en     km
en     km

ភរិយាសកម្មជនទីក្រុងប៉ារីសប្ដេជ្ញាមិនថ្លែងសារសុំទោសទោះស្វាមីពួកគេត្រូវឃុំខ្លួនរឿងរិះគន់គម្រោងCLV

Share

រូបភាពលោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្

ភ្នំពេញ៖ ក្រុមគ្រួសារសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្ដេជ្ញាការពារស្វាមីខ្លួនតាមនីតិវិធីច្បាប់មិនថ្លែងសារសុំទោសជាថ្នូរនៃការដោះលែង ក្រោយពីតុលាការឃុំខ្លួនស្វាមីខ្លួនពីបទ «ញុះញង់» ករណីរិះគន់ពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយគ្នានេះ មេធាវីការពារក្ដីឱ្យសកម្មជនទាំងនោះ កំពុងប្រមូលភស្ដុតាងនានាដាក់ជូនតុលាការពិចារណាកូនក្តីនៅក្រៅឃុំបណ្ដោះអាសន្ន។ កញ្ញា សៃ ចន្ធី ជូនសេចក្តីរាយការណ៍

 

 

គិតមកដល់ពេលនេះ សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសរួមមានលោក ស្រ៊ុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ ប៉ានមុន្នី និងលោក សាន សិទ្ធ ត្រូវបានឃុំខ្លួនអស់រយៈពេល ១ខែហើយ ទាក់ទងការបង្ហោះវីដេអូនិយាយលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ ជាមួយដំណោះស្រាយនៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV-DTA) តាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

អ្នកស្រី ស្វាយ ពៅ ភរិយារបស់លោក សាន សិទ្ធ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៣ ខែសីហាថា ស្វាមីអ្នកស្រីកំពុងមានជំងឺប្រចាំកាយ គឺបញ្ហាជំងឺខ្លាញ់រុំបេះដូង ជំងឺសត្វល្អិតក្នុងក្រពេះ និងជំងឺត្រអកផងដែរ។ ម្យ៉ាងវិញទៀត រួមផ្សំទាំងការរស់នៅក្នុងពន្ធនាគារទៀត ជាកន្លែងដែលមិនស្អាត អ្នកស្រីថា សុខភាពរបស់ស្វាមីខ្លួនកាន់តែមានស្ថានភាពអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈជំងឺទាំងនោះ ស្វាមីអ្នកស្រីព្យាបាលដោយការប្រើប្រាស់ថ្នាំខ្មែរ មិនបានប្រើប្រាស់ថ្នាំពេទ្យឡើយ។

ដោយសារសុខភាពរបស់ស្វាមីខ្លួនមិនល្អ អ្នកស្រីបាននិងកំពុងស្វះស្វែងរកមេធាវីការពារក្ដីពីសមាគមខ្មែរកម្ពុជាក្រោម និងមេធាវីពីអង្គការអាដហុក ដើម្បីធ្វើយ៉ាងណាស្នើឱ្យស្វាមីអ្នកស្រីអាចនៅក្រៅឃុំទទួលការព្យាបាលបានដិតដល់។

អ្នកស្រី ស្វាយ ពៅ ៖ «ពួកខ្ញុំអត់បានធ្វើអ្វីខុសផង សុំទោសលុះត្រាតែដឹងពីមូលហេតុទោសហ្នឹងមកពីអីសិន អត់អាចវាមិនចង់ធ្វើទង្វើក្បត់ឧត្តមគតិខ្លួនឯងក្មួយ សុំទោសម៉េចបើយើងអត់បានធ្វើអ្វីខុសថ្ងៃហ្នឹងគ្រាន់តែរៀបចំហូបបាយហ្នឹងពួកខ្ញុំអត់បានធ្វើអីផង។ បើបាននិយាយអីក៏អស់ចិត្តដែរ មិនបាននិយាយអីសោះណា ដល់អីចឹងមិនដឹងសុំទោសរឿងអី តែអីចេះប្រសិនជាសុំទោស ម៉ែខ្ញុំក៏ប្រាប់អីចឹង បងខ្ញុំក៏ប្រាប់អីចឹងដែរថា កូនអើយម៉េចៗធ្វើលិខិតសុំទោសទៅ ថាឱ្យឈប់រៀនច្បាប់ទៅ ហើយបើឱ្យខ្ញុំឈប់រៀនច្បាប់ មានតែឱ្យខ្ញុំរៀនធ្វើចោរម្ដង ហើយបើខ្ញុំរៀនច្បាប់ហើយខុស អីចឹងឱ្យខ្ញុំធ្វើអីវិញ ធ្វើចោរបានត្រូវមែន សំណួរមានតែសួរអីចឹងឯង»។

យ៉ាងណាក៏ដោយភរិយាសកម្មជនរូបនេះ ប្ដេជ្ញាតាំងជំហរថា មិនសុំទោសដើម្បីជាថ្នូរនឹងការដោះលែងឱ្យស្វាមីនៅក្រៅឃុំនោះឡើយ ពីព្រោះសកម្មភាពស្វាមីរបស់ខ្លួនដែលរងបទចោទពីតុលាការ ជាសកម្មភាពមិនខុសច្បាប់អ្វីនោះទេ។ តែយ៉ាងណា ករណីបើសិនឱ្យអ្នកស្រីសុំទោស ដោយដាក់លក្ខខណ្ឌឱ្យស្វាមីខ្លួនផ្សព្វផ្សាយតែពីរឿងសន្ធិសញ្ញាទីក្រុងប៉ារីស គឺអ្នកស្រីយល់ព្រម។

ចំណែកភរិយារបស់សកម្មជនម្នាក់ទៀត គឺអ្នកស្រី ស៊ឹង សុភីណា និយាយថា ស្ថានភាពសុខភាពស្វាមីអ្នកស្រី ធម្មតាទេ ហើយស្វាមីក៏មិនបានផ្ដាំផ្ញើឱ្យអ្នកស្រីធ្វើសកម្មភាពអ្វីដែរ ដូច្នេះអ្នកស្រីរង់ចាំដំណើរការពីមេធាវីតែប៉ុណ្ណោះ។ មួយវិញទៀត តាមគោលគំនិតរបស់ស្វាមីអ្នកស្រីគឺចង់ឱ្យអ្នកស្រីធ្វើតាមនីតិវិធីផ្លូវច្បាប់ ចៀសវាងការសុំទោសដោយមិនបានប្រព្រឹត្តអ្វីខុស។

អ្នកស្រី ស៊ឹង សុភីណា ៖ «អត់ទេអត់មានគំនិតហ្នឹងផង ហើយនិយាយទៅការងារអស់ហ្នឹងខ្ញុំធ្វើតាមនីតិវិធីច្បាប់ទាំងអស់ ហើយសម្រាប់ខ្ញុំអត់សូវដឹងច្រើនទេទៅលើរឿងអស់ហ្នឹង តែគ្រាន់ថាអីៗទាំងអស់យើងត្រូវគោរពតាមច្បាប់ ច្បាប់គេតម្រូវឱ្យយើងធ្វើបែបណា គឺយើងធ្វើបែបហ្នឹងទាំងអស់»។

ជុំវិញករណីសកម្មជនទាំងនេះ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាមេធាវីការពារក្ដីឱ្យសកម្មជនទាំងនេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា មកដល់ពេលនេះ លោកបានប្រមូលឯកសារមួយចំនួនដែលទាក់ទងនឹងសកម្មភាពរស់នៅរបស់សកម្មជន ស្ថានភាពគ្រួសារ និងបញ្ហាសុខភាពរបស់សកម្មជនទាំងនោះ ដើម្បីជាភស្ដុតាងស្នើទៅកាន់តុលាការឱ្យកូនក្ដីរបស់លោកនៅក្រៅឃុំ។ ការប្រមូលភស្ដុតាងទាំងនេះ លោកបានដាក់ជូនតុលាការនាពេលថ្មីៗនេះ ដូច្នេះត្រូវរង់ចាំការសម្រេចរបស់តុលាការសិន ទើបអាចមាននីតិវិធីយ៉ាងណាបន្តទៀត។

លោក សឺន ជុំជួន រូបភាពពីហ្វេសប៊ុករបស់លោក។

លោក សឺន ជុំជួន ៖ «យើងយល់ឃើញអ្វីដែលជាការឃុំខ្លួនកូនក្ដីខ្ញុំហ្នឹង គឺមិនមានភាពជាចាំបាច់នោះទេ ដោយសារបើកាលណាយើងឃុំខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅគ្រួសារគាត់ ប៉ះពាល់ដល់ការសិក្សារបស់កូន ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាពអីជាដើម ជាពិសេសពាក់ព័ន្ធនឹងគម្រោងដែលកូនក្ដីកំពុងតែធ្វើការផ្ដល់ចំណេះដឹងទៅដល់អ្នកគាំទ្រ ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អីចឹងវាជារឿងមួយដែលចាំបាច់ខ្ញុំក្នុងនាមជាមេធាវីហ្នឹង យើងរៀបចំឯកសារទាំងនេះ ដើម្បីដាក់ទៅតុលាការសុំឱ្យពួកគាត់ហ្នឹងបាននៅក្រៅឃុំជាបណ្ដោះអាសន្ន រង់ចាំពេលសវនាការ»។

ក្រោយពីការស្នើនេះហើយ លោកជាមេធាវីការពារក្ដីតែងតែមានក្ដីសង្ឃឹមថា តុលាការនឹងធ្វើការពិចារណាឱ្យកូនក្ដីលោកនៅក្រៅឃុំ ពីព្រោះបទចោទមកលើកូនក្ដីរបស់លោកនេះ គឺមិនសមហេតុផល ខណៈដែលសកម្មភាពរបស់ពួកគេ គ្រាន់តែអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះ។

ដោយឡែក លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា មេធាវីសមាគមអាដហុក មិនទាន់ប្រាកដថានឹងការពារក្ដីឱ្យសកម្មជនទាំងនោះនៅឡើយទេ ពីព្រោះករណីនេះស្ថិតក្នុងដំណាក់កាលដែលសមាគមអាដហុក កំពុងធ្វើការប្រមូលព័ត៌មាន ភស្ដុតាង និងស៊ើបអង្កេតលើបទចោទមកលើសកម្មជនទាំងនោះ។ ទោះបីសមាគមអាដហុក មិនទាន់ផ្ដល់មេធាវីការពារជូនសកម្មជនទាំងនោះក្ដី ប៉ុន្តែករណីនេះលោកថា ប្រសិនជាពួកគេរកបានមេធាវីការពារហើយ សកម្មជនទាំងនោះ គួរតែត្រូវបានតុលាការ ពិចារណាឱ្យនៅក្រៅឃុំ។

លោក នី សុខា ៖ «ជាទូទៅអាហ្នឹងសម្រេចលើតុលាការទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនជាតុលាការអនុវត្តឱ្យបានទៅតាមនីតិវិធី យើងចង់ឃើញការពន្លឿនក្នុងការអនុវត្តនីតិវិធីហ្នឹងធ្វើយ៉ាងណាដើម្បីឱ្យឈានទៅដល់ការសម្រេចនៅក្នុងសវនាការមួយ ដើម្បីផ្ដល់យុត្តិធម៌ឱ្យពួកគាត់អីចឹងណាឱ្យបានឆាប់ទៅតាមតុលាការដែលអាចធ្វើបាន ចៀសវាងកុំឱ្យអូសបន្លាយពេលវេលាហ្នឹងយូរ ដើម្បីប៉ះពាល់ទៅដល់សិទ្ធិទទួលបានយុត្តិធម៌របស់ជនជាប់ចោទអីចឹងណា»។

រូបភាពពីហ្វេសប៊ុកលោក ស៊្រុន ស៊្រន។

សូមរំលឹកថា សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ហើយពួកគេត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងសកម្មភាពអត្ថាធិប្បាយពីគម្រោង CLV របស់រាជរដ្ឋាភិបាល។

យ៉ាងណាបន្ទាប់ពីឃុំខ្លួនសកម្មជនទាំងនោះ ថ្មីៗនេះ មានសកម្មជនសង្គមផ្សេងទៀត ត្រូវបានឃុំខ្លួនផងដែរ ទាក់ទងនឹងសកម្មជនប្រឆាំងនឹងគម្រោង CLV នេះ ដោយរាជរដ្ឋាភិបាល ក៏បានព្យាយាមបកស្រាយទៅកាន់សាធារណជនកុំឱ្យមានការយល់ច្រឡំថា គម្រោងនេះ ធ្វើឱ្យបាត់បង់ខេត្តទាំងបួនរបស់កម្ពុជាទៅឱ្យវៀតណាម។ បន្ថែមពីការបកស្រាយទាំងនោះហើយ រាជរដ្ឋាភិបាល ប្រកាសឱ្យពលរដ្ឋទៅទស្សនាខេត្តនៅតាមបណ្ដោយព្រំដែនដោយឥតគិតកម្រៃសេវា លើខេត្តដែលស្ថិតក្នុងគម្រោង CLV នេះ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image