en     km
en     km

ស្ថាប័នពាក់ព័ន្ធគ្រោងជួបពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន

Share

 

ភ្នំពេញ៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នឹងរៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយរំពឹងថា មតិរួមនៃកិច្ចពិគ្រោះយោបល់នេះ ត្រូវដាក់ជូនក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធពិនិត្យ ហើយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានត្រូវបានលើកឡើង និងឆ្លើយតប ឬដោះស្រាយបានសមរម្យ។  អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

បើមិនមានអ្វីប្រែប្រួលទេនោះ គឺនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នឹងរៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ដោយមានសមាសភាពអ្នកចូលរួមពីវាគ្មិនតំណាងក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អ្នកច្បាប់ និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នា។ អ្វីដែលអ្នករៀបចំចង់ឃើញនោះ គឺការជជែក និងពិភាក្សាអំពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដោយបញ្ហា ក្តីកង្វល់របស់អ្នកសារព័ត៌មានត្រូវបានលើកឡើង និងឆ្លើយតប ឬដោះស្រាយដោយអ្នកពាក់ព័ន្ធនានាផងដែរ។

អង្គការជំនួយផ្នែកច្បាប់ ដែលជាអ្នករៀបចំ បានបង្ហាញឱ្យដឹងថា វេទិកាពិគ្រោះយោបល់ស្តីពីការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណងផ្តល់ដល់ប្រព័ន្ធ ផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន នូវវេទិកា ឬឱកាសមួយសម្រាប់អ្នកសារព័ត៌មានលើកឡើងអំពីក្តីបារម្ភ ក៏ដូចជាបញ្ហាប្រឈមផ្នែកច្បាប់ ដែលកំពុងកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ជាពិសេសបទចោទប្រកាន់មកលើអ្នកសារព័ត៌មានដោយប្រើក្រមព្រហ្មទណ្ឌ។

វេទិកាដែលគ្រោងធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញនេះ ក៏មានបំណងពិគ្រោះយោបល់ស្វែងរកការគាំទ្រមតិ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានផងដែរ ដោយយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្តន៍ ជាជាងចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ មកអនុវត្តន៍លើអ្នកសារព័ត៌មាន ។

អង្គការជំនួយផ្នែកច្បាប់ រំពឹងថា របាយការណ៍រួមមួយ នៃវេទិកាពិគ្រោះយោបល់ ស្តីពីការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានរៀបចំដាក់ជូនក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធ ។ អ្នកសារព័ត៌មាន នឹងទទួលបានព័ត៌មាន ស្តីពីការផ្តល់សេវាជំនួយផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាន ពីអង្គការជំនួយផ្នែកច្បាប់(LAC) ដោយពុំយកកម្រៃ ហើយបញ្ហាប្រឈម របស់អ្នកសារព័ត៌មាន ត្រូវបានលើកឡើង និងឆ្លើយតប ឬ ដោះស្រាយដោយផ្នែកអ្នកពាក់ព័ន្ធ។

សូមបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ស្វែងរកមតិគាំទ្រលើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាននេះ បង្កើតឡើងដើម្បីធ្វើឱ្យមានភាពប្រសើរឡើង សម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេស ឱ្យប្រកាន់ភ្ជាប់នូវការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គោរពច្បាប់ និង គោរពនូវសិទ្ធិរបស់បុគ្គល៕

 

Share

ព័ត៌មានទាក់ទង

Image