en     km
en     km

តើការបង់ភាគទានបណ្ឌ ប.ប.ស យឺតយ៉ាវអាចប្រឈមនឹងការដាក់ទោសតាមច្បាប់ឬទេ?

Share

 

ផ្ទៀងផ្ទាត់៖ ប្រិយមិត្តវិទ្យុស្រ្តីម្នាក់បានដាក់សំណើមកកាន់ប្រអប់សារលើទំព័រហ្វេសប៊ុកវិទ្យុស្រ្តីក្នុងគោលបំណងចង់ឱ្យក្រុមការងារផ្ទៀងផ្ទាត់ជុំវិញករណីដែលថា«តើការបង់ភាគទាន ប.ប.ស យឺតយ៉ាវអាចប្រឈមនឹងការដាក់ទោសទណ្ឌតាមផ្លូវច្បាប់ដែរឬទេ?»។ ជុំវិញសំណើនេះ ក្រុមការងារផ្ទៀងផ្ទាត់របស់វិទ្យុស្រ្តីបានសុំការបញ្ជាក់ពីអគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដោយមន្រ្តីលើកឡើងថា ករណីដាក់ទោសទណ្ឌបានអនុវត្តចំពោះតែម្ចាស់សហគ្រាសប៉ុណ្ណោះ រីឯបុគ្គលស្វ័យនិយោជន៍រងនូវការកាត់ផ្តាច់អត្ថប្រយោជន៍ពីប័ណ្ឌ ប.ស.ស។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់មកកាន់ក្រុមការងារផ្ទៀងផ្ទាត់របស់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ថា ការដាក់ទោសទណ្ឌតាមផ្លូវច្បាប់នេះនឹងអនុវត្តចំពោះម្ចាស់សហគ្រាសឬម្ចាស់គ្រឹះស្ថាន ដែលភ្លេចឬខកខានមិនបានមកបង់ភាគទានឱ្យបានទាន់ពេលវេលាទៅតាមការកំណត់ ឬតាមការជូនដំណឹងពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។ នៅក្នុងនោះ លោកបញ្ជាក់ថា មន្រ្តី ប.ស.ស  នឹងចេញលិខិតជូនដំណឹងចំនួនពីរលើក ដោយទាក់ទងតាមមធ្យោបាយនានាដូចជាតាមរយៈប្រព័ន្ធទូរសព្ទជាដើម ដើម្បីក្រើនរំលឹកឱ្យថៅកែពន្លឿនការបង់ភាគទានមកកាន់ ប.ស.ស នៅមុនពេលមន្រ្តី ប.ស.ស ធ្វើរបាយការណ៍តាមផ្លូវច្បាប់ដាក់ពិន័យទៅកាន់ម្ចាស់សហគ្រាសឬគ្រឹះស្ថាន។

រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

 

ចំពោះបុគ្គលស្វ័យនិយោជន៍ ឬបុគ្គលប្រកបការងារឬមុខរបរដែលរកប្រាក់ចំណូលដោយខ្លួនឯងវិញ លោក ហេង សុផាន់ណារិទ្ធ អះអាងថា ជនទាំងនេះមិនទទួលរងនូវការដាក់ទោសទណ្ឌពីនីតិវិធីផ្លូវច្បាប់អ្វីនោះទេ ពោលគឺអនុវត្តត្រឹមផ្តាច់សុពលភាពនៃការប្រើប្រាស់ប័ណ្ឌ ប.ស.ស នៅត្រឹមពីរខែបន្ទាប់ ក្រោយបុគ្គលទាំងនេះមិនបានបន្តបង់ភាគទានមកកាន់បេឡាជាតិសន្តិសុខសង្គម។

រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

 

«សំណួរហ្នឹងទាល់តែយើងញែកជាពីរ ទាល់តែមានខាងកម្មករឬមួយក៏ខាងស្វ័យនិយោជន៍អ៊‌ីចឹង​។ ប៉ុន្តែជាទូទៅ គេ(មន្រ្តីប.ស.ស)អត់ដែលពិន័យទៅកម្មករទេ គេពិន័យៗទៅលើថៅកែ។ ឧទាហរណ៍. ថាគាត់(កម្មករ)​ធ្វើការនៅខាងរោងចក្រឬក៏ក្រុមហ៊ុនណាមួយអ៊‌ីចឹង ហើយថៅកែអត់បង់ភាគទានឱ្យគាត់។ ករណីហ្នឹងខាងប.ស.ស នឹងចុះទៅពិន័យថៅកែហ្នឹងតែម្តង គេ(មន្រ្តីប.ស.ស)អត់ទៅលើបុគ្គល(កម្មករ)នោះទេ។ តែសម្រាប់អ្នកដូចជាបុគ្គលស្វ័យនិយោជន៍​ ប្រសិនជាក្នុងករណីថាគាត់អត់បង់ភាគទាន យើងអត់ពិន័យគាត់ទេ ប៉ុន្តែកាតគាត់ហ្នឹងប្រើលែងបាន។»។

ជាមួយគ្នានេះ ប្រសិនបើម្ចាស់សហគ្រាសមិនទាន់បានបង់ភាគទានរបស់និយោជិតមកកាន់ ប.ស.ស ហើយសហគ្រាសឬក្រុមហ៊ុននោះបានក្ស័យធុនដោយប្រការណាមួយ លោក ហេង សុផាន់ណារិទ្ធ អះអាងថា និយោជិតមិនទទួលរងនូវការពិន័យជំនួសថៅកែនោះឡើយ។ ជាពិសេសនិយោជិតនៅតែបន្តទទួលអត្ថប្រយោជន៍ពីប័ណ្ឌ ប.ស.ស ប្រសិនបើនិយោជិតទាំងនេះមានឱកាសចូលធ្វើការនៅតាមកន្លែងសហគ្រាសថ្មី។ មួយវិញទៀត ករណីនិយោជិតដែលមិនទាន់រកបានការងារថ្មីធ្វើនៅឡើយ អាចមកបន្តសុពលភាពនៃប័ណ្ឌ ប.ស.ស តាមរយៈការបង់ភាគទានផ្ទាល់ខ្លួនក៏បាន។

រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

 

«បាទ!ក្នុងករណីដែលក្រុមហ៊ុនក្ស័យធនឬក៏ថៅកែរត់ចោលគាត់(កម្មករ) អ៊‌ីចឹងបើសិនជាគាត់(កម្មករ)​អាចទៅបន្តធ្វើការនៅក្រុមហ៊ុនឬរោងចក្រសហគ្រាសណា កាតរបស់គាត់(កម្មករ)ហ្នឹងអាចនៅមានសុពលភាពប្រើប្រាស់បានធម្មតា។ ពីព្រោះថានៅពេលដែលគាត់(កម្មករ​)ទៅក្រុមហ៊ុនថ្មី ឬមួយក៏សហគ្រាសថ្មី​​ កាត ប.ស.ស ហ្នឹងគឺគេ(ក្រុមហ៊ុនថ្មីឬសហគ្រាសថ្មី)បង់បន្តឱ្យគាត់(កម្មករ)។ ករណីទី២ បើសិនជាក្នុងករណីដែលមិនទាន់មានការងារធ្វើទេ ប៉ុន្តែគាត់ចង់នៅបន្តសុពលភាពក្នុងការប្រើប្រាស់​​បណ្ឌហ្នឹង ​គឺគាត់អាចមកបង់ភាគទានខ្លួនឯងបាន។ អ៊‌ីចឹង​គាត់នៅបន្តប្រើប្រាស់បណ្ឌហ្នឹងបន្តទៅទៀត។​»។​

គួរបញ្ជាក់បន្ថែមថា មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៥៤៣ មូលដ្ឋានសុខាភិបាល-ក្នុងនោះមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន១១ មន្ទីរពេទ្យបង្អែកចំនួន១២៣ មណ្ឌលសុខភាពចំនួន១២៧៣ និងមន្ទីរពេទ្យឯកជនចំនួន១៣៦ មូលដ្ឋានសុខាភិបាល។ លោក ហេង សុផាន់ណារិទ្ធ ធ្លាប់បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ មកចុះបញ្ជីជាមួយ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាឱ្យបាននូវការងារ សមរម្យ សន្តិសុខ ប្រាក់ចំណូល សមធម៌សង្គម ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកនរណាម្នាក់ឱ្យនៅក្រៅប្រព័ន្ធប.ស.សនោះឡើយ។

រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

 

គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ហើយនៅទូទាំងប្រទេស។ ក្នុងចំណោមសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩ នាក់៕

 

Share

ព័ត៌មានទាក់ទង

Image