ភ្នំពេញ៖ កន្លងមកអ្នកសារព័ត៌មានមួយចំនួន នៅតែជួបប្រទះនិងប្រឈមការចោទប្រកាន់ផ្លូវច្បាប់ ពីបទបរិហារបង្ខូចកេរ្តិ៍ ឬពីបទចាប់ជំរិតផ្សេងៗពេលបំពេញការងាររបស់ខ្លួន។ ប្រឈមមុខបញ្ហានេះ អ្នកជំនាញផ្នែកច្បាប់យល់ថា ការបំពាក់បំប៉នពង្រឹងចំណេះដឹងផ្នែកច្បាប់ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ដើម្បីជួយជំរុញដល់អ្នកសារព័ត៌មានអាចជៀសផុតពីការប្តឹងផ្តល់។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដល់អ្នកសារព័ត៌មានដែលអនុវត្តន៍តួនាទីរបស់ខ្លួនត្រូវប្រកបការងារឈរលើវិជ្ជាជីវៈ និងក្រមសីលធម៌ ដ្បិតមានតែវិជ្ជាជីវៈនិងក្រមសីលធម៌ប៉ុណ្ណោះអាចជាអាវក្រោះជួយដល់អ្នកសារព័ត៌មាន ជៀសផុតពីការប្តឹងផ្តល់តវ៉ាក្រោយការចុះផ្សាយរបស់ខ្លួន ។ នេះជាការលើកឡើងរបស់ លោកមេធាវី រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នៅក្នុងវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២២ខែ សីហា ឆ្នាំ២០២៤ នៅចំពោះមុខអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្នែកច្បាប់ប្រមាណ ៣០ នាក់ដែលបានចូលរួមនៅក្នុងវេទិកានោះ។
លោកមេធាវីបន្តថា វេទិកាថ្ងៃនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានទទួលបាននូវព័ត៌មាននិងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាចំណេះដឹងពាក់ព័ន្ធនឹងផ្លូវច្បាប់ដើម្បីជៀសវាងពីការប្តឹងផ្តល់តវ៉ា ដោយសារការចុះផ្សាយព័ត៌មានជាសំណេរបោះពុម្ព ឬតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្សាយជាព័ត៌មានពិត និងជៀសវាងការផ្សាយព័ត៌មានក្លែងក្លាយ។
លោកមេធាវី រុន សារ៉ាយ៖ «យើងសង្ឃឹមថាធ្វើវេទិកាថ្ងៃនេះនឹងអាចជួយផ្តល់នូវព័ត៌មាន និងបញ្ហាប្រឈមថ្មីៗដែលយើងត្រូវធ្វើការបកស្រាយរួមគ្នា ហើយយើងត្រូវធ្វើយ៉ាងម៉េចការប្រជុំថ្ងៃនេះអាចជាអាវយ័ន្ត ជាអាវក្រោះមួយសម្រាប់ការពារអស់លោក លោកស្រីជាអ្នកកាសែតថារឿងណាដែលយើងត្រូវចុះផ្សាយ ហើយត្រូវផ្សាយព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយ វាជារឿងមួយដែលធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានយើង»។
មានអាជីពជាអ្នកសារព័ត៌មានជាង១០ឆ្នាំ អ្នកស្រី ជ្រុន ធីតា លើកឡើងថា កន្លងមកអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងក្រសួងព័ត៌មានធ្លាប់បានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់អ្នកសារព័ត៌មាន និងសូមឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីអាចបញ្ចៀសបានការប្តឹងផ្តល់បាន។ អ្នកស្រីលើកឡើងបែបនេះព្រោះកន្លងមកអ្នកសារព័ត៌មានច្រើនជួបប្រទះពាក់ព័ន្ធផ្លូវច្បាប់ត្រូវបានគេចាប់ ពោលត្រូវគេចោទប្រកាន់ពីបទចាប់ជំរិតផ្សេងៗក៏មាន។
អ្នកស្រី ជ្រុន ធីតា៖ «អ្នកសារព័ត៌មានយើងច្រើនតែជួបប្រទះពាក់ព័ន្ធផ្លូវច្បាប់ហ្នឹងគឺថាត្រូវគេចាប់ គេចោទប្រកាន់ពីបទចាប់ជំរិតផ្សេងៗ អង្គការជំនួយផ្នែកច្បាប់ក៏បានបង្រៀន យើងខាងក្រសួងក៏បានបង្រៀនយើងដែរ បើកវគ្គសិក្សាជាបន្តបន្ទាប់ សូមឱ្យអ្នកសារព័ត៌មានយើងយ៉ាងណាគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈជៀសវាងការដែលគេប្តឹងយើង»។
លោកមេធាវី អ៊ុន ចាន់ថុល បានបង្ហាញឱ្យដឹងថា សំណុំរឿងអ្នកសារព័ត៌មានដែលត្រូវបានគេប្តឹងនៅក្នុងឆ្នាំ២០២៣ សរុបមាន ១៣ករណី ក្នុងនោះស្រ្តីមាន ២ករណី។ ដោយឡែកក្នុងឆ្នាំ ២០២៤នេះវិញ សំណុំរឿងពាក់ព័ន្ធអ្នកសារព័ត៌មានដែលត្រូវរងបណ្តឹងមានចំនួនកើនឡើងគិតត្រឹមខែសីហានេះ មានសរុប១២ករណីទៅហើយ៕