្ចាគជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ តើរាជរដ្ឋាភិបាល មានបានរៀបចំប្រព័ន្ធគ្រប់គ្រងថវិកាទាំងនោះឱ្យមានតម្លាភាពដែរទេ? ខណៈដែលថ្នាក់ដឹកនាំប្រកាសឱ្យពលរដ្ឋខ្លួនចូលរួមបរិច្ចាគថវិកា តាមការស្ម័គ្រចិត្ត។ ម្យ៉ាងវិញទៀត លោកថា ប្រសិនជាការប្រើប្រាស់ថវិកាបរិច្ចាគនេះ ចាត់ចែងដោយមិនមានតម្លាភាពទេ នោះគម្រោងដែលរាជរដ្ឋាភិបាលផ្ដួចផ្ដើមឡើង ក៏មិនអាចទទួលជោគជ័យ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
លោក យង់ គិមអេង ៖ «បើប្រជាពលរដ្ឋមានការចូលរួមបែបហ្នឹង គឺធ្វើឱ្យប្រជាពលរដ្ឋមានភាពជាម្ចាស់ដែរ ភាពជាម្ចាស់គឺមានសិទ្ធិសើរើ សួរនាំផ្សេងៗ ហើយត្រូវផ្ដល់ព័ត៌មានឱ្យប្រជាពលរដ្ឋ ផ្ដល់របាយការណ៍ ផ្ដល់អីឱ្យសាធារណជនដឹងដែរបាទ ប៉ុន្តែបើថាការសួរនាំទៅមិនសប្បាយចិត្ត ឆ្លើយតបដោយឥរិយាបថអវិជ្ជមានហ្នឹង គឺពលរដ្ឋលែងហ៊ានចូលរួមតទៅទៀត។ អីចឹងអានេះជារឿងមួយសំខាន់ដែលអ្នកគ្រប់គ្រង់មូលនិធិគិតគូរពីបញ្ហាហ្នឹង ហើយលើសពីនេះទៅទៀត ខ្ញុំយល់ថាបើពលរដ្ឋមានការចូលរួមក្នុងគម្រោងណាមួយ គាត់នឹងមានភាពជាម្ចាស់ គាត់ចូលរួមសកម្ម គាត់មានភាពជាម្ចាស់បានលុះត្រាតែរដ្ឋដែលជាអ្នកសម្របសម្រួលឱ្យមានការចូលរួមហ្នឹង គឺបង្ហាញនូវការគ្រប់គ្រងមួយដែលមានលក្ខណៈអភិបាលកិច្ចល្អ ហើយការចូលរួមពីពលរដ្ឋក្នុងការតាមដាន និងត្រួតពិនិត្យហ្នឹងដែរបាទ!»។
ដោយឡែកលោក យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុស្ដ្រីដែរថា រាល់ការបរិច្ចាគរបស់ពលរដ្ឋទាំងក្នុង ទាំងក្រៅប្រទេស គឺបង្ហាញពីទឹកចិត្តនៃការស្រលាញ់ប្រទេសជាតិ ហើយពួកគេនឹងក្លាយជាម្ចាស់នៃមូលនិធិនេះទាំងអស់គ្នា។ ដូច្នេះមូលនិធិដែលទទួលបានពីអ្នកបរិច្ចាគ គឺប្រាកដណាស់ត្រូវតែធ្វើឱ្យមានតម្លាភាព ហើយតម្លាភាពនេះ កើតចេញពីថ្នាក់ដឹកនាំត្រូវផ្សព្វផ្សាយពីចំនួនថវិកាដែលទទួលបាន និងចំនួនថវិកាដែលត្រូវចំណាយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីមួយនៅតាមបណ្ដោយព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបពីចំនួនថវិកាដែលបរិច្ចាគជាប្រចាំ។
លោក យង់ ពៅ ៖ «ការប្រើប្រាស់កញ្ចប់ថវិកាហ្នឹងក៏ដូចគ្នាដែរ ប្រសិនជាពលរដ្ឋចូលហើយ គឺយើងត្រូវតែមានការដេញថ្លៃពិតប្រាកដ ជាក់ស្ដែងដែលគាត់អាចដឹងលឺអីចឹងទៅ ពីព្រោះប្រជាពលរដ្ឋចូល ក្រៅពីគាត់បង់ពន្ធជូនរដ្ឋហើយ គាត់ចូលដោយផ្ទាល់ផ្សេងទៀតទៅលើករណីហ្នឹង។ អីចឹងច្បាស់នោះថាគាត់ទាមទារដឹងលឺទៅលើការធ្វើហ្នឹងយ៉ាងម៉េច គុណភាពយ៉ាងម៉េច ក្រុមហ៊ុនហ្នឹងធ្លាប់ធ្វើកិច្ចការហ្នឹងដែរឬអត់? អីចឹងត្រួវតែបង្ហាញឱ្យគាត់ដឹងលឺហើយ ហើយបញ្ជាក់ពីគុណភាពប្រាកដប្រជា គុណភាព ទំហំ បរិមាណ ទទឹង បណ្ដោយអីយ៉ាងម៉េចឱ្យគាត់បានដឹង ហើយធ្វើអស់ប៉ុន្មានអីប៉ុន្មាន តុល្យការហ្នឹងឱ្យវាលោតនៅក្នុងផ្ទាំងLED ណាមួយ ឬក៏ច្រើន ឬក៏មួយ ឬក៏ច្រើន ទៅតាមទីប្រជុំជន ឬសួនសាធារណៈតាមបណ្ដាខេត្ត ក្រុង រាជធានី យើងអាចដាក់បាន មិនខ្វះទេបាទ!»។
កន្លងមកការអភិវឌ្ឍន៍ព្រំដែននេះ ជាបញ្ហាស្មុគស្មាញមួយដែលរាជរដ្ឋាភិបាល រងមតិរិះគន់ពីសាធារណជនមួយចំនួន ខណៈអ្នករិះគន់ខ្លះ កំពុងរងការចាប់ខ្លួនដាក់ពន្ធនាគារ និងប្ដឹងផ្ដល់តាមប្រព័ន្ធតុលាការ៕