en     km
en     km

អាជីពសំលៀងកាំបិតដោយដៃ បានមួយរស់ៗ តែអាចរក្សាទីផ្សារ ជាងការសំលៀងដោយម៉ាស៊ីន

Share

ភ្នំពេញ៖ ក្នុងវ័យ៦១ឆ្នាំ លោក ងិន ថេត អ្នកខេត្តព្រៃវែង ចំណាយពេលប្រមាណ២០ឆ្នាំក្នុងអាជីពជាអ្នកសំលៀងកាំបិតចល័តនៅរាជធានីភ្នំពេញ។ តាំងពីដើររហូតដល់ជិះកង់ ពឹងអាស្រ័យការស្នាក់នៅវត្ត លោកសំលៀងកាំបិតសន្សំលុយ ដើម្បីបានដើមទុនធ្វើស្រែនៅស្រុកកំណើតនារដូវវស្សា។ បុរសចំណាស់ម្នាក់នេះ បញ្ជាក់ថា អាជីពសំលៀងកាំបិតដោយដៃ បានមួយរស់ៗ តែអាចរក្សាទីផ្សារ ជាងការសំលៀងដោយម៉ាស៊ីន។ (កញ្ញា ងិន ស៊ាងលីមរាយការណ៍)

 

ស្នូរសំឡេងបន្ទះដែកកំពុងកកិតទៅនឹងថ្មមួយដុំបានបន្លឺឡើងតាមដងផ្លូវ នៅចំណុចផ្សារមួយកន្លែងដែលស្ថិតនៅខាងមុខសួនឧទ្យានកាណាឌីយ៉ាវេងស្រេង។ ប្រភពសំឡេងនេះ បន្លឺឡើងនៅក្បែរកង់មួយ ពោរពេញទៅដោយសម្ភារជាច្រើន មានពេញកន្ត្រក និងនៅលើចង្អើរកង់បន្ថែមទៀត។ ចំណែកនៅចុងកន្ទុយនៃអង្អើរកង់ ក៏មានព្យួរកែវកាហ្វេទម្លាក់ចុះមកក្រោមផងដែរ។  កង់នេះ​ គឺជាមធ្យោបាយធ្វើដំណើររបស់បុរសចំណាស់ម្នាក់ជាមួយកូនធុងទឹកតូចមួយ រួមជាមួយដុំថ្មមួយដុំដែលកំដរលោកទៅគ្រប់ទីកន្លែង។ បុរសចំណាស់ម្នាក់ មានរាងកាយមាំមួន និងស្វាហាប់ សក់ខ្មៅលាយសខើចខ្លី កំពុងអង្គុយធ្វើសកម្មភាពសំលៀងកាំបិតជាមួយថ្មមួយដុំយ៉ាងសកម្មភាពនោះ គឺលោក ងិន ថេត។ លោក ងិន ថេត វ័យ៦១ឆ្នាំ បានចាកចេញពីស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង  មកប្រកបរបរសំលៀងកាំបិតនេះតាំងពីឆ្នាំ២០០៤មកម្ល៉េះ គិតមកទល់ពេលនេះមានរយៈពេល២០ឆ្នាំមកហើយ។

«បច្ចុប្បន្នចូល២០ឆ្នាំ តែទៅមកៗនៅអត់ជាប់ឋិតថេរទេ ១ខែ កន្លះខែទៅផ្ទះម្តង។»

ជាញឹកញ៉ាប់លោកតែងតែឡើងចុះពីភ្នំពេញទៅខេត្តពីខេត្តមកភ្នំពេញវិញ ជួនកាល១ខែពីរដងក៏មាន ហើយរាល់ពេលដែលលោក ងិន ថេត ឡើងមកភ្នំពេញដើម្បីសំលៀងកាំបិតម្តងៗលោកតែងតែទៅស្នាក់នៅជាមួយព្រះគ្រូចៅអធិការនៅវត្តកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤។ ចេញពីផ្លូវជាតិលេខ៤ដែលជាកន្លែងស្នាក់ ជារើយៗបុរសចំណាស់មាឌមាំរូបនេះ តែងធ្វើដំណើរដោយជិះកង់ប្រម៉ាណ១ម៉ោង ទៅ១ម៉ោងកន្លះ ទើបមកដល់ទីតាំងដែលខ្លួនតែងមកជាប្រចាំគឺនៅម្តុំផ្សារក្បែររោងចក្រវេងស្រេង។

«ឆ្ងាយៗផ្លូវជាតិលេខ៤ អ្ហុះ! ធ្វើដំណើរដោយកង់ល្ងាចបានទៅវិញ។ ចូល១ម៉ោងជាងដែរ ១ម៉ោងកន្លះអីហ្នឹង ថាមួយម៉ោងចុះ ហ្នឹងបើអត់មានកាំបិតមានអីសំលៀង(សំលៀងតាមផ្លូវ)ថាមួយម៉ោងចុះ។»

អាជីពដែលមានរយៈកាលជាច្រើនឆ្នាំនេះ មុននឹងលោកជ្រើសរើសមធ្យោបាយដោយការជិះកង់ លោកក៏ធ្លាប់ថ្មើរជើងជាច្រើនឆ្នាំងផងដែរ ប៉ុន្តែដោយការហត់នឿយពេកក៏ជ្រើសយកការធ្វើដំណើរដោយការជិះកង់​វិញ ដើម្បីសម្រួលដល់កម្លាំង។

«កាលមុនខ្ញុំដើរៗរួយជើង ខ្ញុំជិះកង់ម្តង ខ្ញុំដើរសំលៀងចល័តគ្រប់ផ្សារ កាលមុនខ្ញុំប្រចាំនៅផ្លូវជម្ពូវ័ន្ត សំលៀងអត់សូវដាច់អ៊ីចឹងទៅ អ្នកលក់ឥឡូវលក់មិនសូវដាច់កើតផ្សារវាច្រើនបែកមែកបែកធាងទៅ ដើរនេះមួយថ្ងៃនោះមួយថ្ងៃទៅ បានម៉ាណ(ប៉ុន្មាន)យកប៉ុណ្ណឹង។»

មុននឹងឡើងមកភ្នំពេញ ធ្វើការសំលៀងកាំបិតចល័តបែបបុរាណមួយនេះ កាលពីជិត២០ឆ្នាំមុន លោក ងិន ថេត គឺជាអ្នកឡើងត្នោតម្នាក់។ លោកបោះបង់របរជាអ្នកឡើងត្នោត ដោយសារវ័យកាន់តែច្រើន កម្លាំងចុះខ្សោយ ទើបប្អូរអាជីពជាអ្នកសំលៀងកំបិតចល័តមកដល់សព្វថ្ងៃ។

«កាលពីដើមមកខ្ញុំឡើងត្នោតហើយឈប់តាំងពីអាយុ៤៥ឆ្នាំមក។ បោះបង់ការងារហ្នឹងដល់ពេលវាហត់ពេក។ ម្យ៉ាងទៅវាឡើងលែងចង់រួចក៏បោះបង់ចោលទៅ ឥឡូវគេកាប់អស់ហើយដើមត្នោតអីគេគាស់ចោលអស់ទៀត។»

ក្នុងទឹកមុខស្រស់ញញឹ​ម ជាមួយសំឡេងដង្ហក់ព្រោះហត់នឿយផង មួយសន្ទុះក្រោយមកបុរសចំណាស់ម្នាក់នេះក៏បានទម្លាក់ទឹកមុខទៅវិញ ហើយប្រាប់ពីមូល និងត្អូញត្អែរថា បន្ទាប់ពីឈប់ឡើងត្នោតខ្លួនមិនដឹងជារកស៊ីអ្វី ក៏ចាប់យករបរបុរាណមួយនេះនៅរាជធានីភ្នំពេញ ដើម្បីសន្សំលុយមួយចំនួនទុកទិញជី ឱ្យថ្លៃគ្រឿងយន្តសម្រាប់ភ្ជួររាស់ដី ធ្វើស្រែនារដូ​វវស្សា។

« បាទ! ខ្ញុំមិនដឹងជាទៅរកស៊ីអីសំលៀងកាំបិតទៅចាប់អាជីពខាងហ្នឹងទៅបានគ្រាន់ដោះស្រាយទិញជីទិញអីខែវស្សាត្រូវការទិញជី មិនបានជួលគោក្របីទេឥឡូវ។ តែបានបួន ដប់ ម្ភៃម៉ឺនទៅ ឱ្យតែថ្លៃដីថ្លៃអាត្រាក់ (ត្រាក់ទ័រ)គេ ថ្លៃជី ថ្លៃអីហ្នឹងដោះស្រាយតែប៉ុណ្ណឹង។»

​ក្នុងរបរបែបបុរាណមួយនេះ យ៉ាងហោចណាស់ លោក ងិន ថេត អាចរកប្រាក់កម្រៃបានប្រមាណចន្លោះពី៤ ទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ដែលប្រាក់ចំណូលនេះលោកអះអាងថាតិចជាងកាលពីមុន។ ដ្បិតកាលពីមុនលោកអាចរកបានចន្លោះពី៥ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកលក់ហាក់លក់ពុំសូវដាច់ក្នុងរយៈកាលចុងក្រោយនេះ ក៏មិនសូវមានអ្នកយកមកសំលៀងនោះទេ​ ដែលជាហេតុធ្វើឱ្យលោកប៉ះពាល់ដល់ប្រាក់ចំណូលផងដែរ។ ដូច្នេះក្រៅតែពីទទួលសំលៀងពីអ្នកលក់សាច់គោ សាច់ជ្រូក និងត្រីនៅតាមផ្សារ លោកក៏ត្រូវព្យាយាមជិះកង់ទៅសំលៀងតាមផ្ទះដែរ ទើបបានប្រាក់កម្រៃសមល្មម។

«បាន៤ម៉ឺនទៅ៥ម៉ឺនបានប៉ុណ្ណឹង តាមកម្លាំងយើងបានប៉ុណ្ណឹង។ ពីមុនបាន៦– ៧ម៉ឺនអីដែរ តែឥឡូវអ្នកលក់ដូខាត វាលក់មិនសូវដាច់។»

ចំពោះការសំលៀងតាមបែបផ្សេងៗគឺមិនត្រូវការប្រើអ្វីច្រើនទេ មានត្រឹមឧបករណ៍សំលៀងកំបិតជាការស្រេច។ រីឯការសំលៀងបែបបុរាណរបស់លោក ងិន ថេត ក៏មិនខុសគ្នាផងដែរ គ្រាន់លោកបន្លែមទឹកសាប៊ូលើកាំបិត និងលើដុំថ្មសំលៀង ព្រោះដើម្បីឱ្យវាធូរពេលសំលៀង និងអស់ខ្លាញ់នៅលើកាំបិតផង។ សម្រាប់តម្លៃនៃការសំលៀងកាំបិតមានចាប់ពី១០០០-២០០០រៀលទៅតាមប្រភេទកាំបិត។ តួយ៉ាងដូចកាំបិតប៉័ងតោសំលៀង១ដងតម្លៃ២ពាន់រៀល ប៉ុន្តែកំាបិតតូចៗស្តើងៗតម្លៃ១ពាន់រៀល។ ចំណែករយៈពេលនៃការសំលៀងក្នុងកាំបិតមួយលោកចំណាយពេលប្រម៉ាណជា១០-១៥នាទី ឬកន្លះម៉ោងទៅតាមប្រភេទកាំបិតក្រាស់ ឬស្តើង។

«វាអត់ទៀងជួនកាល១០នាទី ជួនកាល១៥នាទីអ៊ីចឹងទៅដោយវាក្រាស់ដោយវាស្តើង អាស្តើងអ៊ីចេះទៅ១០នាទី អាក្រាស់ប្រហែលមិនក្រោមកន្លះម៉ោងទេ ជិតកន្លះម៉ោង។»

យ៉ាងណាមុខរបរបុរាណមួយនេះ តាមការសង្កេតនៅលើទីផ្សារហាក់ពុំសូវឃើញមានច្រើននោះទេ ពិសេសនៅរាជធានីភ្នំពេញ។ ដ្បិតសព្វថ្ងៃមានឧបករណ៍ទំនើបៗជាច្រើន និងងាយស្រួលធ្វើវានៅផ្ទះដោយខ្លួនឯង។ ម្យ៉ាងវិញទៀត ក្រៅតែពីវិធីសំលៀងកាំបិតដោយខ្លួន ឬតាមរយៈការសំលៀងតាមបែបបុរាណដូចលោក ងិន ថេត គឺនៅមានវិធីកាន់តែងាយស្រួលទៀតនោះ គឺការប្រើម៉ាស៊ីនឆាប។ ប៉ុន្តែជម្រើសមួយនេះ​ សម្រាប់អ្នកលក់ដូរពិសេសអ្នកកាប់សាច់ ពួកគាត់មិនជ្រើសវិធីនេះ នោះទេ បើទោះបីជាវាងាយស្រួលនិងរហ័សប៉ុណ្ណាក៏ដោយ ត្បិតកាំបិតពួកគេមានតម្លៃថ្លៃ បើកាលណាយកទៅឆាបម៉ាស៊ីនគឺឆាប់ខូច។ ចំពោះបញ្ហានេះ បុរសសម្បុរលឿងចាស់រូបនេះ ក៏ពន្យល់ប្រាប់ផងដែរ។

«ខ្ញុំសំលៀងតាមបុរាណទេ តែសម័យឥឡូវគេឆាបម៉ាស៊ីន តែចូលទីផ្សារគេអត់ឆាបទេ ទន់កាំបិតគេៗគឺទិញថ្លៃៗហាស! មួយ ៥ម៉ឺនទៅ៦ម៉ឺន។ បាទ! ក្តៅទន់មុខវាហ្នឹង។»

ការគិតគូរពីការរក្សាគុណភាពកាំបិតនេះហើយ គឺជាប្រការមួយដែលធ្វើឱ្យអ្នកប្រកបរបរសំលៀងកាំបិតបែបបុរាណនៅតែមានទីផ្សារអាចរកចំណូល៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

ព័ត៌មានទាក់ទង

Image