en     km
en     km

ពលរដ្ឋនៅក្រុងរុនតាឯកស្នើអាជ្ញាធរបង្កើតការងារឱ្យពួកគេដើម្បីរកចំណូលទ្រទ្រជីវភាពនៅក្រុងថ្មី

Share

WMC/shay chanthy

ជិតមួយឆ្នាំនៃការបង្កើតក្រុងរុនតាឯក តេជោសែន ពលរដ្ឋដែលស្ម័គ្រចិត្តដោះដូរដីមកក្រុងថ្មីនេះ មិនមានការងារអ្វីធ្វើឡើយ ដោយសំណូមពរឱ្យអាជ្ញាធរបង្កើតជារោងចក្រ និងអភិវឌ្ឍន៍ក្រុងបន្ថែម ដើម្បីផ្ដល់ឱកាសការងារជូនពួកគេឱ្យរកចំណូលបាននៅក្នុងក្រុងនេះ។ ប៉ុន្តែអាជ្ញាធរខេត្តថា ក្រុងថ្មីនេះមានការអភិវឌ្ឍន៍អស់ហើយ ដោយពលរដ្ឋបានបើកអាជីវកម្មលក់ដូរលូតលាស់យ៉ាងល្អ ទោះបីផ្សារនៅក្នុងក្រុងមិនទាន់បើកដំណើរក្ដី។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

ក្រុងរុនតាឯក ជាទីតាំងមួយដែលរដ្ឋាភិបាលផ្ដល់ដីជាថ្នូរសម្រាប់ពលរដ្ឋយល់ព្រមរុះរើសំណង់ចេញពីតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ នៅក្រុងរុនតាឯកថ្មីនេះ មានផ្ទះពលរដ្ឋជាច្រើន ដែលមានដំបូលប្រក់ស័ង្កសី និងហ៊ុមព័ន្ធដោយជញ្ជាំងស័ង្កសី បានតម្រៀបជួរគ្នា ហើយលំនៅឋានភាគច្រើនត្រូវទុកចោល។

អ្នកស្រី ទឹម ចាន់ធឿន ពលរដ្ឋដែលដោះដូរដីពីតំបន់អង្គរមកនៅតំបន់រុនតាឯក ប្រាប់វិទ្យុស្ដ្រីថា កាលរស់នៅលំនៅឋានចាស់ក្នុងតំបន់អង្គរ អ្នកស្រីមិនមែនជាអាជីវករលក់ដូរទេ គឺជាអ្នកប្រកបរបរដើរបោកខោអាវតាមផ្ទះ។ ប៉ុន្តែចាប់តាំងពីមករស់នៅតំបន់រុនតាឯក អ្នកស្រីថា របរដើរបោកខោអាវនេះមិនអាចប្រកបឡើងវិញបានទេ ពីព្រោះនៅក្នុងតំបន់ថ្មី សុទ្ធតែជាអ្នកក្រីក្រដូចអ្នកស្រី និងអ្នកដែលមិនមានលទ្ធភាពរកចំណូលបាន។

អ្នកស្រី ទឹម ចាន់ធឿន។ WMC/shay chanthy

អ្នកស្រី ទឹម ចាន់ធឿន ៖ «ត្បិតតែមីងវ័យប៉ុណ្ណឹងក៏ដោយ សុំសំណូមពរឱ្យមានការងារធ្វើ ហើយដល់អីចឹងមីងបានលុយចំណូលមក ឧទាហរណ៍ថាវាគ្រាន់ដែរបានសន្សំហូបខ្លះ យើងទុកដោះបំណុលគេខ្លះទៅបានយើងទៅរួច ដល់ពេលយើងមានអីចេះហើយយើងជំពាក់គេទៀតទៅ អត់មានចំណូល អត់ដឹងថាដោះស្រាយរបៀបម៉េច? មានតែផ្លូវថា យើងលក់ផ្ទះ លក់ដីហ្នឹង ដោះបំណុលគេ ហើយសងប៉ុន្មាន ចាំគិតជីវិតបន្តទៅទៀត»។

ពលរដ្ឋម្នាក់ទៀត គឺ អ្នកស្រី ពៅ ច័ន្ទ ប្រាប់ថា ចាប់តាំងពីរើលំនៅឋានមករុនតាឯកមក អ្នកស្រី តស៊ូមកលក់ទឹកអំពៅក្នុងតំបន់អង្គរដែលជាទីលំនៅចាស់ដដែល។ ជាស្ដ្រីមេម៉ាយដែលចិញ្ចឹមកូនតែម្នាក់ឯង ស្ដ្រីវ័យកណ្ដាលរូបនេះប្រាប់ថា ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបានចន្លោះពី ១ម៉ឺនរៀលទៅ ២ម៉ឺនរៀលពីរបរលក់ទឹកអំពៅ ខណៈចំណូលដែលរកបានមិនសូវគ្រប់គ្រាន់នឹងការចំណាយសម្រាប់អាហារហូបចុកប្រចាំថ្ងៃនោះទេ។

ទោះជាចំណូលរកបាន នៅសល់តិចតួចក្ដី តែអ្នកស្រី ពៅ ច័ន្ទ បន្តតស៊ូទៅប្រកបមុខរបរលក់ទឹកអំពៅនេះនៅតំបន់អង្គរ ពីព្រោះតំបន់ថ្មីមិនមានការងារ ឬកន្លែងណាដែលអាចឱ្យប្រកបរបររកចំណូលបានឡើយ។

អ្នកស្រី ពៅ ច័ន្ទ ៖ «កាលរើទៅដំបូងលំបាកខ្លាំងហ្នឹងឯង អ្នកណាក៏ពិបាកដូចតែគ្នា កាលរើទៅដំបូងវាអត់ទឹក វាអត់មានភ្លើង ហើយផ្លូវក៏វាពិបាកជិះ»។

មកដល់ពេលនេះ អ្នកស្រីថា ការលំបាកទាំងនោះត្រូវបានអាជ្ញាធរដោះស្រាយហើយ ដោយមានការរៀបចំប្រព័ន្ធទឹក អគ្គិសនី និងផ្លូវយ៉ាងស្អាត ប៉ុន្តែអ្នកស្រីនៅមិនទាន់អាចប្រកបរបរអ្វីបានសម្រាប់ទ្រទ្រង់ជីវភាពឱ្យប្រសើរក្នុងក្រុងថ្មីនេះនៅឡើយ។

អ្នកស្រី ពៅ ច័ន្ទ។WMC/shay chanthy

អ្នកស្រី ពៅ ច័ន្ធ ៖ «យើងនៅផ្ទះមិនដឹងថាទៅរកមុខរបរអីបង អីចឹងយើងចេះតែរកទៅ»។

ចំណែកឯលោក មួង សុផាត ពលរដ្ឋស្ម័គ្រចិត្តម្នាក់ទៀតដែលដោះដូរដីមកក្រុងថ្មីនេះដែរ និយាយថា ពីមុននៅតំបន់អង្គរលោកប្រកបរបរជាអ្នកដឹកភ្ញៀវទេសចរ ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្នមិនសូវមានភ្ញៀវទេសចរលោកក៏សម្រេចចំណាកស្រុកទៅប្រទេសថៃធ្វើការងារ។ លោកថា ការធ្វើការងារស៊ីឈ្នួលបេះផ្លែឈើនៅប្រទេសថៃ គឺបានចំណូលប្រសើរជាងការទៅរស់នៅតំបន់ថ្មីទឹកដីរុនតាឯក ដ្បិតពុំអាចប្រកបការងារអ្វីរកចំណូលបានប្រសើរ។

មកធ្វើជាកម្មករស៊ីឈ្នួលនេះ គឺមិនងាយស្រួលដូចប្រកបរបរដឹកភ្ញៀវទេសចរឡើយ ប៉ុន្តែលោកចោទជាសំណួរថា បើមិនធ្វើការងារស៊ីឈ្នួលនេះ តើនៅក្រុងថ្មីមានការងារ ឬមុខរបរអ្វី ដើម្បីឱ្យលោករកចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ?​ ម្យ៉ាងវិញទៀត ការងារកម្មករស៊ីឈ្នួល ជាការងារមិនទៀង ថ្ងៃខ្លះមានការងារធ្វើ ថ្ងៃខ្លះទៀតមិនមានការងារធ្វើឡើយ ហើយនៅពេលមិនមានការងារធ្វើ លោកបានត្រឡប់មកផ្ទះវិញ ដើម្បីជួយការងារលក់ដូររបស់ប្រពន្ធ។

លោក មួង សុផាត។ WMC/shay chanthy

លោក មួង សុផាត ៖ «បើថាឱ្យខ្ញុំសំណូមពរ ខ្ញុំចង់បានថាបើខាងផ្នែកណាជួយឱ្យខ្ញុំមានជំនាញហ្នឹងឡើងវិញបាន អាហ្នឹងខ្ញុំសំណូមពរទៅតាមហ្នឹងឯង មិនមែនជួយឱ្យគេជួយទទេ ជួយហើយឱ្យបន្ធូរបន្ថយឱ្យខ្ញុំប៉ុណ្ណឹងបានហើយ ខ្ញុំអ្នករកសងវិញ។ ជួយរបៀបបែបឱ្យខ្ចីថវិកា ឬឱ្យជាឡានមួយអីចឹង ដល់ខែអីចឹងដូចជាមួយខែបង់ប៉ុន្មាន ដូចជាមួយពាន់ ឬបួនប្រាំរយអីចឹង អាហ្នឹងខ្ញុំអ្នកបង់ គ្រាន់ថាផ្នែកណាគេជួយខ្ញុំបាន ខ្ញុំអ្នករកបង់ទៅវិញ»។

រីឯពលរដ្ឋម្នាក់ទៀត គឺលោក ឈឺ ពៅ បញ្ជាក់ថា តំបន់ដែលលោករស់នៅ មានតែផ្ទះពលរដ្ឋ មិនមានមនុស្សរស់នៅទេ ដូច្នេះលោក និងគ្រួសារ ទោះជាប្រកបរបរអ្វីក៏ពិបាករកចំណូលដែរ។ យ៉ាងណាក៏ដោយ លោកពិតជាសាទរដែលរាជរដ្ឋាភិបាល បានសាងសង់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ជូនពលរដ្ឋដែលរស់នៅក្រុងថ្មីនេះបានយ៉ាងលឿន។

លោក ឈឺ ពៅ ៖ «ខ្ញុំសរសើរត្រង់ថាដូចជាសាលារៀន មន្ទីរពេទ្យ វត្តអី គាត់រុញឱ្យបានលឿនមែន រុញបានលឿនមែនបានកូនចៅយើងរៀនបានលឿនមែន ប៉ុន្តែបើកូនចៅរៀនបានលឿនមែនមានតែសាលារៀន ចុះដូចជាចំណូលដែលម៉ែឳរកចូលមិនបាន បើម៉ែឳទៅក្រៅកូនក៏ទៅដែរ មិនអត់ដដែល។ បង្កើតតែសាលា បើស្អីៗវាអត់មានឱ្យវាទៅរកស្អី ដូចខ្ញុំថាបើមិនជឿបងឯងឆែកមើលពីរបីថ្ងៃហ្នឹង ដើរខ្វៀលមើលតាមផ្លូវប៉េតុងក៏ដោយ ឬផ្លូវណាក៏ដោយតាមភូមិចាស់ មានប្រជាពលរដ្ឋរស់នៅមាណដូចខ្ញុំថាអីចឹងមាន ៧០០គ្រួសារ នៅរស់តែ៣០០ជាង មានតែផ្ទះទេ»។

លោក ឈឺ ពៅ។​ WMC/shay chanthy

ជុំវិញរឿងនេះ លោក លី វណ្ណៈ អ្នកនាំពាក្យសាលាខេត្តសៀមរាប បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា រដ្ឋបាលក្រុងថ្មី កំពុងតែរៀបចំហើយ ដូច្នេះក្រៅពីសាងសង់សាលារៀន និងមន្ទីរពេទ្យ ក្រុងរុនតាឯក តេជោសែន ក៏មានសាងសង់ផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋរកចំណូលបានពីការលក់ដូរនៅក្នុងផ្សារនេះ។ ម្យ៉ាងវិញទៀត មូលហេតុដែលសាងសង់ផ្សារហើយ មិនទាន់បើកដំណើរការ ​លោកថា ដោយសារអាជ្ញាធរកំពុងរកអ្នកគ្រប់គ្រងផ្សារ ដើម្បីឱ្យមានអ្នករៀបចំប្រព័ន្ធទឹក និងអគ្គិសនីសម្រាប់ប្រជាពលរដ្ឋអាចបើកអាជីវកម្មបាន។

លោក លី វណ្ណៈ ៖ «បងបានឃើញជាក់ស្ដែងហើយ នៅពេលដែលបង្កើតទៅជាក្រុង យើងមានសាលារៀន មន្ទីរពេទ្យ អ្វីដែលជាតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ យើងមានការអភិវឌ្ឍន៍ហើយអស់ហើយមានផ្លូវថ្នល់។ អីចឹងខ្ញុំបានជំរាបបងមុនហ្នឹងហើយ ឱកាសការងារគឺយើងបានបង្កើតឱ្យគាត់រាល់ថ្ងៃ អ្នកខ្លះគាត់បង្កើតអាជីវកម្មរបស់គាត់នៅក្នុងតំបន់ហ្នឹងជាក់ស្ដែង ដូចបងឃើញវីដេអូដែលរដ្ឋបាលខេត្តដាក់បង្ហាញពួកគាត់»។

យ៉ាងណាក៏ដោយលោកថា អាជ្ញាធរខេត្ត កំពុងព្យាយាមស្វះស្វែងរកអ្នកវិនិយោគឱ្យមកក្នុងក្រុងនេះ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ តាមសំណើដែលពួកគេសំណូមពរផងដែរ។

ការមករស់នៅតំបន់រុនតាឯកនេះ លោក ឈឺ ពៅ ត្រូវចំណាយថ្លៃធ្វើដំណើរទៅធ្វើការដល់ ១ម៉ឺនរៀលក្នុងមួយថ្ងៃ បើធៀបនឹងលំនៅឋានចាស់ លោកថា លុយ ១ម៉ឺនរៀលនេះ អាចធ្វើដំណើរទៅធ្វើការបានរយៈពេលមួយសប្ដាហ៍។ ទោះបីការធ្វើដំណើរនេះចំណាយច្រើនក្ដី  លោកនៅតែបន្តការងារជាសន្តិសុខដដែល ពីព្រោះតំបន់ថ្មី មិនមានការងារអ្វីសម្រាប់ឱ្យលោករកចំណូលបានដូចលំនៅឋានចាស់ឡើយ។

លោក ឈឺ ពៅ ៖ «មេភូមិក៏ដោយ មេឃុំក៏ដោយនៅឃុំរុនតាឯកនេះ ប្រសិនជាដូចខ្ញុំថា ជួយគ្នាមក ជួយរាយការណ៍ទៅថ្នាក់លើ ឬរដ្ឋបាលអី ឱ្យធ្វើដូចជារោងចក្រមួយកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងអីដែលគាត់មានកម្លាំងគាត់អាចធ្វើបានទៅធ្វើទៅ។ យូរៗទៅដល់មានការងារធ្វើនៅហ្នឹងលុយអាចបង្វិលនៅហ្នឹងឯង ព្រោះនៅកន្លែងណាដូចកន្លែងណា ប្រសិនអត់មានអាហ្នឹងហើយមានតែរត់ទៅណា ក្នុងខេត្តសព្វថ្ងៃដោយសារតែមានហាង មានអីទៅគ្នាចេះតែធ្វើការស៊ីឈ្នួលគេ ដូចខ្ញុំមានកន្លែងសន្តិសុខអីចឹងទៅយើងចេះតែដាក់ពាក្យធ្វើទៅ ចុះបើនៅនេះមានតែពាក្យណា មានតែពាក្យមួយស្វាទោះបីមានចំណេះប៉ុណ្ណាដាក់ពាក្យ ដាក់ពាក្យមួយស្វា បើដាក់ខេត្តដដែលនៅឯណោះមិនស្រួល»។

ចំពោះការសំណូមពររបស់ពលរដ្ឋនេះ លោក អ៊ិន គង់ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានផ្ដល់យោបល់ថា នៅក្នុងខេត្តសៀមរាប មានឧកញ៉ាច្រើន ដូច្នេះថ្នាក់ដឹកនាំខេត្ត ត្រូវតែផ្សព្វផ្សាយយ៉ាងណាឱ្យឧកញ៉ាទាំងនោះ មកធ្វើការវិនិយោគនៅក្នុងក្រុងថ្មីនេះ ដើម្បីបង្កើតជាឱកាសការងារជូនពលរដ្ឋ។ លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋ រកចំណូលបានពីក្រុងថ្មីនេះ ពួកគេនឹងមិនត្រឡប់មកក្រុងសៀមរាបវិញឡើយ។

លោក អ៊ិន គង់ជិត ៖ «ការបង្កើតឱកាសការងារហ្នឹងជាបញ្ហាចម្បងសម្រាប់ឱ្យគាត់បានធ្វើការនៅក្បែរៗហ្នឹង ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត ហើយអីចឹងនៅពេលដែលមិនបានយកចិត្តទុកដាក់ចំពោះគាត់ ពួកគាត់វាយតម្លៃថាដូចយកពួកគាត់ទៅប្រោសចោលអីចឹង ដោយមិនបានយកចិត្តទុកដាក់។ យើងឃើញថាការឧបត្ថម្ភសាច់ប្រាក់ កត្តាជីវភាពក្រីក្រពួកគាត់គ្រាន់តែរួមចំណែកតិចតួចទេ បន្ថែមតិចតួចទេ ប៉ុន្តែពួកគាត់នៅតែជួបការលំបាកដដែល អីចឹងទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសាធារណៈហ្នឹង គួរតែមានការពន្លឿន ហើយការរៀបចំកន្លែងឱកាសការងារ ត្រូវទាក់ទាញអ្នកវិនិយោគទុនផ្សេងៗមកធ្វើការអភិវឌ្ឍន៍ ឬក៏ការបង្កើតឱកាសការងារនៅហ្នឹង ដើម្បីឱ្យពួកគាត់បានការងារធ្វើ វាជាកត្តាមួយជួយលើកកម្ពស់ជីវភាពពួកគាត់បាន»។

តំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតទៅជាក្រុងរុនតាឯក តេជោសែន កាលពីដើមខែមករា ឆ្នាំ២០២៤ ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ មកដល់ពេលនេះ ក្រុងថ្មីនេះ ត្រូវបានអាជ្ញាធរខេត្តសៀមរាប មានការអភិវឌ្ឍន៍ដូចជា៖ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្សារ ផ្លូវ ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងជាដើម៕

Share

ព័ត៌មានទាក់ទង

Image