ស្ត្រីម្នាក់អាយុ១៩ឆ្នាំ បានសម្រាលកូនដំបូងនៅលើទូកបាឡាស្មាច់ នៅចំណុចទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កញ្ញា ងិន ស៊ាងលីម ជូនសេចក្ដីរាយការណ៍
មុនពេលកើតហេតុស្ត្រីជាម្តាយមានអាការៈឈឺពោះ ត្បិតដល់ពេលត្រូវឆ្លងទន្លេរ ក្រោយមកក្រុមគ្រួសារក៏បានបញ្ជូនស្ត្រីមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយធ្វើដំណើរតាមទូកបាឡាស្មាច់។ អំឡុងពេលធ្វើដំណើរមកដល់ត្រង់ចំណុចមាត់កំពង់ទំនប់បារាំង ស្ត្រីជាម្តាយខាងលើបានក៏សម្រាលកូននៅមាត់ទឹក តែម្ដង ទាំងដែលមិនទាន់បានឡើងគោកទៅមន្ទីរពេទ្យ។ ស្ថិតក្នុងស្ថានភាពនេះ ក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានព្យាយាមទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យ ដើម្បីមកជួយសង្គ្រោះបន្ទាន់ ហើយក្រុមគ្រូពេទ្យឆ្មបក៏បានដុតដុតជើងតាមរយៈរថយន្តសង្គ្រោះបន្ទាន់ មកទទួលស្ត្រីព្រមទាំងទារកទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះផងដែរ។ គ្រូពេទ្យបញ្ជាក់ថា ទារកមានទម្ងន់២គីឡូកន្លះ និងជាកូនដំបូង។
ស្ត្រីជាម្តាយដែលបានសម្រាលកូនខាងលើមានឈ្មោះថា ឡន លីណា មានស្វាមីឈ្មោះ ណយ សារូ អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ គៀនតាម៉ា ឃុំកំពង់អុស ស្រុកជល់គីរី។ បច្ចុប្បន្នពួកគេកំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្តាយទាំងកូន៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕